អានតួអត្ថបទ

កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយ​ខ្លី

កូរ៉េ​ខាង​ត្បូង​បាន​អះអាង​ថា កូរ៉េ​ខាងជើង​បាន​ធ្វើការ​បាញ់សាកល្បង​សព្វាវុធ​​រយៈចម្ងាយ​ខ្លី​ជាច្រើន​គ្រាប់ នៅថ្ងៃ​សៅរ៍​នេះ ក៏ប៉ុន្តែ រហូត​មក​ទល់​នឹង​ពេលនេះ គេ​នៅ​មិន​ទាន់​អាច​កំណត់​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយទេ​ អំពី​ប្រភេទ​នៃ​សព្វាវុធ​ទាំងនេះ។ ប្រសិន​បើ​នេះ​គឺ​ជា​​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ខ្លី​​ពិតប្រាកដ​មែន វា​គឺ​ជា​លើកទី១ នៅ​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ ហើយ​វា​អាច​ជា​ការ​​ដំឡើង​សាច់ដុំ ដើម្បី​ដាក់សម្ពាធ នៅ​ក្នុងការ​ចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក។

លោក​ គីម ជុងអ៊ុន នៅ​ក្នុង​អំឡុង​ជំនួបកំពូល​ជាមួយ​លោក​ ដូណាល់ ត្រាំ នៅ​វៀតណាម កាល​ពីថ្ងៃ​ទី២៨កុម្ភៈ​២០១៩
លោក​ គីម ជុងអ៊ុន នៅ​ក្នុង​អំឡុង​ជំនួបកំពូល​ជាមួយ​លោក​ ដូណាល់ ត្រាំ នៅ​វៀតណាម កាល​ពីថ្ងៃ​ទី២៨កុម្ភៈ​២០១៩ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ពី​ដំបូង នាយសេនាធិការ​ចម្រុះ​នៃ​កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​អះអាង​ថា អ្វីដែល​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​​នៅ​ព្រឹកថ្ងៃ​សៅរ៍​នេះ គឺ​ជា "មីស៊ីលរយៈចម្ងាយ​ខ្លី” ក៏ប៉ុន្តែ ក្រោយ​មក​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយទៀត បាន​ប្រើពាក្យ​ត្រឹមតែ “សព្វាវុធរយៈចម្ងាយខ្លី” តែ​ប៉ុណ្ណោះ ដោយ​មិន​បញ្ជាក់​ថា ជា​ប្រភេទ​មីស៊ីល ឬ​ក៏​ជា​អ្វីផ្សេងទៀត​នោះទេ។

សព្វាវុធ​នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ឆ្នេរប៉ែក​ខាង​កើត​របស់​កូរ៉េ​ខាងជើង ដោយ​ខ្លះ​ហោះបាន​ចម្ងាយ​ ៧០គីឡូម៉ែត្រ ហើយ​ខ្លះ​ទៀត​ហោះ​បាន​រហូតដល់​ទៅ​ ២០០គីឡូម៉ែត្រ ​ទៅ​ក្នុង​សមុទ្រ ដែល​ស្ថិត​នៅ​ចន្លោះ​ឧបទ្វីបកូរ៉េ និង​ប្រទេស​ជប៉ុន។ ក៏ប៉ុន្តែ បើ​យោងតាម​​ក្រសួង​ការពារជាតិ​ជប៉ុន មីស៊ីល​អស់​ទាំងនេះ​មិន​បាន​ហោះ​ចូល​ទៅដល់​ក្នុង​ដែនទឹក​របស់​ជប៉ុន​នោះទេ។

នៅ​ឯ​ទីក្រុង​វ៉ាស៊ីងតោន​ឯណោះវិញ មន្រ្តី​អ្ន​កនាំពាក្យ​សេតវិមាន​បាន​លើកឡើង​ថា អាមេរិក​បាន​ដឹង អំពី​ការ​បាញ់​សាកល្បង​​នេះ ហើយមន្រ្តី​ផ្សេងទៀតនៅ​ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក​បាន​លើកឡើង​ថា អ្នក​ជំនាញ​របស់​ខ្លួន​កំពុងតែ​វិភាគ​ទៅលើ​ទិន្នន័យ ដើម្បី​កំណត់​ថា តើ​អ្វី​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​នេះ គឺ​ជា​មីស៊ីល ឬ​ជា​ប្រភេទ​អាវុធ​អ្វី​ផ្សេងទៀត។

គួររំឭកឡើងវិញ​ថា លើកចុងក្រោយ ដែល​កូរ៉េ​ខាងជើង​បាន​ធ្វើការ​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក គឺ​កាល​ពី​ខែវិច្ឆិកា​ឆ្នាំ២០១៧​កន្លងទៅ ហើយ​ចាប់​ពី​ពេលនោះ​មក កូរ៉េ​ខាងជើង​ ថ្វីដ្បិត​តែ​បាន​បាញ់​សាកល្បង​សព្វាវុធ​ខ្លះ ក៏ប៉ុន្តែ មិនដែល​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​នោះទេ ទោះជា​មីស៊ីល​រយៈចម្ងាយ​ជិត ចម្ងាយមធ្យម ឬ​ក៏​​ជា​មីស៊ីល​អន្តរទ្វីប។

ការបាញ់សាកល្បង​នៅ​ថ្ងៃ​សៅរ៍​នេះ បើទោះជា​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ខ្លី​មែន​ក៏ដោយ ក៏មិនប្រាកដ​ថា កូរ៉េ​ខាងជើង​ដក​ចេញ​មកវិញ​នូវ​​​ការ​សន្យា​ផ្អាក​ការ​សាកល្បង​មីស៊ីល​និង​នុយក្លេអ៊ែរ​​ដែល​ធ្លាប់​ធ្វើ​នៅ​ក្នុង​អំឡុង​ពេល​ចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​​នោះដែរ ពីព្រោះ​ថា អ្វី​ដែល​កូរ៉េ​ខាងជើង​សន្យា​ផ្អាកនោះ គឺ​ទាក់ទង​នឹង​មីស៊ីល​បាលីស្ទិក​​អន្តរទ្វីប។

ក៏ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ ការ​បាញ់សាកល្បង​នៅថ្ងៃ​នេះ វា​គឺ​ជា​កាយវិកា​មួយ​ទៀត ដែល​បង្ហាញ​ពី​ការ​មិនសប្បាយ​ចិត្ត​របស់​កូរ៉េ​ខាងជើង នៅ​ក្នុង​ដំណើរការ​ចរចា​ជាមួយ​អាមេរិក ចាប់តាំង​ពី​បរាជ័យ​នៃ​ជំនួបកំពូល រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ចុងខែ​កុម្ភៈ​កន្លងទៅ។ កូរ៉េ​ខាងជើង​ទំនង​ជា​យក​ការ​បាញ់សាកល្បង​​អាវុធ​នេះ ដើម្បី​ជា​មធ្យោបាយ​ក្នុង​​ការ​ដាក់សម្ពាធ​ឲ្យ​អាមេរិក​ធ្វើ​សម្បទាន ទៅតាម​ការ​ទាមទារ​របស់​ខ្លួន ជាពិសេស ការ​ទាមទារ​ឲ្យ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដែល​ក្រុងព្យុងយ៉ាង​តែងតែ​ទាមទារ​ដោយ​ទទូច​ពី​អាមេរិក ដើម្បី​ជា​ថ្នូរ​នឹង​ការ​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ