អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ ធានា​អះអាង​ថា​នៅ​បន្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមជីហាត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃពុធ​ ទី៦​ កុម្ភៈ​ ឆ្នាំ ២០១៩​ ម្សិលមិញនេះ​ សហរដ្ឋអាមេរិក​ ព្រមទាំង​បណ្តាប្រទេស​សម្ព័ន្ធមិត្ត​ប្រមាណជាង​ ៧០​ ប្រទេស​ផ្សេងទៀត បានមកជួបប្រជុំពិភាក្សាគ្នា អំពី​ជំហាន​បន្ទាប់​ដែលត្រូវអនុវត្ត​ ដើម្បី​កំចាត់​ក្រុមជីហាត​ប្រកប​ដោយភាព​ជោគជ័យ​១០០ ភាគរយ​។ ជាមួយគ្នា​នេះផងដែរ​ ក្រុម​ប្រទេសសមាជិក​ទាំងអស់​ បានជជែកគ្នា​ ជាពិសេស​អំពី​តួនាទី​របស់​សហរដ្ឋអាមេរិក​ បន្ទាប់ពី​ដក​កងទ័ពទាំង​ ២ ០០០​ នាក់​ ចេញពី​ប្រទេសស៊ីរី​ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត ស្តីអំពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងទៅនឹងពួកជីហាត នាថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩។
លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត ស្តីអំពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងទៅនឹងពួកជីហាត នាថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩។ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ប្រវតិ្ត​របស់​ក្រុមប្រទេស​សម្ព័ន្ធអន្តរជាតិ​ ដែលមាន​និន្នាការ​ប្រឆាំង​នឹង​ពួកជីហាត​

ក្រុមប្រទេស​សម្ព័ន្ធអន្តរជាតិ​ ជា​ក្រុមប្រទេស​ ដែល​ដឹកមុខ​ដោយ​សហរដ្ឋអាមេរិក​ ដើម្បីវាយប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមអង្គការរដ្ឋអ៊ីស្លាម​-ជីហាត​ដែលជា​បញ្ហាប្រឈម​ដ៏គួរឲ្យ​បារម្ភ​បំផុតមួយ​ សម្រាប់ពិភពលោក​ រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។

តាមពិតទៅ​ ក្រុម​សម្ព័ន្ធ​អន្តរជាតិនេះ​ ត្រូវបាន​បង្កើតឡើង​ជាពិសេស​កាលពីឆ្នាំ​ ២០១៤​ ដោយ​មានសមាជិកទាំងអស់​ចំនួន ៧៩​ ប្រទេស។ កាលណោះ​ សម្ព័ន្ធ​អន្តរជាតិនេះ​ ត្រូវបានបង្កើតឡើង​ ដើម្បី​កាត់បន្ថយ​ការគំរាមកំហែង​នានា​ ដែល​បង្កឡើង​ដោយ​ ក្រុមអង្គការដ្ឋអ៊ីស្លាម​ ទៅលើ​សុវត្តិភាព​របស់​អាមេរិក​ និងពិភពលោកទាំងមូល​។

ចាប់តាំងពីពេលនោះមក​ ក្រុមសមាជិកទាំង​ ៧៩ ប្រទេស​ បានរួបរួមគ្នា​ បង់វិភាគទាន​ជាថវិកា​ យ៉ាងច្រើន​ ដើម្បី​ចំណាយក្នុង​ប្រតិបត្តិការ​វាយកម្ទេច​ ក្រុមអង្គការរដ្ឋអ៊ីស្លាម​។ ជាក់ស្តែង​ ចាប់តាំងពី​ ឆ្នាំ២០១៤​ មក​ ក្រុមប្រទេសទាំងនោះ​ បានចំណាយថវិកា​ប្រមាណជា​ ២០​ ពាន់​លាន​ដុល្លារសហរដ្ឋអាមេរិក​ ដើម្បី​ទ្រទ្រង់ដល់​យុទ្ធនាការ​វាយប្រហារ​ក្រុមអង្គការដ្ឋអ៊ីស្លាម​ ក្នុងប្រទេសស៊ីរី​ និងអ៊ីរ៉ាក់​។

សហរដ្ឋអាមេរិក​នៅតែ​បន្ត​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹងពួកជីហាត​ ទោះបីជា​ដកកង​ទ័ពចេញ​ពីស៊ីរី

មូលហេតុ​ដែលនាំឲ្យ​បណ្តាប្រទេស​សម្ព័ន្ធអន្តរជាតិ​ចំនួន៧៩ ប្រទេស​ មកជួបប្រជុំគ្នា​ នៅថ្ងៃពុធ​ ទី៦​ កុម្ភៈ​ ឆ្នាំ ២០១៩​ ម្សិលមិញនេះ​គឺដោយសារតែ​ អាមេរិក​គ្រោងនឹង​ដក​កងទ័ព​ចេញពី​ប្រទេសស៊ីរី​ទាំងអស់​ចំនួន ២ ០០០ នាក់​។

នេះ​គឺជា​ចំណោទ​នៃបញ្ហា​។ បញ្ហា​ពីព្រោះថា​ ការប្រកាស​ដកកងទ័ព​របស់​អាមេរិក​ រួមជាមួយនឹង​ ការអះអាង​របស់​លោកប្រធានាធិបតីអាមេរិក​ដូណាល់​ ត្រាំ​ កន្លងមក​ដែលថា​ ពួកជីហាត​បាក់ទ័ព​ ចុះទន់ខ្សោយអស់ហើយ​ ធ្វើឲ្យក្រុម​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​ កើតចិត្តព្រួយបារម្ភ​។

បារម្ភ​អំពី​គោលជំហរ​ របស់​អាមេរិក​បន្ទាប់ពី​ដក​កងទ័ព​ចេញអស់​ ជាពិសេស​ចេញពី​ប្រទេសស៊ីរី​តែម្តង​។ ដោយសារតែ​ចង់បញ្ជាក់​ ប្រាប់ទៅ​សម្ព័ន្ធមិត្ត​ កុំឲ្យខ្វល់ខ្វាយ​ពី​ជំហាន​ ដែល​ត្រូវ​ដើរ​បន្ទាប់​ ទើបអាមេរិក​ ចេញអះអាង​ នៅចំពោះ​សម្ព័ន្ធមិត្តថា​ អាមេរិក​ នឹង​នៅ​បន្តកិច្ច​សហប្រតិបត្តិការ​ ជាមួយនឹង​សម្ព័ន្ធមិត្ត​ បើទោះជា​ បាន​វាយ​កម្ចាត់​ពួកជីហាត​ជោគជ័យ​ស្ទើរតែទាំងស្រុង​ យ៉ាងណាក៏ដោយ​។

ជាក់ស្តែង​ បន្ទាប់ពី​លោកដូណាល់​ ត្រាំថ្លែងសុន្ទរកថា​ បញ្ជាក់​អំពីជ័យជំនះ​ ទៅលើពួកជីហាត​ រួមមក​ ប្រមុខ​ការបរទេស​អាមេរិក​ លោក Mike Pompeo​ បាននិ​យាយថា​ គោលនយោបាយ​ ដកកម្លាំងទ័ព​របស់​អាមេរិក​ មិនមែន​មានន័យថា​ អាមេរិក​ដក​ខ្លួន​លែង​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ ទៅនឹង​ពួកជីហាត​ទៀតនោះទេ​។

ជាមួយគ្នានេះ​ លោក​ Pompeo ក៏បាន​ឡើងឈរនិយាយ​ដោយទឹកមុខមាំថា​ អាមេរិក​នឹងនៅតែ​បន្តសុខទុក្ខ​ មូលដៃ​មូលជើង​-រួម​សហការជាមួយ​ សម្ព័ន្ធមិត្ត​ ដើម្បី​កម្ទេច​ពួកអង្គការរដ្ឋអ៊ីស្លាម​ ដែល​នៅ​សេសសល់​ ក្នុងប្រទេសស៊ីរី​ និង​អ៊ីរ៉ាក់​ ឲ្យខ្ទេចអស់​ដូចផេះ​។

សូមរំឭកជូនបន្តិចដែរថា​ នៅពេលថ្លែងសុន្ទរកថា​ បើកកិច្ចប្រជុំនៅថ្ងៃពុធ​ ម្សិលមិញនេះ​ ប្រធានាធិបតី​របស់​អាមេរិក​ គឺ​លោកដូណាល់​ ត្រាំ ក៏បាន​លើកឡើងដែរថា​ដែនដី​ ដែល​គ្រប់គ្រង​ ដោយ​ពួកជីហាត​ ត្រូវរំដោះបាន​ សឹងតែទាំងអស់ហើយ​។

មិនតែប៉ុណ្ណោះ​ ទឹកដី​ដែលនៅ​សេសសល់​ទាំងអម្បាលមាណ​ និងដែល​កំពុង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពួកជីហាត​ អាច​នឹងត្រូវរំដោះ​បានទាំងស្រុង​ ក្នុង​រយៈពេល​មួយសប្តាហ៍​ទៀត​តែប៉ុណ្ណោះ​។ នេះ​ ជា​សម្តី​របស់​លោកត្រាំ​បញ្ជាក់បន្ថែម​ ទៅកាន់​ប្រទេសស​ម្ព័ន្ធមិត្ត​ទាំងជាង ៧០​ ប្រទេស​។

ប្រតិកម្ម​របស់​ប្រទេសសម្ព័ន្ធមិត្ត​ក្រោយ​ការថ្លែង​របស់​សហរដ្ឋអាមេរិក​

ក្រោយពេល​បានឮ​ការ​បញ្ជាក់អះអាង​ របស់​លោក​ Mike Pompeo ​ប្រទេស​សមាជិក​មួយចំនួន​បានសម្តែង​នូវភាពរីករាយ​ ចំពោះ​ការណ៍​ដែល​ប្រទេស​អាមេរិក​ បង្ហាញនូវ​គោលជំហរ​មុះមុត ថានៅតែបន្ត​ការប្រយុទ្ធប្រឆាំង​ជាមួយ​សម្ព័ន្ធមិត្ត​ទាំងអស់​ ក្នុង​ការ​បោសសំអាត​ក្រុមជីហាត​ឲ្យអស់ពី​ទឹកដៃ​នៃ​ប្រទេសស៊ីរី​ និង​អ៊ីរ៉ាក់​។

ជាកស្តែង​ រដ្ឋមន្ត្រី​ការបរទេសអាល្លឺម៉ង់​ បានលើកឡើងថា​ នៅ​ទីបំផុតទៅ​ សហរដ្ឋអាមេរិក​នៅតែ​សហការ​ជាមួយ​ប្រទេសដៃគូ​ ក្នុង​ប្រតិបត្តិការ​វាយកម្ចាត់​ពួកជីហាត​។

តែទោះជាយ៉ាងណាក្តី​ កិច្ចប្រជុំ​ពិភាក្សានេះ​ នៅ​មិនទាន់ចប់នោះទេ ។ នៅប៉ុន្មាន​សប្តាហ៍​ខាងមុខទៀត​ ក្រុមប្រទេស​សម្ព័ន្ធអន្តរជាតិ​ទាំងអស់​ ពោល​គឺទាំង ៧៩​ប្រទេស​ នឹងបន្ត​ពិភាក្សាគ្នា​ពិស្តារ​បន្ថែមទៀត​ អំពី​យុទ្ធសាស្ត្រ​បន្តបន្ទាប់​ និង​តួនាទី​របស់​ប្រទេស​នីមួយៗ​ ដែល​គួរធ្វើ​នាពេល​អនាគត​ខាងមុខនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ