អានតួអត្ថបទ

ការ​នាំចេញ​របស់​ចិន​ធ្លាក់ចុះ​ក្នុងខែសីហា​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលការនាំចេញរបស់ចិន បានធ្លាក់ចុះក្នុងខែសីហា ឆ្នាំ២០១៩នេះ។ ជាការធ្លាក់ចុះមួយ បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ និងកំពុងបន្តបង្អាក់ដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចទាំងពីរ។

លោកស៊ី ជីនពីនប្រធានាធិបតីចិន។
លោកស៊ី ជីនពីនប្រធានាធិបតីចិន។ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ការនាំចេញរបស់ចិនបានធ្លាក់ចុះចំនួន ១ ភាគរយ កាលពីខែមុន។ នេះបើយោងទៅតាមទិន្នន័យផ្លូវការ របស់រដ្ឋបាលគយចិននៅថ្ងៃអាទិត្យ ទី៨ កញ្ញានេះ។ ការធ្លាក់ចុះនេះ បានកើតឡើង បន្ទាប់ពីការស្ទុះងើបឡើងវិញក្នុងចំនួន ៣.៣ ភាគរយ កើតមាននៅក្នុងខែកក្កដា។

ដំណឹងនៃការធ្លាក់ចុះនៃការនាំចេញរបស់ចិន ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលជាទីបំផុត។ ភ្ញាក់ផ្អើល ពីព្រោះថា វាផ្ទុយទៅនឹងការព្យាករណ៍របស់ក្រុមសេដ្ឋវិទូ ដែលធ្លាប់និយាយថាការនាំចេញរបស់ចិន នឹងកើនឡើង ២,២ ភាគរយនៅខែមុន។

បើនិយាយជារួម នៅក្នុងខែសីហាកន្លងទៅ តម្លៃនៃការនាំចេញ និងនាំចេញសរុបរបស់ចិនមានចំនួន ៣៩៤,៧៦ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ៣,២ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

គួរកត់សម្គាល់ថា ការនាំចូល ក៏ជាបុព្វហេតុដ៏ធំមួយនៃក្តីបារម្ភ របស់ទីក្រុងប៉េកាំងដែរ។ ការនាំចូលរបស់ចិន បានធ្លាក់ចុះ ៥,៦ ភាគរយ នៅក្នុងខែសីហា បន្ទាប់ពីធ្លាក់ចុះចំនួន ៥,៣ ភាគរយនៅខែកក្កដា។ តែទោះជាយ៉ាងណាក្តី នេះជាតួលេខល្អប្រសើរជាងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg ដែលបានព្យាករណ៍ថា នឹងមានការធ្លាក់ចុះចំនួន ៦,៥ ភាគរយឯណោះ។

ដើម្បីឆ្លើយតបទៅនឹង សញ្ញាមិនល្អដែលបន្តកើតមានលើសេដ្ឋកិច្ច ធនាគារកណ្តាលទីក្រុងប៉េកាំង បានប្រកាសកាលពីថ្ងៃសុក្រ ថានឹងកាត់បន្ថយតម្រូវការបំរុងប្រាក់បញ្ញើ សម្រាប់ធនាគារនានា។ វិធានការណ៍នេះ អាចនឹងផ្តល់ប្រាក់កម្ចីបន្ថែមប្រមាណជា ១២៦ ពាន់លានដុល្លារអាមេរិកដល់អាជីវកម្មណា ដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់។

ក្រៅពីនេះ ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខ កាលពីថ្ងៃព្រហស្បតិ៍ ក្រុងប៉េកាំង បានឲ្យដឹងថា ការជួបចរចាជាមួយភាគីអាមេរិក ស្តីអំពីបញ្ហាជម្លោះពាណិជ្ជកម្មរវាងគ្នា ក៏នឹងត្រូវប្រព្រឹត្តធ្វើផងដែរ នៅដើមខែតុលា ខាងមុខ។ ជាការជួបចរចាទល់មុខគ្នាជាថ្មី រាប់ចាប់ពីខែសីហា ឆ្នាំ ២០១៩ មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ