អានតួអត្ថបទ

តៃវ៉ាន់​ស្នើសុំ​ទិញ​យន្ដហោះចម្បាំង​ជាច្រើនគ្រឿង​ពី​សហរដ្ឋអាមេរិក​

កោះតៃវ៉ាន់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី៧ មីនា ​បានស្នើសុំ​ជាផ្លូវការ​ទៅ​សហរដ្ឋអាមេរិក​ ឲ្យលក់​យន្តហោះចម្បាំង​សេរីថ្មី​ និង​ទំនើបៗ​ឲ្យខ្លួន​។ តៃវ៉ាន់​ ចង់បាន​សព្វាវុធ​ទំនើបៗ​មកក្នុងដៃ​ ដើម្បី​ការពារខ្លួន​ប្រឆាំងទល់នឹង​ប្រទេសចិន​ ដែល​កំពុងតែ​បង្កើន​ការគំរាមកំហែង​ខ្លាំងឡើង​មកលើតៃវ៉ាន់​។ នេះ បើយោងតាម​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តៃវ៉ាន់​លោកហ្សែន​ យីមីង (Shen Yi-ming)។

ប្រធានាធិបតីតៃវ៉ាន់អ្នកស្រីឆៃ អ៊ីងវេន (កណ្តាល) ចូលរួមពិធីមួយនៅឯរោងចក្រនៃសាជីវកម្មអភិវឌ្ឍន៍ឧស្សាហកម្មអវកាសនៅក្នុងទីក្រុង Taichung ប្រទេសតៃវ៉ាន់ កាលពីថ្ងៃទី១ មិថុនា ឆ្នាំ ២០១៨។
ប្រធានាធិបតីតៃវ៉ាន់អ្នកស្រីឆៃ អ៊ីងវេន (កណ្តាល) ចូលរួមពិធីមួយនៅឯរោងចក្រនៃសាជីវកម្មអភិវឌ្ឍន៍ឧស្សាហកម្មអវកាសនៅក្នុងទីក្រុង Taichung ប្រទេសតៃវ៉ាន់ កាលពីថ្ងៃទី១ មិថុនា ឆ្នាំ ២០១៨។ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

កោះតៃវ៉ាន់​ បានស្នើសុំទិញ​យន្តហោះចម្បាំង​ជាច្រើនគ្រឿង​ពី​អាមេរិក​ ដោយសារតែ​ប្រទេសចិន​បង្កើនកម្លាំង​យោធា​ខ្លាំង ហើយ​តៃវ៉ាន់​កំពុងបារម្ភ​អំពី​សមត្ថភាព​ក្នុងការ​ការពារ​ដែនអាកាស​របស់ខ្លួន​។ តែទោះជាយ៉ាងណាក្តី​ តៃវ៉ាន់​មិនបាន​បញ្ជាក់​លម្អិតទេថា​ ខ្លួន​ចង់ទិញ​យន្តហោះ​ចម្បាំង​ប្រភេទអ្វី​ និង​ប៉ុន្មានគ្រឿង​ឲ្យប្រាកដ​នោះទេ​ តែថា​ វា​សមល្មម​គ្រប់គ្រាន់​ដើម្បី​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន​។

រហូតមកដល់ពេលនេះ​ សហរដ្ឋអាមេរិក​ មិនទាន់​ឆ្លើយតប​នៅឡើយ​ទេថា​ នឹង​លក់​យន្តហោះចម្បាំង​ ទៅតាម​ការស្នើសុំ​របស់​តៃវ៉ាន់​ឬក៏អត់​នោះ​។ ក៏ប៉ុន្តែ​ ក្នុងករណី​ដែល​អាមេរិក​យល់ព្រម​លក់​យន្តហោះចម្បាំង​ទៅឲ្យ​តៃវ៉ាន់​មែននោះ​ អាមេរិក​ប្រាកដជា​មានបញ្ហា​ជាមួយ​ចិន​ជាមិនខាន​។

គួរជម្រាបជូនថា​ ទោះបី​ ចិន និងកោះតៃវ៉ាន់​ត្រូវបាន​គ្រប់គ្រង​ដោយ​ រដ្ឋាភិបាល​ពីរ​ផ្សេងគ្នា​ ចាប់តាំងពី​សង្គ្រាម​បានបិទបញ្ចប់ទៅ​តាំងពីឆ្នាំ​ ១៩៤៩ ​យ៉ាងណាក្តី​ ក៏​ទីក្រុងប៉េកាំង​នៅតែ​ចាត់ទុក ​តៃវ៉ាន់ថា​ជាដែនកោះ​របស់​ខ្លួន​ដដែល​។

ក្រៅពីនេះ​ រដ្ឋាភិបាលចិន​ ដឹកនាំ​ដោយ​លោកស៊ី ជីនពីង​ ថែមទាំង​បានបង្កើនសម្ពាធ​ផ្នែក​ការទូត​ និង​យោធា​ទៅលើ​កោះតៃវ៉ាន់​ទៀតផង​ ចាប់តាំងពី​ប្រធានាធិបតី​ជាតិនិយម​តៃវ៉ាន់​អ្នកស្រីឆៃ អ៊ីងវេន ឡើង​កាន់តំណែង​ក្នុងឆ្នាំ​ ២០១៦ មក​។ ជាក់ស្តែង​ នៅ​មួយរយៈចុងក្រោយនេះ​ ចិន​បានធ្វើ​សមយុទ្ធយោធា​ ជាញឹកញយ​នៅ​ជិត​កោះតៃវ៉ាន់​ និង​ធ្លាប់បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ និងយន្តហោះ​ឈ្លប​យកការណ៍​ ឲ្យហោះ​ជុំវិញ​កោះតៃវ៉ាន់​ជារឿយៗ​ទៀតផង​។

គួរ​កត់​សម្គាល់ថា​ ទោះបីជា​សហរដ្ឋអាមេរិក​ ទទួលស្គាល់​នយោបាយ​ចិន​តែមួយ​ ចាប់តាំងពី​ឆ្នាំ​ ១៩៧៩​ យ៉ាងណាក្តី​ ក៏​អាមេរិក​នៅតែ​ជា​សម្ព័ន្ធមិត្ត​ និងជា​អ្នកលក់អាវុធ​ធំជាងគេបំផុត​ទៅឲ្យ​កោះតៃវ៉ាន់ដែរ​។ ជាក់ស្តែង​ កាលពី​ឆ្នាំទៅមិញ​ សហរដ្ឋអាមេរិក​បានធ្វើឱ្យចិន​បារម្ភ​ និង​ខឹងសម្បា​យ៉ាងខ្លាំង​ អំពី​ផែនការ​លក់សព្វាវុធ​យោធា​ជាច្រើន​ទៅឱ្យ​កោះតៃវ៉ាន់​ ក្នុងតម្លៃ​ទឹកប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់​ គឺ​រហូតដល់​ប្រមាណជា​ ៣៣០ លាន​ដុល្លារ។

គួរ​រំឭកជូនថា​ សព្វថ្ងៃនេះ​ កោះតៃវ៉ាន់​ មិនមាន​យន្តហោះ​ចម្បាំង​សេរីទំនើបៗ​ ដូចជា​ប្រទេសចិនឡើយ​ ហើយ​យន្តហោះចម្បាំង​ដែល​តៃវ៉ាន់​មាន​ សុទ្ធតែ​ជា​ប្រភេទយន្តហោះ​ សេរី​ទសវត្សរ៍ឆ្នាំ​ ១៩៩០​តែប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ