អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គណៈប្រតិភូ​អាមេរិក​ និង​ចិន​ជួប​ចរចា​គ្នា​ជាថ្មី​មុន​ថ្ងៃ​ផុតកំណត់​នៃ​ការ​ដំឡើងពន្ធ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ជួប​ពិភាក្សាគ្នា​ជាច្រើន​លើកច្រើនសា​ តែ​នៅតែ​មិនអាច​ទម្លាយ​ភាពទ័លច្រក​ពាក់ព័ន្ធនឹង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា​បាន​ គណៈ​ប្រតិភូ​អាមេរិក​ និងចិន​ជួប​ពិភាក្សា​គ្នា​សាជាថ្មី​ម្តងទៀត​ នៅថ្ងៃ​ព្រហស្បតិ៍​ ទី២១ កុម្ភៈ។ ការ​ជួបចរចា​ រវាង​ភាគីទាំងពីរ​អាចជា​កិច្ចចរចា​ចុងក្រោយ​ មុនថ្ងៃ​ដំឡើងពន្ធ​ ដែល​ត្រូវ​បាន​កំណត់​ឡើងចំ​ថ្ងៃទី ១ មីនា​ សប្តាហ៍​ក្រោយនេះ​។ ក៏ប៉ុន្តែ​ ក៏មាន​ព័ត៌មាន​លេចឮ​ដែរថា​ ភាគីទាំងពីរ​អាចនឹង​សម្រេចបាន​លទ្ធផល​ល្អ​មួយចំនួន​ក្នុង​កិច្ចចរចា​លើកនេះ​ និង​អាច​ពន្យា​រពេល​កំណត់​នៃ​ការដំឡើង​ពន្ធ​ក៏​ថាបាន​។

ប្រធានាធិបតីស៊ី ជីនពីង និងមន្ត្រីជាន់ខ្ពស់ចិន ពេលជួបពិភាក្សាជាមួយគណៈប្រតិភូអាមេរិកនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៩។
ប្រធានាធិបតីស៊ី ជីនពីង និងមន្ត្រីជាន់ខ្ពស់ចិន ពេលជួបពិភាក្សាជាមួយគណៈប្រតិភូអាមេរិកនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៩។ Andy Wong/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ជំនួប​ចរចា​ពាណិជ្ជកម្ម​អាមេរិក​-ចិន​អាចនាំ​មកនូវ​លទ្ធផលល្អ​ជាង​ជំនួប​លើកមុន​ៗ

ក្តីសង្ឃឹម​ក្នុងការ​ស្តារ​ស្ថានការណ៍​មិនល្អ​ពាក់ព័ន្ធនឹង​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​ប្រទេស​មហាអំណាច​អាមេរិក-ចិន អាច​កើតឡើង​តាមរយៈ​ជំនួបកំពូល​ទី៤​ រវាង​តំណាង​កិច្ចចរចា​របស់​អាមេរិក​ និងចិន​នៅថ្ងៃព្រហស្បតិ៍ ​ទី២១ កុម្ភៈ ឆ្នាំ២០១៩ នេះ​។

ហេតុផល​ ដែល​គេ​អាចនិយាយដូច្នោះបាននោះ​ ពីព្រោះថា​ទាំងភាគីពីរ​ ពោល​គឺ​ទាំង​អាមេរិក​ និងទាំងចិន​សុទ្ធតែ​បង្ហាញឆន្ទៈ​ និង​គោលជំហរ​ចង់​ដោះស្រាយ​ និងចង់​ទម្លាយ​នូវ​រាល់ទ័លច្រក​ ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ដែល​មាន​តម្លៃ​ទឹកប្រាក់​រាប់​ពាន់​លានដុល្លារ​ វិល​មករក​ភាពល្អប្រសើរ​នឹងគ្នា​វិញ​។

ជាក់ស្តែង​ កន្លងទៅថ្មីៗនេះ​ ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំ​ បាន​ចេញមុខ​អះអាង​ម្តងហើយ​ម្តងទៀត​ថា​ កិច្ចចរចា​ពាណិជ្ជកម្ម​ រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​ប៉េកាំង​ មាន​ភាព​រីកចម្រើន​ទៅមុនច្រើន​ និង​រលូន​ខ្លាំង​ណាស់​។ មិនតែប៉ុណ្ណោះ​ លោក​ថែមទាំង​បានព្រលយ​សម្តី​ទៀតថា​ ប្រសិនណាបើ​ភាគី​ទាំងពីរ​ នៅតែ​មិនអាចចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​បាន​នៅក្នុង​ជំនួប​ចរចា​លើកទី៤​ នាថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ​ គេអាច​ពន្យា​កិច្ចពិភាក្សានេះ​បន្តទៀត​ ប្រសិនណាបើ​ដំណើរ​ការចរចា​ សម្រេចបាន​លទ្ធផលមួយចំនួន​ និងអាចឈាន​ដើរ​ទៅមុន​បាន​។

ថ្ងៃទី១ មីនា​ ឆ្នាំ២០១៩​ សប្តាហ៍ក្រោយនេះ​ គឺជា​ថ្ងៃ​កំណត់​ដំឡើង​ពន្ធ​លើ​មុខទំនិញ​អាមេរិក​-ចិន​។ លោកត្រាំ​ធ្លាប់​គំរាម​ថា​ អាមេរិក​នឹង​ដំឡើង​ពន្ធ​លើ​មុខទំនិញ​របស់​ចិន​ពី​ចំនួន​ ១០​ ទៅ​ ២៥ ភាគរយ​ ក្នុង​ករណី​កិច្ចចរចា​រវាង​ប្រទេស​ទាំងពីរ​ នៅតែ​មិន​ទទួលបាន​លទ្ធផល​ល្អ​។

ដោយឡែក​ គេ​នៅតែ​មាន​​សង្ឃឹមថា​ស្ថានការណ៍​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋ​អាមេរិក​ និងចិន​នឹង​មិន​ធ្លាប់ដុនដាបខ្លាំង​ជាង​សព្វថ្ងៃ​នោះទេ​ ដោយសារ​លោកត្រាំ​ ធ្លាប់​និយាយ​ហើយថា​ថ្ងៃ​កំណត់​ដំឡើង​ពន្ធ​អាច​ត្រូវ​ពន្យា​ហើយ​ការចរចា​ក៏អាច​នៅ​មានបន្ត​ទៀត​រវាង​គណៈប្រតិភូ​ប្រទេស​ទាំងពីរ​។

មួយវិញទៀត​ បើតាម​អតីត​មន្ត្រី​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ របស់​អាមេរិក​ម្នាក់​គឺ​លោក​ William Reinsch សហរដ្ឋ​អាមេរិក​ និងចិន​យ៉ាងហោចណាស់​ក៏អាច​ស្វែងរក​ដំណោះស្រាយ​បានខ្លះដែរ​ក្នុងពេល​ជួបចរចាជាមួយគ្នា​នាលើក​ទី​៤ នេះ​។ ប៉ុន្តែ​លោកថា​ នៅ​មាន​ចំណុច​ខ្ទាស់​សំខាន់ៗ​ ដែល​ធ្វើឲ្យ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ពិបាកនឹង​និយាយ​ត្រូវរ៉ូវគ្នា​បាន​។

ចំណុចខ្ទាស់​ដែល​ធ្វើឲ្យ​អាមេរិក​ និងចិន​ពិបាកនឹង​សម្រេច​កិច្ចព្រមព្រៀង​ជាមួយគ្នា​បាន​

ចំណុច​ដែល​ធ្វើឲ្យ​ដំណើរការ​នៃ​កិច្ចចរចា​រវាង​សហរដ្ឋអាមេរិក​ និងចិន​ជាប់គាំង​ រក​កូនសោ​ចាក់​មិនទាន់ឃើញ​នោះ​ គឺ​មាន​ពីរចំណុច​សំខាន់ៗ​ពាក់ព័ន្ធនឹង​រឿង​កម្មសិទ្ធិបញ្ញា​ និង​ការមិនស្មើភាពគ្នា​ក្នុងការ​ដោះដូរ​ពាណិជ្ជកម្ម​ ដែល​អាមេរិក​អះអាង​អយុត្តិធម៌​សម្រាប់​ប្រទេសខ្លួន​ ។

សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ បាន​ចាប់ផ្តើមតាំង​ពី​លោកត្រាំ​ឡើង​កាន់តំណែង​ជាប្រធានាធិបតីអាមេរិក​កាលពីឆ្នាំ​២០១៧ និង​ផ្តើមផ្ទុះខ្លាំង​នៅដើម​ឆ្នាំ២០១៨​។ លោកត្រាំ​បានចោទប្រកាន់ចិន​ថា​ ជាចោរ​លួចបច្ចេកវិទ្យា​របស់​អាមេរិក​ និងជា​ប្រទេស​មិន​គោរពកម្មសិទ្ធិបញ្ញា​អន្តរជាតិ​ទៀតផង​។ បន្ថែមលើនេះ​ នាពេល​កន្លងទៅថ្មីៗនេះ​ រដ្ឋអាជ្ញា​អាមេរិក​ បាន​ធ្វើការ​ចោទប្រកាន់​ក្រុមហ៊ុន​ Huawei ពីបទ​មិនគោរព​កម្មសិទ្ធិបញ្ញា​ដោយបាន​លួចបច្ចេកវិទ្យា​ពីអាមេរិកទៀតផង​។

ចំណុច​ជាប់គាំង​ទីពីរនោះ​គឺ​ ការ​មិនសុខ​ស្រណុក​ក្នុងចិត្ត​របស់​អាមេរិក​ ដែលថា​ជញ្ជីងពាណិជ្ជកម្ម​អាមេរិក​-ចិន​ មិនស្មើភាពគ្នា​ គឺ​វា​ផ្អៀងខ្លាំង​ទៅខាង​ចិន​ពេក​។ លោកត្រាំ​ថា​ ទំនាក់ទំន​ងពាណិជ្ជកម្ម​អាមេរិក-ចិន​ មិន​យុត្តិធម៌​សោះឡើយ​។ មិនយុត្តិធម៌​ ដោយសារ​មុខទំនិញ​នាំចេញ​របស់​ចិន​ទៅ​អាមេរិក​ច្រើនខ្លាំងជាង​មុខទំនិញ​របស់​អាមេរិក​នាំចេញ​ទៅចិន​។ ដូច្នោះហើយ​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចង់ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទទួល​យក​ការនាំចូល​ពី​អាមេរិ​កឲ្យច្រើន​ជាងមុន​ ដើម្បី​កុំឲ្យ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផ្អៀង​ខ្លាំងពេក​ទៅខាង​ចិន​។

តើ​អាមេរិក​-ចិន​អាច​ដោះស្រាយ​ជម្លោះ​បច្ចេកវិទ្យា​ និង​បញ្ហា​ជញ្ជីង​ពាណិជ្ជកម្ម​នឹងគ្នា​បានទេ​?

រឿងនេះ​ ជា​រឿង​ពិបាក​សន្និដ្ឋាន​ទុក​មុន​ណាស់​។ រឿង​អាមេរិក​ចោទចិន​ ថា​ធ្វើ​ចោរកម្ម​បច្ចេកវិទ្យា​ និង​បញ្ហា​ជញ្ជីង​ពាណិជ្ជកម្ម​ ជា​ចំណុច​ខ្ទាស់​ខ្លាំង​ ដែល​ធ្វើឲ្យ​កិច្ចចរចា​ រវាង​គណៈប្រតិភូ​អាមេរិក​-ចិន នៅតែ​មិនអាច​សម្រេច​លទ្ធផល​អ្វី​ជាដុំកំភួន​រហូតមកដល់ពេលនេះ​។

ដូច្នោះហើយ​ ចម្លើយថា​តើ​អាមេរិក​ និងចិន​អាច​ដោះស្រាយ​បញ្ហា​ក្តៅគគុក​ពីរ​ទាំងលើ​បា​ន ឬមិនបាន​? គេ​មានតែ​រង់ចាំមើល​លទ្ធផល​ក្រោយ​ជំនួប​ពិភាក្សា​រវាង​អ្នកតំណាង​កិច្ចចរចាពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​បញ្ចប់​ទៅ​តែប៉ុណ្ណោះ​។

តែទោះជាយ៉ាងណាក្តី​ គេសង្ឃឹមថា​បញ្ហា​ជញ្ជីង​ពាណិជ្ជកម្ម​មិនស្មើ​ភាពគ្នា​ប្រហែល​មិនសូវ​ជា​បញ្ហាចោទខ្លាំង​ដូច​បញ្ហា​បច្ចេកវិទ្យា​នោះទេ​។ ជាក់ស្តែង​ អតីត​មន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​ម្នាក់ទៀត​គឺ​ លោក Gary Clyde Hufbaeur និយាយ​ដោយ​រំពឹងថា​ រដ្ឋាភិបាលចិន​នឹងយល់ព្រម​ធ្វើសម្បទាន​ដោយ​ទទួលយក​ការនាំចូលមុ​ខទំនិញ​ពី​អាមេរិក​ច្រើនជាមុន​ ហើយ​ក៏នឹងអាច​ដកចេញ​វិញ​នូវ​ការយកពន្ធ​លើ​មុខទំនិញ​មួយចំនួន​របស់​អាមេរិក​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ