ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
អាស៊ី

គ្រឿងញៀនហ្វីលីពីន៖​បុណ្យសព​​ក្មេងជំទង់​​​អាយុ​១៧ឆ្នាំ​​ប្រែក្លាយ​​ជា​​បាតុកម្ម​​ប្រឆាំង​​​លោក​​ឌុយទែរតេ​

media មនុស្ស​រាប់ពាន់នាក់​បាននាំគ្នា​ចូលរួម​បុណ្យសព​ក្មេងប្រុស​ជំទង់​ហ្វីលីពីន គីអាន ដឺឡូស សាន់តូស ថ្ងៃ២៦សីហា ២០១៧ Reuters

ថ្ងៃសៅរ៍នេះ ​មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​បុណ្យសព​ក្មេងជំទង់​អាយុ​១៧ឆ្នាំ​ម្នាក់​ដែលត្រូវ​​ប៉ូលិស​បាញ់​សម្លាប់ នៅ​សប្តាហ៍​មុននេះ ​ក្នុង​ក្របខណ្ឌ​នៃ​ការបង្ក្រាប​គ្រឿងញៀន​។ អ្នកចូលរួម​បុណ្យសព​បាន​​នាំគ្នា​តវ៉ា​ទាមទារ​​​យុត្តិធម៌អោយ​ក្មេងប្រុស​ម្នាក់នេះ តវ៉ា​ប្រឆាំង​នឹង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដែល​នាំអោយ​មាន​ការ​សម្លាប់​មនុស្ស​​បំពានច្បាប់។ ប្រធានាធិបតី​ឌុយទែរតេ​សន្យា​នាំខ្លួន​ឃាតករ​សម្លាប់​ក្មេងប្រុស​រូបនេះ ទៅ​អោយ​តុលាការ​កាត់ទោស។

ក្មេងប្រុស​​ជំទង់​​ដែល​ត្រូវប៉ូលិសបាញ់សម្លាប់​នៅ​ហ្វីលីពីន​ សប្តាហ៍​មុននេះ ​មាន​ឈ្មោះថា គីអាន ដឺឡូស សាន់តូស​ អាយុ​១៧ឆ្នាំ។ ប៉ូលិស​ចោទថា​ គីអាន ជួញដូរ​គ្រឿងញៀន ហើយ​បាន​បាញ់​ប៉ូលិស​ពេល​ប៉ូលិស​ចាប់ខ្លួន។ រូបភាព​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ថា ប៉ូលិស​ក្នុង​ឯកសណ្ឋាន​ស៊ីវិល បាន​នាំខ្លួន​ក្មេងប្រុស​រូបនេះ​ចេញទៅ ហើយ​ក្មេងប្រុស​រូបនេះ​គ្មានអាវុធ​អ្វី​ការពារខ្លួន​ទេ។ ​កោសល្យវិច័យ​បង្ហាញ​ថា គីអាន ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​២គ្រាប់​​នៅក្បាល។​​​ ​ប៉ូលិស​៣នាក់​ដែល​បាន​​ចាប់ខ្លួន​ក្មេងប្រុស​រូបនេះ​ ត្រូវបាន​​ព្យួរពី​តំណែង។ ​ ​

មរណភាព​របស់​ក្មេងជំទង់​គីអាន ធ្វើអោយ​អ្នកដែលចូលរួមបុណ្យសព​របស់​គីអាន រាប់ពាន់នាក់ នៅថ្ងៃសៅរ៍នេះ ​នាំគ្នា​តវ៉ា​ប្រឆាំង​យុទ្ធនាការ​បង្ក្រាប​​គ្រឿងញៀន​របស់​ប្រធានាធិបតី​​​ឌុយទែរតេ។ ​យោងតាម​ក្រុមបាតុករ ការសម្លាប់​គីអាន សបង្ហាញ​ច្បាស់​​​​ថា ប៉ូលិស​រំលោភ​សិទ្ធិមនុស្សដដែល​ជាដដែល។ ​យោងតាម​ក្រុមបាតុករ​ ​​មាន​គេគំរាម​សម្លាប់​​ពុក និង​ជីតា​របស់​គីអាន​​​ទៀតផង។ ​​​

តាំងពី​លោក​ឌុយទែរតេ​ឡើងកាន់​អំណាច​ជាង១ឆ្នាំនេះមក ​ប៉ូលិស​ហ្វីលីពីនប្រាប់ថា ​​បាន​សម្លាប់​មនុស្ស​៣៥០០នាក់ ក្នុង​ក្របខណ្ឌ​នៃ​យុទ្ធនាការ​កំចាត់គ្រឿងញៀន។ មនុស្សរាប់ពាន់នាក់​ផ្សេងទៀត ​ស្លាប់​ដោយមាន​ជាប់ពាក់ព័ន្ធ​នឹង​គ្រឿងញៀន រឺ​ក៏​ពាក់ព័ន្ធ​​នឹងស្ថានភាព​មិនច្បាស់លាស់។ ម្សិលមិញ ​អ្នកនាំពាក្យ​លោក​ឌុយទែរតេ​ចុះផ្សាយ​​សេចក្តីថ្លែងការណ៍​​ថា​ ប្រធានាធិបតី​ហ្វីលីពីន​​គូសបញ្ជាក់​រួចហើយ​​ថា សង្គ្រា​ម​ប្រឆាំ​ងគ្រឿងញៀន​មិនអនុញ្ញាត​អោយ​ធ្វើការ​​បំពាន​ច្បាប់ទេ។ ​​

កាលពីខែកុម្ភៈ ​អង្គការ​សិទ្ធិមនុស្សAmnesty International ​បានចោទថា ​​ប៉ូលិស​មួយចំនួន​ត្រូវបាន​ថ្នាក់លើ​​បង់លុយ​អោយ​សម្លាប់​មនុស្ស។ ពួកគេ​មិនអត់អោន​អោយ​សូម្បី​​តែ​កុមារអាយុ​៨ឆ្នាំ។ អង្គការ​ចោទទៀត​ថា ប៉ូលិស​ហ្វីលីពីន​សម្លាប់​មនុស្ស​ដែលគ្មាន​អាវុធ​ការពារខ្លួន និង​​​ប្រឌិត​ភស្តុតាងឡើង​​ទាំងស្រុង ប៉ូលិស​​​បាន​​ជួលឃាតករ​អោយ​ទៅ​សម្លាប់​អ្នកជួញដូរ​គ្រឿងញៀន អោយ​លួចឆក់​​ជនរងគ្រោះ​និង​គ្រួសារ​ពួកគេ​ទៀតផង៕ ​​​ ​ ​​​

​​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ