អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វីទៅ​ជា​អព្យាក្រឹតភាព​នៃ​អ៊ីនធ័រនែត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ព្រហស្បតិ៍​១៤ធ្នូ ឆ្នាំ២០១៧​ កន្លងទៅនេះ សហរដ្ឋ​អាមេរិក​បាន​សម្រេច​លុបចោល​នូវ​វិធាន ដែល​ធានា​នូវ​អព្យាក្រឹតភាព​នៃ​អ៊ីនធ័រនែត។ សេចក្តីសម្រេច​នេះ​បាន​បង្កើត​ឲ្យ​មាន​នូវការ​រិះគន់​ជុំទិស ជាពិសេស វា​បង្កើត​ឲ្យ​មាន​នូវក្តីបារម្ភ​ថា ការបិទបញ្ចប់​អព្យាក្រឹតភាព​នៃ​អ៊ីនធ័រនែត នឹង​បង្ក​នូវ​ផលប៉ះពាល់​ដល់​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ។ តើអ្វីទៅជា​អព្យាក្រឹតភាព​នៃ​អ៊ីនធ័រនែត? តើ​វា​មាន​សារៈសំខាន់​អ្វីខ្លះ ទៅដល់​ដំណើរការ​ប្រជាធិបតេយ្យ?

សកម្មជន​នៅ​អាមេរិក​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីសម្រេច​លុបចោល​គោលការណ៍ "អព្យាក្រឹតភាព​នៃ​អ៊ីនធ័រនែត"
សកម្មជន​នៅ​អាមេរិក​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីសម្រេច​លុបចោល​គោលការណ៍ "អព្យាក្រឹតភាព​នៃ​អ៊ីនធ័រនែត" REUTERS/ Kyle Grillot
ផ្សាយពាណិជ្ជកម្ម

“អព្យាក្រឹតភាពនៃ​អ៊ីនធ័រនែត” គឺ​ជា​គោលការណ៍​គ្រឹះដ៏សំខាន់​មួយ​ចាប់តាំង​ពី​មាន​ការ​បង្កើត​ប្រព័ន្ធ​អ៊ីនធ័រនែត។ គោលការណ៍​នេះ​ធានា​​នូវ​ការ​ប្រើប្រាស់​ប្រកប​ដោយ​សមធម៌​នូវ​ប្រព័ន្ធ​អ៊ីនធ័រនែត។ អព្យាក្រឹតភាព​នៃ​អ៊ីនធ័រនែត គឺ​មានន័យថា ក្រុមហ៊ុន​ដែលផ្គត់ផ្គង់​​សេវាកម្ម​អ៊ីនធ័រនែត (Internet Service Provider) ត្រូវ​ផ្តល់​សេវាកម្ម​ដោយស្មើភាពគ្នា ទៅដល់​គ្រប់​អ្នក​ប្រើប្រាស់​ទាំងអស់ ដោយ​គ្មាន​ការ​រើសអើង​ថា ទិន្នន័យនោះ​ជា​ទិន្នន័យ​ប្រភេទ​ណា (សំឡេង, វីដេអូ, រូបភាព, អត្ថបទ...) ឬ​ជា​ទិន្នន័យ​ចេញ​ពី​ប្រភព​ណា​នោះទេ។

ជាអាទិ៍ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត​​មិន​អាច​ឲ្យ​អាទិភាព​ទៅ​ក្រុមហ៊ុន​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត ឬ​ដែលបាន​​បង់​លុយ​ឲ្យខ្លួន ឬ​ដែល​ខ្លួន​ជាប់​មាន​ផលប្រយោជន៍​ជាមួយ ហើយ​បើក​ឲ្យ​ក្រុមហ៊ុន​នេះ​អាច​ផ្សព្វផ្សាយ​នូវ​ទិន្នន័យ​របស់​ខ្លួន​យ៉ាងទូលំទូលាយ ក្នុង​ល្បឿនលឿន ចំណែក​ឯ​ទិន្នន័យ​របស់​​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​មាន​ទំនាស់ផលប្រយោជន៍​​ត្រូវ​រារាំង​មិនឲ្យ​ផ្សព្វផ្សាយទៅដល់​អ្នក​ប្រើប្រាស់​សេវាអ៊ីនធ័រនែត ឬ​អាច​ផ្សព្វផ្សាយ​ដែរ ប៉ុន្តែ មាន​ល្បឿនយឺត ឬ​មាន​ភាព​រអាក់រអួល​ច្រើន ដែល​ពិបាក​ឲ្យ​អ្នក​​ប្រើប្រាស់​សេវា​អ៊ីនធ័រនែត​ពិបាក​នឹង​ចូល​មើលបាននោះទេ។

ជាការពិតណាស់ គេ​អាច​​ធ្វើការ​កត់សម្គាល់​បានថា ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធ័រនែត​អាច​ធ្វើការ​បែងចែក​សេវា​របស់​ខ្លួន​ទៅ​តាម​តម្លៃ គឺអតិថិជន​ត្រូវ​បង់​លុយ​ថ្លៃ​ជាង ដើម្បី​អាច​ទទួល​បាន​សេវាកម្ម​អ៊ីនធ័រនែត​ក្នុង​ល្បឿន​លឿនជាង។ ក៏ប៉ុន្តែ គោលការណ៍​អព្យាក្រឹតភាព​នៃ​អ៊ីនធ័រនែត​កំណត់​ថា ថ្វីដ្បិត​តែ​ ​ប្រភេទ​​សេវាកម្ម​អ៊ីនធ័រនែតអាច​មាន​ខុសៗគ្នា ក៏ប៉ុន្តែ ក្នុង​ប្រភេទ (ឬ​កញ្ចប់) តែមួយ​ គុណភាព ឬ​ល្បឿន​អ៊ីនធ័រនែត​ត្រូវ​តែ​មាន​ដូចៗគ្នា ដោយ​មិន​អាស្រ័យ​ថា តើ​អ្នក​ប្រើ​សេវា​អ៊ីនធ័រនែត​នោះ ចូល​មើល​វិបសៃត៍​ណាមួយ​នោះទេ។

គោលការណ៍​អព្យាក្រឹតភាព​នៃ​អ៊ីនធ័រនែត​នេះ​មាន​សារៈសំខាន់​ចំពោះ​​​ការ​ប្រកួតប្រជែង​ដោយស្មើភាពគ្នា នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ហើយ​វា​កាន់តែ​មាន​សារៈសំខាន់​ទៅទៀត ចំពោះ​ដំណើរការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

គេ​មិន​ត្រូវ​ភ្លេចទេ​ថា ធាតុផ្សំដ៏សំខាន់​បំផុត​មួយ នៅ​ក្នុង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​សិទ្ធិ​ក្នុងការ​ទទួល​ព័ត៌មាន និង​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ ហើយ​​ពិភពលោក​នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ មធ្យោបាយ​ដ៏សំខាន់​បំផុត​នៅ​ក្នុង​ការ​បញ្ចេញមតិ ក៏ដូចជា ការ​ទទួល​ព័ត៌មាន គឺ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

ការ​សិក្សា​ស្រាវជ្រាវជាច្រើន​សុទ្ធតែ​បាន​បង្ហាញ​ថា នៅ​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ការតាមដាន​ព័ត៌មាន​នៅតាម​ប្រព័ន្ធផ្សព្វផ្សាយ​ជាប្រពៃណី (រួមមាន​ដូចជា ទូរទស្សន៍ វិទ្យុ និង​កាសែត​សរសេរ​ ជាដើម) មាន​ការ​ថយចុះ និង​ចេះតែ​បន្ត​ថយ​ចុះ​ជាលំដាប់​​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​មនុស្ស​ភាគច្រើន​ងាក​ទៅ​រក​ប្រព័ន្ធ​អ៊ីនធ័រនែត ហើយ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ និង​ការ​ទទួល​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត មាន​តួអង្គ​ចម្បង​ចំនួន៣ គឺ​អ្នក​ប្រើប្រាស់, ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន (តាមរយៈ​វិបសៃត៍, កម្មវិធី​ទូរស័ព្ទដៃ ឬ​តាម​បណ្តាញសង្គម) និង​លំហូរ​នៃ​​​ទិន្នន័យ រវាង​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន និង​អ្នក​ប្រើប្រាស់​ចាំបាច់​​ត្រូវ​ឆ្លងកាត់​តាម​តួអង្គ​ដ៏សំខាន់​មួយ​ទៀតដែល​មិន​អាច​ខ្វះបាន គឺ​ក្រុមហ៊ុន​ផ្តល់​សេវាអ៊ីនធ័រនែត។

ប្រសិនបើ​គ្មាន​គោលការណ៍​អព្យាក្រឹតភាព​នៃ​អ៊ីនធ័រនែត​ទេនោះ គឺ​មានន័យថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត​នឹង​អាច​កំណត់​ថា វិបសៃត៍ ឬ​​កម្មវិធី​ទូរស័ព្ទដៃ​របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ណាមួយ​មាន​ដំណើរការ​ល្អជាង, ល្បឿន​​លឿនជាង និង​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ទូលំទូលាយ​ជាង រីឯ​វិបសៃត៍ ឬ​កម្មវិធី​ទូរស័ព្ទដៃ​របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ណាមួយ​ផ្សេងទៀត​មាន​ភាព​រអាក់រអួលច្រើន, ល្បឿន​យឺត ឬ​ក៏​អតិថិជន​មិន​អាច​ចូល​បាន​សោះ​ក៏​មាន។

នៅ​ក្នុង​លក្ខខណ្ឌ​បែបនេះ​ លទ្ធភាព​ក្នុងការ​បញ្ចេញមតិ​នឹង​មិន​អាច​ធ្វើ​ទៅបាន​ដោយ​ស្មើភាពគ្នា, ​​ការផ្សព្វផ្សាយ​ព័ត៌មាន​នឹង​មិន​អាច​ធ្វើ​ទៅបាន​ប្រកប​ដោយ​សមធម៌ ហើយ​សាធារណជន​​ទូទៅ​ក៏​មិន​អាចទទួល​បាន​ព័ត៌មាន​បាន​គ្រប់ជ្រុងជ្រោយ​នោះដែរ គឺ​ភាគច្រើន​ទទួល​ព័ត៌មាន​តែមួយ​ជ្រុងណាមួយ ហើយ​ជា​ព័ត៌មាន​ដែល​ចេញ​ពី​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​លុយ ឬ​មាន​អំណាច និង​ឥទ្ធិពល​ទៅលើ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត។

នៅពេល​ដែល​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ក្នុងការ​ទទួល​ព័ត៌មាន​ មិន​អាច​ត្រូវបាន​ធានា​ប្រកប​ដោយ​សមធម៌​នេះហើយ ដែល​ជា​បញ្ហា​ចោទ​ដ៏សំខាន់ សម្រាប់​ដំណើរការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ