អានតួអត្ថបទ

នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ជំរុញឲ្យពិភពលោកចាត់វិធានការចំពោះខ្លឹមសារនៅលើបណ្តាញសង្គម

នាយករដ្ឋមន្ត្រី​ប្រទេស​នូវែលសេឡង់​ អ្នកស្រី​ ហ្សាស៊ីនដា អារឌែន Jacinda Ardern នៅថ្ងៃពុធ ទី២០ មីនា​ បានអំពាវនាវឱ្យ​មានការចាត់វិធានការ​ជាសកល​ ដើម្បីប្រយុទ្ធប្រឆាំង​ទៅនឹង​គ្រោះថ្នាក់​ដែលបង្កដោយ​បណ្តាញសង្គម​។ ការអំពាវនាវ​របស់​អ្នកស្រី​នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ធ្វើឡើង​ ស្របពេលដែល​សហគមន៍អ៊ីស្លាម​ ចាប់ផ្តើម​បញ្ចុះសព​ជងរងគ្រោះ​ដោយសារ​សោកនាដកម្ម​បាញ់ប្រហារ ​នៅវិហារ​អ៊ីស្លាម ២​កន្លែង​ ក្នុងទីក្រុង​ក្រៃឈើច​ កាលពីថ្ងៃសុក្រ​ ទី១៥ មីនា ​កន្លងទៅ​។

នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ អ្នកស្រីហ្សាស៊ីនដា អារឌែន ។
នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ អ្នកស្រីហ្សាស៊ីនដា អារឌែន ។ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

៥ ថ្ងៃ​បន្ទាប់ពី​ហេតុការណ៍​បាញ់ប្រហារ​នៅក្នុង​ក្រុង​ក្រៃឈើច​ នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ បានថ្លែងថា​ វាដល់ពេលហើយ​ដែល​មេដឹកនាំ​ពិភពលោក​ត្រូវរួមគ្នា​ដោះស្រាយ​ ឬក៏​ឆ្លើយតប​ទៅនឹង​បណ្តាញសង្គម​។ បណ្តាញសង្គម​ ដែល​អ្នកស្រី​អះអាងថា ​បាន​ជួយជំរុញឲ្យ​អំពើហិង្សា​ និងនិន្នាការជ្រុលនិយម​កើនឡើង​។

គួរជម្រាបជូនថា​ ការលើកឡើង​របស់​អ្នកស្រីនាយករដ្ឋមន្ត្រី​ ពាក់ព័ន្ធ​ការរួមចំណែក​របស់​បណ្តាញសង្គម​ក្នុងការ​បង្កើន​អំពើហិង្សា​ និង​គំនិត​ជ្រុលនិយម​ គឺធ្វើឡើង​បន្ទាប់ពី​វីដេអូ​អំពីព្រឹត្តិការណ៍បាញ់​សម្លាប់​មនុស្សចំនួន​ ៥០ នាក់​ នៅក្នុង​ទីក្រុង​ក្រៃឈើច ស្ថិតនៅភាគខាងត្បូង​ប្រទេស​នូវែលសេឡង់​ត្រូវបានបង្ហោះ​និងចែកចាយ​នៅលើ​បណ្តាញសង្គម​ដូចជា​ ហ្វេសហ៊ុក​ និងទ្វីតធ័រ​យ៉ាងផុលផុស​។

ក្រោយហេតុការណ៍នេះ​ អាជ្ញាធរ​នូវែលសេឡង់​ក៏​បាន​អំពាវនាវ​ផងដែរ​កុំឲ្យ​មាន​ការចែកចាយ​រូបភាព​វីដេអូ​ដ៏ហិង្សានេះ​ ហើយភ្លាមៗនោះ​ ក្រុមហ៊ុន​ហ្វេសប៊ុក-ទ្វីតធ័រ បានលុប​ចោល​នូវខែ្សវីដេអូ​ទាំងនោះចេញពី​បណ្តាញ​សង្គម​របស់ខ្លួន​ផងដែរ​។

ទាក់ទងរឿងនេះដែរ​ ក្រុមហ៊ុន​ហ្វេសប៊ុក​បាននិយាយថារីដេអូ​ដែលផ្សាយផ្ទាល់​ពី​ការបាញ់ប្រហារ​នៅក្រៃឈើច​ត្រូវបាន​គេមើលឃើញ​តិចជាង​ ២០០ ដង​ ប៉ុន្តែ​ហ្វេសប៊ុក​បានដកចេញនូវ​វីដេអូ​ច្រើន​រហូតដល់​ប្រមាណជា​ ១លាន ៥ សែន។ តំណាង​ក្រុមហ៊ុនហ្វេសប៊ុក​ ក៏បាន​ឲ្យដឹងទៀតថា​ ការចែកចាយ​វីដេអូ​នៃព្រឹត្តិការណ៍បាញ់សម្លាប់​មានច្រើន​ ដោយសារ​មា​នអ្នកចាប់អារម្មណ៍​ពីរឿងនេះ​ខ្លាំង​។

តែទោះបីជា​ក្រុមហ៊ុន​ហ្វេសប៊ុក​ បាន​ចាត់វិធានការ​ដកចេញនូវ​វីដេអូ​នៃការបាញ់ប្រហារ​យ៉ាងណាក្តី​ នាយករដ្ឋមន្ត្រី​នូវែលសេឡង់​នៅតែ​មិនសប្បាយចិត្ត​ និងថា​ក្រុមហ៊ុន​បណ្តាញសង្គម​ត្រូវទទួលខុសត្រូវ​ចំពោះ​ការរួមចំណែក​បង្កើន​នូវ​អំពើហិង្សា​ មិនមែន​គិតតែពី​រកប្រាក់ចំណូល​តែមួយមុខ​នោះទេ​។

គួរជម្រាបជូនថា​ រហូត​មកទល់ពេលនេះ​ អាជ្ញាធរ​នូវែលសេឡង់​បានចាប់ខ្លួន​មនុស្សចំនួន​ពីរនាក់ហើយ​ ទាក់ទងនឹង​ករណី​ចែកចាយ​វីដេអូហិង្សា​នៃ​ការបាញ់ប្រហារ​នៅក្រៃឈើច​។ ចំណែក​ នៅឯ​សហរដ្ឋអាមេរិកវិញ​ គណៈកម្មាធិការ​សភា​ កំពុង​ស្នើសុំឲ្យ​នាយកប្រតិបត្តិ​ ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ​របស់​អាមេរិក​ ពន្យល់ពី​ការរីករាលដាល​នៃ​វីដេអូដ៏រន្ធត់​និងហិង្សា​ នៅលើ​បណ្តាញអ៊ីនធឺណែ​តផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ