តើអ្វីទៅជាអព្យាក្រឹតភាពនៃអ៊ីនធ័រនែត?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៥
កាលពីថ្ងៃព្រហស្បតិ៍១៤ធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេចលុបចោលនូវវិធាន ដែលធានានូវអព្យាក្រឹតភាពនៃអ៊ីនធ័រនែត។ សេចក្តីសម្រេចនេះបានបង្កើតឲ្យមាននូវការរិះគន់ជុំទិស ជាពិសេស វាបង្កើតឲ្យមាននូវក្តីបារម្ភថា ការបិទបញ្ចប់អព្យាក្រឹតភាពនៃអ៊ីនធ័រនែត នឹងបង្កនូវផលប៉ះពាល់ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។ តើអ្វីទៅជាអព្យាក្រឹតភាពនៃអ៊ីនធ័រនែត? តើវាមានសារៈសំខាន់អ្វីខ្លះ ទៅដល់ដំណើរការប្រជាធិបតេយ្យ?
“អព្យាក្រឹតភាពនៃអ៊ីនធ័រនែត” គឺជាគោលការណ៍គ្រឹះដ៏សំខាន់មួយចាប់តាំងពីមានការបង្កើតប្រព័ន្ធអ៊ីនធ័រនែត។ គោលការណ៍នេះធានានូវការប្រើប្រាស់ប្រកបដោយសមធម៌នូវប្រព័ន្ធអ៊ីនធ័រនែត។ អព្យាក្រឹតភាពនៃអ៊ីនធ័រនែត គឺមានន័យថា ក្រុមហ៊ុនដែលផ្គត់ផ្គង់សេវាកម្មអ៊ីនធ័រនែត (Internet Service Provider) ត្រូវផ្តល់សេវាកម្មដោយស្មើភាពគ្នា ទៅដល់គ្រប់អ្នកប្រើប្រាស់ទាំងអស់ ដោយគ្មានការរើសអើងថា ទិន្នន័យនោះជាទិន្នន័យប្រភេទណា (សំឡេង, វីដេអូ, រូបភាព, អត្ថបទ...) ឬជាទិន្នន័យចេញពីប្រភពណានោះទេ។
ជាអាទិ៍ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រនែតមិនអាចឲ្យអាទិភាពទៅក្រុមហ៊ុនណាមួយដែលខ្លួនពេញចិត្ត ឬដែលបានបង់លុយឲ្យខ្លួន ឬដែលខ្លួនជាប់មានផលប្រយោជន៍ជាមួយ ហើយបើកឲ្យក្រុមហ៊ុននេះអាចផ្សព្វផ្សាយនូវទិន្នន័យរបស់ខ្លួនយ៉ាងទូលំទូលាយ ក្នុងល្បឿនលឿន ចំណែកឯទិន្នន័យរបស់ក្រុមហ៊ុនផ្សេងទៀតដែលមានទំនាស់ផលប្រយោជន៍ត្រូវរារាំងមិនឲ្យផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់សេវាអ៊ីនធ័រនែត ឬអាចផ្សព្វផ្សាយដែរ ប៉ុន្តែ មានល្បឿនយឺត ឬមានភាពរអាក់រអួលច្រើន ដែលពិបាកឲ្យអ្នកប្រើប្រាស់សេវាអ៊ីនធ័រនែតពិបាកនឹងចូលមើលបាននោះទេ។
ជាការពិតណាស់ គេអាចធ្វើការកត់សម្គាល់បានថា ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធ័រនែតអាចធ្វើការបែងចែកសេវារបស់ខ្លួនទៅតាមតម្លៃ គឺអតិថិជនត្រូវបង់លុយថ្លៃជាង ដើម្បីអាចទទួលបានសេវាកម្មអ៊ីនធ័រនែតក្នុងល្បឿនលឿនជាង។ ក៏ប៉ុន្តែ គោលការណ៍អព្យាក្រឹតភាពនៃអ៊ីនធ័រនែតកំណត់ថា ថ្វីដ្បិតតែ ប្រភេទសេវាកម្មអ៊ីនធ័រនែតអាចមានខុសៗគ្នា ក៏ប៉ុន្តែ ក្នុងប្រភេទ (ឬកញ្ចប់) តែមួយ គុណភាព ឬល្បឿនអ៊ីនធ័រនែតត្រូវតែមានដូចៗគ្នា ដោយមិនអាស្រ័យថា តើអ្នកប្រើសេវាអ៊ីនធ័រនែតនោះ ចូលមើលវិបសៃត៍ណាមួយនោះទេ។
គោលការណ៍អព្យាក្រឹតភាពនៃអ៊ីនធ័រនែតនេះមានសារៈសំខាន់ចំពោះការប្រកួតប្រជែងដោយស្មើភាពគ្នា នៅក្នុងការធ្វើពាណិជ្ជកម្ម ហើយវាកាន់តែមានសារៈសំខាន់ទៅទៀត ចំពោះដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។
គេមិនត្រូវភ្លេចទេថា ធាតុផ្សំដ៏សំខាន់បំផុតមួយ នៅក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ គឺសិទ្ធិក្នុងការទទួលព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ ហើយពិភពលោកនៅក្នុងសម័យកាលបច្ចុប្បន្ននេះ មធ្យោបាយដ៏សំខាន់បំផុតនៅក្នុងការបញ្ចេញមតិ ក៏ដូចជា ការទទួលព័ត៌មាន គឺតាមប្រព័ន្ធអ៊ីនធ័រនែត។
ការសិក្សាស្រាវជ្រាវជាច្រើនសុទ្ធតែបានបង្ហាញថា នៅស្ទើរតែគ្រប់ប្រទេសទាំងអស់នៅទូទាំងពិភពលោក ការតាមដានព័ត៌មាននៅតាមប្រព័ន្ធផ្សព្វផ្សាយជាប្រពៃណី (រួមមានដូចជា ទូរទស្សន៍ វិទ្យុ និងកាសែតសរសេរ ជាដើម) មានការថយចុះ និងចេះតែបន្តថយចុះជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមនុស្សភាគច្រើនងាកទៅរកប្រព័ន្ធអ៊ីនធ័រនែត ហើយនៅក្នុងការផ្សព្វផ្សាយ និងការទទួលព័ត៌មានតាមប្រព័ន្ធអ៊ីនធ័រនែត មានតួអង្គចម្បងចំនួន៣ គឺអ្នកប្រើប្រាស់, ស្ថាប័នផ្សព្វផ្សាយព័ត៌មាន (តាមរយៈវិបសៃត៍, កម្មវិធីទូរស័ព្ទដៃ ឬតាមបណ្តាញសង្គម) និងលំហូរនៃទិន្នន័យ រវាងស្ថាប័នផ្សព្វផ្សាយព័ត៌មាន និងអ្នកប្រើប្រាស់ចាំបាច់ត្រូវឆ្លងកាត់តាមតួអង្គដ៏សំខាន់មួយទៀតដែលមិនអាចខ្វះបាន គឺក្រុមហ៊ុនផ្តល់សេវាអ៊ីនធ័រនែត។
ប្រសិនបើគ្មានគោលការណ៍អព្យាក្រឹតភាពនៃអ៊ីនធ័រនែតទេនោះ គឺមានន័យថា ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រនែតនឹងអាចកំណត់ថា វិបសៃត៍ ឬកម្មវិធីទូរស័ព្ទដៃរបស់ស្ថាប័នផ្សព្វផ្សាយព័ត៌មានណាមួយមានដំណើរការល្អជាង, ល្បឿនលឿនជាង និងអាចផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយជាង រីឯវិបសៃត៍ ឬកម្មវិធីទូរស័ព្ទដៃរបស់ស្ថាប័នផ្សព្វផ្សាយព័ត៌មានណាមួយផ្សេងទៀតមានភាពរអាក់រអួលច្រើន, ល្បឿនយឺត ឬក៏អតិថិជនមិនអាចចូលបានសោះក៏មាន។
នៅក្នុងលក្ខខណ្ឌបែបនេះ លទ្ធភាពក្នុងការបញ្ចេញមតិនឹងមិនអាចធ្វើទៅបានដោយស្មើភាពគ្នា, ការផ្សព្វផ្សាយព័ត៌មាននឹងមិនអាចធ្វើទៅបានប្រកបដោយសមធម៌ ហើយសាធារណជនទូទៅក៏មិនអាចទទួលបានព័ត៌មានបានគ្រប់ជ្រុងជ្រោយនោះដែរ គឺភាគច្រើនទទួលព័ត៌មានតែមួយជ្រុងណាមួយ ហើយជាព័ត៌មានដែលចេញពីស្ថាប័នផ្សព្វផ្សាយព័ត៌មានដែលមានលុយ ឬមានអំណាច និងឥទ្ធិពលទៅលើក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រនែត។
នៅពេលដែលសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការទទួលព័ត៌មាន មិនអាចត្រូវបានធានាប្រកបដោយសមធម៌នេះហើយ ដែលជាបញ្ហាចោទដ៏សំខាន់ សម្រាប់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ