អានតួអត្ថបទ

អ្នកដំណើរ​ទាំងអស់​ ១៥៧ នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​អេត្យូពី​

ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី​ បានឲ្យដឹងថា​អ្នកដំណើរ​ទាំងអស់​ចំនួន​ ១៥៧ នាក់​ នៅលើ​យន្តហោះ​ប៊ូអ៊ីង​ ៧៣៧​ របស់ខ្លួន​ បាន​ស្លាប់​បាត់បង់ជីវិត​ ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ នៅព្រឹក​ថ្ងៃអាទិត្យ​ទី​ ១០ មីនា​។ យន្តហោះប៊ូអ៊ីង​ ៧៣៧ នេះ​ បាន​ធ្លាក់​ក្រោយ​ហោះហើរ​បានត្រឹមតែ​ ៦ នាទី​ប៉ុណ្ណោះ​ ចេញពី​ទីក្រុង​ Addis Ababa នៃ​ប្រទេស​អេត្យូពី​ ឆ្ពោះទៅកាន់​ទីក្រុង​ Nairobi ប្រទេស​កេនយ៉ា​។

យន្តហោះ Boeing 737 នៅអាកាសយានដ្ឋានអន្តរជាតិ Bole ក្នុងទីក្រុង Addis Ababa នាគ្រាកន្លងមក។
យន្តហោះ Boeing 737 នៅអាកាសយានដ្ឋានអន្តរជាតិ Bole ក្នុងទីក្រុង Addis Ababa នាគ្រាកន្លងមក។ Reuters
ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្នកដំណើរ​សូម្បីតែ​ម្នាក់​ អាច​រួច​រស់រាន​មានជីវិតពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ប៊ូអ៊ីង​ ៧៣៧ របស់​ក្រុមហ៊ុនអាកាសចរណ៍​អេត្យូពីឡើយ​ ហើយ​ក្នុងចំណោម​ជនរងគ្រោះ​ទាំងចំនួន​ ១៥៧​ នាក់ មាន​ចម្រុះ​ជាតិ​សាសន៍​រហូតដល់​ ៣២​។

បើតាម​ក្រុមហ៊ុនអាកាសចរណ៍​អេត្យូពី​ ជងរងគ្រោះ​ដែលស្លាប់​ច្រើនជាងគេ​គឺជនជាតិ​កេនយ៉ា​ ដែល​មានចំនួន​ ៣២ នាក់​ និង​ទី២​ គឺ​ជា​ជនជាតិ​កាណាដា​ មានចំនួន​ ១៨ នាក់​។ ក្រៅពីនេះ​ក៏មាន​ផងដែរ​ជនជាតិ​អេត្យូពី​ អ៊ីតាលី​ ចិន​ អាមេរិក​ អង់គ្លេស​ បារាំង​ ហូឡង់​ អេហ្ស៊ីប​ និងឥណ្ឌា​។ មួយវិញទៀត​ ក្នុងចំណោម​អ្នកស្លាប់ទាំងអស់​ មាន៤នាក់​កាន់​លិខិតឆ្លងដែន​អ.ស.ប​។

រហូតមកដល់ពេលនេះ​ គេ​នៅមិនទាន់ដឹងច្បាស់​នៅឡើយទេ​ អំពី​មូលហេតុ​ដែលបណ្តាលឲ្យ​យន្តហោះនេះ​ធ្លាក់​។ តែបើតាម​នាយកប្រតិបត្តិ​របស់ក្រុមហ៊ុនអាកាសចរណ៍​អេត្យូពី​ ក្រោយហោះហើរបានបន្តិច​ អ្នក​បើកបរយន្តហោះ​បានទូរស័ព្ទ​មកក្រុមការងារ​បច្ចេកទេស​ ដោយក្តីបារម្ភ​និងប្រាប់ថា​ចង់ហោះត្រលប់​មកក្រោយវិញ​ ហើយ​ក្រុមការងារ​ក៏បាន​ប្រញាប់ប្រញាល់​បើកផ្លូវឲ្យគាត់​អាចហោះ​ត្រលប់​មកព្រលាន​នៅ​ Addis Ababa ហើយដែរ​។

គួរជម្រាបជូនថា​ ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី​ គឺជា​ក្រុមហ៊ុន​ដឹកអ្នកដំណើរ​ដ៏ធំ​ជាងគេ​មួយ​របស់ប្រទេស​ និងជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយរដ្ឋ​។ នៅព្រឹក​ថ្ងៃអាទិត្យទី​ ១០ មីនា​ យន្តហោះ​ប្រភេទប៊ូអីង​ ៧៣៧​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី​ ដែល​មានដឹក​អ្នកដំណើរ​ចម្រុះជាតិ​សាសន៍​ចំនួន​១៤៩ នាក់ និង​បុគ្គលិកយន្តហោះចំនួន​ ៨ នាក់​ បានហោះចេញពី​ទីក្រុង​ Addis Ababa នៃ​ប្រទេសអេត្យូពី​ នៅ​វេលាម៉ោង​ ៨ និង ៣៨ នាទីព្រឹក​ តែជា​អកុសល​ យន្តហោះ​បានធ្លាក់​ក្រោយហោះឡើង​បានត្រឹមតែ​ ៦ នាទី​តែប៉ុណ្ណោះ​។

អ្នកយកព័ត៌មាន​របស់​ទីភ្នាក់ងារបារាំង​ AFP ម្នាក់​បាននិយាយថា​ នៅកន្លែង​យន្តហោះធ្លាក់​ គេឃើញមាន​ផ្សែង​ខ្មួលខ្មាញ់​ បំបែក​យន្តហោះ​បាក់បែក​ និ​របស់​របរ​របស់​អ្នកដំណើរ​ខ្ទាតខ្ចាត់ខ្ចាយ​ពាសពេញដី​។ ជាមួយគ្នានោះ​ ក្រុមអ្នកជួយសង្គ្រោះ​បានប្រញាប់ប្រញាល់ទៅ​លើកយក​សាកសព​មនុស្ស​ចេញពី​កម្ទេចកម្ទី​ និង​បំណែក​នៃយន្តហោះ​។ នៅកន្លែងកើតហេតុ​ គេ​ក៏ឃើញមាន​ប៉ូលិស​ និងកងកម្លាំងទ័ព​ ក៏ដូចជា​ក្រុមស៊ើបអង្កេត​ជាច្រើននាក់​ មកពី​ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល​របស់​ប្រទេសអេត្យូពី​មកត្រួតពិនិត្យ​ផងដែរ​។ រីឯ​ នៅក្នុង​រដ្ឋធានី​កេនយ៉ាវិញ​ សមាជិកគ្រួសារ​ មិត្តភក្តិ​ ព្រមទាំង​មិត្តរួមការងារ​របស់​អ្នកដំណើរ​ជាច្រើន​បានទៅរង់ចាំស្តាប់​ដំណឹង​នៅ​ព្រលានយន្តហោះ​។

គួរកត់សម្គាល់ថា​ យន្តហោះ​ដឹកអ្នកដំណើរ​ប៊ូអ៊ីង​ ៧៣៧​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី​គឺជា​ប្រភេទយន្តហោះ​ដូចគ្នាទៅនឹង​យន្តហោះ​របស់​ក្រុមហ៊ុន​ LionAir ឥណ្ឌូណេស៊ី​ ដែល​បានធ្លាក់​និងនាំយកទៅជាមួយ​នូវជីវិត​អ្នកដំណើរ​ទាំងអស់​ចំនួន​ ១៨៩ នាក់​ កាលពី​ខែតុលា​ ឆ្នាំ២០១៨​ កន្លងទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ