អានតួអត្ថបទ

កូរ៉េខាងជើង​​ព្រមលុបចោល​កម្មវិធី​នុយក្លេអ៊ែរ​ ទាល់តែ​លែងមាន​ការគំរាម​ផ្នែកនុយក្លេអ៊ែរ​ពី​អាមេរិក​

នៅថ្ងៃព្រហស្បតិ៍​ ទី២០​ ធ្នូ​ ឆ្នាំ២០១៨​ រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​ បាន​ចេញមុខ​អះអាងថា​ ខ្លួនពិតជា​មាន​ឆន្ទៈខ្ពស់​ ក្នុងការ​លុបបំបាត់ចោល​ នូវ​កម្មវិធី​ផលិតអាវុធនុយក្លេអ៊ែរ​ពិតមែន​។ បន្ថែមលើនេះ​ មេដឹកនាំកូរ៉េ​ខាងជើង​លោកគីម​ ជុងអ៊ុន​ បានបញ្ជាក់ថា​ ប្រសិនណាបើ​លោកដូណាល់​ ត្រាំ​ ដកចេញវិញ​ នូវ​រាល់ការគំរាម​កំហែងទាំងឡាយ​ ដែល​អាមេរិក​ដាក់មកលើ​ប្រទេសកូរ៉េខាងជើង​ នោះ​កូរ៉េខាងជើង​ នឹង​រំលាយចោល​កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ​ភ្លាម​។

ប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន
ប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន KCNA via REUTERS
ផ្សាយពាណិជ្ជកម្ម

ជំនួបចរចា​រវាង​លោកដូណាល់ត្រាំ​ និង​លោក​គីម ​ជុងអ៊ុន​ ស្តីអំពី​សំណុំ​រឿងផលិតអាវុធនុយក្លេអ៊ែរ​កូរ៉ខាងជើង​ នៅក្នុង​ប្រទេស​សិង្ហបុរី​ កន្លងផុតទៅ​អស់ប្រមាណជា​ ៦​ខែ មកហើយ​។ ក៏ប៉ុន្តែ​ រហូតមកដល់ពេលនេះ​ ភាគីទាំងពីរ​ នៅតែមិនទាន់អាច​ស្វែងរក​ច្រកដើររួមគ្នាបាននៅឡើយទេ​។

ហេតុនេះហើយ​ ទើប​នៅថ្ងៃព្រហស្បតិ៍​ ម្សិលមិញនេះ​ ទីក្រុងព្យុងយ៉ាង​ បានចេញមុខ​ ទាមទារឲ្យ​ទីក្រុងវ៉ាស៊ីនតោន​បន្ធូរបន្ថយយ​នូវ​ការដាក់ទណ្ឌកម្មនានា​ មកលើកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ​ រដ្ឋបាល​របស់​លោក​គីម​ ជុងអ៊ុន​ ក៏បាន​ទទូចឲ្យ​សហរដ្ឋអាមេរិក​របស់​លោក​ត្រាំ​ បញ្ឃប់​រាល់ការ​គំរាមកំហែង​ដោយអាវុធនុយក្លេអ៊ែរ​ មកលើកូរ៉េខាងជើងឲ្យអស់ ប្រសិនបើ​អាមេរិកពិ​តជាចង់ឃើញ​ កូរ៉េខាងជើង​រំសាយចោល​នូវ​កម្មវិធី​ផលិត​អាវុធនុយក្លេអ៊ែរ​ ពិតមែននោះ​។

សម្រាប់​កូរ៉ខាងជើង​ កិច្ចចរចា​ទ្វេភាគី​ អាចសម្រេចទៅបាន​លុះត្រាណាតែ​ ភាគីទាំងពីរ​ព្រមធ្វើ​សម្បទានឲ្យគ្នាទៅវិញទៅមក​ មិនមែន​ដូចជា​អាមេរិក​ ដែល​ចេះតែ​ទាមទារ​ឲ្យ​កូរ៉េខាងជើង​លះបង់​តែឯង​នោះទេ​។

គួររំឭកជូនថា​ កូរ៉េខាងជើង​ បានចេញ​បរិហារ​នយោយបាយ​អាមេរិក​ នាខណៈនេះ​ គឺបន្ទាប់ពី​សហរដ្ឋអាមេរិក​ នៅតែរក្សាជំហរ​ ប្រឆាំងទៅនឹង​កូរ៉េខាងជើង​ រហូតដល់​ការបញ្ចប់​ការផលិតអាវុធ​នុយក្លេអ៊ែរ​ ត្រូវ​បានត្រួតពិនិត្យ​និងផ្ទៀងផ្ទាត់ដោយសហគមន៍​អន្តរជាតិ​ច្បាស់លាស់សិន​។

សូមជម្រាបជូន​ទៀតថា​ ក្រៅតែពី​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ ការដំឡើង​អាវុធនុយក្លេអ៊ែរ​នៅតំបន់​ក្បែរព្រំដែន​ប្រទេស​កូរ៉េខាងជើង​-កូរ៉េខាងត្បូង​ កាលពី​សប្តាហ៍មុន​ អាជ្ងាធរ​អាមេរិក​ ក៏បាន​ដាក់បញ្ចូលឈ្មោះ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ចំនួនបីនាក់​ផងដែរ ទៅក្នុង​បញ្ជីខ្មៅ​ពាក់ព័ន្ធ​នឹង​បទ​រំលោភសិទ្ធិមនុស្ស​។

ទីក្រុងព្យុងយ៉ាង​ បាន​ចាត់ទុកទង្វើ​របស់​អាមេរិក​នេះ​ថា​ ជា​ឧបសគ្គ​រាំងស្ទះ​ ដល់​ដំណើរការ​ចរចា​ ដើម្បី​ឈានដល់ ​ការលុបបំបាត់​កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ​ទាំងស្រុង​នៅក្នុងឧបទ្វីបកូរ៉េ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ