អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខួប​៧០ឆ្នាំ​​នៃ​​ការ​ពុះចែក​​ឥណ្ឌា​​ជា​រដ្ឋ២​ គឺ​ឥណ្ឌា​​និង​​​ប៉ាគីស្ថាន​​​ ក្រោយ​ឯករាជ្យ​ពី​​អង់គ្លេស​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ​និង​ថ្ងៃ​អង្គារ​១៤-១៥សីហា​​នេះ ប៉ាគីស្ថាន​និង​ឥណ្ឌា​ប្រារព្ធ​ខួប​៧០ឆ្នាំ​​ នៃ​​ការ​ពុះចែក​​ឥណ្ឌាជា២ ដែលនាំ​អោយ​បង្កើត​បាន​ជារដ្ឋ​២ គឺ​​ឥណ្ឌា​បច្ចុប្បន្នដែល​សំបូរ​អ្នកកាន់​សាសនា​ហិណ្ឌូ និង​ប្រទេស​ប៉ាគីស្ថាន​កាន់សាសនា​អ៊ីស្លាម។ ឥណ្ឌា និង​ប៉ាគីស្ថាន​ចាប់កំណើត​ឡើង ក្រោយ​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស ក្នុង​ឆ្នាំ​១៩៤៧។ ការ​​បែងចែក​ជា​រដ្ឋ២​ដាច់ដោយឡែក នៅ​៧០ឆ្នាំ​មុននេះ​ បាន​​ធ្វើអោយ​មាន​ហិង្សាធ្វើអោយ​មាន​​​មនុស្សស្លាប់​ ​​ពី​១លានទៅ២លាននាក់ ​ធ្វើអោយ​មនុស្ស​ផ្លាស់ប្តូរ​ទីលំនៅ​​​ពី​​១២លាននាក់ ទៅ​១៥លាននាក់។

ផែនទី​ទឹកដី​ឥណ្ឌា​និង​ប៉ាគីស្ថាន​​
ផែនទី​ទឹកដី​ឥណ្ឌា​និង​ប៉ាគីស្ថាន​​ DR ARTE
ផ្សាយពាណិជ្ជកម្ម

ប្រវត្តិ​នៃ​ការ​ពុះចែក​​ឥណ្ឌា​​​​ជា​២ ក្រោយ​ឯករាជ្យ​ពី​អង់គ្លេស

ការបែងចែកឥណ្ឌា​​ជា​២ បានឈាន​រហូតចែក​ជា​ប្រទេស​ទី៣ទៅទៀត​ គឺ​ គឺ​​បង់ក្លាដែស​ដែល​បែកចេញ​ពី​ប៉ាគីស្ថាន ​​ឯករាជ្យ​ចេញ​ពី​ប៉ាគីស្ថាន​​ ​កាលពី​ឆ្នាំ ១៩៧១។ ​ក្រោយ​ទទួលបា​ន​ឯករាជ្យ​ពី​អង់គ្លេស មាន​​ការពុះចែក​ឥណ្ឌា​ ជា​រដ្ឋ២​ គឺ​​​ឥណ្ឌា​និង​ប៉ាគីស្ថាន​។ ការបែងចែក​នេះ គឺដោយសារ​តែ​មាន​សាសនា​២​ គឺ​សាសនា​ហិណ្ឌូ​របស់​ឥណ្ឌា និង​អ៊ីស្លាម​របស់​ប៉ាគីស្ថាន។ ដើមឡើយ ពេល​មិនទាន់​បែងចែក​ជា​២ប្រទេស​នេះ គឺមាន​សាសនា​អ៊ីស្លាម​ ក្នុង​ឧបទ្វីប​ឥណ្ឌា​រួចទៅហើយ។ កាលនោះ ​មានការ​បង្កើត​សម្ព័ន្ធ​អ៊ីស្លាមមួយ​ នៅ​Dhaka ក្នុង​ឆ្នាំ​១៩០៦។ កាលនោះ សម្ព័ន្ធ​អ៊ីស្លាមមួយ​នេះ ​​មិនបង្កើត​​ឡើង ដើម្បី​ផ្តាច់​ប៉ាគីស្ថាន​​អោយ​ទៅ​ជារដ្ឋ​មួយផ្សេងទៀតទេ គឺ​បង្កើតឡើង​ដើម្បី​ការពារ​សិទ្ធិ​ប្រជាជន​ឥណ្ឌា​ដែល​កាន់​សាសនា​អ៊ីស្លាម​តែ​ប៉ុណ្ណោះ។ គួររំលឹក​ដែរ​ថា​​ គឺ​លោក​អាលី ជីណា​ ដែល​បាន​ចូលក្នុង​​​សម្ព័ន្ធអ៊ីស្លាម នៅ​ឆ្នាំ​១៩១៣​នេះហើយ ដែល​ជា​អ្នក​ដឹកនាំ​ទៅដល់​ការពុះចែក​ឥណ្ឌា​ដាច់ជា​​២នេះ។ ​

អ្នកកាន់​សាសនា​អ៊ីស្លាម​កាលនោះ ទទួល​ការ​គំរាម​កំហែងពីអ្នក​កាន់​សាសនា​ហិណ្ឌូ។ អ្នកកាន់សាសនា​​អ៊ីស្លាម​នៅ​ឧបទ្វីប​ឥណ្ឌា​កាលនោះ នៅ​មាន​ការនឹកនា​ដល់​​ចក្រភព​អ៊ីស្លាមMoghol ដែល​កាន់​​ ​អំណាច​តាំងពី​មុនអង់គ្លេស​ដាក់​អាណានិគមនៅឡើយ។ ពេលបង្កើត​ដំបូង សម្ព័ន្ធ​អ៊ីស្លាម​មិនទាន់​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ប៉ុន្មានទេ។ ​

ក្រោយមកទៀត ​អង់គ្លេស​បាន​អនុញ្ញាត​អោយ​មាន​អ្នកបោះឆ្នោត​អ៊ីស្លាម​បាន​បែងចែក​ដោយឡែក​ពីអ្នកបោះឆ្នោត​ហិណ្ឌូ ​ធ្វើអោយ​ក្នុង​ឆាក​នយោបាយ មានវត្តមាន​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​នឹងគេ​ដែរ។

ក្នុង​ឆ្នាំ​១៩៤០ សម្ព័ន្ធ​អ៊ីស្លាម​​បាន​សុំអោយ​មាន​ការបង្កើត​រដ្ឋមួយដាច់ដោយឡែក។ លោក​អាលីជីណា ចង់អោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​រួបរួមគ្នា។ ​លោក​តស៊ូ​បានទទួលជោគជ័យ ដោយបាន​ធ្វើអោយ​​សម្ព័ន្ធ​អ៊ីស្លាម​​ទទួលបាន​ការគាំទ្រ​ពីអ្នកកាន់​សាសនា​អ៊ីស្លាម​​ភាគច្រើន។ ពេល​បក្សសមាជ​ទទួល​ជោគជ័យ​ក្នុង​ការបោះឆ្នោត នៅឆ្នាំ​១៩៣៧ សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លា​មមានការ​បារម្ភ​ក៏បាន​នាំគ្នា​ចូល​រួម​ក្នុង​សម្ព័ន្ធ​អ៊ីស្លាម​តែម្តងទៅ ដើម្បី​សម្រេច​គំរោង​បង្កើត​រដ្ឋ​មួយ​ផ្សេងទៀតនោះ។ ​ យោងតាម​​អ្នកជំនាញ​ ប្រជាជន​កាន់សាសនា​អ៊ីស្លាកាលនោះ ​មិនបាន​យកពាក្យថា​សាសនា​អ៊ីស្លាម​ជាធំទេ ពួកគេ​គិតគូរតែ​ពីប្រយោជន៍​​​សង្គម សេដ្ឋកិច្ច​ និង​ប្រពៃណី​ពួកគេ​តែប៉ុណ្ណោះ។

​​ឆ្នាំ​១៩៤៦ អង់គ្លេសនឿយហត់​ដោយសារ​សង្គ្រាម​លោក​​លើកទី២ ក៏​សម្រេច​លែង​បន្តអាណានិគម​ត​ទៅទៀត។ អង់គ្លេស​ចង់អោយ​ឥណ្ឌា​ដែល​ត្រូវទទួល​ឯករាជ្យ​នោះ ក្លាយជា​​សហភាព​សហព័ន្ធ​មួយ ដែល​ក្នុងនោះ ខែត្របង់ហ្កាល និង​ពិនចាប់ ​ដែល​មាន​ប្រជាជន​កាន់សាសនា​អ៊ីស្លាម អាច​ស្វ័យត​បាន។ ​ដំបូងទាំង​សម្ព័ន្ធ​អ៊ីស្លាម និង​បក្ស​សមាជ​​​យល់ព្រមតាម​សំណើ​អង់គ្លេស តែក្រោយ​មកទៀត លោក​នេរុ ជា​ប្រធាន​បក្សសមាជ​ប្រែចិត្ត​ទៅវិញ។ ដោយសារ​រឿងនេះ ហិង្សា​ក៏ផ្ទុះឡើង ​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ ភាគច្រើន​ជាអ្នកកាន់​សាសនា​ហិណ្ឌូ។​

អង់គ្លេសក៏​​បាន​ចាត់ចែង​អោយទ្វីបឥណ្ឌា​ឆាប់ទទួល​បាន​ឯករាជ្យ ដោយ​ចាត់ចែង​​ការពុះចែក​ឥណ្ឌា ជា​រដ្ឋ២ គឺ​រដ្ឋឥណ្ឌា​និង​ប៉ាគីស្ថាន​នេះឯង។ ហើយ​ឯករាជ្យ​នៃ​ប្រទេស​ថ្មី​ទាំង២នេះ បាន​ប្រកាសឡើង នៅយប់ថ្ងៃ​១៤សីហា​ ចូលព្រឹកថ្ងៃ​១៥សីហា​ឆ្នាំ​១៩៤៧។

ប៉ាគីស្ថាន​កំណត់​យកថ្ងៃ​១៤សីហា​ជាថ្ងៃប្រារព្ធ​​ខួប​ ចំណែក​ឥណ្ឌាកំណត់​​​យកថ្ងៃ​១៥សីហា។ ​​

ប្រវត្តិ​ហិង្សាបង្ហូរឈាមដោយសារ​ការបែងចែក​ទឹកដី​នៅតែ​ដិតជាប់​ក្នុង​ចិត្ត​ប្រជាជន​ទាំងសង្ខាង​​

ការពុះចែក​​​ឥណ្ឌា​​ជា​២ បាន​ធ្វើអោយ​មនុស្ស​ភៀសខ្លួនផ្លាស់ប្តូរទីលំនៅ ​​ពី​១២លានទៅ​១៥លាននាក់ ជាការបម្លាស់​ទី​ដ៏ធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ មនុស្សស្លាប់ដោយហិង្សាវិញ​​ មា​នពី​១លាន​ទៅ២លាននាក់ ជា​តួលេខ​ខ្ពស់។ ​តួលេខជនរងគ្រោះ​ពី​ហិង្សា​នេះ ជា​​​តួលេខ​​​ដែលគេ​ប៉ាន់ស្មានប៉ុណ្ណោះ។ ​គេ​ពុំដឹងច្បាស់​ពី​តួលេខ​ពិតប្រាកដ​ទេ​ ព្រោះថា ​គ្មាន​ការ​​កាត់ក្តី​ដាក់ទោសទាក់ទង​​ហិង្សា​ឧក្រិដ្ឋ​កាលនោះទេ។ ហើយ​កាលនោះ​ទៀតសោត ពាក្យថា ​បោសសម្អាត​ជនជាតិ​ភាគតិច រឺ​បោសសម្អាត​​សហគមន៍​ភាគតិច​នេះ ​ក៏​ត្រូវបាន​គេទុកចោល​មួយឡែក​​ដែរ។ ​ទោះយ៉ាងនេះ​ក្តី ប្រវត្តិសាស្ត្រ​នេះ​នៅតែ​ដិតជាប់​នឹង​ប្រជាជន​ឥណ្ឌា និង​ប៉ាគីស្ថាន​ ព្រោះ​ហិង្សា​កើតចេញ​ដោយសារ​ការបែងចែក​ជារដ្ឋ២​កាលនោះ គឺ​ព្រៃផ្សៃ​និង​អមនុស្សធម៌​ណាស់។ ប្រជាជន​ដែល​នៅរស់រាន​ពី​ហិង្សា​កាលនោះ នៅរំលឹកពី​ហេតុការណ៍​ដែល​ពួកគេ​បាន​ជួបប្រទះ​ផ្ទាល់ភ្នែក​នៅឡើយ។ ​ក្រោយចែកឥណ្ឌា​ជា​២ប្រទេស អ្នកកាន់​សាសនា​ហិណ្ឌូ​ត្រូវ​ធ្វើដំណើរ​ចេញ​ពី​ប៉ាគីស្ថាន​ទៅនៅ​ឥណ្ឌា ហើយ​អ្នកកាន់​សាសនា​អ៊ីស្លាម ចេញ​ពី​ឥណ្ឌា​ទៅ​ប៉ាគីស្ថាន​វិញ។ ​

ការ​ផ្លាស់ប្តូរទីលំនៅ បង្ខំចិត្ត​​បោះបង់​ចោល​ដីធ្លី ផ្ទះសម្បែង​ដែល​ធ្លាប់រស់នៅ​​ មិនមែន​ជាការ​​​ស្រួលទេសម្រាប់​ប្រជាជន។ ហិង្សា​បាន​​ផ្ទុះឡើង ​រវាង​សហគមន៍​សាសនា​ទាំងសង្ខាង រហូត​ទៅជា​មាន​ការដុត​វិហារ ឆក់ប្លន់ សម្លាប់​មនុស្ស​ ចាប់​រំលោភ​ភេទ​ជាដើម។ ស្ត្រី​រាប់​ពាន់នាក់​​ត្រូវបាន​គេចាប់​ជាចំណាប់ខ្មាំង ស្ត្រីខ្លះ​បាន​បង្ខំចិត្ត​ប្រើ​អាភៀន ដើម្បី​លោត​ចូល​អណ្តូង​សម្លាប់​ខ្លួន​ ព្រោះ​ពួកគេ​មិនចង់​រង​ការបំពានភេទ។ ​ស្ត្រីខ្លះទៀត ក៏ត្រូវ​ក្រុមគ្រួសារ​សម្លាប់​ចោល គឺព្រៃផ្សៃ និង​ឈឺចាប់​ខ្លាំងណាស់។ ​នេះ​នៅមិននិយាយ​ពី​ការរាតត្បាត​ជំងឺ​អាសន្ន​រោគ​​ផង។ ​​​សង្ឃឹមថ្ងៃណា​មួយ នឹងមាន​ការសើរើ​រឿងនេះ ដើម្បី​រកយុត្តិធម៌​អោយ​ជនរងគ្រោះ​ឡើងវិញ។

៧០ឆ្នាំកន្លង​​ផុតទៅហើយមែន​ ប៉ុន្តែ​ឥណ្ឌា​និង​ប៉ាគីស្ថាន​ដែលជា​បងប្អូន​នឹងគ្នា​ក៏​នៅមិនត្រូវរ៉ូវគ្នា ដដែល។ ប្រទេស​ទាំង២​ បន្ត​ធ្វើសង្គ្រាម​នឹងគ្នាច្រើនលើក​ ពិសេសបន្ត​​​ដណ្តើមបូរណភាព​​តំបន់​កាស្មៀរ​។ ការ​​បែងចែក​ឥណ្ឌា​ជា​២ក្រោយ​អាណានិគម​អង់គ្លេស​​ ​ មិនបាន​​ចែង​លក្ខខណ្ឌ​ច្បាស់លាស់​ពី​តំបន់​កាស្មៀរ​នេះទេ។​ ឥណ្ឌា​ធ្លាប់​សន្យា​ធ្វើប្រជាមតិ​រឿងកាស្មៀរ​នេះដែរ​ ប៉ុន្តែ នៅ​មិនទាន់​ឃើញ​ធ្វើនៅឡើយ​។ ​ក្រោយមក នៅ​ភាគខាងកើត​ទឹកដី​ប៉ាគីស្ថាន មាន​ការបះបោរ​ផ្តាច់ទឹកដី​និយម។ ឥណ្ឌា​ក៏បាន​ឆ្លៀត​ចូល​ធ្វើ​អន្តរាគមន៍​យោធា ​ជួយ​ក្រុមឧទ្ទាម ​ក្នុង​ការទាមទារ​ឯករាជ្យ​ពី​ប៉ាគីស្ថាន។ គឺ​ការ ទាមទារ ​អោយ​មាន​ប្រទេស​បង់ក្លាដែស​សព្វថ្ងៃ​នេះឯង ដែល​បានឯករាជ្យ​ពីប៉ាគីស្ថាន នៅ​ឆ្នាំ​១៩៧១៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ