អានតួអត្ថបទ

មនុស្ស​យ៉ាងតិច​បីនាក់​ស្លាប់​និង​ជាច្រើននាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​នៅហូឡង់​

នៅថ្ងៃចន្ទ​ ទី១៨​ មីនា​ ខ្មាន់កាំភ្លើងម្នាក់​បាន​បាញ់រះ​ទៅលើ​អ្នកដំណើរ​ នៅលើ​រទេះភ្លើង​មួយ​ (Tramway) ក្នុង​ទីក្រុង​អ៊ូត្រែច Utrecht ប្រទេស​ហូឡង់​។ ការវាយប្រហារនេះ​ បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាងតិច​បី​នាក់ស្លាប់​ និង៩​ នាក់ផ្សេង​ទៀតរងរបួស​។ ក្រោយ​ហេតុការណ៍នេះ​ភ្លាម​ ប៉ូលិសហូឡង់​បានរឹតបន្តឹងសន្តិសុខ​នៅក្នុង​តំបន់យ៉ាងខ្លាំង​ និងចាត់ទុកថា​នេះ​ជា​អំពើវាយប្រហារ​ភេរវកម្ម​។

ប៉ូលិសហូឡង់កំពុងយាមកាមសន្តិសុខនៅកន្លែងកើតហេតុក្នុងទីក្រុង Utrecht ប្រទេសហូឡង់ នាថ្ងៃទី ១៨ មីនា ឆ្នាំ២០១៩។
ប៉ូលិសហូឡង់កំពុងយាមកាមសន្តិសុខនៅកន្លែងកើតហេតុក្នុងទីក្រុង Utrecht ប្រទេសហូឡង់ នាថ្ងៃទី ១៨ មីនា ឆ្នាំ២០១៩។ REUTERS/Piroschka van de Wouw
ផ្សាយពាណិជ្ជកម្ម

ក្រោយហេតុការណ៍​វាយប្រហារ​ដោយការបាញ់កាំភ្លើង​ ប៉ូលិសហូឡង់​បានរឹតបន្តឹងសន្តិសុខ​យ៉ាងតឹងរឹង​បំផុត​ នៅតាម​ទីកន្លែងសំខាន់ៗ​មួយចំនួនដូចជា​ រដ្ឋសភា​ ព្រលានយន្តហោះ​ និង​វិហារអ៊ីស្លាមជាដើម​។ ក្រៅពីនេះ​ សាលាក្រុង​ Utrecht ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅក្នុងផ្ទះ​ ប្រសិនណាបើ​មិនមានការចាំបាច់ត្រូវចេញក្រៅ​ ពីព្រោះ​អាជ្ញាធរ​សង្ស័យថា​ការវាយប្រហា​រផ្សេងទៀត​អាចនឹងកើតមានឡើង​។

បើតាម​ប៉ូលិសប្រចាំការ​នៅក្នុង​ទីក្រុង​Utrecht ការបាញ់ប្រហារ​បានកើតឡើង​នៅ​Tramway​ ខ្សែលេខ​២៤​ ក្នុងតំបន់​ Oktoberplein ហើយ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ហេតុការណ៍នេះ​ក្រោមហេតុផល​វាយប្រហារភេរវកម្ម​។

ទាក់ទងរឿងនេះដែរ​ ប៉ូលិស​ហូឡង់​បាន​បញ្ចេញ​នូវ​រូបភាព​ជនសង្ស័យ​មួយរូប​ ដែលមាន​ដើមកំណើត​តួកគី​ ឈ្មោះ​ Gokman Tanis និង​មានវ័យ ៣៧ ឆ្នាំ​។ ទន្ទឹមគ្នានេះ​ កងកម្លាំង​ពិសេស​ប្រឆាំងនឹង​អំពើ​ភេរវកម្មហូឡង់​ បាន​ចាប់ផ្តើម​ប្រមាញ់​តាមចាប់​ខ្មាន់កាំភ្លើង​ យ៉ាងសកម្ម​ជាទីបំផុត​។

ទាក់ទងរឿងនេះដែរ​ នាយករដ្ឋមន្ត្រី​ហូឡង់​លោក Mark Rutte បាននិយាយថា​ ការវាយប្រហារភេរវកម្មនេះ​ កើតឡើង​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ​មុនការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​មកដល់​ នាថ្ងៃទី ២០​ មីនា​ខាងមុខនេះ​។ លោកនាយករដ្ឋមន្ត្រី​រូបនេះ​បានបន្តថា​ ហេតុការណ៍នេះ​ បានធ្វើប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ ហើយ​ហូឡង់​មិនអាច​មិនអើពើ​ និង​អត់ឱន​ចំពោះ​ការវាយប្រហារ​ណាមួយ​នៅក្នុង​ទឹកដី​របស់ខ្លួន​ជាដាច់ខាត​។

គួរជ្រាបថា​ នាខណៈនេះ​ ការប្រកាស​អាសន្ន​ភេរវកម្ម​នៅ​ Utrecht​ ត្រូវបាន​ដំឡើង​រហូតដល់​កម្រិតខ្ពស់បំផុត​គឺស្មើនឹង​កម្រិត ៥​។ មិនតែប៉ុណ្ណោះ​ បើតាម​ប្រធាន​ប៉ូលិស​ពិសេស​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ហូឡង់​ នៅថ្ងៃចន្ទ​ ទី ១៨​ មីនា​ ខ្មាន់កាំភ្លើង​ក៏បាន​បើកការវាយប្រហារ​ជាច្រើនកន្លែង​ទៀតដែរ​ តែ​លោក​មិនបាន​ប្រាប់ព័ត៌មាន​លម្អិត​លើសពីនេះឡើយ​។

គួររំឭកជូនថា​ ប្រទេស​ហូឡង់​នៅគ្រា​កន្លងមក​ មិនសូវជា​ទទួលរង​ការវាយប្រហារ​ភេរវកម្ម​ច្រើន​ដូចបណ្តាប្រទេស​អឺរ៉ុបផ្សេងទៀតនោះទេ​ ក៏ប៉ុន្តែ​នៅមួយរយៈពេលចុងក្រោយនេះ​ ហូឡង់​បានរងគ្រោះ​ពីការ​វាយប្រហារ​ភេរវកម្ម​ជាបន្តបន្ទាប់​។ ជាក់ស្តែង​ កាលពី​ខែសីហា​ ឆ្នាំ ២០១៨​ កន្លងទៅ​ថ្មីៗនេះ​ ការវាយប្រហារ​ដោយ​ការចាក់កាំបិត​ បាន​បង្កឲ្យ​អ្នកទេសចរ​អាមេរិកពីរ​នាក់​រងរបួស​ នៅក្នុង​ទីក្រុងអាំស្ទឺរដាំ​ ដែលជា​ទីក្រុងទេសចរណ៍​ដ៏ល្បី​បំផុតមួយ​របស់​ប្រទេសហូឡង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ