អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Brexit៖ តើ​អ្វី​ជា​យុទ្ធសាស្ត្រ​បន្ទាប់​របស់​លោកបូរីស​ ចនសុន​ ក្នុង​ករណី​អង់គ្លេស​មិនអាច​ចេញពី​អឺរ៉ុប​តាម​កាលកំណត់​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមការព្រៀងទុក អង់គ្លេសត្រូវផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី ៣១ តុលា ខាងមុខនេះ។ ក៏ប៉ុន្តែ រឿងរ៉ាវលែងលះរបស់អង់គ្លេស ជាមួយអឺរ៉ុប នៅតែស្ថិតក្នុងភាពស្មុគស្មាញខ្លាំង ហើយថ្ងៃកំណត់ចែកផ្លូវគ្នា អាចនឹងត្រូវលើកពេលបន្តទៀតក៏ថាបាន។ ការលើកពេលចាកចេញពីអឺរ៉ុប ជាអ្វីដែលសភាអង់គ្លេសចង់បាន ក៏ប៉ុន្តែវាមិនមែនជាអ្វី ដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេសចង់បានទាល់តែសោះ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស សនចុន ធ្លាប់បានប្រកាសច្រើនដងហើយថា លោក ចង់ឲ្យអង់គ្លេសចេញពីអឺរ៉ុប តាមកាលកំណត់ ទោះបីមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។ ដូច្នោះហើយ ប្រសិនបើការចាកចេញរបស់អង់គ្លេសពីអឺរ៉ុប ត្រូវពន្យារពេលទៀតមែននោះ តើលោកបូរីស ចនសុន នឹងមានប្រតិកម្មបែបណាទៅ? 

លោកនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស សនចុន នៅឯសភាអង់គ្លេស នាថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស សនចុន នៅឯសភាអង់គ្លេស នាថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ ©UK Parliament/Jessica Taylor/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រោយពីទទួលបានសំណើរបស់អង់គ្លេស សុំពន្យារពេលចាកចេញពីអឺរ៉ុប មេដឹកនាំសហភាពអឺរ៉ុបទាំង ២៧ ប្រទេស កាលពីថ្ងៃពុធ ទី២៣ តុលា ម្សិលមិញនេះ បានចាប់ផ្តើមជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីរឿងនេះ។

ជាការពិត សំណើសុំពន្យារពេល Brexit រយៈពេល៣ ខែទៀត ត្រូវបានស្នើឡើងដោយលោកនាយករដ្ឋមន្ត្រីបូរីស ចនសុន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ ក៏ប៉ុន្តែ ការស្នើសុំនេះ មិនមែនជាគោលបំណងរបស់លោកចនសុន ឡើយ តែលោកធ្វើដោយបង្ខំចិត្ត ទៅតាមការបង្គាប់បញ្ជារបស់សភាអង់គ្លេសតែប៉ុណ្ណោះ។

សម្រាប់លោកនាយករដ្ឋមន្ត្រីបូរីស ចនសុន ទោះមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ លោកចង់ឲ្យអង់គ្លេស និងអឺរ៉ុប លែងលះគ្នាឲ្យដាច់ស្រេច ទៅតាមកាលកំណត់ ក្នុងរយៈពេលមួយសប្តាហ៍ទៀត ពោលគឺនៅថ្ងៃទី ៣១ តុលា ខាងមុខ។

ចាកចេញដោយគ្មានកិច្ចព្រមព្រៀង មានន័យថា អង់គ្លេស អាចចេញពីប្រព័ន្ធទីផ្សារ និងពន្ធគយតែមួយជាមួយអឺរ៉ុបបានភ្លាមៗ។ ហើយវាក៏ងាយស្រួលសម្រាប់រដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធសាស្ត្រទីផ្សារឲ្យបានត្រឹមត្រូវ និងឆាប់រហ័សផងដែរ។

តែបើគ្មានជម្រើស ក្នុងករណីដែលសហភាពអឺរ៉ុប យល់ព្រមឲ្យអង់គ្លេស លើកពេលផ្តាច់ខ្លួន ដូចការចង់បានរបស់សភា នោះ លោកបូរីស ចនសុន និយាយថា លោកនឹងជំរុញឲ្យមានការបោះឆ្នោតមុនកាលកំណត់មួយលេចចេញជារូបរាងឡើង។

ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីអង់គ្លេស ចង់ឲ្យមានការបោះឆ្នោតមុនកាលកំណត់ខ្លាំងម៉្លេះ?

ការបោះឆ្នោតសភា មុនកាលកំណត់ មិនមែនចេះតែរៀបចំ បានតាមចិត្តនឹកឃើញរបស់នាយករដ្ឋមន្ត្រីនោះទេ។ ហើយនៅសុខៗ ក៏មិនមែន លោកបូរីស ចនសុន ចង់រំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់ដែរ។

តែស្ថិតក្នុងកាលៈទេសៈ ដូចពេលបច្ចុប្បន្ននេះ មានតែការបោះឆ្នោតមុនកាលកំណត់ទេ ដែលជាច្រកផ្លូវ នាំឲ្យលោកចនសុន ដឹកនាំអង់គ្លេស ផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប លឿនដូចចិត្ត និងគ្មានការទាក់ទាមអ្វីច្រើនទៀត។

សម្រាប់លោកបូរីស ចនសុន ការបោះឆ្នោតសភាមុនកាលកំណត់​ គឺវិធីសាស្ត្រ ដែលជួយឲ្យគណបក្សអភិរក្សនិយមរបស់លោក ទទួលបានអាសនៈភាគច្រើននៅសភា។ ហើយនៅពេលដែលសមាជិកគណបក្សរបស់លោក មានកៅអីច្រើននៅសភា នោះមានន័យថា កិច្ចព្រមព្រៀងដែលលោកសម្រេចបានជាមួយសហភាពអឺរ៉ុប ក៏នឹងត្រូវអនុម័តយល់ព្រមដោយសំឡេងភាគច្រើន នៅក្នុងសភាអង់គ្លេសដែរ។

ទាក់ទងរឿងនេះដែរ គួរគម្រាបជូនថា គណបក្សអភិរក្សនិយមរបស់លោកបូរីស ចនសុន មិនមែនសំឡេងភាគច្រើននៅក្នុងសភានោះទេនាពេលបច្ចុប្បន្ននេះ។ ហើយក្នុងករណីដែល សមាសភាពបក្សប្រឆាំងទាំងអស់ បោះឆ្នោតប្រឆាំងនឹងរដ្ឋាភិបាល នោះរដ្ឋភិបាលរបស់លោកចនសុន នឹងចាញ់ឆ្នោតរហូតដល់ ៤៥ សំឡេងឯណោះ។

មួយវិញទៀត ដើម្បីអាចរៀបចំការបោះឆ្នោតមុនកាលកំណត់បាន លោកនាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវការសំឡេងគាំទ្រពីសមាជិកសភាចំនួន ២ ភាគ ៣ ស្មើនឹងប្រមាណជា ៤៣៤ សំឡេង។ កាលពីខែ កញ្ញាកន្លងទៅ លោកបូរីស ចនសុន ប្រឹងប្រែងជំរុញឲ្យសភាអង់គ្លេស យល់ព្រមលើគម្រោងបោះឆ្នោតមុនកាលកំណត់ រហូតដល់ទៅ២ លើករួចទៅហើយ តែត្រូវទទួលបរាជ័យទាំងពីរលើក។

ក្រុមអ្នកប្រឆាំងមានលើកឡើងថា ពួកគេយល់ព្រមឲ្យមានការបោះឆ្នោតមុនកាលកំណត់ ល្គឹកណា រដ្ឋាភិបាលសន្យាថា អង់គ្លេសនឹងមិនចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង។

បើពិនិត្យមើលស្ថានការណ៍ ដូចពេលបច្ចុប្បន្ននេះ ឃើញថា បំណងរៀបចំការបោះឆ្នោត មុនកាលកំណត់របស់លោកបូរីស ចនសុន ពិបាកនឹងធ្វើទៅរួចខ្លាំងណាស់។ ក៏ប៉ុន្តែ ប្រសិនបើទាល់ច្រកខ្លាំងមែនទែន មានជម្រើសចុងក្រោយមួយទៀតដែលលោកចនសុន អាចនឹងជ្រើសធ្វើ នោះគឺការបោះឆ្នោតដកសេចក្តីទុកចិត្ត លើរដ្ឋាភិបាលរបស់ខ្លួនឯង។

នៅពេល ដែលសមាជិកសភារបស់បក្សអភិរក្សនិយម បោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលខ្លួនឯង គណបក្សប្រឆាំងត្រូវមានបន្ទុកបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងរយៈពេល ១៤ ថ្ងៃ។

ដោយឡែក ប្រសិនបើគណបក្សប្រឆាំង បរាជ័យមិនអាចបង្កើតរដ្ឋាភិបាល តាមកាលកំណត់រយៈពេល១៤ ថ្ងៃ ទេនោះ ការបោះឆ្នោតសភាមុនកាលកំណត់ ដែលលោកបូរីស ចង់បាន នឹងត្រូវរៀបចំធ្វើដោយស្វ័យប្រវត្តិតែម្តង។ ប៉ុន្តែ សម្រាប់អ្នកវិភាគវិញ ជម្រើសនេះ មានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជីវិតនយោបាយរបស់អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ