ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
មជ្ឈិមបូព៌ា

ការ​ចរចា​របស់​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ត្រូវ​អាក់ខាន​ដោយសា​អេហ្ស៊ីប​បិទ​ព្រំដែន

media  
ទាហាន​ការពារ​ព្រំដែន​អេហ្ស៊ីប​ត្រួតពិនិត្យ​រថយន្ត​ នៅ​ច្រក​ព្រំដែន​រ៉ាហ្វា ជាប់​ជាមួួយ​​តំបន់ហ្គាហ្សា​ប៉ាឡេស្ទីន REUTERS/Ibraheem Abu Mustafa

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដែនដី​ប៉ាឡេស្ទីន បាន​ផ្តល់​ដំណឹង​ថា ពួក​គេ​បាន​សំរេច​ចិត្ត​លើក​ការ​ប្រជុំ​ចរចា​ ជាមួយ​អ៊ីស្រាអែល​ដែល​គ្រោង​ធ្វើ​នៅ​ក្រុង​គែរ រដ្ឋធានី​អេហ្ស៊ីប ដោយសា​តែ​អេហ្ស៊ីប​បាន​បិទ​ច្រក​ចេញចូល តំបន់​ហ្គាហ្សា។ ការ​ពន្យា​ពេល​នេះ មិន​ដឹង​ថា ពេល​ណា​ ទើប​ការចរចា​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល នឹង​ចាប់ផ្តើម​ឡើងវិញ​ទេ។

តំណាង​គណៈប្រតិភូ​ចរចា​របស់​ក្រុម​ប៉ាឡេស្ទីន​បាន​ជូន​ដំណឹង​ថា ក្រុម​ខ្លួន​នឹង​លើក​ការ​ចរចា​ជាមួយ​ភាគី​អ៊ីស្រាអែល​ទៅ​ថ្ងៃក្រោយ។ ការ​ចរចា​នេះ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​២៧​ តុលា​នេះ នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន បាន​ឲ្យ​ដឹង​ថា ពួក​គេ​សម្រេច​ចិត្ត​លើក​ការ​ចរចា​នេះ ក៏​ដោយសា តែ​ស្ថានភាព​អសន្តិសុខ​នៅ​ប្រទេស​អេហ្ស៊ីប។

 
សូម​បញ្ជាក់​ថា ពីរ​ថ្ងៃ​មុន​នេះ អេហ្ស៊ីប​បាន​ដាក់​តំបន់​ស៊ីណៃ ភាគ​ឥសាន​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន បន្ទាប់​ពី​រង​ការ​វាយប្រហារ​ភេរវកម្ម​ជា​បន្ត​បន្ទាប់ បង្ក​ឡើង​ដោយ​ពួក​អ៊ីស្លាម​ជីហាត​នៅ​តំបន់​នោះ។ ក្នុង​ហេតុការណ៍​ចុង​ក្រោយ​គេ ហើយ​ដែល​ធ្ងន់ធ្ងរ​ជាង​គេ​ដែរ គឺ​ដោយសា​ភេរវកម្ម​អត្តឃាត ដែល​បាន​សម្លាប់​ទាហាន​អេហ្ស៊ីប អស់​៣០នាក់ និង​២៩នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់។ ភ្លាមៗ​នោះ រដ្ឋា​ភិបាល​យោធា​អេហ្ស៊ីប​បាន​ដាក់​តំបន់​នេះ​ក្នុង​ភាព​អាសន្ន ហើយ​បាន​បិទ​ច្រក​ចេញចូល​ព្រំដែន ជាមួយ​នឹង​តំបន់​ហ្គាហ្សា​របស់​ប៉ាឡេស្ទីន។ សូម​បញ្ជាក់​ថា ច្រក​ព្រំដែន រ៉ាហ្វា​នេះ ជា​ច្រក​ចេញចូល​តែ​មួយគត់​របស់​តំបន់​ហ្គាហ្សា​ប៉ាឡេស្ទីន ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​អាជ្ញាធរ​អ៊ីស្រាអែល។ មេ​ដឹក​នាំ​ក្រុម​ហាម៉ាស បាន​ឲ្យ​ដឹង​ថា ដោយហេតុ​តែ​ច្រក​ព្រំដែន​នេះ​ ត្រូវ​អេហ្ស៊ីប​បិទ ដូច្នេះ គណៈប្រតិភូ​ប៉ាឡេស្ទីន​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​ហ្គាហ្សា​ ទៅ​ចូលរួម​ប្រជុំ​នៅ​ក្រុងគែរ​បានទេ។

ការ​ពិត​ទៅ ការ​សម្រេច​ចិត្ត​របស់​ពួក​ប៉ាឡេស្ទីន​នៅ​ពេល​នេះ ចង់​បង្ហាញ​ឲ្យ​គេ​ឯង​ឃើញ​ថា ប៉ាឡេស្ទីន​សព្វ​ថ្ងៃ​ មាន​ការ​លំបាក​ណាស់ ដោយសា​តែ​អ៊ីស្រាអែល​ឡោមព័ទ្ធ​ជាប់ ចង់​ចេញ​ចូល​ទៅណា​មកណា ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​ពួក​អ៊ីស្រាអែល យ៉ាង​តឹងរឹង។ ច្រក​ចេញចូល​តែ​មួយគត់​ដែល​មាន​ គឺ​ច្រក​រ៉ាហ្វា​ដែល​ជាប់​ជាមួយ​អេហ្ស៊ីប។ ឥឡូវ​ច្រក​នេះ​អេហ្ស៊ីប​គេ​បិទ​ទៀត។ តំបន់​ហ្គាហ្សា​ប៉ាឡេស្ទីន ដូច​ជាប់​ក្នុង​គុក​អញ្ចឹង។

យ៉ាង​ណា​មិញ ការ​ទាមទា​សុំ​ឲ្យ​មាន​បើក​ច្រក​ចេញចូល​ ឲ្យ​បាន​ច្រើន​នៅ​ក្នុង​តំបន់​ហ្គាហ្សា​នេះ​ហើយ ដែល​ជា​ចំណុច​ក្តៅ​ក្នុង​ការ​ចរចា​ស្វែង​រក​សន្តិភាព​ រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ ប៉ាឡេស្ទីន ទាមទា​សុំ​មាន​កំពង់​ផែ​សមុទ្រ និង​មាន​ព្រលាន​យន្តហោះ​មួយ ដើម្បី​ងាយស្រួល​ក្នុង​ការ​ចេញចូល និង​ជា​ពិសេស​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ជំនួញ ក៏​ដូច​ជា​ការ​នាំចូល នាំចេញ​ទំនិញ ទៅក្នុង​តំបន់​ហ្គាហ្សា។ ប៉ុន្តែ​ការ​ស្នើរសុំ ទាំងនេះ​របស់​ពួក​ប៉ាឡេស្ទីន កន្លង​មក អ៊ីស្រាអែល បិទ​ត្រចៀក មិន​ព្រម​ស្តាប់​អ្វី​ទាំង​អស់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ