អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ដែលថា​អ៊ីរ៉ង់​​នៅ​ពី​ក្រោយ​ការវាយប្រហារ​កប៉ាល់​ដឹកប្រេង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាក់ទំនងរវាងអាមេរិកនិង អ៊ីរ៉ង់ នាខណៈនេះកំពុងតានតឹងខ្លាំងដល់កម្រិតមួយដែលប្រៀបបីដូចខ្សែដែលចងតឹងខ្លាំងទៅៗ ស៊ឹងតែដាច់ទៅហើយ ដោយសារការវាយប្រហារកប៉ាល់ដឹកប្រេងចំនួនពីរ នៅឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ទី ១៣ មិថុនា ម្សិលមិញ។ អាមេរិក បានចង្អុលមុខអ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារខាងលើ និងបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប ចាត់វិធានការបន្ទាន់ តបតនឹងទង្វើរបស់អ៊ីរ៉ង់។ ពាក់ព័ន្ធបញ្ហាដ៏ក្តៅគគុកនេះ អ៊ីរ៉ង់ មិនបានបង្អង់យូរឡើយ និងបានចេញមុខបដិសេធ ហើយច្រានចោលនូវរាល់ពាក្យចោទប្រកាន់ទាំងអស់របស់អាមរិក ។តើអាមេរិកមានអ្វីជាសំអាងទើបហ៊ានចោទប្រទេសអ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយការវាយប្រហារកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រអូម៉ង់? តើអ៊ីរ៉ង់ ជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារនេះពិតមែនឬយ៉ាងណា?

ទូករបស់ទាហានជើងទឹកអ៊ីរ៉ង់ កំពុងជួយពន្លត់កប៉ាល់ដឹកប្រេងដែលត្រូវផ្ទុះឆេះ ដោយសាររងការវាយប្រហារកាលពីថ្ងៃទី ១៣ មិថុនា ឆ្នាំ២០១៩។
ទូករបស់ទាហានជើងទឹកអ៊ីរ៉ង់ កំពុងជួយពន្លត់កប៉ាល់ដឹកប្រេងដែលត្រូវផ្ទុះឆេះ ដោយសាររងការវាយប្រហារកាលពីថ្ងៃទី ១៣ មិថុនា ឆ្នាំ២០១៩។ Tasnim News Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

រំឭកហេតុការណ៍វាយប្រហារលើកប៉ាល់ដឹកប្រេងរបស់ជប៉ុននិងន័រវែសនៅឈូងសមុទ្រអូម៉ង់

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ គ្មានភាពល្អប្រសើរនឹងគ្នានោះទេ។ មិនតែប៉ុណ្ណោះ ហេតុការណ៍វាយប្រហារនៅឈូងសមុទ្រអូម៉ង់ ក្នុងចន្លោះរយៈពេលតែមួយម៉ោង ទៅលើកប៉ាលដឹកប្រេងចំនួនពីរ ដែលគេស្គាល់ថាមួយជាកប៉ាល់ដឹកប្រេងរបស់ន័រវែស និងមួយទៀតជារបស់ជប៉ុន កាលព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានជំរុញឲ្យទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ង់ កើនកម្តៅខ្លាំង។ ខ្លាំង មិនខុសអីពីទឹកក្តៅដែលគេកំពុងដាំពុះដូច្នោះដែរ។

ការវាយប្រហារខាងលើ បានបណ្តាលឲ្យតម្លៃប្រេងក្នុងទីផ្សារអន្តរជាតិឡើងថ្លៃចំនួន ៤ភាគរយ។ មួយវិញទៀត ហេតុការណវាយប្រហារនេះកើតឡើង គាប់ជួនចំពេលដែល លោកនាយករដ្ឋមន្ត្រីជប៉ុនលោកស្ហីនហ្សូ អាបេ កំពុងតែជួបពិភាក្សាជាលើកទី១ និងជាប្រវត្តិសាស្ត្រផង ជាមួយនឹងប្រមុខសាសនាអ៊ីរ៉ង់ ក្នុងគោលបំណងជួយស្តារទំនងទាក់ទងដ៏ល្អក់កករ រវាងអាមេរិក និងអ៊ីរ៉ង់។

ក្រោយពីរងការវាយប្រហារ ទាំងកប៉ាល់ដឹកប្រេងរបស់ជប៉ុន និងរបស់ន័រវែសត្រូវផ្ទុះឆេះ។ ក៏ប៉ុន្តែជាសំណាងល្អ ប្រេងមិនបានលេចធ្លាយចូលក្នុងទឹកសមុទ្រនោះទេ ហើយក៏មិនមានអ្នកណាម្នាក់រងរបួសធ្ងន់ ឬរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយពីហេតុការណ៍នេះ ដោយសារមានការជួយសង្គ្រោះទាន់ពេលវេលាពីក្រុមអ្នកសង្គ្រោះអ៊ីរ៉ង់។

បន្ទាប់ហេតុការណ៍ខាងលើនេះ ប្រទេសជប៉ុន និងន័រវែស ហាក់នៅរក្សាភាពស្ងៀមស្ងាត់នៅឡើយ និងនៅមិនទាន់បានធ្វើការចោទប្រកាន់ចំពោះក្រុមណា ឬក៏ប្រទេសណាមួយថា ជាអ្នកបង្ករឿងនោះទេ។ មួយវិញទៀត រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានអ្នក ចេញមុខទទួលខុសត្រូវ ចំពោះការទង្វើនេះដែរ។

តែទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក បានបញ្ចេញនូវប្រតិកម្ម យ៉ាងរហ័ស និងបានចង្អុលមុខអ៊ីរ៉ង់ ថាជាមេខ្លោងនៅពីក្រោយការវាយប្រហារនេះ និងទម្លាក់ការទទួលខុសត្រូវលើរដ្ឋាភិបាលតេហេរ៉ង់ទាំងស្រុង។

អាមេរិក ចោទអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារទៅកប៉ាល់ដឹកប្រេង

កប៉ាល់ដឹកប្រេង ដែលរងការវាយប្រហារ មិនមែនជារបស់អាមេរិកនោះទេ។ ក៏ប៉ុន្តែ អាមេរិករបស់លោកត្រាំ ចេញមុខចេញមាត់យកចិត្តទុកដាក់ក្នុងរឿងនេះខ្លាំង ក្រោមហេតុផល ការពារសុវត្ថិភាពរបស់សម្ព័ន្ធមិត្ត និងកងកម្លាំងទ័ពរបស់ខ្លួនដែលឈរជើងនៅតំបន់បូព៌ា។

រដ្ឋអំណាចអាមេរិកថា ហេតុការណ៍វាយប្រហារចុងក្រោយ នៅឈូងសមុទ្រអូម៉ង់ គឺជាការគំរាមកំហែងមួយ ដល់សន្តិសុខ និងសន្តិភាពរបស់ពិភពលោក ហើយថាមិនអាចទទួលយកទង្វើរបស់អ៊ីរ៉ង់បែបនេះបានឡើយ។

ទាក់ទងរឿងនេះដែរ ប្រមុខការបរទេសអាមេរិកគឺលោក Mike Pompeo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នាទីក្រុងវ៉ាស៊ីតោនថា តាមរយៈការវាយតម្លៃរបស់អាមេរិក វាច្បាស់ណាស់ដែលថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយវាយប្រហារខាងលើ។ ដូច្នោះអ៊ីរ៉ង់ ត្រូវតែទទួលខុសចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត។

លើសពីនេះ លោក Mike Pompeo ក៏បានលើកឡើងដែរថា មានភស្តុតាងជាក់ស្តែងខ្លាំងណាស់ ដែលបង្ហាញថា គ្មាននរណាក្រៅពីអ៊ីរ៉ង់ទេ ដែលហ៊ានរៀបចំ និងបើកការវាយប្រហារទៅលើកប៉ាល់ដឹកប្រេងរបស់ជប៉ុន និងន័រវែស។

លោកប្រមុខការបរទេសអាមេរិករូបនេះ អះអាងថា កងទ័ពជើងទឹករបស់អាមេរិក នៅជិតកន្លែងកើតហេតុ បានរកឃើញគ្រាប់មីនមិនទាន់ផ្ទុះ មួយគ្រាប់ ដែលត្រូវបានគេបំពាក់នៅបាតកប៉ាល់ រងគ្រោះមួយ ក្នុងចំណោមកប៉ាល់រងគ្រោះទាំងពីរ។

អមជាមួយនឹងការលើកឡើងរបស់ លោក Mike Pompeo នេះដែរ នាពេលថ្មីៗនេះ ទីបញ្ជាការដ្ឋានកងទ័ពអាមេរិក (CENTCOM) ប្រចាំតំបន់បូព៌ា ក៏បានបញ្ចេញនូវវីដេអូសខ្មៅមួយដែលថាឆ្មាំសមុទ្ររបស់អ៊ីរ៉ង កំពុងធ្វើសកម្មភាពយកគ្រាប់មីនមិនទាន់ផ្ទុះនោះ ពីបាតកប៉ាល់វិញ។

អ៊ីរ៉ង់ បញ្ចេញប្រតិកម្មតបត ចំពោះការចោទប្រកាន់របស់អាមេរិក

រដ្ឋាភិបាលអ៊ីរ៉ង់ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ក្រោយអាមេរិកនិយាយថា ខ្លួនជាមេខ្លោង នៅពីក្រោយការវាយប្រហារចុងក្រោយបង្អស់នៅឈូងសមុទ្រអូម៉ង់។

ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ គឺលោក Mohammad Javad Zarif បាននិយាយថា អាមេរិកដូចជាលឿនរហ័សពេកហើយ ក្នុងការទម្លាក់កំហុសដាក់អ៊ីរ៉ង់ និងថាអាមេរិកចេះតែចោទអ៊ីរ៉ង់តែផ្តេសតែផ្តាស និងគ្មានភស្តុតាងសំអាងអ្វីត្រឹមត្រូវនោះទេ។

ជាមួយគ្នានេះ អ៊ីរ៉ង់ ថាការវាយប្រហារទៅលើកប៉ាល់ដឹកប្រេងរបស់ជប៉ុន និងន័រវែស ពិតជាគួរឲ្យសង្ស័យខ្លាំងណាស់ ជាពិសេសវាកើតឡើងជួនចំពេលដែល នាយករដ្ឋមន្ត្រីជប៉ុនអាបេ កំពុងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ទៀត។

ប្រតិកម្មរបស់សហគមន៍អន្តរជាតិជុំវិញការចោទប្រកាន់របស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់

អ្នកណាខុស អ្នកណាត្រូវ ស ឬ ខ្មៅ នៅពេលនេះ គេមិនទាន់អាចសន្និដ្ឋានបានច្បាស់នៅឡើយនោះទេ។ ដោយឡែក សហគមន៍អន្តរជាច្រើន បានសំដែងនូវការព្រួយបារម្ភ និងប្រទេសមួយចំនួនបានអំពាវនាវឲ្យអាមេរិក និងអ៊ីរ៉ង់ដោះស្រាយបញ្ហានឹងគ្នាដោយសន្តិវិធី។

ជាក់ស្តែង ប្រទេសចិន និង រុស្ស៊ី បានអំពាវនាវកុំឲ្យគ្រប់គ្នាឆាប់វាយតម្លៃ និងទម្លាក់កំហុសទៅភាគីណាមួយលឿនពេក។ លើសពីនេះ ចិនក៏បានស្នើទៅអាមេរិក និងអ៊ីរ៉ង់ ឲ្យដោះស្រាយបញ្ហាដោយការចរចានឹងគ្នាផងដែរ ដើម្បីការពារស្ថិរភាពនៅក្នុងតំបន់។

ចំណែក ប្រទេសអង់គ្លេសវិញ ថាខ្លួននឹងតាមដានស៊ើបអង្កេតហេតុការវាយប្រហារទៅលើកប៉ាល់នៅឈូងសមុទ្រអូម៉ង់ដោយខ្លួនឯង។ តែទោះជាបែបនេះក្តី គេដឹងអង់គ្លេសហាក់បានបង្ហាញជំហរជឿសម្តីអាមេរិកដែលជាសម្ព័ន្ធមិត្តហើយនាខណៈនេះ។

ដោយឡែក អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក អាន់តូនីញ៉ូ ហ្គូទែរស៍វិញបានថ្កោលទោស ចំពោះអំពើវាយប្រហារខាងលើ។ លោកបន្តថា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប មិនអាចឈរអោបដៃមើល និងបណ្តោយឲ្យមានការប្រឈមមុខគ្នានៅ ឈូងសមុទ្រអូម៉ង់ ដែល​ជា​ច្រកចេញចូល​ដ៏​សំខាន់​សម្រាប់​ដឹកប្រេងក្នុង​ពិភពលោក បន្តកើតមាន ដូចពេលបច្ចុប្បន្នទៀតនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ