អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ក្រុមតាលីបង់​ចង់ចរចា​ជាមួយ​អាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយការ​បង្ហូរឈាម​នៅអាហ្វហ្កានីស្ថាន​រយៈពេល១៧ឆ្នាំ​ ​ស្ថានការណ៍ដ៏អាក្រក់​នៅក្នុងប្រទេស​មួយនេះនៅ​តែបន្តរហូតមក​ដល់បច្ចុប្បន្ន តែនាពេលថ្មីៗនេះ ក្រុមតាលីបង់​បានចេញនូវលិខិត​បើកចំហ​ដ៏កម្រមួយ​​​ ដោយបង្ហាញ​ពីបំណងប្រាថ្នា​របស់គេ​ក្នុងការធ្វើកិច្ចចរចាសន្តិភាព​ជាមួយភាគីអាមេរិក។​​ ប៉ុន្តែតើអ្វីទៅដែលជា​មូលហេតុនៅពីក្រោយ​ការទាមទារពី​ក្រុមតាលីបង់អោយ​មានកិច្ចចរចា​ជាមួយអាមេរិក?

យន្តហោះធុន A-10 របស់អាមេរិកដែលប្រើក្នុងការប្រយុទ្ធជាមួយក្រុមតាលីបង់ ចតនៅមូលដ្ឋានអាកាសអាហ្វហ្កានីស្ថាន ថ្ងៃទី២៣ មករា ២០១៨
យន្តហោះធុន A-10 របស់អាមេរិកដែលប្រើក្នុងការប្រយុទ្ធជាមួយក្រុមតាលីបង់ ចតនៅមូលដ្ឋានអាកាសអាហ្វហ្កានីស្ថាន ថ្ងៃទី២៣ មករា ២០១៨ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី១៤ កុម្ភៈ​​ ក្រុមតាលីបង់​បានធ្វើសេចក្តីថ្លែងការណ៍ដោយបើកចំហនិងអំពាវនាវជាពិសេសដល់ "ប្រជាជនអាមេរិក" និង "អ្នកជាតិនិយមដែលស្រឡាញ់សន្តិភាព" ដើម្បីដាក់សម្ពាធដល់​រដ្ឋាភិបាលលោកដូណាល់​ត្រាំឱ្យចូលតុចរចា​ដែលតាលីបង់អះអាងថាដើម្បីសន្តិភាពនៅអាហ្វហ្កានីស្ថាន។

ការលើកឡើងនូវបំណងប្រាថ្នាចង់ចរចាលើកនេះ​ បានបង្ហាញអោយឃើញនូវហេតុការណ៍ដែលអាចកំពុងកើតឡើងចំនួនបី។​ មួយគឺ​ តាលីបង់កំពុងជឿថា​ពួកគេអាចឈ្នះសង្គ្រាមហើយឥឡូវនេះចង់ឱ្យភាគីម្ខាងទៀតចុះហត្ថលេខាលើឯកសារចុះចាញ់ ដើម្បីពួកគេមានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មី។ មួយទៀតគឺ ពួកគេជឿថា ពួកគេមិនអាចបន្តសង្គ្រាមទៀត ហើយចង់ចរចាជាមួយភាគីម្ខាងទៀតនូវកិច្ចព្រមព្រៀងសន្តិភាពមួយ។ ឬមួយទៀត ពួកគេមិនឈ្នះហើយក៏មិនចាញ់ ​ប៉ុន្តែចង់សង្រ្គោះជនរួមជាតិរបស់ពួកគេពីការរស់នៅក្នុងភ្លើងសង្រ្គាម ទើបបានជាពួកគេសម្រេចចិត្តចង់ចរចាឱ្យមានសន្តិភាពនិងស្ថេរភាពនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។

រយៈពេលកន្លងមក​ ក្រុមតាលីបង់បានបង្ហាញនូវសមត្ថភាពគួរអោយភ្ញាក់ផ្អើលដែលពួកគេអាចបន្តដំណើរការនិងធ្វើការវាយប្រហារក្នុងទីក្រុងនានាដូចជាក្រុងកាប៊ូល​​ ដែលបានសម្លាប់ប្រជាជនប្រមាណ១៥០នាក់នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ជាងនេះទៅទៀត​ តាលីបង់មានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការដើម្បីធ្វើការប្រយុទ្ធក្នុងសង្រ្គាម ដែលក្នុងនោះរួមមានដូចជា​ ប្រាក់ដែលរកបានដោយការលក់អាភៀន អាវុធដែលបានពីសង្គ្រាមពីមុនៗ បណ្ដាញក្នុងរដ្ឋាភិបាល ជម្រកនៅប៉ាគីស្ថាន និងការទទួលបានកំលាំងប្រយុទ្ធថ្មីពីតំបន់​​ Pashtun នៅព្រំប្រទល់អាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន​។ ប្រជាជននៅតំបន់នោះហ៊ានលះបង់ជីវិតដើម្បីការពារសាសនាអ៊ីស្លាមនិងប្រឆាំងទៅនឹងការគ្រប់គ្រងរបស់បរទេស។​

យ៉ាងណាមិញ ការទទួលយកកំលាំងប្រយុទ្ធនិងថ្នាក់ដឹកនាំកំពូលៗភាគច្រើនពីតំបន់​ Pashtun នោះអាចផ្តល់នូវគុណវិបត្តិមួយចំនួនដល់ក្រុមតាលីបង់ផងដែរ​ ក្នុងការទទួលជំនួយពីក្រុមអ៊ីស្លាមជ្រុលនិយមសំខាន់ៗផ្សេងទៀតនៅកាប៊ូល ​ដោយសារតែភាពមិនសូវចុះសម្រុងគ្នាចាប់តាំងពីការកើតមានសង្រ្គាមស៊ីវិលក្នុងសតវត្សទី២០មក។​​ កត្តាមួយចំនួនផ្សេងទៀតដូចជា​  ការជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ​ ការពឹងផ្អែកលើសម្ព័ន្ធមិត្តដូចជាប្រទេសប៉ាគីស្ថាន​ ការពឹងផ្អែកខ្លាំងទៅលើយុទ្ធសាស្រ្តធ្វើភេរវកម្មដែលបានសម្លាប់ជនស៊ីវិល និងមនោគមវិជ្ជាហួសសម័យសម្រាប់ប្រជាជនអាហ្វហ្កានីស្ថានមួយចំនួន​​ អាចជាចំណុចសំខាន់ដែលអាចធ្វើអោយតាលីបង់ចុះទន់ខ្សោយក្នុងការធ្វើសង្រ្គាម។

ក្រុមអ្នកសង្កេតការណ៍នៅអាហ្វហ្កានីស្ថានបានសន្និដ្ឋានថា ជំហានចុងក្រោយរបស់ក្រុមតាលីបង់ដែលចង់ចរចានេះ ជាប្រតិកម្មតបទៅនឹងអាមេរិកដែលបានបង្កើនការវាយប្រហារតាមអាកាសនៅអាហ្វហ្កានីស្ថាននិងដាក់សម្ពាធទៅលើប្រទេសប៉ាគីស្ថានក្នុងការចាត់វិធានការប្រឆាំងនឹងក្រុមជ្រុលនិយមដែលកំពុងប្រតិបត្តិការនៅលើទឹកដីរបស់ប៉ាគីស្ថាន។ ដូច្នេះ ក្រុមតាលីបង់ចង់ចរចាដើម្បីបន្ធូរសម្ពាធលើប្រទេសប៉ាគីស្ថាន ព្រមទាំងអូសបន្លាយពេលវេលាតបទៅនឹងការវាយប្រហារតាមអាកាសរបស់អាមេរិកផងដែរ បើយោងតាមសំដីរបស់លោក Yonus Fakur អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅទីក្រុងកាប៊ូលប្រាប់ទៅកាន់សារព័ត៌មាន DW​ របស់អាឡឺម៉ង់។ ដោយសារការវាយប្រហាររបស់អាមេរិកនាប៉ុន្មានខែចុងក្រោយនេះ តាលីបង់ទទួលរងការខូតខាតយ៉ាងខ្លាំងដែលបានធ្វើអោយប៉ះពាល់ដល់លទ្ធភាពក្នុងការប្រយុទ្ធរបស់គេ។

សូមរំលឹកថា កាលពីខែសីហាឆ្នាំ២០១៧ លោកត្រាំបានប្រកាសអំពីយុទ្ធសាស្ត្របង្កើនទ័ពថ្មីរបស់លោកសម្រាប់សមរភូមិចាស់មួយនេះ។ លោកបានបង្កើនចំនួនទ័ពអាមេរិកនៅអាហ្វហ្កានីស្ថានដល់១៤ពាន់នាក់​ ហើយក្នុងអំឡុងពេលតែមួយខែគឺនៅខែកញ្ញា អាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួនជាង៧៥០ទៅលើក្រុមតាលីបង់។

ទោះជាយ៉ាងណាក្តី​ ក្រុមតាលីបង់បានលើកឡើងថា​ ការស្នើអោយមានកិច្ចចរចាជាមួយអាមេរិកលើកនេះមិនមែនជាសញ្ញាចុះទន់ខ្សោយនោះទេ​។ ​ក្រុមនេះបានបន្ថែមទៀតថា​ បើទោះបីជាគេចង់ដោះស្រាយបញ្ហាអាហ្វហ្កានីស្ថានតាមរយៈការសន្ទនាដោយសន្តិវិធីយ៉ាងណាក្តី តាលីបង់នឹងមិនពិភាក្សាជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាននោះទេប្រសិនបើកិច្ចចរចាអោយអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថានមិនទទួលបានជោគជ័យ។​ តាលីបង់​ បានអះអាងថា​ បើទោះអាមេរិកនៅតែបន្តគោលនយោបាយប្រើអាវុធរយៈពេល​១០០ឆ្នាំទៀត សង្រ្គាមនឹងមិនអាចបញ្ចប់នោះទេហើយលទ្ធផលក៏នឹងមិនផ្លាស់ប្តូរដែរ។

ចំពោះការស្នើឡើងចុងក្រោយរបស់ក្រុមតាលីបង់អោយមានកិច្ចចរចានេះ រដ្ឋាភិបាលរបស់លោកដូណាល់ត្រាំ បានបង្ហាញនូវសញ្ញាមិនច្បាស់លាស់អំពីឆន្ទៈរបស់ខ្លួនក្នុងការចរចា។ តែលោកត្រាំធ្លាប់បាននិយាយកាលពីខែមុនថា អាមេរិកមិនចង់ចរចានោះទេ។ យ៉ាងណាមិញ​​​ រដ្ឋមន្រ្តី​ការបរទេស​អាមេរិកលោក Rex Tillerson បានលើកឡើងថា អាមេរិកស្វាគមន៍ការជជែកចរចាជាមួយក្រុមតាលីបង់ដែលមិនជ្រុលនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ