អានតួអត្ថបទ

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ជំរុញឲ្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដោះស្រាយ​រឿង​អ៊ីរ៉ង់​

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកចន ប៊ុលតុន នៅថ្ងៃចន្ទទី ១២ សីហា បានជួបពិភាក្សាជាមួយនឹងលោកបូរីស ចនសុន ដែលជានាយករដ្ឋមន្ត្រីថ្មីថ្មោងរបស់អង់គ្លេស ស្តីអំពីបញ្ហាពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។ ជាមួយគ្នានេះ បញ្ហាទាក់ទងនឹងសន្តិសុខជាច្រើនទៀត ក៏ត្រូវបានដាក់បញ្ចូលនៅលើតុពិភាក្សា រវាងលោកចន ប៊ុលតុន និងលោកនាយករដ្ឋមន្ត្រីអង់គ្លេសផងដែរ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកចន ប៊ុលតុន។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកចន ប៊ុលតុន។ HO / Peruvian Ministry of Foreign Affairs / AFP
ផ្សាយពាណិជ្ជកម្ម

កិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងរវាង លោកចន ប៊ុលតុន និងលោកបូរីស​ ចនសុន ដែលជានាយករដ្ឋមន្ត្រីអង់គ្លេស ស្តីអំពីបញ្ហាអ៊ីរ៉ង់ បានលេចចេញជារូបរាងឡើង ក្រោយពីរដ្ឋបាលអាមេរិកដឹកនាំដោយលោកដូណាល់ ត្រាំ បង្កើនយុទ្ធនាការប្រឆាំងទៅនឹងរបបគ្រប់គ្រងអ៊ីរ៉ង់កាន់តែខ្លាំងទ្វេឡើង។

អាមេរិក តាមរយៈលោកទីប្រឹក្សាសន្តិសុខជាតិ ប្រឹងប្រែងធ្វើយ៉ាងណា ជំរុញឲ្យសម្ព័ន្ធមិត្តជាប្រពៃណីរបស់ខ្លួន ពួតដៃរួមកម្លាំងគ្នា ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ បូករួមទាំងសកម្មភាពយោធានានា របស់របបដឹកនាំក្រុងតេហេរ៉ង់។

បើតាមអ្នកនាំពាក្យរបស់ការិយាល័យ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ក្រៅតែពីជជែកពិភាក្សាគ្នាអំពីរឿងពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ មានបញ្ហាសន្តិសុខជាច្រើនទៀត ដែលក្រុងវ៉ាស៊ីនតោន ចង់ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនចូលរួមដោះស្រាយ។

ក្នុងចំណោមនោះ ក៏មានផងដែរបញ្ហាជម្លោះបច្ចេកវិទ្យា ជាមួយចិន។ អ្វីដែលអាមេរិក ចង់បាននោះគឺ ការធ្វើពហិការរបស់អង់គ្លេស ក្នុងការមិនប្រើបច្ចេកវិទ្យាឈានមុខគេ 5G របស់ក្រុមហ៊ុនចិន Huawei។ អាមេរិកថា បើជៀសមិនប្រើបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិនបាននោះទេ សម្ព័ន្ធមិត្តរបស់ខ្លួន យ៉ាងហោចណាស់ ក៏ត្រូវដាក់កំហិតយ៉ាងម៉ត់ចត់ដែរ លើការដំឡើងបណ្តាញ 5G របស់ចិន សម្រាប់ប្រើប្រាស់។

តែទោះជាយ៉ាងណាក្តី សហរដ្ឋអាមេរិក មិនរំពឹង ហើយក៏បង្ខំខ្លាំង​ ក្នុងការទទួលបានចម្លើយតបពីអង់គ្លេសនោះទេ​ទាក់ទងនឹងបញ្ហាទាំងអស់នោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក។

គួរជ្រាបថា ដំណើរទៅកាន់ទីក្រុងឡុងដ៍រយៈពេលពីរថ្ងៃ របស់លោកចន ប៊ុលតុន ធ្វើឡើងគាប់ជួនពេលដែល អង់គ្លេសកំពុងពើបប្រទះនឹងវិបត្តិនយោបាយក្នុងស្រុក។ ហើយក្នុងនោះក៏មានផងដែរ បញ្ហាដែលអង់គ្លេស កំពុងវីវក់ ក្នុងការផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប ដែលនឹងត្រូវផុតកំណត់នាថ្ងៃទី៣១ តុលាខាងមុខនេះ។

គួរជ្រាបទៀតថា ក្នុងករណីដែលរដ្ឋាភិបាលទីក្រុងឡុងដ៍ អាចលែងលះជាមួយសហភាពអឺរ៉ុប បានដោយជ្រះស្រឡះនិងគ្មានបញ្ហាទាក់ទាម នោះ អង់គ្លេស នឹងអាចផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងអាមេរិកភ្លាមៗផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ