ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អាមេរិក

កំណត់ហេតុ​កិច្ចសន្ទនា​រវាង​អតីត​ប្រមុខ​អែហ្វប៊ីអាយ​និង​លោក​ដូណាល់ត្រាំ​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ

media លោក ជេមស៍ ខមី (ស្តាំ) អតីត​នាយក​ទីភ្នាក់ងារ​អែហ្វប៊ីអាយ និង​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក REUTERS

លោកជេមស៍ ខមី (James Comey) អតីត​នាយក​អែហ្វប៊ីអាយ​ដែល​ត្រូវ​លោក​ដូណាល់ត្រាំ​ដកចេញ​ពី​តំណែង កាលពីឆ្នាំទៅមិញ បាន​ឲ្យដឹង​ជាយូរមកហើយ​ថា លោក​បាន​កត់ត្រា​ទុក​នូវ​រាល់​កិច្ចសន្ទនា ដែល​លោក​មាន​ជាមួយ​នឹង​លោក​ដូណាល់ត្រាំ កាល​ពី​ពេល​លោក​នៅ​កាន់តំណែង។ កំណត់ហេតុ​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​អែហ្វប៊ីអាយ ហើយ​នៅ​ទីបំផុត​ទៅ​​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ ក្រោយ​ពី​បាន​​​បញ្ជូន​ទៅ​ឲ្យ​សភា​អាមេរិក កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ទៅតាម​ការទាមទារ​របស់​ថ្នាក់ដឹកនាំ​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ។ ខ្លឹមសារ​នៃ​កំណត់ត្រានេះ​មិនខុសប្លែក​ខ្លាំង​ពី​អ្វី ដែល​លោក​ខមី​ធ្លាប់​បាន​អះអាង​ដោយ​ផ្ទាល់​មាត់​នៅ​ចំពោះ​មុខសភា កាល​ពី​ពេល​កន្លងទៅនោះទេ។

ចំណុចសំខាន់​បំផុត​ដែល​គេ​ទន្ទឹងចង់ដឹង​ពី​កំណត់ហេតុ​របស់​លោក​ជេមស៍ ខមី គឺ​ចង់ដឹងថា តើ​នៅ​ក្នុងកិច្ចសន្ទនា​ រវាង​លោក​អតីត​ប្រមុខដឹកនាំ​អែហ្វប៊ីអាយ និង​លោក​ដូណាល់ ត្រាំ មាន​អ្វី​ដែល​ជា​តម្រ៉ុយ​បង្ហាញ​ពី​ការប៉ុនប៉ង​របស់​លោក​ដូណាល់ត្រាំ ក្នុងការ​រារាំង​ដំណើរការ​ស៊ើបអង្កេត​លើ​សំណុំរឿង​រុស្ស៊ី​ដែរ​ឬទេ ពីព្រោះ​ថា បើ​សិន​ជា​មាន​ការ​រារាំង​ការស៊ើបអង្កេត​នេះមែន វា​គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​អាច​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ ត្រូវ​ប្រឈម​នឹង​ការ​បោះឆ្នោត​ទម្លាក់​ពី​តំណែង។

នៅ​ក្នុង​កំណត់ហេតុ​ដែល​គេ​បញ្ចេញ​ជា​សាធារណៈ​នៅ​ពេលនេះ គេ​សង្កេតឃើញ​មាន​ចំណុច​សំខាន់​ពីរ ដែល​លោក​ជេមស៍ ខមី ធ្លាប់​បាន​បញ្ជាក់​រួចមកហើយ នៅ​ពេល​ឆ្លើយ​សំណួរ​ដោយ​ផ្ទាល់​មាត់ ចំពោះ​គណៈកម្មការ​សភា កាល​ពី​ពេល​កន្លងទៅ។ ទីមួយ គឺ​លោក​ដូណាល់ ត្រាំ ទាមទារ​ភាព​ស្មោះស័គ្រ​ពី​លោក​ជេមស៍ ខមី នៅ​ក្នុង​ការ​បន្ត​តំណែង​ជា​នាយក​ទីភ្នាក់ងារ​អែហ្វប៊ីអាយ។ ទីពីរ គឺ​លោក​ដូណាល់ ត្រាំ ស្នើសុំ​ឲ្យ​លោក​ជេមស៍ ខមី បញ្ឈប់​ដំណើរការ​ស៊ើបអង្កេត​លើ​លោក​ម៉ៃឃើល ហ្វ្លីន (Michael Flynn) អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ដូណាល់ ត្រាំ ក្នុងបទ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី។

ជាទូទៅ គេនាំគ្នា​គិត​ថា ចំណុច​សំខាន់​ទាំងពីរនេះ ជា​តម្រ៉ុយ​ដែល​បង្ហាញ​ថា លោក​ដូណាល់ ត្រាំ​ព្យាយាម​រារាំង​ដំណើរការ​ស៊ើបអង្កេត​លើ​សំណុំរឿង​រុស្ស៊ី ហើយ​ថា ដោយសារ​តែ​លោក​ខមី មិនព្រមបិទដំណើរការ​ស៊ើបអង្កេត​នេះ ទើប​លោក​ដូណាល់ ត្រាំ សម្រេច​ដកតំណែង។

ក៏ប៉ុន្តែ សម្រាប់​លោក​ដូណាល់ ត្រាំវិញ ខ្លឹមសារ​នៃ​កំណត់ហេតុ​របស់​លោក​ជេមស៍ ខមី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ពេលនេះ​បាន​បង្ហាញ​យ៉ាងច្បាស់​ថា លោក​គ្មាន​ការ​ឃុបឃិតគ្នា​ណាមួយ​ជាមួយ​រុស្ស៊ី (« NO COLLUSION ») ហើយ​ក៏​គ្មាន​ការរារាំង​ដំណើរការ​ស៊ើបអង្កេត​​នោះដែរ (« NO OBSTRUCTION »)។

ទោះជាយ៉ាងណា គេ​អាច​សង្កេតឃើញ​ជារួម​ពី​ក្នុង​កំណត់ហេតុ​របស់​លោក​ជេមស៍ ខមី ថា លោក​ដូណាល់ ត្រាំ ហាក់ដូចជា​បាន​ផ្តោត​អារម្មណ៍​យ៉ាងខ្លាំងនឹងលើ​​ដំណើរការ​ស៊ើបអង្កេត​លើ​សំណុំរឿង​រុស្ស៊ី​នេះ ដោយ​លោក​តែងតែ​ធ្វើការ​រអ៊ូរទាំ​ម្តងហើយ​ម្តងទៀត​ពី​បញ្ហា​នេះ នៅ​ចំពោះ​មុខ​លោក​ជេមស៍ ខមី៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ