អានតួអត្ថបទ

ប្រធានាធិបតីប្រេស៊ីល ទៅជួបលោកត្រាំ ដើម្បីពង្រឹងចំណងទាក់ទងរវាងគ្នា

ប្រធានាធិបតីស្តាំនិយមជ្រុល​ប្រេស៊ីល​លោកហ៊្សែរ ​បុលសូណារ៉ូ​ កំពុង​ធ្វើដំណើរ​ទស្សនកិច្ច​រយៈពេល​ ៤ ថ្ងៃ​ នៅសហរដ្ឋអាមេរិក​រាប់ចាប់ពី​ថ្ងៃអាទិត្យ​ ទី១៧ ​មីនា​តទៅ​។ លោក​បុលសូណារ៉ូ​ គ្រោងនឹង​ជួប​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ នៅថ្ងៃអង្គារ​ ដើម្បី​ពង្រឹង​ចំណងទាក់ទង​ និង​ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​។ ជាមួយគ្នានេះ​ មេដឹកនាំ​ប្រទេសទាំងពីរ​ ក៏នឹង​ជជែកពិភាក្សាគ្នា​អំពី​ការបង្កើនសម្ពាធលើ​ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោកម៉ាឌូរ៉ូ​ផងដែរ​។

ប្រធានាធិបតីស្តាំនិយមជ្រុលប្រេស៊ីលលោកហ៊្សែរ បុលសូណារ៉ូ
ប្រធានាធិបតីស្តាំនិយមជ្រុលប្រេស៊ីលលោកហ៊្សែរ បុលសូណារ៉ូ REUTERS/Adriano Machado
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទៅកាន់​ទីក្រុងវ៉ាស៊ីនតោន​ គឺជាដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើក​ដំបូងគេបង្អស់មួយ​របស់​លោកបុលសូណារ៉ូ ចាប់តាំងពី​លោកឈ្នះការបោះឆ្នោត​ក្លាយជា​ប្រធានាធិបតី​ប្រេស៊ីល​នាចុងខែតុលា​ ឆ្នាំ២០១៨ មក​។ ជម្រើស​ទៅកាន់​អាមេរិកជា​លើកទីមួយនេះ​ បង្ហាញយ៉ាងច្បាស់​អំពី​អាទិភាព​របស់​រដ្ឋាភិបាលប្រស៊ីល​ក្នុងការ​កសាង​ទំនាក់ទំនងរឹងមាំ​ជាមួយ​សហរដ្ឋអាមេរិក​។

លោកបុលសូណារ៉ូ​ នឹងចំណាយពេល​ ៤ ថ្ងៃ​ នៅក្នុង​ទីក្រុងវ៉ាស៊ីនតោន​ហើយលោកនឹងជួប​ជាមួយ​លោកប្រធានាធិបតីអាមេរិក​ដូណាលត្រាំ​នៅថ្ងៃអង្គារ​ ទី១៩ មីនា​ខាងមុខនេះ​។ ប្រធានបទ​ដែលមេដឹកនាំទាំងពីរ​នឹងលើកយកទៅ​ពិភាក្សាគ្នារួមមាន​ វិធានការបង្កើន​ពាណិជ្ជកម្មទ្វេភាគី​ និង​ចំណាត់ការ​ដោះស្រាយ​វិបត្តិនយោបាយ​នៅវ៉េណេស៊ុយអេឡា​ ដោយ​ការដាក់គំនាបសង្កត់​បន្ថែម​ទៅលើ​លោកម៉ាឌូរ៉ូ​ ដើម្បីឲ្យ​លោក​ព្រម​លាលែង​ចេញពី​តំណែង​ប្រធានាធិបតី​។

ក្រៅពីនេះ​ មេដឹកនាំថ្មីថ្មោង​ប្រេស៊ីលរូបនេះ​ក៏នឹង​ជួបពិភាក្សា​ជាមួយ​អគ្គលេខាធិការ​អង្គការរដ្ឋ​អាមេរិក​លោក Luis Almagro ព្រមទាំង​ចូលរួម​វេទិកាផ្សេងៗ​ដើម្បី​ពិភាក្សាពី​សក្តាសេដ្ឋកិច្ចនានា​ដែល​អ្នកវិនិយោគ​អាចចូលរកស៊ីនៅ​ប្រេស៊ីលបាន​។

គួរជម្រាបជូនថា​ សហរដ្ឋអាមេរិក​គឺជា​ដៃគូពាណិជ្ជកម្មដ៏ធំ​បំផុតទី២​របស់​ប្រទេសប្រេស៊ីល​បន្ទាប់ពី​ប្រទេសចិន ​ហើយ​នៅក្នុង​ពេល​ជួបពិភាក្សា​គ្នា ​គេរំពឹងថា​​លោកត្រាំ​ និង​លោកម៉ាឌូរ៉ូ ​នឹងចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើនជាមួយគ្នា​។

ជាមួយគ្នានេះ​ អ្នកនាំពាក្យ​របស់​ប្រធានាធិបតីប្រេស៊ីល​គឺលោក Do Rego Barros បានឲ្យដឹងដែរថា​ លោកត្រាំ​ និង​លោកបុលសូណារ៉ូ​ អាចនឹង​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ចំនួនបី​ ដែលក្នុងនោះ​សំខាន់ជាងគេ​ គឺ​ការអនុញ្ញាតឱ្យ​សហរដ្ឋអាមេរិក​ប្រើប្រាស់​មូលដ្ឋាន​របស់​ប្រេស៊ីលនៅ​ Alcantara ដើម្បី​បង្ហោះផ្កាយរណប​។ ជាចំណុចមួយ​ដែល​បានធ្វើឱ្យ​អ្នកជាតិនិយមប្រេស៊ីល​មានការខឹងសម្បា​យ៉ាងខ្លាំង​ និងចាត់ទុកថា​វាជាការបាត់បង់នូវ​អធិបតេយ្យ​ភាព​របស់ស្រុកទេស​។

គួរជម្រាបជូនថា​ បន្ទាប់ពី​បញ្ចប់ដំណើរទស្សនកិច្ច​នៅសហរដ្ឋអាមេរិក​ ប្រធានាធិបតីប្រេស៊ីល​លោកបុលសូណារ៉ូ​ គ្រោងនឹង​ធ្វើដំណើរទស្សនកិច្ច​បន្តបន្ទាប់ទៀត​ទៅកាន់​ប្រទេសស៊ីលី​ និងប្រទេសអ៊ីស្រាអែល​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ