អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គម្រោង​ដក​កងទ័ពអាមេរិកចេញពី​ស៊ីរី​របស់លោកត្រាំ​ រងការ​រិះគន់ខ្លាំង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃពុធ​ ទី​១៩ ធ្នូ ម្សិលមិញនេះ​លោកប្រធានាធិបតីអាមេរិក​ដូណាល់​ ត្រាំ​ បានប្រកាសអំពី​ គម្រោងដក​កងទ័ពអាមេរិក​ទាំងអស់​ ចេញពីប្រទេសស៊ីរី។ ព្រមជាមួយគ្នានេះ​លោកត្រាំ​បានអះអាងថា​ សហរដ្ឋអាមេរិក​ បានកំទេច​ពួកអង្គការរដ្ឋអ៊ីស្លាម​ ឲ្យ​ខ្ទេចខ្ទីអស់ហើយ​ ដូច្នេះ​វា​គ្មានប្រយោជន៍អ្វី​ ដែល​ត្រូវទុក​ទាហានអាមេរិក​ឲ្យនៅឈរជើង​ក្នុងទឹកដីស៊ីរី​ទៀតឡើយ​។ ក៏ប៉ុន្តែ​ ការលើកឡើង​របស់​ដូណាល់ លោកត្រាំ​នេះ​ បានធ្វើឲ្យសម្ព័ន្ធមិត្តអ៊ឺរ៉ុប​ រិះគន់ជាខ្លាំង​ និងថា​វា​ ជាការសម្រេចចិត្ត​មិនត្រឹមត្រូវឡើយ​។

កងកម្លាំងកួដ និងទាហានអាមេរិក អំឡុងពេលដើរល្បាតក្នុងប្រទេសស៊ីរីក្បែរព្រំដែនតួកគីនៅ Hasakah កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
កងកម្លាំងកួដ និងទាហានអាមេរិក អំឡុងពេលដើរល្បាតក្នុងប្រទេសស៊ីរីក្បែរព្រំដែនតួកគីនៅ Hasakah កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​អឺរ៉ុប​ ក្រោយ​លោកត្រាំ​ប្រកាសពី​គម្រោងដកកងទ័ព​ពីប្រទេសស៊ីរី​

បច្ចុប្បន្ននេះ​ កងទ័ពអាមេរិក​មានចំនួនប្រមាណជា​ ២ ០០០នាក់​ កំពុង​ប្រចាំការ​នៅក្នុង​ប្រទេសស៊ីរី​ ដើម្បី​ជួយគាំទ្រ​ក្រុមកួដស៊ីរី​ វាយកំទេច​ ប្រឆាំងនឹង​ពួកអង្គការរដ្ឋអ៊ីស្លាម​ ដែលគេស្គាល់ថា​ជាពួកជីហាត​។

មែនទែនទៅ​ លោកត្រាំ​មានគម្រោង​ដកកងទ័ព​អាមេរិក​ ចេញពី​ស៊ីរី​ ជាយូរមកហើយ​។​ ប៉ុន្តែលោក​ទើបតែដាច់ចិត្ត​ ប្រកាសប្រាប់ជា​សាធារណៈ​ អពី​ការដកខ្លួនចេញពីស៊ីរី​ គឺខណៈពេល​ដែល​មានការធ្លាយព័ត៌មានថា​ សហរដ្ឋអាមេរិក​កំពុង​សម្របសម្រួល​ទំនាក់ទំនង​ការទូត​ជាមួយនឹង​ប្រទេសតួកគី​ និង​បានយល់ព្រម​លក់មីស៊ីល​ក្នុងតម្លៃទឹកប្រាក់ចំនួន​ ៣,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក​ ទៅឲ្យតួកគី​។ តួកគី​ ដែល​គេដឹងថា​ ជា​សត្រូវ​របស់​កងម្លាំងកួដ​នៅស៊ីរី​។

សូមបញ្ជាក់ជូន​ផងដែរថា​ ក្រាយ​ប្រកាស​គម្រោងដកកងទ័ពចេញពី​ ប្រទេសស៊ីរី​ លោកត្រាំ​ក៏បាន​លើកឡើងផងដែរថា​ និង​អនុវត្ត​គម្រោងនេះ​ឲ្យបាន​ក្នុងរយៈពេល​មួយខែទៀត​។

ទាក់ទិនរឿងនេះដែរ​ គេត្រូវដឹងថា​ ការសម្រចចិត្ត​របស់លោកត្រាំ​ កាលពីម្សិលមិញ​ បានធ្វើឲ្យ​ក្រុមសម្ព័ន្ធអន្តរជាតិអឺរ៉ុប​ ដែល​ចូលរួម​ជាមួយអាមេរិក​ ក្នុងប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុមអង្គការរដ្ឋអ៊ីស្លាម​ ភ្ញាក់ផ្អើល​ និង​បញ្ចេញប្រតិកម្ម​មិនគាំទ្រឡើយ​។

បណ្តាប្រទេស​អឺរ៉ុប​ ដែលជា​សម្ព័ន្ធមិត្ត​របស់អាមេរិក​ ជាពិសេស​ប្រទេសអង់គ្លេស​ មានការព្រួយបារម្ភ​ បារម្ភ​ពីព្រោះ​ពួកគេគិតថា​ រហូតមកដល់ពេលនេះ​ពួកជីហាត​ នៅតែមានវត្តមាន​ជាច្រើននៅឡើយ​នៅក្នុង​ប្រទេសស៊ីរី​ និង​ប្រទេសអ៊ីរ៉ាក់​។ បើយោងតាម​របាយការណ៍របស់ថ្មីៗរបស់អាមេរិកនេះ​ ចំនួនកងទ័ពជីហាត​នៅមានចំនួនច្រើន​ គឺច្រើន​រហូតដល់​ចំនួន​ ១៤ ០០០​នាក់ឯណោះ​។

ទាញចេញ​ពីហេតុផលនេះ​ គេខ្លាចថា​ ពួកជីហាត​ អាចនឹង​កែន​កងកម្លាំង​កាន់តែច្រើនជាងមុន​ និង​អាចបង្កជាហនិភ័យ​ ដែល​គេ​មិនអាចស្មានទុកមុនបាន​។ ជាក់ស្តែង​ រដ្ឋាភិបាល​អង់គ្លេស​ ទើបតែ​បដិសេដចំពោះ​ការលើកលើងរបស់​ លោកត្រាំ​ដែលថា​ អាមេរិក ​បានវាយឈ្នះ​ពួកអាយស៊ីស​ជាស្ថាពរហើយ​។

បន្ថែមលើនេះ​ រដ្ឋាភិបាល​អង់គ្លេស​ក៏បាន​អះអាងទៀតថា​ មាន​កិច្ចការជាច្រើនទៀត​ ដែល​អាមេរិក​ ព្រមទាំង​ក្រុមសម្ព័ន្ធអន្តរជាតិ​ត្រូវសាមគ្គីគ្នា​ ដើម្បី​ដោះស្រាយ​វិបត្តិនៅស៊ីរី​។ ជាពិសេស​ គឺ​បន្តសហប្រតិបត្តិការ​ក្នុងការ​ជួយ​ឧបត្ថម្ភគ្រាំទ្រដល់​ ក្រុមកួដស៊ីរី​ ដើម្បី​ប្រយុទ្ធប្រឆាំងទៅនឹង​ ក្រុមអង្គការ​រដ្ឋអ៊ីស្លាម​ និង​ជួយឪ្យ​ប្រទេសស៊ីរី​ មាន​សន្តិភាពឡើងវិញ​ ក្រោយពីផុងខ្លួន​ធ្លាក់ចូលក្នុងសង្គ្រាម​អស់រយៈពេលជាង​៧ ឆ្នាំ​រួចមក​។

ជោគវាសនា​របស់​ក្រុមកួដ​ ប្រសិនបើ​អាមរិក​ពិតជា​ដកខ្លួនចេញពី​ប្រទេសស៊ីរី​ដូចការគ្រោងទុក​

សង្គ្រាម​នៅស៊ីរី​ គឺជា​បញ្ហាដ៏ចាក់ស្រែះ​ និង​ស្មុគស្មាញខ្លាំងមែនទែន​ ដោយសារតែ​មានតួអង្គជាច្រើន​ លូកដៃ​ក្នុងសង្គ្រាមនៅស៊ីរី​។ នៅម្ខាង​ ក្រុមកួដ​ គឺជាចលនា​ ដែល​ទទួលបាន​ការគាំទ្រពី​សំណាក់អាមេរិក​ និង​បណ្តាប្រទេសអឺរ៉ុប​ចំនួនជាង​១០ ប្រទេស​ ដែល​ក្នុងនោះ​រួមមាន​ បារាំង​ អង់គ្លេស​ និងអាល្លឺម៉ង់​ជាដើម​ ក្នុងការ​វាយកំទេច​ពួកអង្គការ​រដ្ឋអ៊ីស្លាម​។

ក៏ប៉ុន្តែ​ ពួកកួដស៊ីរី​ គឺជា​ចលនាបះបោរប្រឆាំង​ទៅនឹង​របបដឹកនាំផ្តាច់ការ​របស់​រដ្ឋាភិបាលស៊ីរី​ ដែល​មានលោកអាសាធ​ជាប្រមុខដឹកនាំ​។ ដូច្នេះហើយ​ វា​មានន័យថា​ ក្រុមកួដស៊ីរីនេះ​ ក៏ជា​សត្រូវរបស់​ប្រទេសរុស្សីដែរ​។ ហេតុអ្វី​? ពីព្រោះ​ប្រធានាធិបតីអាសាធ​ សព្វថ្ងៃនេះ​ គឺជា​មិត្តរបស់​វិមានក្រឹមឡាំង​។ ដូច្នេះហើយ​ ក្នុងករណី​ដែល​អាមេរិក​ដកកងទ័ព​ចេញពី​ប្រទេសស៊ីរី​ ក្រុមកួដ​នឹងប្រឈមខ្លាំង​ទៅនឹង​ការវាយប្រហារ​ពីសំណាក់​ រុស្ស៊ី​ និង​រដ្ឋាភិបាល​របស់លោកអាសាធ​ ដែល​សំងំរងចាំតែ​ឪកាលល្អ​ដើម្បី​កំចាត់​ពួកកួដស៊ីរីចោល​។

រឿង​ដ៏គួរឲ្យកត់សម្គាល់​មួយទៀត​ គឺ​ពាក់ព័ទ្ធនឹង​ប្រទេសតួកគី​។ សម្រាប់អាមេរិក​ ពួកកួដស៊ីរី​គឺជាមិត្ត​ តែសម្រាប់​តួកគីវិញ​ពួកគេ​ជាសត្រូវ​។ នៅគ្រាកន្លងមក​ ប្រធានាធិបតី​តួកគី​គឺលោក​អ៊ែរដូហ្គាន​ ធ្លាប់បាន​និយាយហើយថា​ កងកម្លាំង​កួដស៊ីរី​ គឺជា​ក្រុមភេវរកម្ម​ ដែល​អាចបង្កគ្រោះថ្នាក់​ដល់ប្រទេសតួកគី​។ មិនតែប៉ុណ្ណោះ​ នៅគ្រាកន្លងមក​ ទីក្រុង​អង់ហ្គារ៉ា ធ្លាប់បាន​បើកការវាយប្រយុទ្ធ​ លើក្រុម​កួដស៊ីរី​រួចមកហើយ​ តែគ្រាន់តែមិនហ៊ាន​ ធ្វើអ្វីច្រើន​ហួសហេតុនោះទេ​ ដោយ​ញញើតនឹងអាមេរិក​។ ផ្ទុយទៅវិញ​ តើ​ជោគវាសនា​អនាគត​របស់ក្រុមកួដស៊ីរី​ ទៅជាយ៉ាងណា ​បើសិនជា​អាមេរិក​របស់លោកត្រាំ​លែងខ្វល់គាំទ្រ​ ដូចការប្រកាសនោះ​?

បើអាមេរិក​ពិតជា​ដកខ្លួន​លែងពាក់ព័ន្ធនឹង​បញ្ហានៅស៊ីរី​ ឈប់ផ្តល់ជំនួយ​ និង​ដកកងទ័ព​ជំនួយ​ដល់កងម្លាំងកួដ​មែននោះ​ គ្រោះថ្នាក់មុនគេ​ ដែល​ក្រុមកួត​អាចនឹងប្រឈមនោះ​ គឺប្រទេសតួកគី​ ពីព្រោះថា​ប្រធានាធិបតីតួកគី​គឺ​លោក​អ៊ែរ ដូហ្គាន​ ទើបតែបានប្រកាស​កាលពីថ្ងៃចន្ទ​ ដើមសប្តាហ៍នេះថា​ តួកគី​នឹង​បើកការវាយប្រហារ​ ប្រឆាំងទៅនឹង​ក្រុមកួដនៅស៊ីរី​ ក្នុងពេលឆាប់ៗនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ