អានតួអត្ថបទ
ចិន-អាមេរិក

ចិន​វាយបក​អាមេរិក​វិញ​ក្នុង​សំណុំរឿង​រំលោភ​សិទ្ធិមនុស្ស

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មេសា ប្រទេស​ចិន​បាន​ចេញ​មុខ​រិះគន់​ទង្វើ​ព្រៃផ្សែ​របស់​ប៉ូលិស​អាមេរិក និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​អាមេរិក។ ប្រតិកម្ម​ខ្លាំង​របស់​ចិន គឺ​ដើម្បី​វាយបក​នឹង​អាមេរិក​ដែល​បាន​ចេញ​របាយការណ៍​មួយ​ស្តីពី​សា្ថនភាព​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​បាន​បរិហារ​ចិន​យ៉ាង​ចាស់​ដៃ។ នៅ​ក្នុង​របាយការណ៍​តប​នឹង​អាមេរិក ចិន​បាន​ស្នើ​ឲ្យ​អាមេរិក​ឆ្លុះកញ្ចក់​មើល​ខ្លួន​ឯង​សិន មុន​នឹង​មើល​ខ្លួន​អ្នក​ដទៃ។

លោក Wang Yi រដ្ឋមន្រ្តីការបរទេស​ចិន
លោក Wang Yi រដ្ឋមន្រ្តីការបរទេស​ចិន REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

មិន​ដល់ ២៤ម៉ោង ក្រោយ​របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​លោក​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​អាមេរិក ចិន​ក៏​បាន​ចេញ​ផ្សាយ​របាយការណ៍​តប​វិញ​ភ្លាម​ភ្លែត​ដែរ។ ដោយ​មិន​និយាយ​បញ្ចិតបញ្ចៀង របាយការណ៍​របស់​ចិន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​បាន​ឆ្លើយ​បក​ដាក់​អាមេរិក​ត្រង់ៗ​ថា រដ្ឋបាល​អាមេរិកាំង​បាន​បដិសេធ​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង ហើយ​តែងតែ​ប្រកាន់​យក​ឥរិយាបទ​របៀប​នេះ​ដើម្បី​បន្ត​រិះគន់​អ្នក​ដទៃ។ អ្វី​ជា​ការ​កត់សម្គាល់ របាយការណ៍​របស់​ក្រសួង​ការបរទេស​ចិន​នេះ​បាន​និយាយ​សំដៅ​តែ​លើ​ការ​រំលោភសិទ្ធិមនុស្ស​នៅ​អាមេរិក​តែ​មួយ​ប៉ុណ្ណោះ ពោល​មិន​ដូច​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិកដែល​និយាយ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក​ទេ។

នៅ​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ លោក​លូ កាង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំង​អស់​ឲ្យ​បញ្ឈប់​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។ « គ្មាន​ប្រទេស​ណា​មួយ​ដែល​ត្រូវ​ប្រើ​បញ្ហា​សិទ្ធិមនុស្ស​ដើម្បី​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក​លូ កាង។ នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​ការបរទេស​ចិន​តប​នឹង​របាយការណ៍​របស់​អាមេរិក ទីក្រុង​ប៉េកាំង​បាន​លើក​ឡើង​ពី​ទង្វើ​ព្រៃផ្សៃ និង​ហិង្សា​របស់​កម្លាំង​ប៉ូលិស​អាមេរិក ព្រម​ព្រឹតិ្តការណ៍​បាញ់​ប្រហារ​ដោយ​ការ​ប្រើ​អាវុធ​យ៉ាង​សេរី​នៅ​ក្នុង​ទឹកដី​អាមេរិកាំង។

សម្រាប់​ចិន ការ​បាញ់​ប្រហារ​នៅ​ក្នុង​រដ្ឋ​អាមរិក​មួយ​ចំនួន​ដោយ​ក្រុម​ខ្មាន់កាំភ្លើង គឺ​ជា​ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ នៅ​មាន​ព្រឹត្តការណ៍​ផ្សេង​ទៀត ដូច​យ៉ាង​អំពើហិង្សា​របស់​កម្លាំង​ប៉ូលិស​ស្បែក ស លើ​ជនស្បែក​ខ្មៅ​ជា​ដើម។ តើ​ព្រឹត្តិការណ៍​ទាំង​នេះ មិនមែន​ជា​ទង្វើ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​តាំង​ខ្លួន​ជា​អ្នក​គោរពសិទ្ធិមនុស្ស​ជាង​គេ​ទេ ឬ​យ៉ាង​ណា? នេះ​ជា​ការ​ចោទ​សួរ​របស់​ចិន។

សូម​រម្លឹក​ជូន​ថា នៅ​ក្នុង​របាយការណ៍​របស់​អាមេរិក​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​លោក អាមេរិក​បាន​ចោទ​ចិន​ពី​បទ​ចាប់​មនុស្ស​ដែល​ហ៊ាន​រិះគន់​រដ្ឋអំណាច​ជា​ចំហ​ទៅ​ដាក់​គុក និង​ការ​បន្ត​គាបសង្កត់​លើ​ក្រុម​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ និង​ជនជាតិ​ចិន​រស់​នៅ​តំបន់ទីបេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ