អឺរ៉ុបត្រូវការចិនច្រើនជាងចិនត្រូវការអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៣
ប្រឈមជាមួយវិបត្តិបំណុលសាធារណៈ កំណើនសេដ្ឋកិច្ចថមថយ និងការធ្លាក់ចុះនៃសាមគ្គីភាពរវាងគ្នានិងគ្នា បណ្តាប្រទេសសមាជិកសហគមន៍អឺរ៉ុប នឹងត្រូវការចិនច្រើនជាងចិនត្រូវការខ្លួន នាពេលខាងមុខ។
អំឡុងដើមខែវិច្ឆិកានេះ សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំរបស់ លោកស៊ី ជីនពីងបានទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងតម្លៃទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារអាមេរិក រវាងប្រទេសទាំងពីរត្រូវសម្រេចឡើង ខណៈ ចិនប្រកាសសន្យាបើកចំហទីផ្សារ ឱ្យកាន់តែច្រើនបន្ថែមទៀត ទៅកាន់បារាំង និងសហគមន៍អឺរ៉ុប។
ក្រោយមក តាមរយៈគេហទំព័រFacebookផ្លូវការរបស់ខ្លួន ពីទីក្រុងសៀងហៃ លោក ម៉ាក្រុង បានសរសេរថា “សព្វថ្ងៃនេះក៏ដូចកាលពីម្សិលមិញ ប្រទេសចិនត្រូវការការបើកចំហទៅកាន់ពិភពលោក ខណៈពិភពលោកក៏ត្រូវការការបើកចំហរបស់ចិនដូចគ្នាដែរ” (Aujourd’hui comme hier, la Chine a besoin de son ouverture au monde comme le monde a besoin de son ouverture)។
ទោះជាយ៉ាងណា សម្រាប់ធាតុពិតជាក់ស្ដែង ទៅថ្ងៃខាងមុខ បារាំង ឬក៏អឺរ៉ុបខ្លួនឯងទេ ដែលនឹងត្រូវការពឹងពាក់ចិន ច្រើនជាងចិនត្រូវការពឹងពាក់អឺរ៉ុប។ តើមកពីមូលហេតុអ្វី?
អំឡុងឆ្នាំ២០០៨ ទ្វីបអឺរ៉ុបទាំងមូល ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ពីវិបត្តិហិរញ្ញវត្ថុសកល។ ក្រោយមក វិបត្តិផ្សេងៗរួមមាន វិបត្តិប្រាក់អ៊ឺរ៉ូ និងវិបត្តិបំណុលសាធារណៈ បានកើតមានឡើង និងនៅបន្តជះឥទ្ធិពលអាក្រក់ លើតំបន់មួយនេះ។
គេមិនត្រូវភ្លេចទេថា អំឡុងវិបត្តិហិរញ្ញវត្ថុសកល ចិនជាប្រទេសធំតែមួយគត់ ដែលមានគ្រឹះសេដ្ឋកិច្ចរឹងមាំជាងប្រទេសណាៗទាំងអស់លើពិភពលោក និងអាចប្រឈមជាមួយវិបត្តិបានយ៉ាងល្អ។ អំឡុងពេលនោះ កំណើនសេដ្ឋកិច្ចចិន ជាប្រភពនៃកំណើនសេដ្ឋកិច្ចសកល។ រដ្ឋាភិបាលចិន បានចំណាយលុយយ៉ាងច្រើន ដើម្បីទិញមូលបត្របំណុល ពីបណ្តាប្រទេសអឺរ៉ុប ដែលវាជាមូលហេតុយ៉ាងចម្បង រុញច្រានឱ្យសេដ្ឋកិច្ច ក្នុងតំបន់អឺរ៉ុបមានស្ថិរភាព។
ក្រៅពីបញ្ហាកំណើនសេដ្ឋកិច្ច និងបញ្ហាបំណុលសាធារណៈ បណ្តាប្រទេសអឺរ៉ុបផ្សេងៗ ជាពិសេស ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ ក្រោយអំឡុងវិបត្តិ រួមមាន អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ និងក្រិក ត្រូវការយ៉ាងចាំបាច់ សម្រាប់ពេលបច្ចុប្បន្ន នូវការវិនិយោគបរទេស ក្នុងទំហំទឹកប្រាក់យ៉ាងច្រើន។ ក្នុងស្ថានភាពបែបនេះ គ្មានប្រទេសណា ដែលមានសក្តានុពល ដូចប្រទេសចិននោះទេ ព្រោះចិនបច្ចុប្បន្ន មានទាំងសមត្ថភាពបច្ចេកទេស ថវិកា និងបច្ចេកវិទ្យា។
ត្រង់ចំណុចនេះហើយដែលគេអាចអង្កេតឃើញជារឿយៗ ប្រទេសអឺរ៉ុបទាំងនេះ តែងតែមានជំហរទន់ភ្លន់ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន។ ជាឧទាហរណ៍ ការបើកភ្លើងខៀវសម្រាប់ការទាក់ទាញការវិនិយោគចិន និងការទទួលយកប្រតិបត្តិការ គម្រោង 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei។
តើអ្វីទៅជាជំហររបស់ចិននៅថ្ងៃខាងមុខ? ផ្អែកតាមអ្នកជំនាញទៅថ្ងៃអនាគត គេនឹងអាចអង្កេតឃើញថា ចិននឹងព្យាយាមបង្កើតទំនាក់ទំនងទ្វេភាគី ជាមួយបណ្តាប្រទេសអឺរ៉ុបនានា ជាជាងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយសហគមន៍អឺរ៉ុបទាំងមូល។
សរុបជារួម ដោយសារការធ្លាក់ចុះនៃសាមគ្គីភាពក្នុងសហគមន៍អឺរ៉ុប ខណៈបណ្តាប្រទេសសមាជិកអឺរ៉ុបនីមួយៗត្រូវការចិនច្រើនជាងចិនត្រូវការខ្លួន នុ៎ះទំនាក់ទំនងទ្វេភាគីនឹងអាចកើតមានឡើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ