អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្ថានភាព និង​តួនាទី​ស្ត្រី ក្នុងប្រទេស​រុស្ស៊ី​សម័យថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឧទ្ទិសដល់ទិវានារីអន្តរជាតិថ្ងៃ ៨ មិនា ដែលនៅរុស្ស៊ី ក៏ជាថ្ងៃឈប់ដែរ  ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លើកយកមកបង្ហាញតួលេខខ្លះ ស្តីអំពី អំពីស្ថានភាពស្ត្រី ក្នុងប្រទេស បែបយ៉ាងអំពី វិសមភាព រវាង បុរសនិង ស្ត្រី ខាងទទួលប្រាក់ឈ្នួលការងារ នៅតាមវិស័យខ្លះ ,អំពីចំនួនស្ត្រីបម្រើការនៅតាម អង្គការរដ្ឋ អំណាច , អំពីចំនួនស្ត្រីដែលក្លាយទៅជាមហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារ , អំពីតួនាទីស្ត្រី ដែល បានលើកមុខមាត់ប្រទេសជាតិ, អំពី  សមាមាត្ររវាងបុរសនិងស្ត្រី ដែល ក្នុងសមាមាត្រនេះ ស្ត្រី ជាទូទៅ  មានអាយុវែងជាងបុរស។ល។

រុស្ស៊ី​ជាប់ចំណាត់ថ្នាក់​លេខ១០ ក្នុង​ចំណោម ៦៥​ប្រទេស ដែល​មាន​គម្លាត​ប្រាក់ឈ្នួល​ខ្លាំង រវាង​ស្រ្តី និង​បុរស
រុស្ស៊ី​ជាប់ចំណាត់ថ្នាក់​លេខ១០ ក្នុង​ចំណោម ៦៥​ប្រទេស ដែល​មាន​គម្លាត​ប្រាក់ឈ្នួល​ខ្លាំង រវាង​ស្រ្តី និង​បុរស Reuters/Ilya Naymushin
ផ្សាយពាណិជ្ជកម្ម

ជាបឋម អំពី ប្រាក់ឈ្នួលការងារ ៖តាមតួលេខ ក្រសួងការងាររុស្ស៊ីស្ត្រីទទួលជាទូទៅ គឺ ប្រាក់ឈ្នួល នេះ ក្នុងទំហំ ប្រមាណ ១ភាគ៣ តិចជាង បុរស។គម្លាតនេះ ក្នុងឆ្នាំ ២០១៧ គឺ ២៨,៣%។ តាមតួលេខ អង្គការពលកម្មអន្តរជាតិ ជាមធ្យមស្ត្រីនៅរុស្ស៊ី ទទួលប្រាក់ឈ្នួលការងារ ក្នុងកម្រិត ៣០,៦% តិចជាង បុរស។គម្លាតខ្លាំងបំផុត ត្រូវគេសង្កេតឃើញ ក្នុងវិស័យជួញដូរ អចលនទ្រព្យក្នុងឧស្សាហកម្មគីមី និងខាង ផ្នែកហិរញ្ញវត្ថុ។ ក្នុងតារាងគម្លាតនេះ រុស្ស៊ីជាប់លេខ១០ លើ ៦៥ ប្រទេស។ ជាប់លេខ ១ ដោយគម្លាត ដល់ទៅ ៦២,៥% គឺ ប៉ាគីស្ថាន , ជាប់លេខ២ គឺ នេប៉ាល់ ៤៤,៧%។ ជាប់លេខ ៦៣ គឺ ប៉ាណាម៉ា គម្លាត ០ ដ្បិតស្ត្រីនិង បុរសទទួលប្រាក់ឈ្នួលការងារស្មើគ្នាពេញទី។ ចំណែកប្រទេសថៃ ដែលជាប់លេខ ៦៤ បែរទៅជាស្ត្រីទទួលប្រាក់ឈ្នួលការងារ បាន ២,៥% ច្រើនជាង បុរសទៅវិញ។

អំពី សមាមាត្រ ស្ត្រី និង បុរស នៅតាមអង្គការរដ្ឋអំណាច ៖

-ក្នុង សភាឌូម៉ា ពីក្នុងចំណោម សមាជិក ៤៥០ នាក់ នៃសភានេះដែលបច្ចុប្បន្ន ជានីតិកាលទី៧ គឺមាន ស្ត្រី ចំនួន ៧០ នាក់ ឬ ១៥%។

-ក្នុង ព្រឹទ្ធសភា ដែលជាផ្លូវការមានឈ្មោះថា ``ក្រុមប្រឹក្សាសហព័ន្ធ`` ពីក្នុងចំណោមព្រឹទ្ធសមាជិក ១៧០ នាក់ ស្ត្រី មានចំនួន ២៨ នាក់ ។ មិនតែប៉ុណ្ណោះប្រធានព្រឹទ្ធសភាផ្ទាល់ ក៏ជាស្ត្រីដែរ គឺ លោកស្រី Valentina Matvienko ចំណែក អនុប្រធានម្នាក់ ក៏ជាស្ត្រីដែរ លោកស្រី Galina Korelova ។ ដូច្នេះក្នុងព្រឹទ្ធសភា រុស្ស៊ី ស្ត្រី មានចំនួនដល់ទៅ ៣០ នាក់លើ ១៧០ នាក់ បានន័យថា ១៧,៦%។

-ក្នុង រដ្ឋាភិបាល ៖ ពីក្នុងចំណោម ឧបនាយករដ្ឋមន្ត្រីចំនួន ១០ រូបមាន ២ នាក់ ជាស្ត្រី គឺ លោកស្រី TatianaGolikova ទទួលបន្ទុកបញ្ហា សុខភាព សុខាភិបាល សង្គមកិច្ចអប់រំ និង លោកស្រី Olga Golodiets ទទួលបន្ទុក បញ្ហា ប្រជាសាស្ត្រ វប្បធម៌ បរិស្ថានបញ្ហាផ្តល់ការងារដល់បណ្តាជន។ ហើយពី ក្នុងចំណោម សមាជិក ២១ នាក់ នៃ គណៈរដ្ឋមន្ត្រី មាន ២ នាក់ ជាស្ត្រីដែរ គឺ លោកស្រី Olga Vassilieva រដ្ឋមន្ត្រីក្រសួងសិក្សាធិការ និងលោកស្រី Veronika Skvortsova រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

-ក្នុង កងទ័ពរុស្ស៊ី ពី ក្នុងចំណោម យោធាប្រមាណ ១ ០០០ ០០០ នាក់មានស្ត្រី ៤៥ ០០០ នាក់ ឬ ៤,៥% ។ ស្ត្រីភាគច្រើន បម្រើការ នៅតាមអង្គភាពទូរគមនាគមន៍អង្គភាពស្បៀង អង្គភាពខាងផ្តល់គិលានសង្គ្រោះ និងនៅតាម គ្រឹះស្ថានឧត្តមសិក្សាយោធា។

តាមតួលេខលោករដ្ឋមន្ត្រីការេពារជាតិរុស្ស៊ី Serguei Shoigu៖ ពីក្នុងចំណោមយោធា ៤៥ ០០០ នាក់ នោះមានប្រមាណ ៤០០០ នាក់បម្រើជានាយទាហាន , ៨០០០ នាក់ ជា អនុនាវីទោ និង អនុនាវីត្រីក្នុង កងម៉ារីន , ៣២ ០០០ នាក់ ជា កូនទាហាន និង ពលបាល ដែលបម្រើក្នុងកងទ័ពតាមវិធីចុះកុងត្រា ជាមួយក្រសួងការពារជាតិ។

ក្នុងប្រព័ន្ធ មហាផ្ទៃរុស្ស៊ី ដែលបម្រើការដោយសហការី សរុបទៅ ៩១៤ ០០០ នាក់បូកទាំង ប៉ូលីសដែល ការពារ សណ្តាប់ធ្នាប់សង្គម ស្ត្រីមាន ១៦៧ ៣០០ នាក់ ឬ ១៨% ។

- ស្ថាប័នឯករាជ្យ បែបយ៉ាង ធនាគារកណ្តាលសហព័ន្ធរុស្ស៊ីតាំងពីឆ្នាំ ២០១៣ មក ដឹកនាំដោយស្ត្រី គឺ លោកស្រី Elvira Nabiullina។

ក្នុងចំណោម មហាសេដ្ឋី ១០៦នាក់នៅរុស្ស៊ី ដែលមានប្រាក់ចាប់ពី ១០០០លាន ដុល្លារឡើងទៅ ស្ត្រី មាន ២ នាក់ ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយហៅគេជាភាសាអង់គ្លេសថា Business Wooman ក្នុងនោះ តាម ទិន្នន័យទស្សនាវដ្តីអាមេរិកាំង Forbes គឺ លោកស្រី Elena Baturina មានប្រាក់២៩០០ លាន ដុល្លារ និង លោកស្រី TatianaBakalchuk មានប្រាក់ ១២០០ លាន ដុល្លារ។ចំណែកបុរស ដែលនាំមុខបញ្ជី មហា សេដ្ឋីរុស្ស៊ី ១០៦ នាក់នោះ គឺលោក Leonid Mikhelson ដែលក្នុងឆ្នាំ ២០១៩ នេះ មានប្រាក់២៤ ០០០ លានដុល្លារ ។

ចំណុចមួយដែលមិនអាចរំលងបាន ៖ ពិតជានារីរុស្ស៊ី ឈ្មោះ Valentina Tereshkova ដែលក្នុងឆ្នាំ១៩៦៣ ពេលគាត់អាយុ ២៦ ឆ្នាំ បានក្លាយជាស្ត្រីទី១លើផែនដី ដែលបានត្រាយផ្លូវសម្រាប់មនុស្សភេទស្រី លុក ចូល លំហអវកាស។ សព្វថ្ងៃក្នុងវ័យ ៨២ ឆ្នាំ ទៅហើយ លោកយាយ ValentinaTereshkova បន្តស្ថិតនៅ ជា សមាជិកា សភាឌូម៉ាដឹកនាំគណៈកម្មាធិការមួយនៃ សភាជាន់ក្រោមនេះ របស់ រដ្ឋសភារុស្ស៊ី។

ស្ថិតិរដ្ឋរុស្ស៊ី Rosstat ទើបបានចេញផ្សាយជាផ្លូវការសមាមាត្រ នៃ ចំនួនបុរស និង ស្ត្រី នៅរុស្ស៊ី ក្នុងឆ្នាំ ២០១៨។ តាមសមាមាត្រនេះ ជាមធ្យមក្នុងចំណោមបុរស ១០០០ នាក់ គឺ មានស្ត្រី ១១៥៦ នាក់។ ប៉ុន្តែ បើលម្អិត តួលេខដែលមាន គឺ ដូចតទៅ ៖

-ក្នុងចំណោម ពលរដ្ឋក្រោមអាយុ ៣៤ឆ្នាំ Rostat សង្កេតឃើញថា ក្នុងចំណោម បុរស ១០០០ នាក់ គឺមានស្ត្រីតែ ៩៦០ នាក់។

-ហើយចាប់ពី ក្រុមពលរដ្ឋដែលមានអាយុ ៣៥-៣៩ ឆ្នាំ ក្នុងចំណោមបុរស ១០០០ នាក់ ស្ត្រី មានចំនួន ឡើងដល់ ១០២៧ នាក់។

-គម្លាតខ្លាំងមែនទែនគឺក្នុងចំណោមពលរដ្ឋអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ កាលដែលក្នុងចំណោម បុរស ១០០០ នាក់មានស្ត្រីដល់ទៅ ២៣៧៧ នាក់។

ចាប់ពីដើមសតវត្សនេះមក សមាមាត្ររវាង ពលរដ្ឋភេទប្រុស និង ភេទស្រី នៅរុស្ស៊ី សឹងឥតប្រែប្រួលទេ។ លុះចាប់ ពី ឆ្នាំ២០០៨ មក ទើប ក្នុងចំណោម បុរស ១០០០ នាក់ មាន ស្ត្រីដល់ទៅ ១១៣៨ នាក់។ ស្របនឹងស្ថិតិកត់ត្រាបាន គម្លាតខ្លាំងបំផុត ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១០កាលដែលក្នុងចំណោម បុរស ១០០០ នាក់ ស្ត្រី មានចំនួនដល់ ១៦៣០ នាក់។

ប៉ុន្មានឆ្នាំចុងក្រោយស្ថិតិរដ្ឋ បានសង្កេតឃើញថា ស្រ្តី និង បុរស នៅរុស្ស៊ី មានចំនួន ស្មើគ្នាពេញទី គឺកាលក្នុងឆ្នាំ ២០១៧ ៖ ១០០០ នាក់ ទល់នឹង ១០០០ នាក់ ក្នុងវ័យ ពី ៣០ ដល់ ៣៤ ឆ្នាំ។

តាមតួលេខ នៅដើមឆ្នាំ ២០១៨ ៖ ក្នុងប្រទេសរុស្ស៊ីមានពលរដ្ឋភេទស្រី ៧៨,៧ លាន នាក់ និង ភេទប្រុស ៦៨,១ លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ