ប៉ូលិសនិងជនស៊ីវិលកុងហ្គោ៤នាក់ស្លាប់ ក្នុងព្រឹត្តិការណ៍តវ៉ាលទ្ធផលនៃការបោះឆ្នោត
ប៉ូលិសពីរនាក់ និងជនស៊ីវិលពីរនាក់បានស្លាប់ នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅថ្ងៃព្រហស្បតិ៍ទី១០ មករា ឆ្នាំ២០១៩។ បើតាមអាជ្ញាកុងហ្គោ ហេតុការណ៍នេះ បានកើតឡើង នៅពេលដែលប៉ូលិស ចូលធ្វើអន្តរាគមន៍ ដើម្បីបញ្ចប់ការតវ៉ាប្រឆាំងទៅនឹងលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសរួចមក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី របស់ប្រទេសកុងហ្គោប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ធ្នូឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ គណៈកម្មការរៀបចំការបោះឆ្នោតកុងហ្គោ បានប្រកាសនៅថ្ងៃទី១០ មករា ឆ្នាំ២០១៩ ថា គណបក្សប្រឆាំងដ៏ធំរបស់ប្រទេស បានឈ្នះការបោះឆ្នោតនាអាណត្តិនេះ យ៉ាងប្រផិតប្រផើយបំផុតជាមួយនឹងគូប្រជែងដទៃទៀត។
ជាក់ស្តែង គណបក្សប្រឆាំងធំជាងគេរបស់កុងហ្គោ បានយកឈ្នះដោយសំឡេងឆ្នោតចំនួន៣៨,៥៧ភាគរយនៃសន្លឹកឆ្នោត តាមពីក្រោយដោយគណបក្សប្រឆាំងមួយទៀត ដោយសំឡេង ៣៤,៨ ភាគរយ ហើយគណបក្សកាន់អំណាចឈរនៅលេខរៀងទី៣ ដោយទទួលបានសំឡេងគាំទ្រចំនួន ២៣,៨ ភាគរយ។
លទ្ធផលនៃសម្លេងឆ្នោតនេះ បានបង្កជាមន្ទិលសង្ស័យជាច្រើន ក្នុងចំណោមមតិជាតិនិងអន្តរជាតិ។ ក្នុងនោះផងដែរ រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយថា លទ្ធផលដែលបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតកុងហ្គោ ហាក់ "មិនស្រប" ជាមួយនឹងលទ្ធផលពិតប្រាកដឡើយ។ ស្រដៀងគ្នានេះដែរ តំណាងវិហារកាតូលិកកុងហ្គោ ដែលបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនចំនួនជាង ៤ ម៉ឺននាក់ ក៏គិតថាលទ្ធផលឆ្នោតហាក់មិនមែនជាលទ្ធផលពិតប្រាកដនោះទេ។
មួយវិញទៀត លទ្ធផលដែលថា ជ័យជម្នះបានធ្លាក់ទៅក្នុងដៃរបស់គណបក្សប្រឆាំង ក៏បានបង្កជាការភ្ញាក់ផ្អើល និងមិនសុខចិត្តក្នុងចំណោមសាធារណជនកុងហ្គោមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងចេញតវ៉ាប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោត ដែលប្រកាសដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតទៀតផង។
បន្ទាប់ពីការផ្ទុអំពើហិង្សានេះដែរ សហភាពអាហ្វ្រិកបានអំពាវនាវភ្លាមៗ ដល់ភាគីជម្លោះទាំងអស់ ដែលមិនពេញចិត្តនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកុងហ្គោ ឲ្យដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងតាមការសន្ទនាគ្នា។
គួររឮកជូនទៀតថា នៅគ្រាកន្លង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មិនដែលមានប្រវត្តិផ្ទេរតំណែងប្រធានាធិបតី ដោយសន្តិវិធីឡើយ បើរាប់ចាប់តាំងពីប្រទេសអាហ្វ្រិកកណ្តាលមួយនេះ ទទួលបានឯករាជ្យពីប្រទេសបែលហ្សិកនាឆ្នាំ១៩៦០ មក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ