អានតួអត្ថបទ
ហ្វីលីពីន

កងទ័ពហ្វីលីពីន​ប្រកាស​រួមកម្លាំង​​​​ជាមួយ​​ក្រុមឧទ្ទាមរំដោះអ៊ីស្លាម​Moro ​​ដើម្បី​​កំចាត់​​​ក្រុម​ជីហាត​​

ថ្ងៃពុធ​នេះ កងទ័ព​ហ្វីលីពីន​បាន​ប្រកាស​​រួបរួមកម្លាំង​​​​ជាមួយ​ក្រុមឧទ្ទាម​រណសិរ្ស​រំដោះ​ម៉ូរូ ដែលជា​អតីតសត្រូវ​ ដើម្បី​សម្រេចទិសដៅ​​កំចាត់​ក្រុម​ជីហាត​មួយក្រុម​​នៅ​ភាគខាងត្បូង​ប្រទេស។ កងទ័ព​ហ្វីលីពីន​គ្រោង​​ផ្តល់ជំនួយ​តាមផ្លូវអាកាស ជួយ​ក្រុម​ឧទ្ទាម​រណសិរ្ស​ម៉ូរ៉ូ ក្នង​យុទ្ធនាការ​កំចាត់​ក្រុមជីហាត។ ​

ទាហាន​ហ្វីលីពីន​កំពុង​ដើរល្បាត​នៅក្រុង ​Marawi ភាគខាងត្បូង​ប្រទេស ខែ​ឧសភា ២០១៧
ទាហាន​ហ្វីលីពីន​កំពុង​ដើរល្បាត​នៅក្រុង ​Marawi ភាគខាងត្បូង​ប្រទេស ខែ​ឧសភា ២០១៧ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

ដើម្បី​​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​កំចាត់​ក្រុមជីហាត កងទ័ព​ហ្វីលីពីន​បាន​ប្រកាស​រួបរួម កម្លាំង​​គ្នា​ជាមួយ​​​​​​ក្រុមឧទ្ទាម​រណសិរ្ស​រំដោះ​អ៊ីស្លាម​​ម៉ូរ៉ូ ហៅកាត់ថា ក្រុម​ ​Milf ​ដែលជា​អតីតសត្រូវ​​របស់​ហ្វីលីពីន។ កងទ័ព​និង​ក្រុមឧទ្ទាម​អ៊ីស្លាមម៉ូរ៉ូ មានទិសដៅ​រួមគ្នា គឺ​កំចាត់​ក្រុម​ជីហាត​មួយក្រុម នៅ​ភាគខាងត្បូង​ក្រុងម៉ារ៉ាវី។ ក្រុមជីហាត​នេះ​​នាំមុខ​​ដោយ​សកម្មជនជីហាត​​ឈ្មោះថា​ អ៊ីស្មាអែល អាប់ឌុលម៉ាលិក ដែលគេដាក់នាម​អោយ​ថា ​​អាប៊ូ ទូរ៉ៃហ្វ៊ី ​Abu Turaifi។ សកម្មជន​អាប៊ូ ទូរ៉ៃហ្វី ធ្លាប់​ជា​មេដឺកនាំមួយរូប នៅ​​ក្រុមឧទ្ទាម​ម៉ូរ៉ូដែរ។ ក្រុមឧទ្ទាម​ម៉ូរ៉ូ​ប្រាប់ថា ក្រុមជីហាត​​អាប៊ូ ទូរ៉ៃហ្វ៊ី ​​មួយនេះ​គាំទ្រ​ក្រុមភេរវជន​អង្គការ​រដ្ឋអ៊ីស្លាម។ ​ឆ្លៀតពេល​កងទ័ព​កំពុងផ្តោត​ការ​​​ប្រយុទ្ធ​នៅ​ក្រុងម៉ារ៉ាវី ក្រុមជីហាត​មួយនេះបាន​​​ពង្រឹង​កង​កម្លាំង និង​បើកការ​វាយប្រហារ កាលពី​ខែសីហា។

ក្នុង​ការ​រួមដៃ​ជាមួយ​ក្រុមឧទ្ទាម​ម៉ូរ៉ូ ដើម្បី​​កំចាត់​ក្រុម​​​អាប៊ូ ទីរ៉ៃហ្វី ​មេបញ្ជាការ​កងទ័ព​ហ្វីលីពីន​ប្រាប់ថា ​កងទ័ព​​គ្រោង​ជួយ​ដោយប្រយោល​ ​គ្រោង​ផ្តល់​ជំនួយ​តាមផ្លូវអាកាស​ដល់​ក្រុម​រណសិរ្ស​ម៉ូរ៉ូ​។ ប៉ុន្តែ មិន​លាយឡំកម្លាំង​ជាមួយក្រុមម៉ូរ៉ូទេ ព្រោះ​បច្ចេកទេស​វាយប្រហារ​របស់​​កងទ័ព​និង​ក្រុមម៉ូរ៉ូ​មិនដូចគ្នា​ទេ។ អ្នកសារព័ត៌មាន​AFP បានឃើញ​កងទ័ព​ប្រើឧទ្ធម្ភាគចក្រ​២គ្រឿង ​វាយប្រហារ​ក្រុម​អាប៊ូ ទូរ៉ៃហ្វ៊ី។ ប៉ូលិស​ក៏បាន​ដឹក​ជនរងគ្រោះ​របស់​ក្រុមឧទ្ទាម​ម៉ូរ៉ូដែរ។

សូមរំលឹកថា ​ក្រុមឧទ្ទាមរណសិរ្ស​​ម៉ូរ៉ូ​មាន​សកម្មជន​ប្រយុទ្ធ​មួយម៉ឺននាក់ ហើយ​បើយោងតាម​រដ្ឋាភិបាល​ហ្វីលីពីន ហិង្សា​បះបោរ​ផ្តាច់ទឹកដី​និយម​របស់​​ក្រុម​មួយនេះ​​បានធ្វើអោយ​មាន​មនុស្សស្លាប់​មួយសែន​នាក់។ ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បើក ការ​ចរចា​សន្តិភាព​ជាមួយក្រុមឧទ្ទាម​ម៉ូរ៉ូ និង​​សម្រេចបាន​កិច្ចព្រមព្រៀង​សន្តិភាព​កាលពី​ឆ្នាំ២០១៤។ ប៉ុន្តែ​ ​ក្រុម​ម៉ូរ៉ូ​នៅ​មិនទាន់​បាន​ទំលាក់អាវុធ​ចុះ​ទេ ​ដោយ​រង់ចាំ​អោយ​​​ហ្វីលីពីន​បោះឆ្នោត​ចេញច្បាប់​ទទួលស្គាល់​​ភាព​ស្វ័យតតាម​​​​​​​តំបន់​អ៊ីស្លាម​​ផ្សេងៗជាមុន​សិន។

ពេលនេះ ក្រៅពីត្រូវរួមដៃ​ជាមួយ​ក្រុមរណសិរ្ស​ម៉ូរ៉ូ ដើម្បី​កំទេច​ក្រុ​មជីហាត​នៅ​ភាគ​ខាងត្បូងក្រុង​​​ម៉ារ៉ាវី កងទ័ព​ហ្វីលីពីន​​​ក៏​កំពុង​វាយបំបែក​សកម្មជន​​​​អ៊ីស្លាមជ្រុលនិយម​​ ​​នៅតាម​ទីតាំង​ច្រើន​កន្លែងទៀត នៅ​កោះ​មីនដាណាវ ភាគខាងត្បូង​ប្រទេស​​ដែរ។​ ចំណែក​ក្រុមរណសិរ្ស​ម៉ូរ៉ូវិញ​ក៏បាន​​មមាញឹក​កំទេច​ក្រុម​​ដែលចូលដៃ​ជើងជាមួយ​ក្រុមភេរវជន​រដ្ឋអ៊ីស្លា​មដែរ៕ ​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ