អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញថៃ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីខែតុលា​កន្លងទៅ រដ្ឋការ​របស់​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ឲ្យដឹង​ថា អាមេរិក​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​លើ​ការនាំចូល​ទំនិញ​ពី​ថៃ នៅ​ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ជាង​១ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ការព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​នឹង​ចាប់ចូល​ជា​ធរមាន នៅ​ខែ​មេសា​ឆ្នាំ២០២០។ តើ​មាន​មូលហេតុអ្វី​​ដែល​ជំរុញ​ឲ្យ​​អាមេរិក​ព្យួរប្រព័ន្ធ​អនុគ្រោះពន្ធចំពោះ​ប្រទេសថៃ​ដែល​ជា​សម្ព័ន្ធមិត្ត​បែបនេះ?

លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ពេល​ជួបជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក នៅ​ទីក្រុង​បាងកក កាល​ពីថ្ងៃ៣ វិច្ឆិកា ២០១៩
លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ពេល​ជួបជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក នៅ​ទីក្រុង​បាងកក កាល​ពីថ្ងៃ៣ វិច្ឆិកា ២០១៩ REUTERS
ផ្សាយពាណិជ្ជកម្ម

ជាផ្លូវការ ហេតុផល​ដែល​អាមេរិក​បាន​លើកឡើង ក្នុងការ​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ចំពោះ​ថៃ គឺ​ដោយសារ​តែ​​​បញ្ហា​មិន​គោរព​សិទ្ធិពលករ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាល​ពីថ្ងៃ​ទី២៥​ខែតុលា ការិយាល័យ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​អាមេរិក​បាន​ធ្វើការ​គូស​បញ្ជាក់ថា ថៃ​មិនបាន​គោរព​សិទ្ធិពលករ​ស្រប​ទៅតាម​បទដ្ឋាន​អន្តរជាតិ រួមមាន​ដូចជា​សិទ្ធិសេរីភាព​របស់​ពលករ​​ក្នុងការ​បង្កើត ឬ​ចូលរួម​ក្នុង​សមាគម ឬ​សហជីព ក៏​ដូចជា​​សិទ្ធិ​ផ្សេងទៀត​ទាក់ទង​នឹង​ដំណើរការ​ចរចា​ជា​លក្ខណៈ​សមូហភាព​ទល់​នឹង​និយោជក។

ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក​ក៏​បាន​​ពន្យល់​បន្ថែម​ផងដែរ​ថា ការគោរពសិទ្ធិពលករ​គឺ​ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក ហើយ​ថា អាមេរិក​ធ្លាប់​បាន​លើកយក​បញ្ហា​នេះ​មក​ជជែក​ជាមួយ​រដ្ឋាភិបាល​ថៃ​អស់រយៈពេល ៦ឆ្នាំមកហើយ ក៏ប៉ុន្តែ នៅតែ​គ្មាន​ដំណោះស្រាយ ទើប​​ធ្វើ​ឲ្យ​អាមេរិក​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​​នៅ​ពេលនេះ។

ជាការពិតណាស់​ថា ថៃ​ពិតជា​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​ច្រើន​មែន ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិពលករ ជាពិសេស នៅ​ក្នុង​វិស័យ​នេសាទ ហើយ​កន្លងមក សហភាព​អឺរ៉ុប​ក៏​ធ្លាប់​បាន​ធ្វើការ​ព្រមាន​ជាផ្លូវការ​ផងដែរ​ថា នឹង​ហាមឃាត់​ការ​នាំចូល​គ្រឿងសមុទ្រ​ពី​ប្រទេស​ថៃ ប្រសិន​បើ​​រដ្ឋាភិបាល​ក្រុងបាងកក​​មិន​ដោះស្រាយបញ្ហា​អស់ទាំងនេះ ជាពិសេស គឺ​​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​​​ដូច​ទាសករ និង​ការ​នេសាទ​ដោយ​ខុសច្បាប់។

ក៏ប៉ុន្តែ ទោះបីជា​យ៉ាងណា នៅ​ក្នុង​ប្រទេសថៃ​ គេ​មាន​មន្ទិលសង្ស័យ​ច្រើន​ចំពោះ​​ការណ៍​ដែល​អាមេរិក​លើក​យក​បញ្ហា​សិទ្ធិពលករ​នេះ​​​​មក​ធ្វើ​ជា​ហេតុផល​នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នៅ​ពេលនេះ។

​គេ​បាននាំគ្នា​ធ្វើការ​កត់សម្គាល់ថា តាមធម្មតា នាពេល​កន្លងមក​ នៅ​ពេល​និយាយ​ពី​ការ​ដោះដូរ​ពាណិជ្ជកម្ម រដ្ឋាភិបាល​អាមេរិក​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ ​មិនយក​បញ្ហា​សិទ្ធិពលករ​នេះ​​ទៅ​ដាក់​សម្ពាធលើ​ប្រទេស​ដទៃ​នោះទេ ហើយ​លើសពីនេះ​ទៅទៀត ការណ៍​ដែល​អាមេរិក​លើកយក​បញ្ហា​សិទ្ធិពលករ​មក​ធ្វើ​ជា​ហេតុផល​ក្នុងការ​ដាក់​ទណ្ឌកម្ម​លើ​ថៃ​នៅ​ពេលនេះ វា​ហាក់ដូចជា​ដើរ​បញ្ច្រាសគ្នា​ទៅនឹង​សេចក្តីសន្និដ្ឋាន​របស់​​​សហភាព​អឺរ៉ុប​ចំពោះ​ដំណើរវិវឌ្ឍ​ជា​វិជ្ជមាន​នៃ​សំណុំរឿងនេះ។ សហភាព​អឺរ៉ុប ដែល​ក្រោយ​ពី​បាន​ព្រមាន​រដ្ឋាភិបាលថៃ ​​បាន​សម្រេច​​ដក​ការ​​ព្រមាន​​នេះ​​ចេញ​វិញ កាល​ពី​ខែ​មករា ដើមឆ្នាំ២០១៩​នេះ ក្រោយ​ពី​បាន​រកឃើញ​ថា កំណែទម្រង់​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ដាក់ចេញ​ដោយ​សមស្រប ដើម្បី​កែលម្អ​សិទ្ធិពលករ នៅ​ក្នុង​វិស័យ​នេសាទ​។

ហេតុដូច្នេះហើយ​បាន​ជា​គេ​នាំគ្នា​សង្ស័យ​ថា នៅ​ពីក្រោយ​​ការខ្វាយខ្វល់​ពី​ការ​គោរព​សិទ្ធិពលករ ប្រហែល​ជា​មាន​​មូលហេតុ​ផ្សេង ដែល​ជំរុញ​ឲ្យ​អាមេរិក​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ចំពោះ​ថៃ​នៅ​ពេលនេះ។

ហេតុផល​​ ដែល​គេ​សំឡឹងឃើញ​មុនគេ ដោយសារ​តែ​វា​ជា​នយោបាយ​អាទិភាព​របស់​លោក​ដូណាល់ ត្រាំ តាំង​ពីដើម​មក គឺ​អាមេរិក​កំពុងតែ​ស្វះស្វែង​រកវិធី​​​កាត់បន្ថយ​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​​ជាមួយ​ថៃ។ យោងតាម​តួលេខ​ផ្លូវការ​របស់​ការិយាល័យ​ពាណិជ្ជកម្ម​​ក្រៅប្រទេស​របស់​អាមេរិក កាល​ពី​ឆ្នាំ២០១៨​កន្លងទៅនេះ ថៃ​នាំទំនិញ​ចេញ​ទៅ​អាមេរិក នៅ​ក្នុង​ទំហំ​ជា​ទឹកប្រាក់​រហូត​ដល់​ទៅ ៣១,៩ពាន់លាន​ដុល្លារ ក៏ប៉ុន្តែ នាំចូល​ទំនិញ​ពីអាមេរិក​វិញ​តែ​ ១២,៦ពាន់លានដុល្លារ​តែប៉ុណ្ណោះ ពោលគឺ ជញ្ជីង​ពាណិជ្ជកម្ម​ត្រូវ​ផ្អៀង​យ៉ាង​ខ្លាំង​​ទៅ​ខាង​ថៃ រហូត​ដល់​ទៅ ១៩,៣ពាន់លាន​ដុល្លារ។

បន្ថែម​ពីលើ​នេះ​ នៅ​មាន​បញ្ហា​ចម្រូងចម្រាស​មួយ​ទៀត ដែល​ទើប​នឹង​កើតឡើង​នាពេល​ថ្មី​នេះ ហើយ​ដែល​​ធ្វើ​ឲ្យ​អាមេរិក​មិន​សប្បាយចិត្ត​ចំពោះ​ថៃ​ គឺ​​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ក្រុងបាងកក ក្នុងការ​ហាមឃាត់​​​លែង​ឲ្យ​​ប្រើប្រាស់​ថ្នាំសម្លាប់​សត្វល្អិត​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​កសិកម្ម​របស់​ខ្លួន។

ថ្នាំសម្លាប់សត្វល្អិត៣ប្រភេទ ដែល​រដ្ឋាភិបាល​ថៃ​​ចេញបម្រាម​ឈប់​ឲ្យ​កសិករ​ថៃ​ប្រើ ចាប់​ពីថ្ងៃ​ទី១ខែ​ធ្នូឆ្នាំ២០១៩​ខាងមុខនេះ គឺ​ជា​សារធាតុគីមី ដែល​គេ​រកឃើញ​ថា អាច​បង្ក​នូវ​ផលប៉ះពាល់​ច្រើន​ដល់​សុខភាព ហើយ​ក្នុង​ចំណោម​​ថ្នាំសម្លាប់សត្វល្អិត​ទាំង៣ប្រភេទ​នេះ មាន​ពីរ​​ប្រភេទ​​​​ត្រូវ​បាន​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ហាម​ឃាត់​លែង​ឲ្យ​ប្រើ តាំង​ពី​ឆ្នាំ២០០៧ និង២០០៨ ហើយ​មួយប្រភេទ​ទៀត​ត្រូវ​បាន​គេ​គ្រោង​ចេញ​បម្រាម​​ចាប់​ពី​ឆ្នាំ២០២១ ឬ​២០២៣​ខាងមុខ។

សហរដ្ឋ​អាមេរិក​វិញ​​​ជំទាស់​នឹង​ការ​ចេញ​បម្រាម​លើ​ការ​ប្រើប្រាស់​ថ្នាំសម្លាប់​សត្វល្អិត​ទាំងនេះ ដោយ​លើកឡើង​ថា​​បម្រាម​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ការនាំចូល​ផលិតផល​កសិកម្ម​របស់​អាមេរិក​ទៅ​ក្នុង​ប្រទេស​ថៃ។ អាមេរិក​ថែម​ទាំង​បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋាភិបាល​ថៃ​ទៀត​ផង ទាមទារ​ឲ្យ​ថៃ​ពន្យារពេល​ចេញ​បម្រាម​លើ​ថ្នាំ​សម្លាត់​សត្វល្អិត​នេះ ក៏ប៉ុន្តែ ​រដ្ឋមន្រ្តី​សុខាភិបាល និងរដ្ឋមន្រ្តី​កសិកម្ម​ថៃ ​បាន​រិះគន់​បក​ទៅ​អាមេរិ​ក​វិញ​ថា អាមេរិក​គិត​តែ​ពី​ផលចំណេញ​ខាង​ពាណិជ្ជកម្ម ហើយ​មិន​គិត​ដល់​សុខភាព​របស់​ប្រជាជន។

គណៈរដ្ឋមន្រ្តី​ថៃ​បាន​អនុម័ត​ជាផ្លូវការ​លើ​ការ​ហាម​លែង​ឲ្យ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត នៅថ្ងៃ​ទី២២​តុលា ហើយ​៣ថ្ងៃ​ក្រោយ​មក នៅថ្ងៃ​ទី២៥តុលា អាមេរិក​ក៏​បាន​ចេញ​សេចក្តីសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ប្រទេស​ថៃ។

នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា អាមេរិក​​ប្រហែល​ជា​ចង់​ឆ្លៀត​យក​បញ្ហា​សិទ្ធិពលករ​មក​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​​លើ​ថៃ ដើម្បី​ជា​សម្ពាធក្នុងការ​ចរចា ​ឲ្យ​ថៃ​បើក​ចំហ​ទីផ្សារ​សម្រាប់​ការ​នាំចូល​ទំនិញ​របស់​អាមេរិក ហើយ​កាត់បន្ថយ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ រវាង​អាមេរិក​ និង​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ