អាមេរិកនិងឥណ្ឌាពិចារណាលើគម្រោងធ្វើល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង
មន្រ្តីរដ្ឋាភិបាលអាមេរិកបានអះអាងឲ្យដឹងថា អាមេរិកនិងឥណ្ឌាកំពុងតែជជែកគ្នា អំពីគម្រោងធ្វើល្បាតទ័ពជើងទឹករួមគ្នា នៅក្នុងសមុទ្រចិនខាងត្បូង។ ការធ្វើល្បាតរួមគ្នា នៅក្នុងតំបន់នេះ ដែលកំពុងជាប់ជម្លោះក្តៅគគុក រវាងចិន និងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ប្រាកដជានឹងធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងឆេះដុំជាមិនខាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៧
កាលពីពេលកន្លងទៅថ្មីៗនេះ អាមេរិកបានធ្វើឲ្យចិនផ្ទុះកំហឹងជាច្រើនលើករួចមកហើយ តាមរយៈការបញ្ជួននាវា និងយន្តហោះចម្បាំងឲ្យចូលទៅល្បាត នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាពិសេស នៅក្នុងដែនទឹកជុំវិញកោះសិប្បនិមិត្តដែលចិនបានសាងសង់ឡើង។
ក៏ប៉ុន្តែ អាមេរិកមិនចង់ធ្វើសកម្មភាពអស់ទាំងនេះតែម្នាក់ឯងនោះទេ ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបានព្យាយាមបញ្ចុះបញ្ចូលឲ្យបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ បង្ហាញនូវជំហររួមគ្នា ដើម្បីទប់ទល់ជាមួយចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ហើយការបើកធ្វើប្រតិបត្តិការល្បាតដែនសមុទ្ររួមគ្នា គឺជាវិធានការមួយ នៅក្នុងគម្រោងការណ៍របស់អាមេរិក។
កាលពីខែមុននេះ មន្រ្តីការទូតអាមេរិកធ្លាប់បានលើកឡើងម្តងរួចមកហើយ អំពីលទ្ធភាពបើកប្រតិបត្តិការល្បាតដែនសមុទ្ររួមគ្នាជាមួយនឹងហ្វីលីពីន មុននឹងបង្ហើបឲ្យដឹងអំពីគម្រោងល្បាតដែនសមុទ្ររួមគ្នាជាមួយនឹងកងទ័ពជើងទឹកឥណ្ឌា។
ខុសពីហ្វីលីពីនដែលជាប់ជម្លោះដោយផ្ទាល់ជាមួយចិន ឥណ្ឌាវិញ ក៏ដូចជាសហរដ្ឋអាមេរិកដែរ សុទ្ធតែជាប្រទេសក្រៅដែលមិនមានជាប់ជម្លោះណាមួយទាល់តែសោះ នៅក្នុងសមុទ្រចិនខាងត្បូង។ ក៏ប៉ុន្តែ ប្រទេសទាំងពីរនេះមានប្រយោជន៍ច្រើនពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដែលជាច្រកឆ្លងកាត់ដ៏សំខាន់នៃលំហូរពាណិជ្ជកម្មអន្តរជាតិតាមផ្លូវសមុទ្រ។ លើសពីនេះទៅទៀត ឥណ្ឌាមានជាប់ពាក់ព័ន្ធច្រើននឹងគម្រោងរុករកនិងធ្វើអាជីវកម្មបូមប្រេង ដែលបានចុះកិច្ចសន្យាជាមួយវៀតណាម ហើយប្លុកអាជីវកម្មប្រេងនេះ គឺស្ថិតនៅក្នុងតំបន់ដែលកំពុងជាប់ជម្លោះជាមួយចិន។
ហេតុដូចនេះហើយបានជាគេសង្កេតឃើញថា ឥណ្ឌាបានលូកដៃចូលពាក់ព័ន្ធកាន់តែជ្រៅឡើង នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ជាពិសេស ឆ្លៀតក្នុងពេលដែលមានសហរដ្ឋអាមេរិកធ្វើជាគ្នា ដើម្បីប្រឈមមុខជាមួយនឹងចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ