អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បានជា​ក្រុមហ៊ុន​ផលិត​រថយន្ត​នាំគ្នា​ផ្តោត​ខ្លាំង​លើ​រថយន្ត​ដើរ​ដោយ​អគ្គិសនី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិព័រណ៍​រថយន្តអន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ដែល​​ចាប់ផ្តើម​បើក​ទ្វារ​ នៅថ្ងៃ​អង្គារ ទី៥មីនា​នេះ គឺ​ជា​ហេតុការណ៍ប្រចាំឆ្នាំ​​ដ៏​សំខាន់​មួយ នៅ​ក្នុង​ឧស្សាហកម្ម​ផលិតរថយន្ត​ពិភពលោក។ សម្រាប់​ពិព័រណ៍​ឆ្នាំ​នេះ គេ​នាំគ្នា​ធ្វើការ​កត់សម្គាល់​ទៅលើ​ចំណុច​ពិសេសមួយ គឺ​ការ​រីកដុះដាល​នៃ​ប្រភេទ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី។ អ្នក​ជំនាញ​ជាច្រើន​បាន​ធ្វើការ​កត់សម្គាល់ថា ​ឧស្សាហកម្ម​ផលិត​រថយន្ត​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ឆ្លងកាត់​នូវ​ស្ថានភាព​មួយ​ផុយស្រួយ​ដោយសារ​តែ​សង្រ្គាម​ពាណិជ្ជកម្ម ហើយ​វា​មិនមែន​ជា​ពេលវេលា​សមស្រប​សម្រាប់​ការ​ចំណាយ​ទុន​វិនិយោគ​ច្រើន​នោះទេ។ បើ​ដូច្នេះ តើ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​នាំគ្នា​សម្រុក​វិនិយោគ​លើ​រថយន្ត​អគ្គិសនី​នេះ​ខ្លាំង​ម៉្លេះ?

រថយន្តអគ្គិសនី​របស់​ក្រុមហ៊ុនបារាំង (Peugeot e-208 GT) ដាក់តាំង​នៅ​ឯ​ពិព័រណ៍​រថយន្តអន្តរជាតិ​ក្រុង​ហ្សឺណែវ ២០១៩
រថយន្តអគ្គិសនី​របស់​ក្រុមហ៊ុនបារាំង (Peugeot e-208 GT) ដាក់តាំង​នៅ​ឯ​ពិព័រណ៍​រថយន្តអន្តរជាតិ​ក្រុង​ហ្សឺណែវ ២០១៩ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

រថយន្តប្រើថាមពល​អគ្គិសនីមិនមែន​ជា​រឿង​ថ្មី​នោះទេ ហើយ​វា​ក៏​មិនមែន​ជា​លើកទីមួយ​ដែរ ដែល​រថយន្តអគ្គិសនី​​មាន​វត្តមាន នៅ​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​ហ្សឺណែវ។ ក៏ប៉ុន្តែ អ្វី​ដែល​ពិសេស​នាំ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ពេលនេះ គឺ​ការរីកដុះដាល​នៃ​ម៉ាក និង​ម៉ូដែល​រថយន្តអគ្គិសនី រាប់ចាប់តាំង​ពី​ម៉ាកថ្នាក់​កណ្តាល រហូត​ដល់​ម៉ាក​ល្បីៗ ដូចជា Audi, Mercedes និង Aston Martin គឺ​សុទ្ធតែ​បាន​បង្កើត​ម៉ូដែល​រថយន្ត​អគ្គិសនី​ថ្មីៗ​របស់​ខ្លួន​គ្រប់ៗគ្នា ទាំង​ប្រភេទ​រថយន្តដែល​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធសាធ និង​ប្រភេទ​កូនកាត់ ឬ​ហាយប្រ៊ីដ (Hybrid)។

នេះ​គឺ​ជា​ការ​បង្ហាញ​ឲ្យឃើញ​ថា រថយន្តអគ្គិសនី​កំពុងតែ​ក្លាយ​ជា​វិស័យ​ដ៏​សំខាន់មួយ ដែល​ក្រុមហ៊ុន​ផលិតរថយន្ត​កាន់តែ​ច្រើន នាំគ្នា​ផ្តោត​ការ​យកចិត្ត​ទុកដាក់ និង​បោះទុន​​វិនិយោគ ហើយ​ការណ៍​ដែល​គេ​នាំគ្នា​សម្រុក​វិនិយោគ​ទៅលើ​រថយន្តអគ្គិសនី គឺ​ដោយសារ​តែ​កត្តា​សំខាន់ៗ​ចំនួន​ពីរ គឺ​ទីមួយ ការវិវឌ្ឍ​នៃ​ទីផ្សារ និង​ទីពីរ បទដ្ឋានខាង​បរិស្ថាន ដែល​ដាក់​ចេញ​ដោយ​អាជ្ញាធរ ដើម្បី​កម្រិត​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក។

​ការវិវឌ្ឍ​នៃ​ទីផ្សាររថយន្ត ដែលគួរ​ឲ្យ​គេ​ធ្វើការ​កត់សម្គាល់ ហើយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​ឧស្សាហកម្ម​រថយន្ត គឺ​​នៅ​ចិន ដែល​ជា​ទីផ្សារ​រថយន្ត​ដ៏​ធំលំដាប់ទីមួយ​នៅលើ​ពិភពលោក។

តាមការពិត គេ​សង្កេតឃើញ​ថា ទីផ្សារ​រថយន្ត​នៅ​ចិន ដែល​ចេះតែ​បន្ត​មាន​កំណើន​​យ៉ាង​លឿន និង​ឥតដាច់​អស់រយៈពេល​ប្រមាណ​ជា​២០ឆ្នាំមកហើយ​នោះ បាន​ចាប់ផ្តើម​ធ្លាក់ចុះ ប្រមាណ​ជា ៦% កាល​ពី​ឆ្នាំ២០១៨​កន្លងទៅ។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​ដែល​ទីផ្សារ​រថយន្ត​​ទូទៅ​​មាន​ការ​ធ្លាក់ចុះ គេ​សង្កេតឃើញ​ថា ការលក់​ប្រភេទ​រថយន្តអគ្គិសនី និង​ហាយប្រ៊ីដ នៅ​ក្នុង​ទីផ្សារ​ចិន​បែរ​ជា​​​មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​​ទៅវិញ។

ហេតុផល​ចម្បង​ដែល​នាំ​ឲ្យ​មាន​កំណើន​នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ចិន​នេះ គឺ​ដោយសារ​តែ​មាន​វិធានការ​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉េកាំង ក្នុង​ការ​កាត់បន្ថយ​ការ​បំពុល​បរិយាកាស ដែល​កំពុង​តែ​ក្លាយ​ជា​បញ្ហាចោទ​ដ៏​ចម្បង​មួយ​នៅ​ចិន។ វិធានការ​នេះ ផ្តោត​ទៅលើ​ចំណុច​សំខាន់​ពីរ។ ទីមួយ គឺ​ការ​ជំរុញ​ឲ្យ​ប្រជាជន​ទិញរថយន្តអគ្គិសនី​ តាមរយៈ​ការ​ផ្តល់​​លុយ​ឧបត្ថម្ភ។ ទីពីរ គឺ​ការ​ដាក់​កម្រិត​ដល់​ក្រុមហ៊ុន​ផលិតរថយន្ត​ ដោយ​តម្រូវ​ឲ្យ​មាន​ការ​ផលិត ឬ​ដំឡើង​រថយន្តអគ្គិសនី​ ទើប​អាច​បង្កើត​ក្រុមហ៊ុន ឬ​បង្កើត​រោងចក្រ​ថ្មី នៅ​ក្នុង​ប្រទេស​ចិន​បាន។

នៅ​អឺរ៉ុប​ឯណេះ​វិញ សហភាព​អឺរ៉ុប​បាន​អនុម័ត​ច្បាប់​មួយ តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងអស់​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​​របស់​រថយន្តនីមួយៗ​ដែល​ខ្លួន​ផលិត គឺ​កាត់បន្ថយ​ឲ្យនៅ​​ត្រឹម ៩៥ក្រាម​ក្នុងមួយគីឡូម៉ែត្រ។ ​ក្រុមហ៊ុន​​ដែល​មិន​គោរព​តាម​បទដ្ឋាន​ថ្មី​នេះ​ទេ អាច​នឹង​ត្រូវ​រង​ការ​ពិន័យ​ជាប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ គឺ​​ពីត្រឹម​រាប់រយ​លាន​ រហូតដល់​ទៅ​មួយពាន់​លាន​អឺរ៉ូ។

ច្បាប់​ថ្មី​នេះ​នឹង​ចាប់ផ្តើម​ចូល​ជា​ធរមាន នៅ​ឆ្នាំក្រោយ ហើយបើ​​យោងតាម​អ្នក​ជំនាញ​ខាង​ឧស្សាហកម្ម​រថយន្ត គ្មាន​ក្រុមហ៊ុន​ណាមួយ​អាច​នឹង​គេចផុត​ពី​ការពិន័យ​នេះទេ ប្រសិនបើ​ពួកគេ​​នៅតែ​បន្ត​ផ្តោត​តែ​លើ​ការ​​ផលិត​រថយន្ត​ប្រើប្រេង​ធម្មតា​ដូចជា​ពេល​បច្ចុប្បន្ន​នេះ។

ហេតុដូច្នេះហើយ​បាន​ជា​ក្រុមហ៊ុន​នៅ​អឺរ៉ុប នាំគ្នា​សម្រុក​វិនិយោគ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី បើទោះបីជាក្រុមហ៊ុន​ខ្លះ​មិន​រំពឹង​ថានឹង​អាច​រកទីផ្សារ​បាន​គ្រប់គ្រាន់ ដើម្បី​រក​ប្រាក់​ចំណេញ​បាន​មកវិញ​ក៏ដោយ។

គិតត្រឹមឆ្នាំ២០១៨​កន្លងទៅ​នេះ ទីផ្សារ​រថយន្តអគ្គិសនី​នៅ​អឺរ៉ុប ថ្វីដ្បិត​តែ​មាន​កំណើន​ខ្លាំង​រហូតដល់​ទៅ ៥០% ធៀប​នឹង​ឆ្នាំ២០១៧ ក៏ប៉ុន្តែ វា​នៅតែ​មាន​កម្រិត​ទាប​នៅឡើយ បើ​ធៀប​ទៅនឹង​ចំនួន​នៃ​ម៉ូដែល​រថយន្តអគ្គិសនី​ដែល​គេ​ផលិត​យក​មក​ប្រកួតប្រជែងគ្នា​នៅលើ​ទីផ្សារ។ នៅ​ក្នុង​ចំណោម​រថយន្ត​សរុប​​ដែល​គេ​លក់​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប នៅ​ក្នុង​ឆ្នាំ២០១៨​កន្លងទៅនេះ មានតែ​ ១,៣%​ប៉ុណ្ណោះ ជា​រថយន្ត​អគ្គិសនី ក្នុងពេល​ដែល​ម៉ូដែល​រថយន្តអគ្គិសនី​នៅ​ក្នុង​ទីផ្សារ មាន​ដល់​ទៅ ២៥ម៉ូដែល។

បញ្ហា​ចោទចម្បង នៅ​ក្នុងការ​រកទីផ្សារ​សម្រាប់​រថយន្តអគ្គិសនី​នេះ គឺ​តម្លៃ ដោយសារ​តែ​ការ​បោះទុនវិនិយោគ​លើ​វិស័យ​នេះ​ត្រូវការ​ចំណាយ​លុយ​ច្រើន​ផង ហើយ​ជា​ពិសេស​ជាងនេះ​ទៅទៀត ថ្លែដើម​នៃ​ការ​ផលិត​រថយន្ត​អគ្គិសនី​មាន​កម្រិតខ្ពស់​ខ្លាំង​ធៀប​នឹង​រថយន្ត​ធម្មតា។

ទោះជាយ៉ាងណា បើ​យោងតាម​អ្នក​ជំនាញ​ខាង​ទីផ្សារ​​​រថយន្ត​ ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​បារាំង​កាល​ពីថ្ងៃ​ចន្ទ ចំណុចរបត់​នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​អាច​នឹង​កើតមាន​ នៅ​ក្នុង​ចន្លោះ​ឆ្នាំ២០២២-២០២៣ ដែល​​ថ្លៃដើម​នៃ​ការ​ផលិត​រថយន្តអគ្គិសនី​អាច​នឹង​ធ្លាក់​ចុះ​ទាប​ល្មម​នឹង​​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​រថយន្តធម្មតាបាន។ ដូច្នេះ បន្ថែម​ពីលើ​គំនាប​របស់​អាជ្ញាធរ​ដែល​តម្រូវ​ឲ្យ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក ចក្ខុវិស័យ​វិជ្ជមាន​នៃ​ទីផ្សារ​សម្រាប់​រយៈពេល​វែង ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ផងដែរ ដែល​ជំរុញ​​ឲ្យ​ក្រុមហ៊ុន​ផលិតរថយន្ត​នាំគ្នា​វិនិយោគ​លើ​ការ​ផលិត​​រថយន្តអគ្គិសនី​ នៅពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ