អានតួអត្ថបទ
កូវ៉ែត-កូរ៉េខាងជើង

​​​ឯកអគ្គរដ្ឋទូត​​កូរ៉េខាងជើង​មានពេល​​​​មួយខែ​ ដើម្បី​ចាក​​​ចេញ​​​ពី​ទឹកដី​​​កូវ៉ែត​​​​​

ថ្ងៃអាទិត្យនេះ ​កូវ៉ែត​បាន​ប្រកាស​ផ្តល់ពេល១ខែ ​​អោយ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង អោយ​ចាកចេញ​ពីប្រទេស​​កូវ៉ែត។ កូវ៉ែត​ប្រកាស​​កាត់បន្ថយ​ផងដែរ​ បុគ្គលិក​ការទូត​កូរ៉េខាងជើង​ និង​​ផ្អាកផ្តល់​ទិដ្ឋាការ​​​អោ​យពលករ​កូរ៉េខាងជើង។ ​​

ទង់ជាតិ​កូរ៉េខាងជើង
ទង់ជាតិ​កូរ៉េខាងជើង AFP PHOTO / JUNG YEON-JE
ផ្សាយពាណិជ្ជកម្ម

ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើងប្រចាំ​នៅ​កូវ៉ែត មាន​ពេល​មួយខែ ដើម្បី​រៀបចំ​ខ្លួន ចាកចេញ​ពីប្រទេស​​កូវ៉ែត។ ចំនួន​បុគ្គលិក​ការទូត​កូរ៉េខាងជើង​ក្នុងទឹកដី​កូវ៉ែត​វិញ ក៏​នឹង​កាត់បន្ថយ​​អោយ​មកនៅ​មា​ន​ត្រឹម​អ្នកទទួល​បន្ទុក​កិច្ចការ​ម្នាក់ និង​មន្ត្រីការទូត​៣នាក់។ នេះ​បើ​យោងតាម​ការប្រកាស​របស់​មន្ត្រី​ការទូត​ជាន់ខ្ពស់​កូវ៉ែត​ដែល​មិនបញ្ចេ​មឈ្មោះ​មួយរូប ប្រាប់​អោយដឹង នៅថ្ងៃ​អាទិត្យនេះ។

​ក្នុ​ងគម្រោង​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង ​កូវ៉ែត​សម្រេច​ផងដែរ​ ថា​​លែងផ្តល់ទិដ្ឋាការ​ដល់​ពលករ​កូរ៉េខាងជើង​​ដែល​ធ្វើការ​ក្នុង​ទឹកដី​កូវ៉ែត។ ពលករ​កូរ៉េខាងជើង​ដែលធ្វើការ​នៅ​កូវ៉ែត​មាន​ពី​២០០០នាក់ ទៅ​២៥០០នាក់។ ​ចាប់ពីពេលនេះ​ទៅ ​ពួកគេ​ត្រូវត្រលប់​ទៅ​ស្រុកកំណើត​វិញ ពេល​​​​ការងារ​របស់​ពួកគេ​ត្រូវចប់សព្វគ្រប់។ ​យោងតាម​ប្រភព​ព័ត៌មាន​អាស៊ី នៅ​តំបន់​ឈូងសមុទ្រ ​ប៉ុន្មាន​សប្តាហ៍​មកនេះ ជប៉ុន​និង​កូរ៉េខាងត្បូង បាន​ដាក់ សម្ពាធ​អោយ​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រ​ អោយ​ឈប់​ជ្រើសរើស​​ពលករ​មកពី​កូរ៉េខាងជើង​តទៅទៀត។ ជប៉ុន​និង​កូរ៉េខាងត្បូង​លើកឡើង​ថា ប្រាក់ខែ​ដែលពលករ​ទាំងនេះ​ទទួលបា​ន ​គឺ​សម្រាប់​បម្រើ​ផលប្រយោជន៍​រដ្ឋ​ក្រុងព្យុងយ៉ាង​ប៉ុណ្ណោះ។ ​​

កូវ៉ែត​​ប្រកាស​​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​ ថ្ងៃអាទិត្យនេះ គិតទៅ​គឺ​១០ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​អេមៀកូវ៉ែត​បាន​ជជែកពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ។ លោក​ដូណាល់ ត្រាំ ជាសត្រូវ​របស់​មេដឹកនាំ​កូរ៉េខាងជើង គឹម ជុងអ៊ុន។ ​​​អង្គការ​សហប្រជាជាតិ​ទើប​នឹង​​អនុម័តទណ្ឌកម្ម​លើកទី៨ ជាសំណើ​ទណ្ឌកម្ម​របស់​អាមេរិក ​​ប្រឆាំង​កូរ៉េខាងជើង ដោយសារ​ការសាកល្បង​នុយក្លេអ៊ែរលើកទី៦​កាលពី​ដើមខែ​កញ្ញា​ និង​ការបាញ់​មីស៊ីល​រំលង​ទឹកដីជប៉ុនកាលពីចុងខែ​សីហា។

ប៉ុន្តែ ​​កូរ៉េខាងជើង​នៅតែ​បន្ត​បាញ់មីស៊ីលផ្គើន​អន្តរជាតិដដែល។ ជាក់ស្តែង កាលពី​ថ្ងៃសុក្រ ​ក្រុងព្យុងយ៉ាង​បាន​បាញ់​មីស៊ីលបាលិស្ទិក ចំងាយ​មធ្យម ​ហោះ​​​រំលង​ទឹកដីជប៉ុនជាថ្មី​ម្តងទៀត។ មីស៊ីល​កាលពី​ថ្ងៃសុក្រ បាន​ហោះ​ក្នុង​ចំងាយ​ឆ្ងាយ​មិនធ្លាប់មាន សបញ្ជាក់​ពី​ការរីកចម្រើន​របស់​កូរ៉េខាងជើង ក្នុង​ការអភិវឌ្ឍ​​មីស៊ីល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ