អំពើហិង្សានិងចលាចលនយោបាយនៅបួគីណាហ្វាសូ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៦
ប្រជាជនបួគីណាហ្វាសូបានធ្វើការតវ៉ាយ៉ាងហិង្សា ប្រឆាំងនឹងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញដែលនឹងអនុញ្ញាតឲ្យលោកកុមប៉ាអូរ៉េ បានឈរឈ្មោះបោះឆ្នោតម្តងទៀត។ ប្រជាជនបានចូលទៅដុតអាគាររដ្ឋសភា និង បានវាយកម្ទេចស្ថានីយ៍ទូរទស្សន៍ជាតិ។ ក្រោយហេតុការណ៍នេះ ក្រុមយោធាបួគីណាហ្វសូបានចេញមកប្រកាស ថាខ្លួននឹងទទួលបន្ទុកដឹកនាំប្រទេស ទំរាំមានការបោះឆ្នោត ដោយសេរីមួយដើម្បីបង្កើតរដ្ឋាភិបាលស្របច្បាប់។ ចំណែកលោកប្រធានាធិបតីកុមប៉ាអូរ៉េវិញ បានថ្លែងថា លោកត្រៀមខ្លួនដើម្បីចរចា ជាមួយគ្រប់ភាគីទាំងអស់។
ចង់ធ្វើប្រធានាធិបតីអស់មួយជីវិត មិនមែនជាការងាយស្រួលទេ នៅបួគីណាហ្វាសូ៖
បាតុកម្មតវ៉ា បានកើតឡើងពីរបីថ្ងៃមកហើយ តែថាហេតុការណ៍ដែលកើតឡើងធ្ងន់ធ្ងរជាងគេ គឺបានកើតឡើងកាលពីម្សិលមិញ គឺថ្ងៃព្រហស្បតិ៍ ទី៣០ តុលា។ បាតុកម្មហិង្សារបស់ប្រជាជនបូគីណាហ្វាសូ នៅទីក្រុងអ៊ូអាហ្គាឌូហ៊្គូ ដែលដឹកនាំដោយគណៈបក្សប្រឆាំង បានរីកធំបន្តិចម្តងៗ រហូតកាលពីម្សិលមិញនេះ ប្រជាជនបានចូលទៅដុតអាគាររដ្ឋសភា និងបានវាយកម្ទេចស្ថានីយ៍ទូរទស្សន៍ជាតិថែមទៀត។ បាតុកម្មតវ៉ា បានរីករាលដាលទូទាំងប្រទេស ជាពិសេសតាមទីប្រជុំជនធំៗ។
មូលហេតុនៃការតវ៉ានេះ គឺបណ្តាលមកពីរដ្ឋាភិបាលបួគីណាហ្វាសូ បានស្នើសុំឲ្យរដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៣៧។ មាត្រា៣៧នេះចែងថា បេក្ខជនប្រធានាធិបតីមានសិទ្ធិឈរឈ្មោះតែពីរអាណត្តិប៉ុណ្ណោះ ហើយមួយអាណត្តិមានរយៈពេល៥ឆ្នាំ។ លោកកុមប៉ាអូរ៉េ ដែលបច្ចុប្បន្នជាប្រធានាធិបតី នឹងត្រូវបញ្ចប់អាណត្តិទីពីររបស់លោក នៅឆ្នាំ២០១៥។ ដោយសាតែគាត់ចង់ឈរឈ្មោះបោះឆ្នោតម្តងទៀត ទើបលោកបានឲ្យរដ្ឋសភាធ្វើការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីលប់លក្ខខណ្ណចំនួនពីរអាណត្តិចោល។
កាលពីដំបូង រដ្ឋាភិបាលថា នឹងដាក់ស្នើវិសោធនកម្មនេះ ទៅឲ្យប្រជាជនសម្រេច តាមរយៈការបោះឆ្នោតប្រជាមតិ ទូទាំងប្រទេស។ ប៉ុន្តែទីបំផុតទៅ រដ្ឋាភិបាលបានបញ្ជូនគម្រោងនេះ ទៅឲ្យរដ្ឋសភាជាអ្នកអនុម័តទៅវិញ។ ត្រង់នេះហើយ ដែលប្រជាជនបួគីណាហ្វាសូ ធ្វើការតវ៉ា ព្រោះបើសភាជាអ្នកសម្រេច នោះមាត្រា៣៧នឹងត្រូវគេកែប្រែជាក់ជាមិនខាន ហើយលោកកុមប៉ាអូរ៉េ នឹងប្រកដជាអាចឈរឈ្មោះ ជាប្រធានាធិបតីបន្ត៥ឆ្នាំទៀត។
២៧ឆ្នាំ ល្មមគ្រប់គ្រាន់ហើយ៖
លោក កុមប៉ាអូរ៉េ នេះបានកាន់កាប់ដំណែងជាប្រធានាធិបតីប្រទេសបួគីណាហ្វាសូ អស់រយៈពេល២៧ឆ្នាំមកហើយ។ គាត់ជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំនៅទ្វីបអាហ្វ្រិក ដែលកាន់តំណែងបានយូរជាងគេ។ គាត់បានឡើងកាន់អំណាច នៅឆ្នាំ ១៩៨៧ បន្ទាប់ពីគាត់ បានធ្វើរដ្ឋប្រហារ ហើយបានធ្វើឃាត លោកតូម៉ាស សង់ការ៉ា ដែលជាមេដឹកនាំជំនាន់នោះ។ កន្លងមក លោក កុមប៉ាអូរ៉េ នេះតែងតែលៃលក រកគ្រប់គន្លិះ ធ្វើយ៉ាងម៉េច ដើម្បីបានបន្តអង្គុយកៅអីប្រធានាធិបតីតមករហូត។ ក្នុងរយៈពេលកាន់កាប់តំណែង គាត់បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីរដងរួចមកហើយ ដើម្បីលៃយ៉ាងណា ឲ្យគាត់អាចបន្តអំណាចចាក់ឫសរបស់គាត់ ដោយស្របច្បាប់។
ក្នុងចំណោមប្រជាជនបូគីណាហ្វាសូទាំង១៧លាននាក់ មានយុវជនវ័យក្រោម២៥ឆ្នាំ រហូតដល់ទៅ៦០ភាគរយឯណោះ។ យើងគិតមើលទៅ ថាយុវជនទាំងនោះ តាំងពីបើកភ្នែកដឹងក្តីមក មិនដែលស្គាល់មេដឹកនាំណាផ្សេង ក្រៅពីលោកកុមប៉ាអូរ៉េទេ។ អញ្ចឹងពួកគេយល់ថា នេះមិនមែនជាលទ្ធិប្រជាធិបតេយ្យទេ តែវាជារបបផ្តាច់ការក្រាញអំណាច របស់លោកកុមប៉ាអូរ៉េ។ ក្រុមយុវជន ទាំងនេះហើយ ដែលជាសន្ទុះសំខាន់ ក្នុងការប្រឆាំងតវ៉ា។ បើយើងមើលទៅ យើងយល់ថា ប្រជាជនគាត់ទ្រាំលែងបានទៀតហើយ ព្រោះបើនៅតែអញ្ចឹងទៀត លោកកុមប៉ាអូរ៉េ ប្រាកដជាធ្វើប្រធានាធិបតីរហូតដល់ចាស់ស្លាប់មិនខាន។
ប្រជាជន ខ្លាច រូចពីក្រញ៉ាំខ្លា ធ្លាក់ចូលមាត់ក្រពើ៖
រហូតមកដល់ពេលនេះស្ថានការណ៍ មានភាពស្ងប់ស្ងាត់បន្តិចវិញហើយ។ ប៉ុន្តែប្រជាជននៅតែមានភាពស្រពេចស្រពិល អំពីអនាគតរបស់ប្រទេស។ យោងតាមការផ្តល់ព័ត៌មានជាបឋម មានអ្នកស្លាប់ជាង៣០នាក់ និងរបូសជាង១០០នាក់ ក្នុងហេតុការណ៍ម្សិលមិញ។ ស្ថានភាពរៀងស្ងប់ស្ងាត់បន្តិច ដោយសាពេលនេះ ក្រុមយោធាបានដាក់បំរាមគោលចរ មិនឲ្យមនុស្សម្នាចេញដើរ ពីម៉ោង ៧ល្ងាច ដល់ម៉ោង ៦ព្រឹក។ ពួកយោធា ដែលស្ថិតក្រោមការដឹកនាំរបស់ឧត្តមសេនីយម្នាក់ឈ្មោះ ត្រាអូរ៉េ បានចេញមុខមកប្រកាសថា ចាប់ពីពេលនេះទៅ ក្រុមយោធានឹងដឹកនាំប្រទេស ទំរាំដល់មានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។
ចំណែកលោកប្រធានាធិបតីកុមប៉ាអូរ៉េ វិញ បានថ្លែងសារទៅប្រជាជនថា លោកបានយល់អំពីសេចក្តីចង់បានរបស់ប្រជាជន ក្នុងការផ្លាស់ប្តូរ។ គាត់ថា គាត់បានដកចេញ គម្រោងធ្វើវិសោធនកម្មនោះវិញហើយ ហើយរដ្ឋាភិបាល និងរដ្ឋសភា ក៏ត្រូវបានរំលាយចោលដែរ។ គាត់បន្តថា គាត់ត្រៀមខ្លួនជានិច្ចដើម្បី ចូលតុចរចា ជាមួយគ្រប់ភាគីទាំងអស់ ដើម្បីរៀបចំឲ្យមានរដ្ឋាភិបាលអន្តរកាលមួយ រងចាំទំរាំមានប្រធានាធិបតីថ្មី ចូលកាន់ដំណែង។
ប៉ុន្តែ ប្រជាជនបួគីណាហ្វាសូ ទូទៅ នៅមិនទាន់ទុកចិត្តទេ ទាំងទៅលើលោកកុមប៉ាអូរ៉េ ទាំងទៅលើក្រុមយោធា។ យុវជនម្នាក់និយាយថា ប្រជាជនបានរើបំរះដើម្បីបានទទួលសេរីភាព តែទីបំផុត ក្រុមយោធាបែរជាមករិតបន្តិងសេរីភាព មិនឲ្យប្រជាជនចេញទៅណាមកណា។ មួយវិញទៀត ប្រជាជនមិនពេញចិត្ត មនុស្សលោកមេបញ្ជាការយោធា ត្រាអូរ៉េទេ។ ប្រជាជនក្រែងថា រួចពីក្រញាំខ្លា មកធ្លាក់ចូលមាត់ក្រពើ។ មានអតីតមេទ័ព ម្នាក់ឈ្មោះ គូអាម៉េ លូហ្គេ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ហើយដែលប្រជាជនស្រលាញ់គាំទ្រយ៉ាងខ្លាំង។ ឥឡូវ ប្រជាជនទាមទារឲ្យលោកម្នាក់នេះ មកដឹកនាំយោធា ដើម្បីគ្រប់គ្រងប្រទេសជាបណ្តោះអាសន្ន។
រីឯលោកប្រធានាធិបតី កុមប៉ាអូរ៉េ វិញ ប្រជាជននៅមិនទុកចិត្តសម្តីគាត់ទេ ព្រោះថា នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ ដែលគាត់បានធ្វើកាលពីម្សិលមិញ គាត់អត់បានបញ្ជាក់ទេ ថាគាត់នឹងចុះចេញពីតំណែង។ គាត់គ្រាន់តែនិយាយថា គាត់ត្រៀមខ្លួនក្នុងការចរចា ដើម្បីរៀបចំរដ្ឋាភិបាលបណ្តោះអាសន្នមួយ ទំរាំមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ អញ្ចឹងមានន័យថា លោកកុមប៉ាអូរ៉េ នឹងរកលេស ដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ននេះបន្តទៀត។
សហគមន៍អន្តរជាតិបានត្រឹមអំពាវនាវឲ្យចរចាគ្នា តែប្រជាជនបេជ្ញាចិត្តដាច់អហង្កា៖
សហគមន៍អន្តរជាតិដែលចេញមុខប្រតិកម្មនោះ មានតែបារំាង និងអាមេរិកទេ។ ប្រទេសទាំងពីរ បានអំពាវនាវ ឲ្យប្រជាជន និងអាជ្ញាធររក្សាភាពស្ងប់ស្ងាត់ ដើម្បីបញ្ចប់អំពើហិង្សា និងកុំឲ្យមានស្លាប់មនុស្សមន្ថែមទៀត។ ទាំងអាមេរិក ទាំងបារាំង បានគាំទ្រសេចក្តីសម្រេចចិត្តរបស់លោក កុមប៉ាអូរ៉េ ដែលបានរំលាយ សភា និងរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាជន។ ប៉ុន្តែភាគីទាំងអស់ត្រូវតែចូលតុចរចាគ្នា។ ទោះបីជាយ៉ាងណា គណៈបក្សប្រឆាំង រួមនឹងប្រជាជនស្ទើរតែទាំងអស់ មានបំណងតែមួយគត់ គឺ បណ្តេញលោក កុមប៉ាអូរ៉េ ឲ្យចេញពីអំណាចឲ្យខាងតែបាន។ ពួកគេមិនព្រមឲ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ជាមួយលោក កុមប៉ាអូរ៉េទេ។ ២៧ឆ្នាំ វាគ្រាប់គ្រាន់ពេកទៅហើយ សម្រាប់ប្រជាជនបួគីណាហ្វាសូ។
សូមរំលឹកដែរថា បារាំងជាប្រទេសតែមួយគត់ ដែលមានទំនាក់ទំនងស្និតស្នាល ជាមួយបួគីណាហ្វាសូ។ កាលពី២សប្តាហ៍មុន បន្ទាប់ពីបានទទួលដំណឹងថា លោកកុមប៉ាអូរ៉េ ចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបាន ឈរឈ្មោះតទៅទៀត លោកប្រធានាធិបតីបារាំង បានផ្ញើរសំបុត្រមួយ ទៅគាត់ ដើម្បីបញ្ចុះបញ្ចូលដោយប្រយោលថា ល្មមឈប់ក្រាញអំណាចទៀតទៅ ហើយបើសិនគាត់ចង់ បារំាងនឹងជួយជ្រោមជ្រែង រកតំណែងណាមួយនៅតាមអង្គការ រឺស្ថាប័នអន្តរជាតិ។ ប៉ុន្តែលោកកុមប៉ាអូរ៉េ បាននិយាយចំអកវិញថា លោកមិនមែនមិនចង់ឈប់ទេ តែលោកមិនអាចទុកប្រទេសឲ្យចលាចល ដោយគ្មានលោកគ្រប់គ្រងនោះទេ។ ប៉ុន្តែបើយើងមើលស្ថានភាពជាក់ស្តែងនៅពេលនេះវិញ មិនមែនស្រុកចលាចលដោយគ្មានគាត់គ្រប់គ្រងទេ តែស្រុកចលាចល ដោយសាគេតវ៉ាទាមទារឲ្យគាត់ ឈប់គ្រប់គ្រងប្រទេសតទៅទៀត។ ប្រជាជន និងបក្សប្រឆាំងបានតវ៉ា រហូតបានត្រឹមនេះ ពួគគេប្តេជ្ញាថា នឹងបន្តការតវ៉ាតទៅទៀត រហូតលោក កុមប៉ាអូរ៉េ ចុះចេញពីកៅអី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ