ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

គ្រិស្តសាសនា​អ័រថូដុក្​សពិភពលោក​ត្រូវ​បែកបាក់​ជាពីរ​ដោយសារតែ​វិបត្តិ​អ៊ុយក្រែន

គ្រិស្តសាសនា​អ័រថូដុក្​សពិភពលោក​ត្រូវ​បែកបាក់​ជាពីរ​ដោយសារតែ​វិបត្តិ​អ៊ុយក្រែន
 
ប្រមុខដឹកនាំ​គ្រិស្តសាសនា​អ័រថូដុក្ស​អ៊ុយក្រែន ដែល​ទាមទារ​ចង់​បាន​ឯករាជ្យ​ពី​វិហារ​អ័រថូដុក្ស​រុស្ស៊ី REUTERS/Valentyn Ogirenko

សញ្ញាប៉ុន្មានដំបូង​នៃការបែកបាក់​បានផុសចេញមក នៅ​ក្នុងខែតុលាកន្លងទៅ ក្នុង​រង្វង់​​គ្រិស្តសាសនាអ័រថូដុក្ស បន្ទាប់ពី​ប្រមុខគ្រិស្ដសាសនាអ័រថូដុក្សដ៏ខ្លាំងក្លានៃក្រុងម៉ូស្គូ បានប្រកាសផ្តាច់​ទំនាក់ទំនង ជាមួយ ប្រមុខដឹកនាំ​ជា​ប្រវត្តិសាស្ត្រ​នៃ​គ្រិស្តសាសនាអ័រថូដុក្ស នៃ​ក្រុងកុងស្តង់ទីណូប។

ក្នុងសម័យប្រជុំវិសាមញ្ញ នៅទីក្រុងមីនស្ក៍ រដ្ឋធានីនៃ​ប្រទេស​បេឡារុស វិហារអ័រថូដុក្សរុស្ស៊ី បានសម្រេច​ផ្តាច់រាល់ចំណង​ទាក់ទង​ជាមួយ​គូប្រជែងប្រវត្តិសាស្ត្ររបស់ខ្លួននៅក្រុង កុងស្តង់ទីណូប។ បុព្វជិត និង សាសនិក ក្រុងម៉ូស្គូ លែងអាចចូលរួម​ក្នុងពិធីផ្លូវការរួមគ្នា ឬ ទទួលព្រះក្រយា នៅក្នុងវិហារ​ទាំងឡាយ​ ដែល​ស្ថិត​ក្រោមអំណាច ប្រមុខ​គ្រិស្តសាសនា​អូរថូដុក្ស​ក្រុងកុងស្តង់ទីណូប ដូចមុនទៀតឡើយ។

ភាពតានតឹងនេះ ត្រូវបានគេរំពឹងទុក​ ក្រោយពី ក្រុងកុងស្តង់ទីណូប បានប្រកាសទទួលស្គាល់ លក្ខន្តិកៈ ឯករាជ្យ នៃវិហារអ័រថូដុក្សនៅអ៊ុយក្រែន។ សេចក្តីសម្រេចនេះ មានអត្ថន័យ​ខ័ណ្ឌបញ្ចប់ រយៈពេល ៣៣២ ឆ្នាំ ដែលវិហារនៅអ៊ុយក្រែន បានស្ថិត​នៅក្រោម​អាណាព្យាបាល​វិហាររុស្ស៊ី ហេតុដែលញ៉ាំងឲ្យ ក្រុងម៉ូស្គូ ខឹងសម្បារក្រៃ។

ក្រុមសាសនិកអ័រថូដុក្សអ៊ុយក្រែន បែកបាក់ជាពីរ ដោយ​មួយ បន្តស្ថិតនៅ​ស្មោះស្ម័គ្រ​នឹង ប្រមុខគ្រិស្តសាសនា​អ័រថូដុក្សនៅម៉ូស្គូ ចំណែក​មួយទៀត ស្មោះត្រង់​នឹង​ប្រមុខ​អ័រថូដុក្ស​ក្រុងគៀវស្វ័យប្រកាស ក្រោយពីអ៊ុយក្រែន បាន​ឯករាជ្យ ក្នុងឆ្នាំ ១៩៩១ ហើយ​ដែល​មិនបាន​ត្រូវទទួលស្គាល់​ដោយ វិហារអ័រថូដុក្សណាមួយផ្សេង​នោះឡើយ។

ការប្រជែងគ្នា រវាងវិហារទាំងពីរ ធ្លាក់ចុះធ្ងន់ធ្ងរ ដោយវិបត្តិរុស្ស៊ី-អ៊ុយក្រែន បណ្តាលមកពី រុស្ស៊ី បានភ្ជាប់ យកទៀបកោះគ្រីមេ ដោយផ្តាច់ចេញពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ និងមកពី ជម្លោះបង្កដោយពួកផ្តាច់​ទឹកដីរុស្ស៊ីនិយម នៅតំបន់ខាងកើតអ៊ុយក្រែន ដែលក្នុងអំឡុងជាង ៤ ឆ្នាំកន្លងទៅ បានផ្តាច់ជីវិតមនុស្ស អស់ជាង ១ ម៉ឺននាក់ទៅហើយ។

ដោយប្រតិកម្មទល់នឹង ការផ្តាច់ចំណងរវាងម៉ូស្គូ និង កុងស្តង់ទីណូប ប្រធានាធិបតីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ បានប្រមាណថា វិហាររុស្ស៊ីដើរតាមផ្លូវ ឆ្ពោះទៅដាក់ខ្លួនឯង ក្នុងស្ថានភាព “ស្វ័យឯកោ” និង ជាប់ ក្នុងទំនាស់ ជាមួយ គ្រិស្តសាសនា​អ័រថូដុក្ស​ពិភពលោក។

អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ពីចំណែកខ្លួន បានសំដែងនូវក្តីកង្វល់ ចំពោះការផ្តាច់ទៅ នៃចំណងនោះ ហើយសង្ឃឹមថា ផលប្រយោជន៍​វិហារក្រុងម៉ូស្គូ មុខជា​នឹង “ត្រូវគេគោរព”  ហើយ​ “គតិបណ្ឌិត​នឹង​ត្រូវ​ឈ្នះ”។

ក្រៅពីភាពតានតឹងរកលេខដាក់គ្មាន រវាងម៉ូស្គូ និង ក្រុងគៀវ ការផ្តាច់ចំណងរវាងម៉ូស្គូ និង កុងស្តង់ទីណូប គឺ គម្រាមដល់ឯកភាពនៃ​ពិភព​អ្នក​​កាន់គ្រិស្តសាសនាអ័រថូដុក្ស ដែល​មាន​សាសនិកជន​​សរុប ចំនួន ២៥០ លាននាក់។

“យើងមិនគាំទ្រ និង មិនប្រឆាំងឡើយ។ គោលជំហរយើង គឺ​គាំទ្រ​ឲ្យ​មាន​ឯកភាពជា​ធ្លុងមួយ​នៃ​វិហារអ័រថូដុក្ស​នៅ​ទូទាំង​ពិភពលោក ប្រកប​ដោយ​ភាពសុខដុម ការ​ស្គាល់​នាទី​ទទួលខុសត្រូវ និង​ភាពស្មោះត្រង់ចំពោះ​សណ្តាប់ធ្នាប់​សាសនប្បញ្ញត្តិ ហើយ​ប្រឆាំង​នឹងអ្វីៗ​ដែល​បំបែកបំបាក់”។ នេះជា​ការ​ថ្លែង​របស់​ប្រមុខគ្រិស្តសាសនាអ័រថូដុក្សស៊ែរប៊ី សម្តេច​សង្ឃ Irinée ក្នុងបទសម្ភាសន៍ ទាំងបន្ថែមថា ការទទួលស្គាល់​វិហារឯករាជ្យ​នៅអ៊ុយក្រែន ដោយក្រុង​កុងស្តង់ទីណូប គឺជា “សេចក្តីសម្រេច​ដែល​នាំទៅកាន់​ការផ្តាច់ចំណង” ហើយ បើកផ្លូវ​ឲ្យ​មាន​ការ​​ពុះចែកថ្មីៗទៀត ក្នុងគ្រិស្តសាសនាអ័រថូដុក្សពិភពលោក។

នៅ Monténégro ប្រមុខរងនៃវិហារអ័រថូដុក្ស លោក Stevo Vucinic បានថ្លែងគាំទ្រដល់ ការទទួលស្គាល់​វិហារឯករាជ្យនៅអ៊ុយក្រែន ហើយបរិហារ កិច្ចការ “នយោបាយ” ដែលកើតឡើង រវាង មួយចំណែក គឺក្រុង​កុងស្តង់ទីណូប និងមួយចំណែកទៀត គឺ​វិហាររុស្ស៊ី​និង​ស៊ែរប៊ី ដែលតាមយោបល់គាត់ គឺស្ថិតក្នុងដៃម៉ូស្គូ និង ក្រុងប៊ែលក្រាដ។ បុព្វជិតនេះ បន្ថែមថា ការផ្តាច់ចំណងនោះ “នឹងអនុញ្ញាតឲ្យគ្រប់តែវិហារអ័រថូដុក្សណា ដែលអឺរ៉ុបនិយម បូកទាំង​វិហារ Monténégro ផង ទទួលបាន ក្បួនច្បាប់បន់ស្រន់​ព្រះរួមតែមួយ ក្នុង អនាគត​ដ៏ខ្លី​ខាងមុខ។

“នេះជា​សេចក្តីសម្រេចឯកតោភាគី ដែលនាំឲ្យក្រៀមក្រំ និង នាំឲ្យស្តាយក្រៃលែង” -នេះជាប្រតិកម្ម ពី​ខាង​វិហារអ័រថូដុក្សហ្វាំងឡង់ ទាំងសំដែងសេចក្តីសង្ឃឹមថា នឹង​បន្តតទៅទៀត “សកម្មភាព​វប្បធម៌” ជាមួយ​វិហារម៉ូស្គូ។

ក្នុងលិខិតផ្ញើជូនសម្តេចសង្ឃ Kirill ជាប្រមុខគ្រិស្តសាសនាអ័រថូដុក្សរុស្ស៊ី បុព្វជិត Rostislav នៃវិហារ​អ័រថូដុក្សឆែក និង ស្លូវ៉ាគី បានអំពាវនាវ​ឲ្យថ្កោលទោស “រាល់តែការប៉ុនប៉ង ដែលនាំ​ទៅ​ដល់​ការ​ផ្តល់លក្ខណៈ​ត្រឹមត្រូវតាមច្បាប់ ដល់ការបង្កហេតុនៅអ៊ុយក្រែន ដើម្បី បំបែកបំបាក់​មជ្ឈដ្ឋានសាសនា។

ចំណែកវិហារអ័រថូដុក្សប៉ូឡូញ និង ប៊ុលហ្ការី ទប់ខ្លួនមិនបញ្ចេញយោបល់អ្វីណាទេ ចំពោះ ការផ្តាច់ចំណង រវាង ម៉ូស្គូ និង កុងស្តង់ទីណូប ដរាបណា​ដែលគេ​មិនទាន់​ទទួល​សេចក្តីជូនដំណឹង​ជាផ្លូវការ។

វិហារអ័រថូដុក្សនៅហ្ស៊កហ្ស៊ីវិញ បានឲ្យដឹងថា គេនឹងចាត់ចែង​ការរួមប្រជុំ​នៃ​សភាសង្ឃ ដើម្បីអារកាត់ថា តើ​គោលជំហរ​ណា ដែលត្រូវប្រកាន់យក។

កាលពីថ្ងៃទី៣១ តុលា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានព្រមានអំពី “ផលវិបាកធ្ងន់ធ្ងរបំផុត” បណ្តាល​មកពី​ការបែកបាក់ រវាងវិហារអ័រថូដុក្ស ក្រោយពី ប្រមុខ​គ្រិស្ដសាសនា​អ័រថូដុក្ស​ក្រុងកុងស្តង់ទីណូប បានទទួលស្គាល់ លក្ខន្តិកៈ​ឯករាជ្យ​នៃ​វិហារ​អ័រថូដុក្ស​អ៊ុយក្រែន។ ថ្លែងក្នុងសម័យប្រជុំ​នៃជនរួមជាតិរុស្ស៊ី រស់នៅបរទេស ដែលបានប្រព្រឹត្តទៅ​នៅម៉ូស្គូ លោក ពូទីន បាន​ធ្វើការ​គូសបញ្ជាក់ថា ការ​ផ្តល់លក្ខណៈនយោបាយដល់វិស័យ​សាសនា ដែល​ជា​រឿង​រសើបបែបនេះ ជានិច្ចជាកាល គឺ​តែងបង្ក​ឲ្យ​​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរបំផុត ជាបឋមគឺ សម្រាប់ ពួកមេនាំអាទិ៍ទង្វើនេះ។

នេះជាលើកដំបូង ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​​បានបញ្ចេញមតិខ្លួន អំពី វិបត្តិកើតឡើង ក្រោយពី​ប្រមុខគ្រិស្តសាសនាអ័រថូដុក្ស​ក្រុងកុងស្តង់ទីណូប​បាន​ប្រកាស​ទទួលស្គាល់ឯករាជ្យ​នៃ​វិហារអ៊ុយក្រែន ដែលតាំងពី  ឆ្នាំ១៦៨៦ មក តែង​បាន​ស្ថិតនៅក្រោម​អាណាព្យាបាល​នៃ​វិហារម៉ូស្គូ៕ ​

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ