អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ឧបទ្វីបកូរ៉េ៖​កូរ៉េខាងត្បូង​ច្រានចោល​សំណើ​សុំចរចា​ថ្នាក់យោធា​របស់​កូរ៉េខាងជើង

នៅ​ថ្ងៃ​ចន្ទ ទី២៣ ឧសភា​នេះ កូរ៉េខាងត្បូង​បាន​បដិសេធ​សំណើ​សុំ​ចរចា​កម្រិត​យោធា​របស់​កូរ៉េខាងជើង។ គឺ​ជា​សំណើ​ដែល​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន​ធ្លាប់​បាន​ទម្លាយ​ឲ្យ​ដឹង​នា​ឱកាស​សមាជ​គណបក្ស​នា​ពេល​ថ្មីៗ​កន្លង​ទៅ។ ការ​ឆ្លើយ​បដិសេធ​ដោយ​ទីក្រុង​សេអ៊ូល​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ជា​ថ្មី​ថា ដើម្បី​អាច​ផ្តើម​កិច្ចចរចា​ណា​មួយ​បាន ទីក្រុង​ព្យុងយ៉ាង​ត្រូវ​តែ​ចាត់​វិធានការ​ជាក់ស្តែង​ឆ្ពោះ​ទៅ​បោះបង់​ចោល​ទាំង​ស្រុង​នូវ​មហិច្ឆិតា​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​មុន​សិន។

លោក Moon Sang-Gyun អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង
លោក Moon Sang-Gyun អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង
ផ្សាយពាណិជ្ជកម្ម

ចម្លើយ​បដិសេធ​របស់​កូរ៉េខាងត្បូង​ថ្ងៃ​នេះ គឺ​ជា​ការ​តប​នឹង​សារ​របស់​កងទ័ព​កូរ៉េខាងជើង​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​សៅរ៍ ទី២១ ឧសភា​ដែល​ថា កងទ័ព​កូរ៉េខាងជើង​ជំរុញ​កូរ៉េខាងត្បូង​ឲ្យ​ទទួល​យក​ការ​ហុច​ដៃ​របស់​កូរ៉េខាងជើង​ដើម្បី​បញ្ជៀស​គ្រោះ​មហន្តរាយ​នៃ​ទំនាក់ទំនង​អន្តរកូរ៉េ។ ការ​ហុច​ដៃ​របស់​កូរ៉េខាងជើង គឺ​សំណើ​ឲ្យ​មាន​ការ​បើក​កិច្ចប្រជុំ​ការងារ​ថ្នាក់​យោធា​រវាង​គ្នា។ ក្រសួង​ការពារ​កូរ៉េខាងត្បូង​បាន​ទាត់​ចោល​សំណើ​នេះ​របស់​កងទ័ព​កូរ៉េខាងជើង​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ទីក្រុង​ព្យុងយ៉ាង​មិន​បាន​ចែង​ឲ្យ​បាន​ច្បាស់លាស់​ពី​ប្រធានបទ​ដែល​ត្រូវ​ជជែក ពិសេស​ប្រធានបទ​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​បាន​ទទួល​ការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិ។

អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​នេះ​ថា សំណើ​សុំ​ចរចា​ដែល​មិន​និយាយ​ដល់​ការ​រំសាយ​នុយក្លេអ៊ែរ ជា​សំណើ​លេងសើច និង​គ្មាន​ន័យ។ រូប​អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​ដដែល​បាន​បន្ថែម​ថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​នៅ​តែ​បន្ត​ប្រកាន់​ជំហរ​មិន​ផ្លាស់ប្តូរ​ដែល​ថា គ្រប់​វិធានការ​ឆ្ពោះ​ទៅ​រំសាយ​នុយក្លេអ៊ែរ​ត្រូវ​តែ​ជា​អាទិភាព​ទី១ នៅ​គ្រប់​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង។ តែ​បញ្ហា​នៅ​ត្រង់​ថា​នា​ពេល​កន្លង​មក ក្រុង​ព្យុងយ៉ាង​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​រឿង​ដែល​មិន​អាច​ចរចា​បាន។

សូម​ជម្រាប​ជូន​ថា ចម្លើយ​បដិសេធ​របស់​ក្រុង​សេអ៊ូល​លើ​សំណើ​សុំ​ចរចា​ថ្នាក់​យោធា​របស់​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ភាព​តានតឹង​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​បាន​កើន​ទ្វេដង ពិសេស​ក្រោយ​ពី​កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៤ កាល​ពី​ថ្ងៃទី៦ មករា និង​ការ​បាញ់​គ្រាប់មីស៊ីល​ចម្ងាយ​ឆ្ងាយ​ក្នុង​ថ្ងៃទី៧ កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ