អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអ៊ូឌីត

លោកចនឃែរី​ទៅ​អារ៉ាប៊ូសាអ៊ូឌីត​ដើម្បី​ជជែក​ពី​បញ្ហា​ស៊ីរី​និង​លីប៊ី

លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក កំពុង​ស្ថិត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជជែក​​អំពី​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នៅ​ស៊ីរី និង​លីប៊ី។ ដំណើរទស្សនកិច្ច​របស់​លោក​ប្រមុខការទូត​អាមេរិក​នៅ​អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​ធ្វើឡើង នៅមុន​ពេល​បើក​ធ្វើ​ជំនួប​ជាច្រើន​នៅ​ក្នុង​​សប្តាហ៍​ក្រោយ នៅ​ក្នុង​ទីក្រុង​វីយ៉ែន​ប្រទេស​អូទ្រីស។

លោក​ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ពេល​ជួបជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃ​អាទិត្យ ១៥ ឧសភា ២០១៦
លោក​ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ពេល​ជួបជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃ​អាទិត្យ ១៥ ឧសភា ២០១៦ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃ​អាទិត្យ​នេះ លោក​ចន ឃែរី បាន​ជួប​ជជែក​​ជាមួយ​នឹង​មេដឹកនាំ​កំពូលៗ​​ រួមមាន ទាំង​​ព្រះមហាក្សត្រ និង​​រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ីសាអ៊ូឌីត។

បន្ទាប់​ពី​ជំនួប​នទាំងនេះ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ លោក​ចន ឃែរី នឹង​ចាកចេញ​ពី​អារ៉ាប៊ីសាអ៊ូឌីត ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​វិបត្តិ​ស៊ីរី​ និង​វិបត្តិ​លីប៊ី នៅថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ។ កិច្ចប្រជុំ​ស្តីពី​វិបត្តិ​លីប៊ី​នឹង​ត្រូវ​ធ្វើ​នៅថ្ងៃ​ចន្ទ ក្រោម​អធិបតីភាព​របស់​លោក​ប្រមុខការទូត​អាមេរិក និង​ប្រមុខការទូត​អ៊ីតាលី ដែល​ជា​សហប្រធាន។ ចំណែក​ឯ​នៅថ្ងៃ​អង្គារ គឺ​ជា​កិច្ចប្រជុំ​​នៃ​ក្រុម​ការងារ​អន្តរជាតិ​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ស៊ីរី​ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រទេស​ចំនួន ១៧ និង​អង្គការ​អន្តរជាតិ​ចំនួន ៣ ហើយ​ដែល​ស្ថិត​ក្រោម​កិច្ចសម្របសម្រួល​របស់​លោក​ចន ឃែរី និង​លោក​ស៊ែរហ្គី ឡាវរ៉ូហ្វ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី។

ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ពីរថ្ងៃ​នេះ នៅថ្ងៃ​ពុធ លោក​ចន ឃែរី នឹង​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង​ព្រុចស៊ែល​ ប្រទេស​ប៊ែលហ្ស៊ិក ដើម្បី​ជួបប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​របស់​អង្គការ​អូតង់ ដើម្បី​ជជែក​អំពី​បញ្ហា​ប្រឈម​ធំៗ​របស់​អូតង់ ជាពិសេស គឺ​ទាក់ទង​នឹង​ភាព​តានតឹង​ជាមួយ​រុស្ស៊ី។

វាមិនមែន​ជា​រឿងចៃដន្យ​ទេ ដែល​​​លោក​ចន ឃែរី ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ មុនពេល​ទៅ​ចូលរួម​ប្រជុំ​ដោះស្រាយ​បញ្ហា​ស៊ីរី និង​លីប៊ី ពីព្រោះ​ថា អារ៉ាប៊ីសាអ៊ូឌីត គឺ​ជា​ខ្នងបង្អែក​ដ៏ធំ​របស់​ក្រុម​ឧទ្ទាម​ស៊ីរី ដែល​កំពុង​ធ្វើ​សង្រ្គាម​ផ្តួលរំលំ​របបដឹកនាំ​របស់​លោក​បាស្ហា អាល់អាសាដ។ ចំណែក​ឯ​ប្រទេស​​​មួយ​ចំនួន​ទៀត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអ៊ូឌីត រួមមាន ដូចជា អេហ្ស៊ីប និងអារ៉ាប់រួម​ជាដើម គឺ​ជា​ប្រទេស​ដែល​កំពុង​ផ្តល់​ការគាំទ្រ​ដល់​ភាគី​ជម្លោះ​នៅ​ក្នុង​ប្រទេស​លីប៊ី។

ដូច្នេះ សហរដ្ឋ​អាមេរិក​ត្រូវការ​ជាចាំបាច់​នូវ​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់​អារ៉ាប៊ីសាអ៊ូឌីត នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ ទាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​លីប៊ី។ ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទំនាក់ទំនង រវាង​សហរដ្ឋ​អាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត​កំពុង​តែ​មាន​ភាព​រកាំរកូស​​​ខ្លាំង ដោយសារ​តែ​​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ផង និង​ចុងក្រោយ​នេះ​ទៀត មាន​បញ្ហា​ចម្រូងចម្រាស​ទាក់ទង​នឹង​ការចោទប្រកាន់​របស់​អាមេរិក ទៅលើ​អារ៉ាប៊ីសាអ៊ូឌីត​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម កាល​ពីថ្ងៃ​ទី១១​កញ្ញា​២០០១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ