កូរ៉េខាងត្បូងៈ ការអំពាវនាវអោយបញ្ចប់ច្បាប់ហាមឃាត់ការរំលូតកូន ឡើងដល់តុលាការកំពូល
ចុះផ្សាយនៅថ្ងៃ៖
កន្លងមក ក្រុមសកម្មជនកូរ៉េខាងត្បូង បានធ្វើការទាមទារអោយមានការកែប្រែនូវច្បាប់ហាមឃាត់ការរំលូតកូន នៅក្នុងប្រទេសកូរ៉េនេះ។ កាលពីខែកញ្ញា ឆ្នាំ២០១៧ ពួកគេបានដាក់ញត្តិមួយទៅកាន់ការិយាល័យប្រធានាធិបតី ដើម្បីស្នើសុំអោយលុបបំបាត់ចោលនូវច្បាប់ហាមឃាត់នេះ។ ចំណែកក្រុមអ្នកកាន់សាសនា ដែលតែងគាំទ្រនូវច្បាប់ហាមឃាត់ការរំលូតកូន ក៏បានដាក់ញត្តិទៅរដ្ឋាភិបាលផងដែរ ដើម្បីប្រឆាំងទៅនឹងញត្ដិស្នើសុំរបស់ក្រុមសកម្មជន។ ប្រធានបទនេះ នឹងត្រូវលើកយកទៅជជែកពិភាក្សានៅតុលាកំពូលនៃកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ខាងមុខ។
នៅកូរ៉េខាងត្បូង ច្បាប់ហាមឃាត់ការរំលូតកូនរបស់ស្រី្ត ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៥៣មកម្លេះ។ ច្បាប់នេះ អនុញ្ញាតិអោយមានការរំលូតកូន បានតែក្នុងករណីដែលស្ត្រីមានផ្ទៃពោះដោយសារត្រូវគេចាប់រំលោភ ករណីឪពុកនិងម្ដាយពុំអាចរៀបការដោយស្របតាមច្បាប់ និងក្នុងករណីដែលការពរពោះអាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្រ្តីជាម្ដាយ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងជាប្រទេសមួយ ដែលមានអត្រានៃការរំលូតកូន ខ្ពស់។ ប្រមាណ២០ភាគរយ នៃចំនួនស្រ្តីដែលមានផ្ទៃពោះ បានធ្វើការរំលូតកូន នេះបើយោងតាមទិន្នន័យរបស់វិទ្យាស្ថានអភិវឌ្ឍន៍ស្ត្រីរបស់ប្រទេសកូរ៉េ។ ផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនិងសុខុមាលភាពកូរ៉េ នៅក្នុងឆ្នាំ២០១០ មានករណីរំលូតកូនជិត២០ម៉ឺនករណី ហើយក្នុងនោះ មាន៩៤ភាគរយដែលធ្វើការរំលូតកូនដោយខុសច្បាប់។ នៅក្នុងប្រទេសកូរ៉េ ស្រ្តីដែលធ្វើការរំលូតកូនដោយខុសច្បាប់ ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ឬការពិន័យជាប្រាក់២លានវ៉ូន ដែលមានតម្លៃជិតស្មើ២ពាន់ដុល្លាអាមេរិក។ គ្រូពេទ្យដែលអនុវត្តការរំលូតកូន អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
ក្រុមសកម្មជនមួយចំនួន បានធ្វើការប្រឆាំងទាមទារអោយមានការកែប្រែនូវច្បាប់ហាមឃាត់ការរំលូតកូននេះ។ ពួកគេអះអាងថា ការហាមឃាត់នេះ អាចបណ្ដាលអោយប៉ះពាល់ដល់សុខភាពស្ត្រីដែលមានផ្ទៃ ពីព្រោះស្ត្រីទាំងនោះត្រូវបង្ខំចិត្តទៅរកគ្រូពេទ្យពុំស្របច្បាប់ ដើម្បីទទួលការវះកាត់ពន្លូតកូន ហើយពួកគេពុំអាចទាមទារសំណងធានារ៉ាប់រងសុខភាព ពីក្រុមហ៊ុនធានារ៉ាប់រ៉ងរបស់ពួកគេបាននោះទេ។
ក្រុមសកម្មជន ប្រឆាំងច្បាប់ហាមឃាត់ការរំលូតកូន ធ្លាប់បានដាក់ញត្តិទៅរដ្ឋាភិបាលកាលពីឆ្នាំ២០១២ ក្នុងគោលបំណងស្នើអោយមានការលុបចោលនូវច្បាប់នេះ តែត្រូវរដ្ឋាភិបាលសម្រេចបដិសេធចោល។ កាលនោះ តុលាការកំពូលបានសម្រេច ដោយអះអាងថា ការមិនផ្តន្ទាទោសការរំលូតកូនថាជាបទល្មើសព្រហ្មទណ្ឌ នឹងបណ្ដាលអោយមានការរំលូតកូនកាន់តែច្រើនបន្ថែមទៀត។
សាធារណៈជនកូរ៉េខាងត្បូង បានបង្ហាញកាន់តែច្រើនឡើងនូវការចង់អោយមានការកែប្រែច្បាប់ហាមឃាត់ការរំលូត ដែលមានក្នុងប្រទេសនេះចំនួន៦៥ឆ្នាំមកហើយ។ ការដាក់ញត្តិទៅកាន់ការិយាល័យប្រធានាធិបតី ដើម្បីស្នើសុំអោយលុបបំបាត់ចោលនូវច្បាប់ហាមឃាត់នេះ បានធ្វើឡើងសារជាថ្មីម្ដងទៀត ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៧។ ការដាក់ញត្តិលើកនេះ មានការចុះហត្ថលេខាគាំទ្រតាមប្រព័ន្ធអ៊ីនធ័រណែត ពីប្រជាជនកូរ៉េខាងត្បូងប្រមាណ ២៣ម៉ឺន ៥ពាន់នាក់។ ករណីនេះ នៅពុំទាន់ត្រូវបានដោះស្រាយរួចរាល់នោះទេ។ ករណីនេះ នឹងនេះនឹងត្រូវយកទៅជជែកដេញដោលសារជាថ្មី នៅស្ថាប័នតុលាការកំពូល នៅថ្ងៃទី២៤ ខែឧសភានេះ។
ក្រុមអ្នកសាសនាកាតូលិក តាំងពីដើមមកគាំទ្រនូវច្បាប់ហាមឃាត់ការរំលូតកូននេះ។ ពួកគេលើកឡើងថា នៅលើពិភពលោកនេះ ពុំមានអ្វីដែលសំខាន់ជាងជីវិតមនុស្សនោះទេ។ កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅនេះ អង្គការប្រឹក្សាកាតូលិកកូរ៉េ ដែលហៅថា CLAK និង អង្គការស្ត្រីកាតូលិករបស់កូរ៉េ ក៏បានដាក់ញត្តិទៅតុលាការកំពូលផងដែរ ដើម្បីទាមទារអោយមានការរក្សាច្បាប់ប្រឆាំងនឹងការរំលូតកូននេះ។
យោងតាមការស្ទង់មតិមួយកាលពីខែវិច្ឆិកា ជនជាតិកូរ៉េ ជិត៥២ភាគរយគាំទ្រការលុបចោលច្បាប់ហាមឃាត់ការរំលូតកូន ហើយជាង៣៦ភាគរយគាំទ្រនូវច្បាប់នេះ។
ដើម្បីអាចលុបចោល ឬកែប្រែនូវច្បាប់រដ្ឋធម្មនុញ្ញមួយនេះបាន ត្រូវមានយ៉ាងហោចណាស់ចៅក្រមចំនួន៦រូបក្នុងចំណោម៩រូប ពីតុលាការកំពូលសម្រេចថា ប្រឆាំងការហាមឃាត់ការរំលូតកូន ឬចង់អោយមានការកែសម្រួលច្បាប់នេះឡើងវិញ។ រហូតមកដល់ពេលនេះ មានចៅក្រមចំនួន៦រូប ក្នុងចំណោម៩រូប ដែលមានសម្ដែងនូវការទទួលស្គាល់ក្នុងកម្រិតតិចឬច្រើនថា ការហាមប្រាមការរំលូតកូននាបច្ចុប្បន្ន គឺពិតជាបានរឹតបន្តឹងជ្រុលទៅលើស្ត្រី។
គួររំលឹកថា បច្ចុប្បន្ន ក្រៅពីកូរ៉េខាងត្បូងនៅមានប្រទេសមួយចំនួនទៀត ដែលនៅមានភាពតឹងរឹងហាមប្រាមការរំលូតកូន។ ក្នុងនោះ នៅក្នុងសហភាពអឺរ៉ុប មានដូចជា ប្រទេសអៀរឡង់ខាងជើង និងប្រទេសប៉ូឡូញ ហើយក្រៅក្របខណ្ឌសហភាពអឺរ៉ុបវិញ មានប្រទេសអង់ដរ បុរីវ៉ាទីកង់ និងសាំងម៉ាតាំង។ ក្រៅពីប្រទេសអឺរ៉ុប មានប្រទេសជាង១៥ទូទាំងពិភពលោក ហាមប្រាមការរំលូតកូន មានដូចជា ហ្វីលីពីន កោះប៉ាឡាវ នៅអាស៊ី សេណេហ្កាល់ រឺក៏ម៉ាដាហ្កាស្កា។
ក្នុងសហភាពអឺរ៉ុប ប្រទេសសមាជិកភាគច្រើន មានបារាំង បែលហ្ស៊ិក ហ្វាំងឡង់ ដាណឺម៉ាក រឺក៏ហុងគ្រី បានអនុញ្ញាតអោយស្ត្រីមានផ្ទៃពោះរហូតដល់១២សប្តាហ៍ អាចរំលូតកូនបាន។
តែលទ្ធផលចុងក្រោយយ៉ាងណា ថាតើកូរ៉េខាងត្បូងនឹងទុកច្បាប់នេះនៅដដែល ឬធ្វើការកែប្រែ ឬលុបបំបាត់ចោលច្បាប់នេះតែម្ដង ពុំទាន់អាចដឹងច្បាស់នោះទេ រហូតដល់ការជជែកបោះឆ្នោតសម្រេចចុងក្រោយនៅតុលាការធម្មនុញ្ញដែលជាតុលាការកំពូលរបស់កូរ៉េខាងត្បូង នៅថ្ងៃទី២៤ ឧសភានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ