អាមេរិក ធានាអះអាងថានៅបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃពុធ ទី៦ កុម្ភៈ ឆ្នាំ ២០១៩ ម្សិលមិញនេះ សហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសសម្ព័ន្ធមិត្តប្រមាណជាង ៧០ ប្រទេសផ្សេងទៀត បានមកជួបប្រជុំពិភាក្សាគ្នា អំពីជំហានបន្ទាប់ដែលត្រូវអនុវត្ត ដើម្បីកំចាត់ក្រុមជីហាតប្រកបដោយភាពជោគជ័យ១០០ ភាគរយ។ ជាមួយគ្នានេះផងដែរ ក្រុមប្រទេសសមាជិកទាំងអស់ បានជជែកគ្នា ជាពិសេសអំពីតួនាទីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីដកកងទ័ពទាំង ២ ០០០ នាក់ ចេញពីប្រទេសស៊ីរី ក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រវតិ្តរបស់ក្រុមប្រទេសសម្ព័ន្ធអន្តរជាតិ ដែលមាននិន្នាការប្រឆាំងនឹងពួកជីហាត
ក្រុមប្រទេសសម្ព័ន្ធអន្តរជាតិ ជាក្រុមប្រទេស ដែលដឹកមុខដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រយុទ្ធប្រឆាំងនឹងក្រុមអង្គការរដ្ឋអ៊ីស្លាម-ជីហាតដែលជាបញ្ហាប្រឈមដ៏គួរឲ្យបារម្ភបំផុតមួយ សម្រាប់ពិភពលោក រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
តាមពិតទៅ ក្រុមសម្ព័ន្ធអន្តរជាតិនេះ ត្រូវបានបង្កើតឡើងជាពិសេសកាលពីឆ្នាំ ២០១៤ ដោយមានសមាជិកទាំងអស់ចំនួន ៧៩ ប្រទេស។ កាលណោះ សម្ព័ន្ធអន្តរជាតិនេះ ត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការគំរាមកំហែងនានា ដែលបង្កឡើងដោយ ក្រុមអង្គការដ្ឋអ៊ីស្លាម ទៅលើសុវត្តិភាពរបស់អាមេរិក និងពិភពលោកទាំងមូល។
ចាប់តាំងពីពេលនោះមក ក្រុមសមាជិកទាំង ៧៩ ប្រទេស បានរួបរួមគ្នា បង់វិភាគទានជាថវិកា យ៉ាងច្រើន ដើម្បីចំណាយក្នុងប្រតិបត្តិការវាយកម្ទេច ក្រុមអង្គការរដ្ឋអ៊ីស្លាម។ ជាក់ស្តែង ចាប់តាំងពី ឆ្នាំ២០១៤ មក ក្រុមប្រទេសទាំងនោះ បានចំណាយថវិកាប្រមាណជា ២០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទ្រទ្រង់ដល់យុទ្ធនាការវាយប្រហារក្រុមអង្គការដ្ឋអ៊ីស្លាម ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
សហរដ្ឋអាមេរិកនៅតែបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួកជីហាត ទោះបីជាដកកងទ័ពចេញពីស៊ីរី
មូលហេតុដែលនាំឲ្យបណ្តាប្រទេសសម្ព័ន្ធអន្តរជាតិចំនួន៧៩ ប្រទេស មកជួបប្រជុំគ្នា នៅថ្ងៃពុធ ទី៦ កុម្ភៈ ឆ្នាំ ២០១៩ ម្សិលមិញនេះគឺដោយសារតែ អាមេរិកគ្រោងនឹងដកកងទ័ពចេញពីប្រទេសស៊ីរីទាំងអស់ចំនួន ២ ០០០ នាក់។
នេះគឺជាចំណោទនៃបញ្ហា។ បញ្ហាពីព្រោះថា ការប្រកាសដកកងទ័ពរបស់អាមេរិក រួមជាមួយនឹង ការអះអាងរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កន្លងមកដែលថា ពួកជីហាតបាក់ទ័ព ចុះទន់ខ្សោយអស់ហើយ ធ្វើឲ្យក្រុមប្រទេសដែលជាសម្ព័ន្ធមិត្ត កើតចិត្តព្រួយបារម្ភ។
បារម្ភអំពីគោលជំហរ របស់អាមេរិកបន្ទាប់ពីដកកងទ័ពចេញអស់ ជាពិសេសចេញពីប្រទេសស៊ីរីតែម្តង។ ដោយសារតែចង់បញ្ជាក់ ប្រាប់ទៅសម្ព័ន្ធមិត្ត កុំឲ្យខ្វល់ខ្វាយពីជំហាន ដែលត្រូវដើរបន្ទាប់ ទើបអាមេរិក ចេញអះអាង នៅចំពោះសម្ព័ន្ធមិត្តថា អាមេរិក នឹងនៅបន្តកិច្ចសហប្រតិបត្តិការ ជាមួយនឹងសម្ព័ន្ធមិត្ត បើទោះជា បានវាយកម្ចាត់ពួកជីហាតជោគជ័យស្ទើរតែទាំងស្រុង យ៉ាងណាក៏ដោយ។
ជាក់ស្តែង បន្ទាប់ពីលោកដូណាល់ ត្រាំថ្លែងសុន្ទរកថា បញ្ជាក់អំពីជ័យជំនះ ទៅលើពួកជីហាត រួមមក ប្រមុខការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា គោលនយោបាយ ដកកម្លាំងទ័ពរបស់អាមេរិក មិនមែនមានន័យថា អាមេរិកដកខ្លួនលែងចូលរួមជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង ទៅនឹងពួកជីហាតទៀតនោះទេ។
ជាមួយគ្នានេះ លោក Pompeo ក៏បានឡើងឈរនិយាយដោយទឹកមុខមាំថា អាមេរិកនឹងនៅតែបន្តសុខទុក្ខ មូលដៃមូលជើង-រួមសហការជាមួយ សម្ព័ន្ធមិត្ត ដើម្បីកម្ទេចពួកអង្គការរដ្ឋអ៊ីស្លាម ដែលនៅសេសសល់ ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ឲ្យខ្ទេចអស់ដូចផេះ។
សូមរំឭកជូនបន្តិចដែរថា នៅពេលថ្លែងសុន្ទរកថា បើកកិច្ចប្រជុំនៅថ្ងៃពុធ ម្សិលមិញនេះ ប្រធានាធិបតីរបស់អាមេរិក គឺលោកដូណាល់ ត្រាំ ក៏បានលើកឡើងដែរថាដែនដី ដែលគ្រប់គ្រង ដោយពួកជីហាត ត្រូវរំដោះបាន សឹងតែទាំងអស់ហើយ។
មិនតែប៉ុណ្ណោះ ទឹកដីដែលនៅសេសសល់ទាំងអម្បាលមាណ និងដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកជីហាត អាចនឹងត្រូវរំដោះបានទាំងស្រុង ក្នុងរយៈពេលមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ។ នេះ ជាសម្តីរបស់លោកត្រាំបញ្ជាក់បន្ថែម ទៅកាន់ប្រទេសសម្ព័ន្ធមិត្តទាំងជាង ៧០ ប្រទេស។
ប្រតិកម្មរបស់ប្រទេសសម្ព័ន្ធមិត្តក្រោយការថ្លែងរបស់សហរដ្ឋអាមេរិក
ក្រោយពេលបានឮការបញ្ជាក់អះអាង របស់លោក Mike Pompeo ប្រទេសសមាជិកមួយចំនួនបានសម្តែងនូវភាពរីករាយ ចំពោះការណ៍ដែលប្រទេសអាមេរិក បង្ហាញនូវគោលជំហរមុះមុត ថានៅតែបន្តការប្រយុទ្ធប្រឆាំងជាមួយសម្ព័ន្ធមិត្តទាំងអស់ ក្នុងការបោសសំអាតក្រុមជីហាតឲ្យអស់ពីទឹកដៃនៃប្រទេសស៊ីរី និងអ៊ីរ៉ាក់។
ជាកស្តែង រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានលើកឡើងថា នៅទីបំផុតទៅ សហរដ្ឋអាមេរិកនៅតែសហការជាមួយប្រទេសដៃគូ ក្នុងប្រតិបត្តិការវាយកម្ចាត់ពួកជីហាត។
តែទោះជាយ៉ាងណាក្តី កិច្ចប្រជុំពិភាក្សានេះ នៅមិនទាន់ចប់នោះទេ ។ នៅប៉ុន្មានសប្តាហ៍ខាងមុខទៀត ក្រុមប្រទេសសម្ព័ន្ធអន្តរជាតិទាំងអស់ ពោលគឺទាំង ៧៩ប្រទេស នឹងបន្តពិភាក្សាគ្នាពិស្តារបន្ថែមទៀត អំពីយុទ្ធសាស្ត្របន្តបន្ទាប់ និងតួនាទីរបស់ប្រទេសនីមួយៗ ដែលគួរធ្វើនាពេលអនាគតខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ