គណៈប្រតិភូអាមេរិក និងចិនជួបចរចាគ្នាជាថ្មីមុនថ្ងៃផុតកំណត់នៃការដំឡើងពន្ធ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៥
ក្រោយជួបពិភាក្សាគ្នាជាច្រើនលើកច្រើនសា តែនៅតែមិនអាចទម្លាយភាពទ័លច្រកពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មជាមួយគ្នាបាន គណៈប្រតិភូអាមេរិក និងចិនជួបពិភាក្សាគ្នាសាជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍ ទី២១ កុម្ភៈ។ ការជួបចរចា រវាងភាគីទាំងពីរអាចជាកិច្ចចរចាចុងក្រោយ មុនថ្ងៃដំឡើងពន្ធ ដែលត្រូវបានកំណត់ឡើងចំថ្ងៃទី ១ មីនា សប្តាហ៍ក្រោយនេះ។ ក៏ប៉ុន្តែ ក៏មានព័ត៌មានលេចឮដែរថា ភាគីទាំងពីរអាចនឹងសម្រេចបានលទ្ធផលល្អមួយចំនួនក្នុងកិច្ចចរចាលើកនេះ និងអាចពន្យារពេលកំណត់នៃការដំឡើងពន្ធក៏ថាបាន។
ជំនួបចរចាពាណិជ្ជកម្មអាមេរិក-ចិនអាចនាំមកនូវលទ្ធផលល្អជាងជំនួបលើកមុនៗ
ក្តីសង្ឃឹមក្នុងការស្តារស្ថានការណ៍មិនល្អពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចអាមេរិក-ចិន អាចកើតឡើងតាមរយៈជំនួបកំពូលទី៤ រវាងតំណាងកិច្ចចរចារបស់អាមេរិក និងចិននៅថ្ងៃព្រហស្បតិ៍ ទី២១ កុម្ភៈ ឆ្នាំ២០១៩ នេះ។
ហេតុផល ដែលគេអាចនិយាយដូច្នោះបាននោះ ពីព្រោះថាទាំងភាគីពីរ ពោលគឺទាំងអាមេរិក និងទាំងចិនសុទ្ធតែបង្ហាញឆន្ទៈ និងគោលជំហរចង់ដោះស្រាយ និងចង់ទម្លាយនូវរាល់ទ័លច្រក ដើម្បីធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារ វិលមករកភាពល្អប្រសើរនឹងគ្នាវិញ។
ជាក់ស្តែង កន្លងទៅថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានចេញមុខអះអាងម្តងហើយម្តងទៀតថា កិច្ចចរចាពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង មានភាពរីកចម្រើនទៅមុនច្រើន និងរលូនខ្លាំងណាស់។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានព្រលយសម្តីទៀតថា ប្រសិនណាបើភាគីទាំងពីរ នៅតែមិនអាចចុះកិច្ចព្រមព្រៀងជាមួយគ្នាបាននៅក្នុងជំនួបចរចាលើកទី៤ នាថ្ងៃព្រហស្បតិ៍នេះទេ គេអាចពន្យាកិច្ចពិភាក្សានេះបន្តទៀត ប្រសិនណាបើដំណើរការចរចា សម្រេចបានលទ្ធផលមួយចំនួន និងអាចឈានដើរទៅមុនបាន។
ថ្ងៃទី១ មីនា ឆ្នាំ២០១៩ សប្តាហ៍ក្រោយនេះ គឺជាថ្ងៃកំណត់ដំឡើងពន្ធលើមុខទំនិញអាមេរិក-ចិន។ លោកត្រាំធ្លាប់គំរាមថា អាមេរិកនឹងដំឡើងពន្ធលើមុខទំនិញរបស់ចិនពីចំនួន ១០ ទៅ ២៥ ភាគរយ ក្នុងករណីកិច្ចចរចារវាងប្រទេសទាំងពីរ នៅតែមិនទទួលបានលទ្ធផលល្អ។
ដោយឡែក គេនៅតែមានសង្ឃឹមថាស្ថានការណ៍ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិននឹងមិនធ្លាប់ដុនដាបខ្លាំងជាងសព្វថ្ងៃនោះទេ ដោយសារលោកត្រាំ ធ្លាប់និយាយហើយថាថ្ងៃកំណត់ដំឡើងពន្ធអាចត្រូវពន្យាហើយការចរចាក៏អាចនៅមានបន្តទៀតរវាងគណៈប្រតិភូប្រទេសទាំងពីរ។
មួយវិញទៀត បើតាមអតីតមន្ត្រីជំនាញផ្នែកពាណិជ្ជកម្ម របស់អាមេរិកម្នាក់គឺលោក William Reinsch សហរដ្ឋអាមេរិក និងចិនយ៉ាងហោចណាស់ក៏អាចស្វែងរកដំណោះស្រាយបានខ្លះដែរក្នុងពេលជួបចរចាជាមួយគ្នានាលើកទី៤ នេះ។ ប៉ុន្តែលោកថា នៅមានចំណុចខ្ទាស់សំខាន់ៗ ដែលធ្វើឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរពិបាកនឹងនិយាយត្រូវរ៉ូវគ្នាបាន។
ចំណុចខ្ទាស់ដែលធ្វើឲ្យអាមេរិក និងចិនពិបាកនឹងសម្រេចកិច្ចព្រមព្រៀងជាមួយគ្នាបាន
ចំណុចដែលធ្វើឲ្យដំណើរការនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងចិនជាប់គាំង រកកូនសោចាក់មិនទាន់ឃើញនោះ គឺមានពីរចំណុចសំខាន់ៗពាក់ព័ន្ធនឹងរឿងកម្មសិទ្ធិបញ្ញា និងការមិនស្មើភាពគ្នាក្នុងការដោះដូរពាណិជ្ជកម្ម ដែលអាមេរិកអះអាងអយុត្តិធម៌សម្រាប់ប្រទេសខ្លួន ។
សង្គ្រាមពាណិជ្ជកម្មនេះ បានចាប់ផ្តើមតាំងពីលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៧ និងផ្តើមផ្ទុះខ្លាំងនៅដើមឆ្នាំ២០១៨។ លោកត្រាំបានចោទប្រកាន់ចិនថា ជាចោរលួចបច្ចេកវិទ្យារបស់អាមេរិក និងជាប្រទេសមិនគោរពកម្មសិទ្ធិបញ្ញាអន្តរជាតិទៀតផង។ បន្ថែមលើនេះ នាពេលកន្លងទៅថ្មីៗនេះ រដ្ឋអាជ្ញាអាមេរិក បានធ្វើការចោទប្រកាន់ក្រុមហ៊ុន Huawei ពីបទមិនគោរពកម្មសិទ្ធិបញ្ញាដោយបានលួចបច្ចេកវិទ្យាពីអាមេរិកទៀតផង។
ចំណុចជាប់គាំងទីពីរនោះគឺ ការមិនសុខស្រណុកក្នុងចិត្តរបស់អាមេរិក ដែលថាជញ្ជីងពាណិជ្ជកម្មអាមេរិក-ចិន មិនស្មើភាពគ្នា គឺវាផ្អៀងខ្លាំងទៅខាងចិនពេក។ លោកត្រាំថា ទំនាក់ទំនងពាណិជ្ជកម្មអាមេរិក-ចិន មិនយុត្តិធម៌សោះឡើយ។ មិនយុត្តិធម៌ ដោយសារមុខទំនិញនាំចេញរបស់ចិនទៅអាមេរិកច្រើនខ្លាំងជាងមុខទំនិញរបស់អាមេរិកនាំចេញទៅចិន។ ដូច្នោះហើយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ឲ្យរដ្ឋាភិបាលក្រុងប៉េកាំងទទួលយកការនាំចូលពីអាមេរិកឲ្យច្រើនជាងមុន ដើម្បីកុំឲ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផ្អៀងខ្លាំងពេកទៅខាងចិន។
តើអាមេរិក-ចិនអាចដោះស្រាយជម្លោះបច្ចេកវិទ្យា និងបញ្ហាជញ្ជីងពាណិជ្ជកម្មនឹងគ្នាបានទេ?
រឿងនេះ ជារឿងពិបាកសន្និដ្ឋានទុកមុនណាស់។ រឿងអាមេរិកចោទចិន ថាធ្វើចោរកម្មបច្ចេកវិទ្យា និងបញ្ហាជញ្ជីងពាណិជ្ជកម្ម ជាចំណុចខ្ទាស់ខ្លាំង ដែលធ្វើឲ្យកិច្ចចរចា រវាងគណៈប្រតិភូអាមេរិក-ចិន នៅតែមិនអាចសម្រេចលទ្ធផលអ្វីជាដុំកំភួនរហូតមកដល់ពេលនេះ។
ដូច្នោះហើយ ចម្លើយថាតើអាមេរិក និងចិនអាចដោះស្រាយបញ្ហាក្តៅគគុកពីរទាំងលើបាន ឬមិនបាន? គេមានតែរង់ចាំមើលលទ្ធផលក្រោយជំនួបពិភាក្សារវាងអ្នកតំណាងកិច្ចចរចាពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបញ្ចប់ទៅតែប៉ុណ្ណោះ។
តែទោះជាយ៉ាងណាក្តី គេសង្ឃឹមថាបញ្ហាជញ្ជីងពាណិជ្ជកម្មមិនស្មើភាពគ្នាប្រហែលមិនសូវជាបញ្ហាចោទខ្លាំងដូចបញ្ហាបច្ចេកវិទ្យានោះទេ។ ជាក់ស្តែង អតីតមន្ត្រីពាណិជ្ជកម្មអាមេរិកម្នាក់ទៀតគឺ លោក Gary Clyde Hufbaeur និយាយដោយរំពឹងថា រដ្ឋាភិបាលចិននឹងយល់ព្រមធ្វើសម្បទានដោយទទួលយកការនាំចូលមុខទំនិញពីអាមេរិកច្រើនជាមុន ហើយក៏នឹងអាចដកចេញវិញនូវការយកពន្ធលើមុខទំនិញមួយចំនួនរបស់អាមេរិកផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ