ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

តើអ្វីទៅជា ​“ចលនា៤ឧសភា” ​ដែល​ចិន​កំពុង​ប្រារព្ធខួប​១០០ឆ្នាំ​នៅពេលនេះ?

តើអ្វីទៅជា ​“ចលនា៤ឧសភា” ​ដែល​ចិន​កំពុង​ប្រារព្ធខួប​១០០ឆ្នាំ​នៅពេលនេះ?
 
Chinese President Xi Jinping gives a speech during the Tsinghua University’s ceremony at Friendship Palace in Beijing, China April 26, 2019. REUTERS

កាលពីថ្ងៃ​អង្គារ​៣០មេសា​នេះ ចិន​បាន​ប្រារព្ធ​ខួប​១០០​ឆ្នាំ នៃ​ចលនា​បាតុកម្ម​និស្សិត​ដ៏​ធំមួយ កាល​ពី​ឆ្នាំ១៩១៩ ដែល​គេ​ច្រើន​ហៅ​ជាទូទៅ​ថា​ “ចលនា៤ឧសភា”។ នៅ​ក្នុង​ឱកាស​នោះ លោក​ស៊ី ជីនពីង ក្រៅពីបាន​ជំរុញ​ឲ្យ​យុវជន​ចិន​​បណ្តុះគំនិត​ស្នេហាជាតិ ក៏​បាន​ធ្វើការ​លើកសរសើរ​ផងដែរ ចំពោះ​ចលនា​បាតុកម្ម​និស្សិត​កាល​ពី​ឆ្នាំ១៩១៩​នោះ ដោយ​លោក​បាន​ចាត់ទុក​ថា​ជា​ចលនា​បដិវត្តន៍​ស្នេហាជាតិ​ដ៏​អស្ចារ្យ​មួយ។ តើ​ “ចលនា៤ឧសភា”​នេះគឺ​ជា​អ្វី? ហេតុអ្វី​បាន​ជា​ប្រមុខដឹកនាំ​ចិន ដែល​តែងតែ​រារាំង​និង​បង្ក្រាប​ចលនា​បាតុកម្ម បែរ​ជា​លើក​សរសើរ​ចលនា​បាតុកម្ម​៤ឧសភា​នេះ?

ការលើកសរសើរ​ចលនា​បាតុកម្ម​និស្សិត ដែល​ចេញ​ពីមាត់​ប្រមុខដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន គឺ​ពិត​ជា​រឿង​មួយ​ដ៏​ចម្លែក ក៏ប៉ុន្តែ “ចលនា៤ឧសភា” ដែល​លោក​ស៊ី ជីនពីង រំឭកខួប១០០ឆ្នាំ​និង​លើកសរសើរ​ កាល​ពីថ្ងៃ​អង្គារ​នេះ គឺ​ជា​ចលនា​បាតុកម្ម​និស្សិត ដែល​ប្រឆាំង​នឹង​របបដឹកនាំ​ចិន​សម័យមុន ហើយ​​ដែល​ក្រោយ​មក​ត្រូវ​ចលនា​បដិវត្តន៍​កុម្មុយនិស្ត​ចិន​ផ្តួលរំលំនៅ​ឆ្នាំ១៩៤៩។

កាល​ពី​ឆ្នាំ១៩១៩ នៅ​ពេល​ដែល​ចលនា៤ឧសភា​ចាប់ផ្ទុះឡើង ចិន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​របប “សាធារណរដ្ឋ​ចិន” ដែល​បាន​កើតឡើង ក្រោយ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​នៅ​ឆ្នាំ១៩១១។ នៅ​ឆ្នាំ១៩១៩នោះ សង្គ្រាម​លោកលើកទី១​ទើប​នឹង​បញ្ចប់ ហើយ​ចិន​ស្ថិត​នៅ​ខាង​អ្នក​ឈ្នះ ពោលគឺ នៅ​ខាង​បក្សសម្ព័ន្ធ​បារាំង អង់គ្លេស និង​អាមេរិក។

ចិន​ចូលជួយ​ប្រទេស​បក្ស​សម្ព័ន្ធ​ខាងលើនេះ នៅ​ឆ្នាំ១៩១៧ ដោយ​មាន​លក្ខខណ្ឌ​មួយ​ថា នៅ​ពេល​ឈ្នះ​សង្រ្គាម ដែនដីចិន​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​​ដោយ​អាល្លឺម៉ង់​នឹង​ត្រូវ​ប្រគល់​មក​ឲ្យ​ចិន​វិញ។ ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ នៅ​ក្នុង​ការចរចា​លើ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​វែរសៃ (Versailles) ផ្នែក​ខ្លះ​នៃ​ទឹកដី​ចិន ដែល​ជប៉ុន​បាន​​ដណ្តើម​យក​ពី​អាល្លឺម៉ង់​មក​កាន់កាប់ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី១នោះ មិនត្រូវ​បាន​ប្រគល់​មក​ឲ្យ​ចិន​វិញ​នោះទេ តែ​បែរ​ជា​ត្រូវ​ប្រទេស​មហាអំណាច​សម្រេច​ទុក​​ឲ្យ​ជប៉ុន​បន្ត​គ្រប់គ្រង​ដដែល​​ទៅវិញ។

នៅ​ក្នុង​បរិបទ​នៃ​ហើយ ដែល​និស្សិត​ជាច្រើន​ពាន់នាក់​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ នៅ​ថ្ងៃ​ទី៤ ​ខែឧសភា​ឆ្នាំ១៩១៩ នៅ​ទីលាន​ធានអានមេន ក្នុង​ក្រុង​ប៉េកាំង ដើម្បី​តវ៉ា​នឹង​ការចែង​នៃ​​សន្ធិសញ្ញា​ក្រុង​វែរសៃនេះ​ផង និង​តវ៉ា​ប្រឆាំង​នឹង​​​​រដ្ឋាភិបាល​ចិន​ផង ដែល​ពួកគេ​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​ដែល​មាន​ជំហរ​ទន់ជ្រាយ​ ​គ្មាន​សមត្ថភាព​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន។

នៅ​ប៉ុន្មាន​ថ្ងៃ​ និង​ប៉ុន្មាន​សប្តាហ៍​ក្រោយៗ​មក​ទៀត ចលនា​បាតុកម្ម​និស្សិត​នេះ​បាន​រីករាលដាល​ទៅ​ជា​ចលនា​បាតុកម្ម និង​កូដកម្ម​​ប្រឆាំង​រដ្ឋាភិបាល ​ដែល​មាន​លក្ខណៈទូទៅ​គ្រប់មជ្ឈដ្ឋាន និង​គ្រប់​ទីកន្លែង​​នៅ​ទូទាំង​ប្រទេស​ចិន​ទាំងមូល។ ចេញ​ពី​ចលនា៤ឧសភា​នេះ​ហើយ ដែលពីរឆ្នាំក្រោយ​មក​ទៀត​ ​បាន​បែក​ចេញ​ទៅ​បង្កើត​ជា​បក្ស​កុម្មុយនិស្ត​ចិន នៅ​ឆ្នាំ១៩២១ ដោយ​​ស្ថាបនិក​ពីរ​រូប​នៃ​បក្ស​កុម្មុយនិស្ត​ចិន​នេះ គឺ​ជា​អតីត​មេដឹកនាំ​ចលនា៤ឧសភា។

ជាង២០ឆ្នាំក្រោយ​មក​ទៀត នៅ​ក្រោយ​ពេល​ដែល​បក្ស​កុម្មុយនិស្ត​ចិន​ទទួល​ជោគជ័យ​ក្នុង​ការ​ផ្តួលរំលំ​របបសាធារណរដ្ឋ​ចិន នៅ​ឆ្នាំ១៩៤៩ ម៉ៅសេទុង​បាន​លើកឡើង​ថា ចលនា៤ឧសភា គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ​នៃ​ចលនា​បដិវត្តន៍​ប្រឆាំង​នឹង​ចក្រពត្តិ​បរទេស ក៏​ដូចជា​ប្រឆាំង​នឹង​របបសក្តិភូមិ​នៅ​ក្នុង​ស្រុក ហើយដែល​នាំ​ទៅ​ដល់​​​ជោគជ័យ​នៃ​បដិវត្តន៍​កុម្មុយនិស្ត​នៅ​ឆ្នាំ១៩៤៩​នេះ។

ក៏ប៉ុន្តែ តាមពិត​ទៅ ការប្រឆាំង​នឹង​ចក្រពត្តិ​បរទេស​និង​គំនិត​សក្តិភូមិ​ចិន​ ដែលមេដឹកនាំ​កុម្មុយនិស្ត​ចិន​បាន​លើកឡើង​នេះ គ្រាន់តែ​ជា​ផ្នែក​មួយ​តែ​ប៉ុណ្ណោះ នៃ​ចលនា៤ឧសភា។ នៅមាន​ចំណុច​ដ៏​សំខាន់​មួយ​ទៀត ដែល​បក្ស​កុម្មុយនិស្ត​ចិន​តែងតែ​ព្យាយាម​បំភ្លេចចោល គឺ នៅ​ក្នុង​​ចលនា៤ឧសភា​ឆ្នាំ១៩១៩​នេះ ក៏​មាន​ការ​ទាមទារ​ផងដែរ​ឲ្យ​ចិន​ចាប់យក​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​​ធ្វើ​ការ​បើក​ចំហ​ខាង​សិទ្ធិសេរីភាព និង​នយោបាយ។

ម្យ៉ាងវិញ​ទៀត គេ​សង្កេតឃើញ​ថា នៅ​ពេលដែល​លោក​ស៊ី ជីនពីង ប្រារព្ធខួប១០០ឆ្នាំ​ និង​លើកសរសើរ​​បាតុកម្ម​និស្សិត​នៅ​ក្នុង​ចលនា៤ឧសភា​ ចលនា​បាតុកម្ម​និស្សិត​ដ៏​សំខាន់​​មួយ​ទៀត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ចិន ​តែងតែ​ត្រូវ​បានបក្ស​កុម្មុយនិស្ត​ចិន​ព្យាយាម​​បំបិទចោល​មិន​ឲ្យ​នឹកនាដល់។ នោះ​គឺ​ចលនា​បាតុកម្ម​នៅ​ទីលាន​ធាន​អានមេន កាល​ពី​ឆ្នាំ១៩៨៩ ដែល​ជា​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​គោរពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ហើយ​ដែល​​ត្រូវ​កងកម្លាំង​នៃ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ធ្វើ​ការ​បាញ់​បង្រ្កាប​បណ្តាល​ឲ្យ​បាតុករស្លាប់​រាប់រយនាក់​បើ​តាម​តួលេខ​រដ្ឋាភិបាល ឬ​រហូតដល់​ទៅ​រាប់ពាន់ ឬ​រាប់ម៉ឺននាក់ បើ​តាម​តួលេខ​ផ្សេង​ទៀត។

ជាទូទៅ ការរំឭកខួប​នៃ​ចលនា​បាតុកម្ម​ទាំងពីរ​នេះ​បាន​ក្លាយ​ទៅ​ជា​រឿង​ដ៏​រសើប​មួយ សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយសារ​តែ​វាមាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង ពោលគឺ​វា​ជា​ចលនា​បាតុកម្ម​ដែល​ចាប់ផ្តើម​ឡើង​ដោយ​និស្សិត​ដូចគ្នា ធ្វើឡើង​នៅ​ទីលាន​ធានអានមេន​ដូចគ្នា ហើយ​ខួបរំឭក​​ហេតុការណ៍​ទាំងពីរ​នេះ​​ស្ថិត​នៅ​ឃ្លាតពី​គ្នា​តែ​មួយ​ខែ​ប៉ុណ្ណោះ គឺមួយ​នៅថ្ងៃ៤ឧសភា ហើយ​មួយ​ទៀត​នៅថ្ងៃ​៤មិថុនា ក៏ប៉ុន្តែ មួយ​ជា​ចលនា​បាតុកម្ម​ដែល​ជា​ចំណុច​ចាប់ផ្តើម​នាំ​ទៅរក​បដិវត្តន៍​កុម្មុយនិស្ត ហើយ​ដែល​រដ្ឋាភិបាល​ចង់​រំឭក ចំណែក​មួយ​ទៀត​ជា​ចលនា​បាតុកម្ម​ប្រឆាំង​ដែល​រង​ការ​បាញ់​បង្រ្កាប ហើយ​ដែល​រដ្ឋាភិបាល​ចង់​បំភ្លេចចោល​មិន​ឲ្យ​នឹកនាដល់៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ