អានតួអត្ថបទ

កូរ៉េ​ខាងត្បូង​ បញ្ចប់​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​សម្ងាត់​ស្តីពី​សន្តិសុខ​ជាមួយ​ជប៉ុន​

កូរ៉េខាងត្បូង កាលពីយប់ថ្ងៃព្រហស្បតិ៍ទី២២ សីហា បានប្រកាសថានឹងមិនបន្តចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាមួយប្រទេសជប៉ុនទៀតនោះទេ។ សេចក្តីប្រកាសនេះ បានធ្វើឲ្យជប៉ុន ខកចិត្តជាខ្លាំង និងរឹតតែរុញច្រានឲ្យកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ រវាងប្រទេសក្បែរខាងទាំងពីរ ធ្លាក់ចុះខ្សោយមួយកម្រិតទៀតផងដែរ។

មន្ត្រីប៉ូលិសម្នាក់ឈរក្បែរទង់ជាតិរបស់ជប៉ុន និងកូរ៉េខាងត្បូង ក្នុងក្រុងតូក្យូ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។
មន្ត្រីប៉ូលិសម្នាក់ឈរក្បែរទង់ជាតិរបស់ជប៉ុន និងកូរ៉េខាងត្បូង ក្នុងក្រុងតូក្យូ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ការដែលប្រទេសកូរ៉េខាងត្បូង ប្រកាសមិនបន្តកិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន ដើម្បីចែករំលែកព័ត៌មានសម្ងាត់យោធា (GSOMIA) នឹងគ្នាបន្តទៀត។

ចំណាត់ការនេះ បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី ទីក្រុងតូក្យូ សម្រេចដកសេអ៊ូល ចេញពីបញ្ជីដៃគូពាណិជ្ជកម្ម និងបានដាក់កម្រិត លើការនាំចេញវត្ថុធាតុដើមអេឡិចត្រូនិកសំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងត្បូង។

ទីក្រុងសេអ៊ូល បាននិយាយថា កិច្ចព្រមព្រៀងផ្នែកសន្តិសុខជាមួយជប៉ុន លែងជាផលប្រយោជន៍ជាតិរបស់ខ្លួនទៀតហើយ និងថាមិនចង់បន្តចែករំលែកព័ត៌មានសម្ងាត់អ្វី ជាមួយនឹងអ្នកជិតខាងដែលគ្មានទំនាក់ទំនងល្អនឹងកូរ៉េខាងត្បូងទៀតនោះដែរ។

ជាក់ស្តែង លោកគីម យូហ្គុន អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា ជប៉ុន ជាចលករ ដែលជំរុញឲ្យ​មានការផ្លាស់ប្តូរនេះកើតឡើង។ សម្តីនេះ លោកចង់សំដៅ ដល់ការដកកូរ៉េខាងត្បូង ចេញពីបញ្ជីដៃគូពាណិជ្ជកម្មរបស់ជប៉ុន កាលពីដើមខែសីហានេះ។

ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលទីក្រុងតូក្យូ បាននិយាយថាខ្លួនសូមប្រឆាំងជំទាស់ជាដាច់ខាត ចំពោះការសម្រេចរបស់កូរ៉េខាងត្បូង ក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងគ្នា។

ជាមួយគ្នានេះ ជប៉ុនក៏បានជំរុញផងដែរ ឱ្យប្រទេសកូរ៉េខាងត្បូងពិចារណាឡើងវិញពាក់ព័ន្ធរឿងនេះ។​ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Takeshi Iwaya បាននិយាយថា កិច្ចព្រមព្រៀងផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ មានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខក្នុងតំបន់ ជាពិសេសទាក់ទងនឹងការគំរាមកំហែងនានា ពីសំណាក់ប្រទេសកូរ៉េខាងជើង។

គួររំឭកជូនថា កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ស្តីពីសន្តិសុខរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដំបូងឡើយចុះហត្ថលេខាយល់ព្រមដោយរដ្ឋាភិបាលប្រទេសទាំងពីរ នៅឆ្នាំ ២០១៦។ 

កិច្ចព្រមព្រៀងនេះ តម្រូវឱ្យតូក្យូ និងសេអ៊ូល ចែករំលែកព័ត៌មានសម្ងាត់រវាងគ្នា ស្តីពីកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងមួយនៅក្នុងតំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ