អានតួអត្ថបទ
ស្វ៊ីស

អសប ត្រូវការ​១ពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេបូឡា

អង្គការសហប្រជាជាតិ​បាន​ប្រកាសពី​ល្ងាច​ថ្ងៃ​​អង្គារ ទី ១៦​កញ្ញា​ថា គេ​ត្រូវការ​ប្រាក់​មួយពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធប្រឆាំង​មេរោគ​អេបូឡា នៅ​អាហ្រ្វិក​ខាងលិច ពោល គឺ​ច្រើន​ជាង​១០​បើ​ប្រៀបធៀប​នឹង​ការវាយតម្លៃ​កាលពី​ខែ​មុន។ កាលពី​ខែ​សីហា អង្គការ​សហប្រជាជាតិ​ទើប​បាន​ប្រកាស​ថា គេ​ត្រូវការ​ទឹកប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេរោគអេបូឡា។  ​

មន្រ្តី​សុខភាព​សែងសាកសព​ដែល​ស្លាប់​ដោយ​មេរោគ​អេបូឡា ថ្ងៃ​ទី ១១​កញ្ញា ២០១៤
មន្រ្តី​សុខភាព​សែងសាកសព​ដែល​ស្លាប់​ដោយ​មេរោគ​អេបូឡា ថ្ងៃ​ទី ១១​កញ្ញា ២០១៤ REUTERS/James Giahyue
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​ត្រូវការ​ទឹកប្រាក់​មួយពាន់​លាន​ដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង​នឹង​​​មេរោគ​អេបូឡា ដែល​រហូតមក​ដល់​ពេលនេះ​បាន​សម្លាប់​មនុស្ស​ជាង​២៤០០​នាក់។ នេះ​ជា​ការថ្លែង​របស់​អ្នកសម្របសម្រួល​ផ្នែក​ជម្ងឺ​អេបូឡា​របស់​អង្គការ​សហប្រជាជាតិ នៅក្រោយ​កិច្ចប្រជុំ​បិទទ្វារ​ក្នុង​ទីក្រុង​ហ្សឺណែវ។

 
បើតាម​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក​ចេញផ្សាយ​នៅថ្ងៃ​អង្គារ ប្រជាជន​ប្រមាណ ២២​លាន ៣​សែន​នាក់​​ កំពុង​រស់នៅ​កន្លែង​ដែលមាន​ផ្ទុះ​មេរោគ​អេបូឡា។ តាម​ឯកសារ​ដដែល អង្គការ​សហប្រជាជាតិ​ប៉ាន់​ប្រមាណ​ថា មាន​មនុស្ស​ប្រមាណ​២​ម៉ឺននាក់ នឹង​ក្លាយ​ជា​អ្នកឆ្លងថ្មី ចាប់​ពី​​ពេលនេះ រហូត​ដល់​ដាច់​ឆ្នាំនេះ។ ក្រៅពី​ហ្គីណេ និង​សៀរ៉ាឡេអូន ប្រទេស​លីបេរីយ៉ា​ នឹង​មាន​អ្នកឆ្លងមេរោគ​អេបូឡា​ថ្មី​ ​​ចំនួន​៤០​ភាគរយ​បន្ថែម​ទៀត។ យ៉ាងណា​ក៏ដោយ អង្គការ​សហប្រជាជាតិ​វាយតម្លៃថា ការចម្លង​មេរោគ​អេបូឡា​​នឹង​ធ្លាក់​ថយចុះ​ទៅវិញ​បន្តិច នៅ​ចុងឆ្នាំនេះ បន្ទាប់មក​នឹង​ចប់​ទាំងស្រុង​នៅពាក់​កណ្តាល​ឆ្នាំ​ក្រោយ។

ដោយសារ​តែចំនួន​​ឆ្លង​មេរោគ​អេបូឡា​កើនឡើងខ្លាំង មិន​ធ្លាប់​មាន​ពីមុនមក អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​បង្កើន​សកម្មភាព​បន្ថែមទៀត ដើម្បី​ជួយ​ទប់ស្កាត់​ការរីករាលដាល​របស់មេរោគ​អេបូឡា។

តាម​សេតវិមាន លោកប្រធានាធិបតី​អាមេរិក នឹង​ប្រកាស​បញ្ជូន​ទាហាន​អាមេរិក​៣ពាន់​នាក់​ទៅ​អាហ្វ្រិក​ខាងលិច។ នៅក្នុង​ប្រទេស​លីបេរីយ៉ា​​ជាទី​ដែល​មេរោគ​អេបូឡា​រាតត្បាត​ខ្លាំង យោធា​អាមេរិក មានតួនាទី​សាងសង់​មជ្ឈមណ្ឌល​ព្យាបាល​អ្នកជម្ងឺចំនួន​១៧។ ការងារ​ចម្បង​មួយ​ទៀត​របស់​យោធា​អាមេរិក​ គឺ​ផ្តល់​ប្រឹក្សា​ដល់​បុគ្គលិក​សុខភាព​របស់​ប្រទេស​លីបេរីយ៉ា​ ចំនួន៥០០​នាក់ ពោល​គឺ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ដោះស្រាយបញ្ហា និង​ព្យាបាល​​ជនរងគ្រោះ​ ឲ្យ​បាន​ក្នុង​រយៈពេល ៦ខែ។

នៅ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​ការពារ​ជំងឺ​ ក្នុង​ក្រុង​អាត្លង់តា ជាទី​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃ​អង្គារ លោកប្រធានាធិបតី​គ្រោង​នឹង​ប្រកាស​ផងដែរ​បង្កើត​ទីស្នាក់ការ​កណ្តាល​ដើម្បី​តាមដាន​ គ្រប់​គ្រងមេរោគ​រាតត្បាត​អេបូឡា នៅ​ក្នុង​ប្រទេស​សៀរ៉ាឡេអូន។ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុខភាព​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ផងដែរ​សម្រាប់​កងទ័ព​អាមេរិក និង​កម្មវិធី​សុខភាព​អន្តរជាតិ​ផ្សេងៗទៀត៕
​  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ