អានតួអត្ថបទ
ចិន-អាមេរិក

ចិនច្រានចោល​របាយការណ៍​ក្រសួង​ការពារជាតិ​អាមេរិក​រឿង​សមុទ្រ​ចិន​ខាងត្បូង

នៅថ្ងៃ​អាទិត្យ​នេះ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ទាំងកំហឹង ឆ្លើយតប​ចំពោះ​​របាយការណ៍​របស់​ក្រសួង​ការពារជាតិ​អាមេរិក ទាក់ទង​នឹង​​នយោបាយ​ការពារជាតិ​របស់​ចិន ជាពិសេស ទាក់ទង​នឹង​សកម្មភាព​យោធា​របស់​ចិន នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រិះគន់​ថា អ្វី​ដែល​មាន​សរសេរ​នៅ​ក្នុង​របាយការណ៍​នេះ គឺ​ជា​ការ​មូលបង្កាច់​ដោយ​ចេតនា ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​បាត់បង់​ទំនុកចិត្ត​នឹងគ្នា។

កងទ័ពចិន​ដែល​កំពុង​​ឈរជើង​ល្បាត​នៅលើ​កោះ ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី៩ កុម្ភៈ ២០១៦
កងទ័ពចិន​ដែល​កំពុង​​ឈរជើង​ល្បាត​នៅលើ​កោះ ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី៩ កុម្ភៈ ២០១៦ REUTERS/Stringer/File Photo
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងរបាយការណ៍​ប្រចាំឆ្នាំ ដាក់ជូន​ទៅ​សភា កាល​ពីថ្ងៃ​សុក្រ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ទាញសេចក្តីសន្និដ្ឋាន​ថា សកម្មភាព​របស់​ចិន​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោងការណ៍ ក្នុងការ​បង្កើត​មូលដ្ឋាន​ស៊ីវិល​និង​យោធា​ នៅ​ក្នុង​តំបន់​ជាប់ជម្លោះ។

ក្រសួង​ការពារជាតិ​អាមេរិក​បាន​ធ្វើការ​កត់សម្គាល់​ទៅលើ​ការសាងសង់​ផ្លូវ​ចុះចតយន្តហោះ នៅលើ​កោះ​សិប្បនិមិត្ត​ដែល​ចិន​ទើប​នឹង​បាន​សាងសង់ឡើង ដោយថា ផ្លូវយន្តហោះ​ប្រវែង ៣ពាន់ម៉ែត្រ គឺ​អាច​យក​ទៅធ្វើ​ជា​មូលដ្ឋាន​សម្រាប់​យន្តហោះ​ចម្បាំង​ធុនទំនើបៗ​បាន។ របាយការណ៍​ក៏​បាន​លើកឡើង​ផងដែរ​ថា ទីតាំង​មួយចំនួន​ផ្សេងទៀត ដែល​មាន​លក្ខណៈ​ជា​ទីតាំង​ស៊ីវិល តែ​អាច​ប្រើប្រាស់​ក្នុងគោលដៅ​យោធា រួមមាន​ ដូចជា ប្រព័ន្ធ​ទំនាក់ទំនង និង​រ៉ាដា អាច​នឹង​ត្រូវ​ចិន​យក​ទៅដាក់​តាំង​នៅ​ក្នុង​តំបន់​ជាប់ជម្លោះ​នេះ នៅ​ឆ្នាំ​ក្រោយ។

ឆ្លើយតបមកវិញ មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ចិន​បាន​លើកឡើង​ថា អ្វី​ដែល​មាន​សរសេរ​នៅ​ក្នុង​របាយការណ៍​នេះ គឺ​សុទ្ធតែ​ជា​ការ​បំផ្លើស និង​មួលបង្កាច់​ខុសការពិត​ទាំងអស់។​ ថ្លែងទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ីនហួ នៅថ្ងៃ​អាទិត្យ​នេះ លោក​ យ៉ាង យូជុន បាន​បញ្ជាក់​សាជាថ្មី​ម្តងទៀត​ថា ផ្លូវ​ចុះចត​យន្តហោះ ព្រមទាំង​ទីតាំង​មួយ​ចំនួន​ផ្សេងទៀត ដែល​ចិន​បាន​សាងសង់​ឡើង នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង គឺ​សុទ្ធសឹង​ជា​ទីតាំង​ដែល​​ប្រើប្រាស់​ក្នុង​គោលដៅ​ស៊ីវិល​ទាំងអស់ មិនមែន​ជា​ទីតាំង​យោធា ដូចជា​ការ​ចោទប្រកាន់​របស់​អាមេរិក​នោះទេ។

លោក​យ៉ាង យូជុន ក៏​បាន​ច្រានចោល​ផងដែរ​សេចក្តីសន្និដ្ឋាន​​ក្នុង​របាយការណ៍​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ ដែល​ថា ចិន​ជា​អ្នក​នៅពីក្រោយ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​របស់​អាមេរិក​នាពេល​កន្លងមក ហើយ​ថា​នយោបាយ​ការពារជាតិ​របស់​ចិន​ជាទូទៅ​មិនមាន​តម្លាភាព។

មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ចិន​បាន​លើកឡើង​ថា នយោបាយ​ការពារជាតិ​របស់​ចិន​ គឺ​មាន​គោលដៅ​សម្រាប់​តែ​ការពារ​អធិបតេយ្យ​ បូរណភាព​ទឹកដី ​និង​សន្តិសុខ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ដោយ​មិន​សំដៅ​ឈ្លានពាន​ប្រទេស​ណាមួយ​នោះទេ ហើយ​ថា គឺ​សហរដ្ឋ​អាមេរិក​ទៅវិញ​ទេ ដែល​ព្យាយាម​បង្ហាញ​សាច់ដុំ​យោធា​របស់​ខ្លួន តាមរយៈ​ការ​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ម្តងជាពីរដង ឲ្យ​ចូល​មក​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ