ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/09 12h00 GMT
អាមេរិក

កិច្ចព្រមព្រៀង​អាកាសធាតុ​ត្រូវចុះ​ហត្ថលេខា​ជា​ផ្លូវការ​នៅ​អ.ស.ប

media  
កិច្ចព្រមព្រៀងអាកាសធាតុ​ដែល​ត្រូវ​ចុះហត្ថលេខា​នៅថ្ងៃ​សុក្រ២២​មេសា​ឆ្នាំ​២០១៦​នេះ កំណត់គោលដៅ​រួម​ថា​នឹង​ទប់ស្កាត់​សីតុណ្ហភាព​មធ្យម​មិន​ឲ្យ​កើនឡើង​លើស​ពី​២អង្សា

កិច្ចព្រមព្រៀង​អាកាសធាតុ ដែល​កើតចេញ​ពី​ការចរចា​នៅ​ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ខែ​ធ្នូ​កន្លងទៅ នឹង​ត្រូវ​ដាក់​ឲ្យ​ចុះ​ហត្ថលេខា​ជាផ្លូវការ នៅថ្ងៃ​សុក្រ​នេះ នៅ​ឯ​ទីស្នាក់ការ​អ.ស.ប នៅ​ក្នុង​ទីក្រុង​ញូវយ៉ាក។ ការចុះហត្ថលេខា​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​មួយ​ប៉ុណ្ណោះ ហើយ​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​នៅមិនទាន់​អាច​ចូល​ជាធរមាន​បាន​នៅឡើយទេ។

កិច្ចព្រមព្រៀង​អាកាសធាតុ​​នេះ​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​តំណាង​មក​ពី​ប្រទេស​ចំនួន ១៦៥ ក្នុងនោះ មាន​​ប្រមាណ​ជា ៦០រូប គឺ​ជា​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល រួមមាន​ដូចជា លោក​ប្រធានាធិបតី​បារាំង នាយករដ្ឋមន្រ្តី​កាណាដា នាយករដ្ឋមន្រ្តី​អ៊ីតាលី ជាដើម។

ក៏ប៉ុន្តែ គេធ្វើ​ការ​កត់សម្គាល់​ឃើញ​ថា មេដឹកនាំ​កំពូលៗ​នៃ​បណ្តា​ប្រទេស​មួយចំនួន ដែល​សុទ្ធសឹង​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ធំៗ​នៅលើ​ពិភពលោក រួមមាន​ដូចជា លោក​អូបាម៉ា លោក​ស៊ី ជីនពីង លោក​វ៉្លាឌីមៀរ ពូទីន ឬ​ក៏​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ជាដើម​នោះ មិនមាន​វត្តមាន​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ទេ។ សហរដ្ឋ​អាមេរិក​ តំណាង​ដោយ​លោក​រដ្ឋមន្រ្តី​ការបរទេស​ចន ឃែរី ចំណែក​ចិន តំណាង​ដោយ​ឧបនាយករដ្ឋមន្រ្តី។

លោកស្រី​សេហ្គោលែន រ៉ូយ៉ាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បារាំង ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អាកាសធាតុ​ឆ្នាំ​២០១៥ បាន​លើកឡើង​ថា អវត្តមាន​របស់​មេដឹកនាំ​កំពូលៗ​នៃ​ប្រទេស​ប៉ុន្មាន​ខាងលើ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ប្រសិទ្ធភាព​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​ទេ។ ផ្ទុយទៅវិញ លោកស្រី​បាន​ធ្វើ​ការ​កត់សម្គាល់​ថា នៅ​ក្នុង​​ប្រវត្តិ​នៃ​ទំនាក់ទំនង​អន្តរជាតិ គេ​មិនដែល​ឃើញ​មាន​កិច្ចព្រមព្រៀង​អន្តរជាតិ​ណាមួយ ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រទេស​​យ៉ាងច្រើន រហូត​ដល់​ទៅ ១៦៥ ក្នុង​ថ្ងៃ​តែមួយបែបនេះ​ទេ។​
 ទោះជាយ៉ាងណា ការចុះហត្ថលេខា​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​មួយ​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​អាច​ចូល​ជាធរមាន​បាន ចាំបាច់​ត្រូវ​ឲ្យ​មាន​ការ​ផ្តល់​សច្ចាប័ន​ពី​សំណាក់​ប្រទេស​យ៉ាងតិច​ចំនួន ៥៥ ដែល​មាន​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​យ៉ាងតិច ៥៥% នៃ​បរិមាណ​សរុប​នៅ​ទូទាំង​ពិភពលោក។

គួររំឭកឡើងវិញ​ថា គោលការណ៍​ចម្បង​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ គឺ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​យើង កើនឡើង​លើស​ពី ១,៥អង្សា នៅ​ចុង​សតវត្សរ៍​ទី២១​នេះ ហើយ​ដើម្បី​អាច​សម្រេច​បាន​នូវ​គោលដៅ​នេះ គេ​ចាំបាច់​ត្រូវតែ​ចាត់វិធានការ​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ថាមពល​ផូស៊ីល រួមមាន ដូចជា ប្រេង និង​ធ្យូងថ្ម ជាដើម ដែល​ជា​ប្រភព​ចម្បង​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​បង្ក​ឲ្យ​ភពផែនដី​ឡើង​កម្តៅ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ