ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ
 
អវកាសយានិក Buzz Aldrin នៅលើ​ដីព្រះចន្ទ ក្នុង​បេសកកម្ម​អាប៉ូឡូទី១១ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៦៩ Domaine public/Nasa/Neil A. Armstrong

ខែ​កក្កដា​​ខាងមុខនេះ គឺ​ជា​ខួប​គម្រង់ ៥០ឆ្នាំ​គត់​នៃ​បេសកកម្ម​អាប៉ូឡូ​ទី១១ ដែល​បាន​នាំ​មនុស្សជាតិ​យើង​ឲ្យ​ជាន់ដី​ព្រះចន្ទ​ជា​លើក​ដំបូង​បង្អស់ កាល​ពី​ឆ្នាំ​១៩៦៩។ ថ្ងៃអង្គារ​ទី១៨​មិថុនា​នេះ ដែល​ជា​ថ្ងៃ​ទីពីរ​នៃ​ពិព័រណ៍​យន្តហោះអន្តរជាតិ​នៅ​ទីក្រុង​ប៉ារីស ត្រូវ​បាន​គេ​យក​មក​ផ្តោត​ជា​ពិសេស​លើ​បេសកកម្ម​ទៅកាន់​ព្រះចន្ទ​នេះ ដែល​៥០ឆ្នាំក្រោយមក វា​កំពុងតែ​ទាក់ទាញ​​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំងឡើងវិញ។

បេសកកម្ម​អាប៉ូឡូ ដែល​នាំ​មនុស្ស​ទៅ​ចុះចត​លើ​ដី​ព្រះចន្ទ​ជាលើកទី១ កាល​ពីខែ​កក្កដា ឆ្នាំ១៩៦៩ គឺ​ជា​បេសកកម្ម​អាប៉ូឡូ​ទី១១ ហើយ​ក្រោយ​ៗ​មក​ទៀត មាន​បេសកកម្ម​អាប៉ូឡូ​​ទៅកាន់​ឋានព្រះច​ន្ទ ចំនួន ៦​ផ្សេងទៀត​​ត្រូវ​បាន​គេ​ធ្វើឡើង​ មុនពេល​ដែល​ទីភ្នាក់ងារ​ណាសា​បិទបញ្ចប់​គម្រោង​នេះ នៅ​ត្រឹម​បេសកកម្ម​អាប៉ូឡូ​ទី១៧ នៅ​ឆ្នាំ​១៩៧២។ ចាប់តាំង​ពីពេលនោះ​មក មនុស្សយើង​មិនដែល​វិលត្រឡប់​ទៅ​ជាន់ដី​ព្រះចន្ទ​សា​ជា​ថ្មី​ទៀត​នោះទេ។

តាមការពិតទៅ កាល​ពី​ដើម​ឆ្នាំ២០០៤​កន្លងទៅ ប៉ុន្មានខែ​ក្រោយ​ពី​ចិន​បាន​បញ្ជូន​អវកាសយានិក​របស់ខ្លួន​ឲ្យ​ហោះហើរ​ចេញ​ទៅ​កាន់ទី​អវកាស​ជា​លើកដំបូង អាមេរិក ក្រោម​អាណត្តិ​របស់​លោក​ចច ដាបិលយូ ប៊ូស ធ្លាប់​បាន​សើរើ​គម្រោង​បញ្ជូន​មនុស្ស​ទៅកាន់​ឋានព្រះច​ន្ទឡើងវិញ​ម្តងដែរ ដោយ​នៅ​ពេលនោះ ទីភ្នាក់ងារ​ណាសា​គ្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​សាជាថ្មី នៅ​ត្រឹមឆ្នាំ២០២០។ ក៏ប៉ុន្តែ គម្រោង​នេះ​ត្រូវ​បាន​លោក​អូបាម៉ា​លុបចោល​ទៅវិញ កាល​ពី​ឆ្នាំ២០១០​កន្លងទៅ ដោយសារ​តែ​​មាន​បញ្ហា​ថវិកាផង ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត លោក​អូបាម៉ា​ចង់​ឲ្យ​ណាសា​ផ្តោត​អាទិភាព​តែទៅលើ​បេសកកម្ម​ទៅកាន់​ភពព្រះអង្គារ ជាងទៅ​ព្រះចន្ទ។

ក្រោយ​ពី​លោក​ដូណាល់ ត្រាំ ជាប់ឆ្នោត​ឡើងមក​កាន់​តំណែង នៅ​ឆ្នាំ២០១៦ ចំណាប់​អារម្មណ៍​លើ​បេសកកម្ម​ទៅកាន់​ឋានព្រះចន្ទ​ក៏ចាប់ផ្តើម​មាន​ការផុសផុល​ខ្លាំងឡើងវិញ ហើយ​នៅ​ឆ្នាំ២០១៧ លោក​ដូណាល់ ត្រាំ ក៏​បាន​ចេញ​បទបញ្ជា​ឲ្យទីភ្នាក់ងារ​ណាសា​រៀបចំ​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​សាជាថ្មី ដោយ​គ្រោង​ធ្វើ​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ២០២៤​ខាងមុខ។

នៅ​ក្នុង​អំឡុង​ពេល​ជាមួយគ្នា​នោះ ចិន​ក៏​បាន​បង្កើន​​ល្បឿន​នៃ​កម្មវិធី​អវកាស​របស់​ខ្លួន​គួរ​ឲ្យកត់សម្គាល់​ផងដែរ រហូត​បាន​ទទួល​ជោគជ័យ​ក្នុងការ​បញ្ជូន​យាន​​គ្មាន​មនុស្ស​បើក​ឲ្យ​ទៅ​ចុះចត​នៅ​ផ្នែក​ម្ខាងទៀត​នៃ​ឋានព្រះចន្ទ កាល​ពី​ខែ​មករា​កន្លងទៅ ហើយព្រមទាំង​​គ្រោង​ ​បញ្ជូន​មនុស្ស​​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ នៅ​ក្នុង​រយៈពេល​១០ឆ្នាំ​ខាងមុខ។

គួរបញ្ជាក់ថា គិត​រហូត​មកទល់​នឹង​ពេលនេះ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​តែមួយគត់​ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​ជាន់ដី​ព្រះចន្ទ ហើយ​បើ​និយាយ​ពី​បេសកកម្ម​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​​វិញ ក៏​មានតែ​ប្រទេស​ចំនួន​៣ដែរ ដែល​ធ្លាប់​បាន​ធ្វើ​ដោយជោគជ័យ គឺ​ ​អាមេរិក ​រុស្ស៊ី និង​ចិន ចំណែក​ឥណ្ឌាវិញ ​ចង់ក្លាយ​ជា​ប្រទេស​ទី៤ ដោយ​គ្រោង​នឹង​បាញ់​បង្ហោះ​យាន​គ្មាន​មនុស្សបើក​របស់ខ្លួន​ នៅ​ពាក់​កណ្តាល​ខែ​កក្កដា​ខាងមុខ ដើម្បី​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ នៅ​ខែ​កញ្ញា។

គេ​អាច​មើល​ឃើញ​មាន​កត្តា​ធំៗ​​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​គេ​នាំគ្នា​ផ្តោត​អារម្មណ៍​ខ្លាំង​លើ​បេសកកម្ម​ទៅកាន់​ឋានព្រះចន្ទ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ម្យ៉ាង ​ដោយសារ​តែ​ព្រះចន្ទ ដែល​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ​ជាង ៣៨ម៉ឺន​គីឡូម៉ែត្រ​ពី​ភពផែនដី គឺ​ជា​ទិសដៅ​ដែល​ជិត​ជាងគេ ហើយ​មាន​ភាព​ងាយស្រួល​ជាងគេ បើ​ធៀប​នឹង​បេសកម្ម​អវកាសផ្សេងទៀត។ ម្យ៉ាងវិញ​ទៀត ការរីកចម្រើន​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ក៏​បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅកាន់​ឋានព្រះចន្ទ​ត្រូវ​ការ​ចំណាយ​លុយ​កាន់តែ​តិច​ជាង​កាល​ពី​សម័យ​មុនផងដែរ។

ហេតុដូច្នេះហើយ​បាន​ជា​មាន​ប្រទេស​កាន់តែ​ច្រើន​ឡើង​នាំគ្នា​បង្ហាញ​ពី​មហិច្ឆតា​ចង់​​សម្រេច​ជោគជ័យ​ជា​ប្រវត្តិសាស្រ្ត​ក្នុងការ​បញ្ជូន​យាន ទាំង​មាន ឬ​​គ្មាន​មនុស្ស​បើក ឲ្យ​ទៅ​ចុះចត​​លើ​ដី​ព្រះចន្ទ។ មែនទែន​ទៅ មហិច្ឆតា​ចង់​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​នេះ​មិនមែន​មាន​តែ​ប្រទេស​នោះទេ សូម្បីតែ​ក្រុមហ៊ុន​ឯកជន​ខ្លះ គឺ​រួមមាន​ក្រុមហ៊ុន SpaceX របស់​លោក​ Elon Musk និង​ក្រុមហ៊ុន Blue Origin របស់​លោក Jeff Bezos ដែល​ជា​ម្ចាស់ក្រុមហ៊ុន Amazon ​ក៏​កំពុងតែ​អភិវឌ្ឍ​កម្មវិធី​អវកាស​ផ្ទាល់​ខ្លួនឯង​ផងដែរ ក្នុងគោលដៅ​បញ្ជូន​យាន​ឲ្យ​ទៅ​ចុះចត​លើ​ឋានព្រះចន្ទ។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា បេសកកម្ម​ទៅកាន់​ឋានព្រះចន្ទ​នេះ ជាពិសេស បេសកកម្ម​បញ្ជូន​មនុស្ស​ឲ្យ​​ត្រឡប់​ទៅ​ចុះ​​លើ​ដីព្រះចន្ទ​សាជាថ្មី​​ ក៏តែងតែ​មាន​បញ្ហា​ចម្រូងចម្រាស​មិន​តិចនោះដែរ ដោយសារតែ​មាន​អ្នកខ្លះ​យល់ថា វា​គឺ​ជា​​ការ​ចំណាយលុយច្រើន​ហួសហេតុ​សម្រាប់​​រឿង​ដែល​​​មិន​សូវ​ជា​បាន​ប្រយោជន៍ច្រើន​មកវិញ។

ទោះជាយ៉ាងណា សម្រាប់​ទីភ្នាក់ងារ​ណាសា បេសកម្ម​បញ្ជូន​មនុស្ស​ទៅកាន់​ឋានព្រះចន្ទ​ ដែល​គេ​កំពុងរៀបចំ​ធ្វើ​នៅ​ពេលនេះ វា​មាន​សារៈសំខាន់​​ខុសពី​លើកមុនៗ ដោយ​សារតែ​​គេមិនមែន​​គ្រោងបញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ដូច​មុន​នោះទេ តែ​គេ​គ្រោង​​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត និង​ស្នាក់នៅ​ក្នុងរយៈពេល​យូរ ដើម្បី​ឈាន​ទៅ​បង្កើត​ទៅ​ជា​​មូលដ្ឋាន​អវកាស​លើ​ដីព្រះចន្ទ សម្រាប់​ធ្វើ​ជា​ទីតាំង ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់ទិសដៅ​ផ្សេងទៀត ជាពិសេស គឺ​​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​នៅលើ​ភពព្រះអង្គារ ដែល​ណាសា​គ្រោង​ធ្វើ​​ឲ្យ​បាន​នៅ​យ៉ាងយូរ​ត្រឹមឆ្នាំ២០៣៣​ខាងមុខ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ