ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT
អាមេរិក

គុយបា​ ថា​នៅតែ​គាំទ្រ​លោកម៉ាឌូរ៉ូ​ ឥត​ងាករេ​ទោះបី​រងសម្ពាធ​ទណ្ឌកម្ម​ពី​អាមេរិក​

media  
លោក Miguel Diaz-Canel ប្រធានាធិបតីគុយបា។ REUTERS/Alejandro Ernesto

នៅថ្ងៃព្រហស្បតិ៍ ទី ៦ មិថុនា ប្រទេសគុយបា បានចេញមុខប្រឆាំងជំទាស់ទៅនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក ទៅលើការធ្វើដំណើរចេញចូលក្នុងប្រទេសខ្លួន។ បន្ថែមលើនេះ គុយបា បានអះអាងទៀតថា នឹងនៅតែបន្តគាំទ្រលោកប្រធានាធិបតីវ៉េណេស៊ុយឡាម៉ាឌូរ៉ូ ដោយឥតងាករេ និងគ្មានលក្ខខណ្ឌ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

សេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ជាផ្លូវការរបស់គុយបា ធ្វើឡើងត្រឹមតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក ដាក់ចេញនូវការហាមប្រាម មិនឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសគុយបា បូករួមទាំងការធ្វើដំណើរកំសាន្តផ្សេងៗ។

នៅមួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលអាមេរិកដឹកនាំដោយលោកត្រាំ បានដាក់ចេញនូវទណ្ឌកម្មបន្ថែមជាបន្តបន្ទាប់ ទៅលើរដ្ឋាភិបាលគុយបា ក្រោមហេតុផលថា គុយបា ជួយជ្រោមជ្រែង និងបន្តគាំទ្រលោកម៉ាឌូរ៉ូ។ លោកម៉ាឌូរ៉ូ ដែលអាមេរិករបស់លោកត្រាំ​ ចង់ឲ្យចុះចេញពីតំណែងប្រធានាធិបតីវ៉េណេស៊ុយអេឡា និងជំនួសមកវិញដោយ លោកហ័ន ហ្កាយដូ ដែលជាមេបក្សប្រឆាំង។

តែទោះបីជាត្រូវរងសំពាធទណ្ឌកម្មសេដ្ឋកិច្ច បន្តបន្ទាប់ពីសហរដ្ឋអាមេរិកយ៉ាងណាក្តី ក៏រដ្ឋាភិបាលទីក្រុងឡាហាវ៉ាន នៅតែមិនញញើតកោតខ្លាច ហើយថែមទាំងបានអះអាងថា នៅតែបន្តធ្វើជាសម្ព័ន្ធដ៏ល្អ និងគាំទ្រលោកម៉ាឌូរ៉ូជារៀងដរាប។

បន្ថែមលើនេះ រដ្ឋអំណាចគុយបា បានលើកឡើងថា អាមេរិកបានបង្កើតជាព័ត៌មានកាឡៃ បំភ្លៃបំផ្លើសការពិត ដើម្បីមានលេសចោទប្រកាន់ និងដាក់ទណ្ឌកម្មបន្ថែមមកលើប្រទេសគុយបា ដើម្បីបំផ្លិចបំផ្លាញគុយបាឲ្យរលត់រលាយ។

គួរបញ្ជាក់ជូនថា ទំនាក់ទំនងអាមេរិក-គុយបា ហាក់មានភាពល្អប្រសើរខ្លះ កាលក្នុងសម័យដឹកនាំរបស់អតីតប្រធានាធិបតីអូប៉ាម៉ា។ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ បានវិលមករកភាពតានតឹងខ្លាំងនឹងគ្នាឡើងវិញ បន្ទាប់ពីលោកដូណាល់ ត្រាំឡើងកាន់តំណែងជាប្រធានាធិបតីនាឆ្នាំ ២០១៧ មក។

រដ្ឋបាលរបស់លោកត្រាំ ថា គុយបា បានជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុង កិច្ចការកងទ័ព របស់វ៉េណេស៊ុយអេឡា និងមានចំណែកក្នុងការធ្វើឲ្យប្រទេសអាមេរិកឡាទីនមួយនេះ ធ្លាក់ក្នុងភាពវឹកវរ។ នៅគ្រាកន្លងមក ទីក្រុងវ៉ាស៊ីតោន ធ្លាប់បានទាមទារឲ្យទីក្រុងឡាហាវ៉ាន ដកចេញវិញនូវកងទ័ពរបស់ខ្លួន ដែលឈរជើងចាំជួយលោកម៉ាឌូរ៉ូ។

ឆ្លើយតបនឹងការលើកឡើងខាងលើរបស់អាមេរិក គុយបា បានបញ្ជាក់អះអាងថា ប្រជាជនរបស់ខ្លួនដែលកំពុងរស់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡានាពេលបច្ចុប្បន្ន មានចំនួនប្រមាណជា ២០ ០០០ នាក់ ដែលភាគច្រើនគឺជាក្រុមគ្រូពេទ្យ និងមិនមែនជាកងទ័ពដូចពាក្យចោទប្រកាន់របស់អាមេរិកនោះឡើយ៕ 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ