អានតួអត្ថបទ

អង្គការ​អូតង់​ រៀបចំ​ចំណាត់ការ​ទប់ទល់នឹង​ការបង្កើន​មីស៊ីល​របស់​រុស្ស៊ី​

អង្គការ​អូតង់​ នាខណៈនេះ​កំពុងតែ​រៀបចំ​គម្រោងការ​ទប់ស្កាត់​ ការបង្កើន​នូវ​ការផលិត​មីស៊ីល​របស់​ប្រទេស​រុស្ស៊ី​។ នេះ​ ជាការ​លើកឡើង​របស់​ប្រមុខ​ដឹកនាំ​អង្គការ​អូតង់​ កាលពីថ្ងៃអង្គារ ទី១២ កុម្ភៈ​ ដោយ​បាន​បន្ថែមថា​ អង្គការអូតង់​ បានចាប់ផ្តើម​គិតគូរហើយ​ ពី​បញ្ហានេះ​ ដើម្បី​ការពារ​ កុំឲ្យ​មានការ​រីកសាយភាយ​មីស៊ីល​រយៈចម្ងាយ​មធ្យម​ នៅក្នុងតំបន់​ ព្រមទាំង​នៅទូទាំង​ពិភពលោក​ បន្ទាប់ពី​សន្ធិសញ្ញា​ស្តីអំពី​អាវុធនុយក្លេអ៊ែរ​ រវាងអាមេរិក​ និងរស្ស៊ី​ ត្រូវបានព្យួរ​។

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន និងលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។
ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន និងលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ REUTERS/Marcos Brindicci/File Photo
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ប្រទេស​ហត្ថលេខី​ ពោលគឺ​សហរដ្ឋអាមេរិក​ និង​ប្រទេសរុស្សី​ បាន​សម្រេច​ព្យួរ​នូវ សន្ធិសញ្ញា​ហាមឃាត់​មីស៊ីល​រយៈចម្ថាយ​មធ្យម​រួចមក​ គេចាប់​ផ្តើមបារម្ភ​ខ្លាចថា​ ការប្រកួត​ប្រជែង​សព្វាវុធថ្មីៗ​ អាច​ផ្ទុះឡើង​នៅអឺរ៉ុប​។ មួយវិញទៀត​ អង្គការ​អូតង់​ ក៏ផ្តើម​កើតចិត្ត​បារម្ភ​ផងដែរ​ អំពី​ការគំរាមកំហែង​របស់​រុស្ស៊ី​នៅក្នុង​តំបន់​។

ជាក់ស្តែង​ ដើម្បី​រិះរក​វិធី​ត្រៀមបង្កា​ទល់នឹង​ បញ្ហាប្រឈមនេះ​ ប្រទេស​ដែល​ជា​សមាជិក​អង្គការអូតង់ បាន​ជួបប្រជុំ​ពិភាក្សាគ្នា​ នៅថ្ងៃពុធ​ ទី១៣​ កុម្ភៈ​ ឆ្នាំ២០១៩​ នេះ​។ នៅក្នុងកិច្ចប្រជុំអគ្គលេខាធិការ​ របស់​អង្គការអូតង់​ លោក​ Jens Stoltenberg បាននិយាយថា​ក្រុមប្រទេស​សម្ព័ន្ធ​អូតង់​ ផ្តោត​ជជែកពិភាក្សា​គ្នា​ អំពីវិធី​ទប់ស្កាត់​ការរីកសាយភាយ​ នូវការ​ផលិត​មីស៊ីល​រយៈចម្ងាយមធ្យម​។

លើសពីនេះ​ លោក Stoltenberg​ បានអះអាងថា​ បណ្តាប្រទេសអឺរ៉ុប​ ចង់ឲ្យ​រុស្ស៊ី​វិលមក​គោរព​សន្ធិសញ្ញា​ហាមឃាត់​មីស៊ីល​ធន់មធ្យម​ និង​បោះបង់ចោល​នូវមហិច្ឆតា​ ផលិតប្រព័ន្ធ​មីស៊ីលថ្មី​ 9M729 របស់​ខ្លួនវិញ​។

លោក​បន្ត​ទៀតថា​ នេះ​មិនមែន​មានន័យ​ថា​ អូតង់​ចង់បង្កើនមីស៊ីល​ដូចរុស្ស៊ីនោះទេ​ ក៏ប៉ុន្តែ​ អូតង់​ចង់ធានាឲ្យបាន​ នូវការការពារខ្លួន ​ប្រកបដោយប្រសិទ្ធិភាពខ្ពស់​ ទល់ទៅនឹង​ការ​បង្កើនមីស៊ីល​នៅ​ក្នុងតំបន់​។

ជាមួយគ្នានេះដែរ​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​អង្គការអូតង់​ បានលើកឡើងថា​ វាដល់ពេលហើយ​ ដែលអាមេរិក​ ត្រូវចាត់វិធានការ​ចំពោះរុស្ស៊ី​ ដែល​រំលោភបំពាន​ មិនគោរព​តាម​សន្ធិសញ្ញា​។ លោកបន្តថា​ នាខណៈនេះ​ មន្ទីរ​បញ្ចកោណ​ ក៏បាន​ចាប់ផ្តើម​ រិះគិត​ផងដែរ ពីវិធី​ទប់ទល់នឹង​ការបង្កើន​មីស៊ីល​របស់រុស្ស៊ី​។

គួររម្លឹកជូនថា​ សន្ធិសញ្ញា​ហាមឃាត់​មីស៊ីល​រយៈចម្ងាយមធ្យម​ ត្រូវបាន​ចុះហត្ថលេខា​ដោយសហរដ្ឋអាមេរិក​ និងសហភាពសូវៀត​ នៅក្នុងឆ្នាំ​១៩៨៧​។ សន្ធិសញ្ញានេះ​ ហាមប្រាម​ មិនឲ្យ​មានការ​ផលិតមីស៊ីល​ រយៈចម្ងាយ​ចន្លោះពី​ ៥០០​ ទៅ ៥ ៥០០​ គីឡូម៉ែត​ ក្នុងគោលបំណង​ បញ្ចប់​នូវការ​បង្កើន​ការផលិត​ក្បាលកាំជ្រួច​ក៏មានគ្រោះថ្នាក់​ នៅក្នុង​ទឹកដី​អឺរ៉ុប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ