ហេតុអ្វីការហោះកាត់នៃអាចម៍ផ្កាយ Astroid 2019 OK ជារឿងគួរឲ្យបារម្ភ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៦
កាលពីថ្ងៃព្រហស្បតិ៍ ២៥កក្កដាសប្តាហ៍មុននេះ មានអាចម៍ផ្កាយមួយបានហោះកាត់ភពផែនដីរបស់យើង នៅក្នុងចម្ងាយមួយដ៏ជិតបំផុត ពោលគឺ ជិតជាងពីផែនដីទៅព្រះចន្ទរហូតដល់ទៅជាង ៥ដងឯណោះ។ អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា អាចម៍ផ្កាយនេះមិនបង្កគ្រោះថ្នាក់ដល់ភពផែនដីរបស់យើងនោះទេ ហើយគេក៏មិនរំពឹងថា វានឹងអាចមកក្បែរភពផែនដីវិញនោះដែរ នៅក្នុងរយៈពេលខ្លីខាងមុខ។ ក៏ប៉ុន្តែ មានចំណុចសំខាន់មួយ ដែលធ្វើឲ្យគេព្រួយបារម្ភ គឺអាចម៍ផ្កាយនេះអាចហោះមកដល់យ៉ាងជិតភពផែនដីរបស់យើង ដោយគ្មានអ្នកណាដឹងជាមុន។
គ្រោះមហន្តរាយបង្កឡើងដោយការប៉ះទង្គិចគ្នា រវាងផែនដី និងអាចម៍ផ្កាយ មិនមែនគ្រាន់តែជារឿងប្រឌិតនៅក្នុងកុនប៉ុណ្ណោះទេ តែវាជាសេណារីយ៉ូមួយ ដែលអ្នកវិទ្យាសាស្រ្តទូទៅគិតថានឹងអាចកើតមានឡើងពិតប្រាកដ។
អាចម៍ផ្កាយគឺជាដុំថ្ម ខ្លះតូច ខ្លះធំ ដែលសេសសល់ពីការកកើតប្រព័ន្ធព្រះអាទិត្យរបស់យើង កាលពីប្រមាណជាង ៤ពាន់លានឆ្នាំមុន។ អាចម៍ផ្កាយភាគច្រើន ស្ថិតនៅក្នុងគន្លងតារាវិថីនៅចន្លោះពីភពព្រះអង្គារ និងភពព្រហស្បតិ៍ ក្នុងតំបន់មួយដែលគេឲ្យឈ្មោះថា “ខ្សែក្រវ៉ាត់អាចម៍ផ្កាយ” ក៏ប៉ុន្តែ ក៏មានដែរអាចម៍ផ្កាយខ្លះ ដែលមានគន្លងតារាវិថីហោះកាត់គន្លងតារាវិថីនៃភពផែនដីរបស់យើង។
នៅក្នុងប្រវត្តិនៃភពផែនដីរបស់យើងនេះ ការប៉ះទង្គិចគ្នាជាមួយនឹងអាចម៍ផ្កាយធ្លាប់បានកើតមានឡើងជាច្រើនលើករួចមកហើយ ដោយខ្លះតូច ហើយខ្លះទៀត ដូចជាអាចម៍ផ្កាយ កាលពីជាង ៦៥លានឆ្នាំមុន មានទំហំធំ រហូតអាចសម្លាប់ពពួកសត្វឌីណូស័រឲ្យស្លាប់ផុតពូជពីភពផែនដីរបស់យើងបាន។
គេអាចដឹងពីការធ្លាក់អាចម៍ផ្កាយអស់ទាំងនេះបាន គឺតាមរយៈស្លាកស្នាមដែលបន្សល់ទុកលើដី គឺរណ្តៅអាចម៍ផ្កាយ។ ហើយប្រសិនបើអ្នកខ្លះនៅមានមន្ទិលសង្ស័យនៅឡើយ អំពីគ្រោះថ្នាក់ដែលបង្កឡើងដោយការធ្លាក់អាចម៍ផ្កាយនេះ គេគួរតែមើលទៅលើហេតុការណ៍ជាក់ស្តែង ដែលបានកើតឡើង នៅឆេលីយ៉ាប៊ីនស្ក៍ (Tcheliabinsk) ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៣ថ្មីៗកន្លងទៅ។ អាចម៍ផ្កាយដែលធ្លាក់នៅឆេលីយ៉ាប៊ីនស្ក៍នោះ មានទំហំប្រមាណជា ២០ម៉ែត្រ ហើយបានបង្កឲ្យមានកម្លាំងផ្ទុះរហូតដល់ទៅប្រមាណជាពី ៤០០ ទៅ ៥០០គីឡូតោន (ស្មើនឹងជិត ៣០ដងនៃកម្លាំងផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ដែលអាមេរិកទម្លាក់នៅហ៊ីរ៉ូស្ហ៊ីម៉ា)។
អាចម៍ផ្កាយដែលហោះកាត់ក្បែរភពផែនដីរបស់យើង កាលពីថ្ងៃព្រហស្បតិ៍មុន ហើយដែលគេឲ្យឈ្មោះថា “Asteroid 2019 OK” មានទំហំធំជាងអាចម៍ផ្កាយនៅឆេលីយ៉ាប៊ីនស្ក៍ដល់ទៅប្រមាណពី ៣ដង ទៅ ៦ដង។ ប្រសិនបើអាចម៍ផ្កាយនេះធ្លាក់មកលើភពផែនដីរបស់យើង កម្លាំងផ្ទុះរបស់វាអាចនឹងកម្ទេចទីក្រុងមួយឲ្យរាបដល់ដីបាន។
ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យគេព្រួយបារម្ភនោះ គឺមិនមែននៅត្រង់ទំហំ ឬក៏គ្រោះថ្នាក់ដែលអាចម៍ផ្កាយ Asteroid 2019 OK នេះអាចបង្កឡើងនោះទេ តែបារម្ភនៅត្រង់ថា អាចម៍ផ្កាយមួយនេះ គេមិនធ្លាប់ស្គាល់ទេពីមុន ហើយក៏មិនធ្លាប់បានសង្កេតនិងតាមដានមើលនោះដែរ។ អាចម៍ផ្កាយ Asteroid 2019 OK នេះ ត្រូវបានគេសង្កេតឃើញតាមតេឡេស្កុប ហើយបញ្ជាក់បានយ៉ាងច្បាស់ថាជាអាចម៍ផ្កាយ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលវាហោះមកជិតភពផែនដី។ នេះមានន័យថា ប្រសិនបើគន្លងតារាវិថីរបស់អាចម៍ផ្កាយនេះត្រូវប៉ះទង្គិចគ្នានឹងភពផែនដីនោះ គេនឹងមិនអាចទប់ស្កាត់បានទាន់ពេលនោះទេ។
គួរបញ្ជាក់ថា រហូតមកទល់នឹងសព្វថ្ងៃនេះ អ្នកវិទ្យាសាស្រ្តជាទូទៅបានកំណត់ថា នៅក្នុងយុទ្ធសាស្រ្តការពារភពផែនដីពីអាចម៍ផ្កាយ ចំណុចដ៏ចម្បងបំផុត គឺពេល។
កាលពីខែមេសាកន្លងទៅថ្មីៗនេះ ទីភ្នាក់ងារណាសាបានរៀបចំសន្និសីទដ៏ធំមួយ ដោយមានការចូលរួមពីសំណាក់អ្នកវិទ្យាសាស្រ្តមកពីជុំវិញពិភពលោក ដើម្បីជជែកផ្លាស់ប្តូរយោបល់គ្នា ដោយដាក់សេណារីយ៉ូមួយថា អាចម៍ផ្កាយមួយ ដែលមានទំហំធំល្មមអាចកម្ទេចទីក្រុងធំមួយបាន នឹងត្រូវហោះមកបុកភពផែនដី នៅក្នុងរយៈពេល ៨ឆ្នាំខាងមុខ។ តើគេត្រូវធ្វើដូចម្តេច?
ខុសពីនៅក្នុងភាពយន្តហូលីវូត ដែលគេយកគ្រាប់បែកនុយក្លេអ៊ែរទៅកម្ទេចអាចម៍ផ្កាយ អ្នកវិទ្យាសាស្រ្តភាគច្រើននៅក្នុងសន្និសីទ កាលពីខែមេសានោះ បានឯកភាពគ្នាថា ដំណោះស្រាយដែលគេមើលទៅឃើញថាមានភាពប្រាកដនិយមជាងគេ គឺការប្រើយានអវកាស ដើម្បីរុញអាចម៍ផ្កាយឲ្យចាកគន្លងដើមបន្តិចម្តងៗ រហូតអាចចៀសផុតពីការប៉ះទង្គិចជាមួយនឹងផែនដី។ ក៏ប៉ុន្តែ ដើម្បីអាចធ្វើបែបនេះបាន គេចាំបាច់ត្រូវព្យាករដឹងជាមុនពីគន្លងនៃអាចម៍ផ្កាយ ហើយមិនមែនដឹងមុនត្រឹមរាប់ខែនោះទេ តែត្រូវដឹងមុនរហូតដល់ទៅរាប់ឆ្នាំឯណោះ។
ហេតុដូច្នេះហើយបានជាទីភ្នាក់ងារអវកាសអាមេរិក (NASA) ដោយមានកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ បានបង្កើតគម្រោងមួយ ដែលគេឲ្យឈ្មោះថា “Planetary Defense” ដើម្បីស្វែងរក និងឃ្លាំមើល ព្រមទាំងកំណត់គន្លងតារាវិថីនៃបណ្តាអាចម៍ផ្កាយ ដែលស្ថិតនៅក្បែរភពផែនដីរបស់យើង។ គោលដៅ គឺកំណត់មុខសញ្ញាអាចម៍ផ្កាយ ដែលគន្លងរបស់វាត្រូវហោះក្បែរនឹងភពផែនដី ហើយអាចមានប្រូបាប៊ីលីតេខ្ពស់ ក្នុងការប៉ះទង្គិចគ្នា។
នៅក្នុងពេលបច្ចុប្បន្ននេះ អាចម៍ផ្កាយប្រមាណជាជិត ២ម៉ឺន ត្រូវបានគេរកឃើញ និងស្ថិតក្រោមការតាមដាននៃគម្រោង Planetary Defense។ ក៏ប៉ុន្តែ ការលេចមុខឡើងដោយមិនមានអ្នកណាដឹងជាមុន នៃអាចម៍ផ្កាយ Asteroid 2019 OK កាលពីថ្ងៃព្រហស្បតិ៍នេះ គឺជាការបញ្ជាក់ឲ្យឃើញថា ក្រៅពីអាចម៍ផ្កាយទាំងជិត ២ម៉ឺន ដែលស្ថិតក្រោមការឃ្លាំមើលនេះ នៅមានអាចម៍ផ្កាយជាច្រើនផ្សេងទៀត ដែលគេនៅមិនទាន់រកឃើញ ហើយដែលអាចមានគន្លងតារាវិថីហោះកាត់គន្លងតារាវិថីនៃភពផែនដីរបស់យើង។ អាចម៍ផ្កាយដែលអាចនឹងបង្កគ្រោះថ្នាក់ជាងគេ គឺប្រភេទអាចម៍ផ្កាយធុនមធ្យម ដែលមានទំហំមិនសូវជាធំ ពិបាកនឹងឲ្យគេសង្កេតមើលឃើញ តែធំល្មមអាចនឹងកម្ទេចទីក្រុងមួយបាន ដែលជាទូទៅត្រូវបានគេឲ្យឈ្មោះថា “City Killer”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ