ហេតុអ្វីបានជាគេមិនជឿថាអាមេរិកបានបញ្ជូនមនុស្សទៅឋានព្រះចន្ទ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៣
នៅចុងសប្តាហ៍ខាងមុខនេះ គឺជាខួបគម្រប់ ៥០ឆ្នាំ នៃបេសកកម្មអាប៉ូឡូ ដែលនាំមនុស្សទៅចុះចតលើដីព្រះចន្ទជាលើកដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្រ្ត។ ក៏ប៉ុន្តែ រហូតមកទល់នឹងពេលនេះ ៥០ឆ្នាំក្រោយហេតុការណ៍ មានមនុស្សជាច្រើននៅទូទាំងពិភពលោក នៅតែមិនជឿថា អាមេរិកបានបញ្ជូនមនុស្សឲ្យទៅចុះចតលើឋានព្រះចន្ទ ហើយនាំគ្នាគិតថា អ្វីៗគ្រប់យ៉ាង គឺគ្រាន់តែជាការរៀបចំឡើងដោយអាមេរិក ដើម្បីបន្លំភ្នែកពិភពលោកតែប៉ុណ្ណោះ។ តើហេតុអ្វីបានជាមានការសង្ស័យច្រើន ហើយអូសបន្លាយពេលយូរមកទល់នឹងសព្វថ្ងៃបែបនេះ?
សព្វថ្ងៃនេះ “Fake News” គឺជាពាក្យដែលយើងតែងឮជាប់ជាប្រចាំ នៅក្នុងសម័យកាលអ៊ីនធ័រនែត។ ក៏ប៉ុន្តែ សម្រាប់អ្នកមិនជឿរឿងមនុស្សទៅចុះចតលើដីព្រះចន្ទ បេសកកម្មអាប៉ូឡូទី១១ គឺជារឿងបោកប្រាស់ដ៏ធំបំផុតមួយ តាំងពីពាក្យថា “Fake News” នេះ នៅមិនទាន់ត្រូវបានបង្កើតឡើងមកម៉្លេះ។
កាលពីខែកក្កដាឆ្នាំ១៩៦៩នោះ បេសកកម្មអាប៉ូឡូ ដែលនាំមនុស្សទៅចុះចតលើដីព្រះចន្ទ ត្រូវបានផ្សាយតាមទូរទស្សន៍ ឲ្យមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកបានមើលឃើញ។ ក៏ប៉ុន្តែ ចំពោះអ្នកមិនជឿ រូបភាពដែលទីភ្នាក់ងារណាសាយកមកចាក់ផ្សាយតាមទូរទស្សន៍ នៅពេលនោះ មិនមែនជារូបភាពពីព្រះចន្ទនោះទេ តែជារូបភាព ដែលថតនៅក្នុងស្ទូឌីយ៉ូ។
ចាប់ពីពេលនោះមក និងជាពិសេស នៅពេលក្រោយមកទៀត ដែលអ៊ីនធ័រនែតមានការរីកដុះដាល វេបសាយរាប់ពាន់ត្រូវបានគេបង្កើតឡើង ដើម្បីបង្ហាញពីភស្តុតាង ដែលបញ្ជាក់ថា បេសកកម្មអាប៉ូឡូទៅចុះចតលើដីព្រះចន្ទ គឺជារឿងបោកប្រាស់។
អ្នកខ្លះអះអាងថា ការបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទនោះ គឺជារឿងមិនពិត ពីព្រោះណាសាមិនមានបច្ចេកវិទ្យាគ្រប់គ្រាន់ ហើយម្យ៉ាងទៀត មនុស្សមិនអាចធ្វើដំណើរទៅឋានព្រះចន្ទ ដោយសារតែដំណើរពីផែនដីទៅព្រះចន្ទ គឺចៀសមិនរួចនឹងត្រូវឆ្លងកាត់តំបន់វិទ្យុសកម្មដ៏ធំមួយជុំវិញផែនដី ដែលគេឲ្យឈ្មោះថា “Van Allen Belt” ហើយដែលមានកម្លាំងវិទ្យុសកម្មខ្លាំងអាចសម្លាប់មនុស្សបាន។
ក៏ប៉ុន្តែ ជាទូទៅ ការអះអាងថា បេសកកម្មអាប៉ូឡូទៅចុះចតលើដីព្រះចន្ទគឺជារឿងបោកប្រាស់ (Conspiracy Theories) គឺច្រើនផ្តោតទៅលើរូបភាព ដែលណាសាបានចុះផ្សាយ។ អ្នកខ្លះបានលើកឡើងពីរូបភាពដែលបង្ហាញថា ទង់ជាតិអាមេរិក ដែលអវកាសយានិកយកទៅដោតលើដីព្រះចន្ទហាក់ដូចជាកំពុងបក់រវិច ក្នុងពេលដែលព្រះចន្ទគ្មានបរិយាកាស និងគ្មានខ្យល់អ្វីសោះដែលអាចបក់ទង់ជាតិនេះបាន។ ខ្លះទៀតលើកឡើងពីភាពមិនប្រក្រតីនៃពន្លឺ ឬស្រមោលនៅក្នុងរូបភាព ដែលគេអះអាងថាជាភស្តុតាងបង្ហាញថា រូបភាពទាំងនេះ គឺថតនៅក្នុងស្ទូឌីយ៉ូ ដែលមានប្រភពពន្លឺច្រើន ហើយមិនមែនថតលើព្រះចន្ទ ដែលមានប្រភពពន្លឺតែមួយ គឺព្រះអាទិត្យ... ។ល។
ក្រោយៗមកទៀត ការអះអាងពីភាពមិនប្រក្រតីអស់ទាំងនេះ សុទ្ធតែត្រូវបានអ្នកវិទ្យាសាស្រ្តរបស់ណាសា ក៏ដូចជាអ្នកវិទ្យាសាស្រ្តផ្សេងទៀតក្រៅណាសា ធ្វើការពន្យល់បកស្រាយទៅតាមលក្ខណៈវិទ្យាសាស្រ្ត ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ អ្នកមិនជឿ គឺនៅតែមិនជឿ។ ហើយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ការស្ទាបស្ទង់មតិថ្មីៗបង្ហាញថា មានពលរដ្ឋអាមេរិកប្រមាណជា ៦% ដែលមិនជឿថា ណាសាបានបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទ។ អត្រានៃអ្នកមិនជឿនេះកើនឡើងរហូតដល់ទៅជាង ៥០% នៅក្នុងចំណោមពលរដ្ឋរុស្ស៊ី ដែលជាអតីតគូសត្រូវក្នុងសង្រ្គាមត្រជាក់ ហើយសូម្បីតែនៅក្នុងបណ្តាប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ក៏មានអ្នកមិនជឿច្រើនដែរ ដូចជា បារាំង មាន ៩% ហើយរហូតដល់ទៅ ២៥% នៅអង់គ្លេស។
ការណ៍ដែលគេមិនជឿរឿងបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទ ហើយគិតថា អ្វីដែលណាសាបង្ហាញ គឺជាការបោកប្រាស់ វាកើតចេញពីហេតុផលចម្បងមួយ គឺការមិនទុកចិត្តលើរដ្ឋាភិបាលអាមេរិក។ គេមិនត្រូវភ្លេចទេថា នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ និងឆ្នាំ៧០នោះ រដ្ឋាភិបាលអាមេរិកពិតជាមានរឿងអាស្រូវច្រើន ដែលធ្វើឲ្យគេពិបាកនឹងទុកចិត្តពិតមែន។
នៅឆ្នាំ១៩៦៣ លោកប្រធានាធិបតីចន កេណេឌី ត្រូវបានគេលបធ្វើឃាត ដែលគេដាក់ក្តីសង្ស័យថាជាស្នាដៃរបស់សេអ៊ីអា។ ក្រោយមកទៀត មានរឿងទាក់ទងនឹងសង្រ្គាមវៀតណាម ដែលប្រធានាធិបតីលីនដុន ចនសុន និងរីឆាដ និចសុន កុហកប្រជាជនអាមេរិក ហើយដែលត្រូវលេចធ្លាយនៅឆ្នាំ១៩៧១ នៅក្នុងរឿងអាស្រូវដែលគេឲ្យឈ្មោះថា “Pentagon Papers”។ ប៉ុន្មានខែក្រោយមកទៀត នៅពេលដែលរឿងអាស្រូវ “Pentagon Papers” នេះនៅមិនទាន់ចប់ផង ក៏ស្រាប់តែផ្ទុះរឿងអាស្រូវផ្ទួនៗគ្នាមួយទៀត គឺរឿងអាស្រូវ “Watergate”... ទាំងអស់នេះ វាជាកត្តាមួយ ដែលជំរុញឲ្យសាធារណមតិនាំគ្នាមួយផ្នែកធំ យល់ថា ការកុហក បន្លំ បំភ្លៃ និងបោកប្រាស់ វាកើតមានលក្ខណៈជាប្រព័ន្ធ នៅក្នុងជួររដ្ឋាភិបាល ដូច្នេះហើយបានជានាំគ្នាដាក់មន្ទិលសង្ស័យលើរដ្ឋាភិបាលអាមេរិកជាទូទៅ រាប់ទាំងទីភ្នាក់ងារណាសាផងដែរ។
ជាការពិតណាស់ថា គេអាចធ្វើការកត់សម្គាល់ថា គម្រោងអាប៉ូឡូមានមនុស្សធ្វើការរហូតដល់ទៅ ៤០ម៉ឺននាក់ មានទាំងអ្នកនៅក្នុងទីភ្នាក់ងារណាសា និងអ្នកនៅក្នុងក្រុមហ៊ុនឯកជន ដែលជាប់កិច្ចសន្យាជាមួយណាសា។ នេះជាចំនួនច្រើន ដែលគេពិបាកនឹងបិទបាំង។ លើសពីនេះទៀត កាលពីឆ្នាំ២០០៩កន្លងទៅនេះ យានអវកាសដែលគេឲ្យឈ្មោះថា “Lunar Reconnaissance Orbiter” បានថតរូបភាពលើដីព្រះចន្ទ ហើយបង្ហាញយ៉ាងច្បាស់ថា ផ្នែកខ្លះនៃកូនយាន (Lunar Module) ដែលអវកាសយានិកប្រើដើម្បីចុះចតលើដីព្រះចន្ទ នៅក្នុងបេសកម្មអាប៉ូឡូ (អាប៉ូឡូទី ១១, ១៤, ១៥, ១៦ និង ១៧) គឺនៅតែស្ថិតនៅលើដីព្រះចន្ទដដែលមកទល់នឹងសព្វថ្ងៃ។
ក៏ប៉ុន្តែ គេមិនត្រូវរំពឹងទេថា ភស្តុតាងអស់ទាំងនេះអាចនឹងធ្វើឲ្យអ្នកមិនជឿរឿងចុះចតលើឋានព្រះចន្ទនេះអាចផ្លាស់ប្តូរគំនិតរបស់គេបាន។ គេមិនត្រូវភ្លេចទេថា រហូតមកទល់នឹងសព្វថ្ងៃនេះ នៅក្នុងសតវត្សរ៍ទី២១នេះទៅហើយ សូម្បីតែរឿងផែនដីមានរាងមូល ក៏នៅតែមានមនុស្សជាច្រើននៅតែមិនជឿនៅឡើយផង បើទោះបីជាយើងមានវិទ្យាសាស្រ្តរីកចម្រើនជឿនលឿន ហើយភស្តុតាងមានច្រើនរាប់មិនអស់យ៉ាងណាក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ