ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/05 12h00 GMT
អាស៊ី

មនុស្ស​យ៉ាងតិច​ ៦​នាក់​ស្លាប់​និង​រាប់សិបនាក់​រងរបួស​ដោយសារ​ការផ្ទុះ​រោងចក្រគីមី​នៅ​ចិន​

media  
ជនរងគ្រោះម្នាក់ពីហេតុការណ៍ផ្ទុះរោងចក្រគីមីនៅក្នុងខេត្តជាំងស៊ូភាគខាងកើតប្រទេសចិន នៅថ្ងៃទី២១ មីនា ឆ្នាំ២០១៩។ REUTERS/Stringer ATTENTION EDITORS

នៅថ្ងៃព្រហស្បតិ៍ ទី២១ មីនា រោងចក្រគីមីមួយកន្លែង នៅភាគខាងកើតប្រទេសចិន បានផ្ទុះឡើងជាខ្លាំង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងធ្វើឲ្យមនុស្សរាប់សិបផ្សេងទៀតរងរបួស។ កម្លាំងដ៏ខ្លាំងនៃការផ្ទុះ បានធ្វើឲ្យអាគាររោងចក្រដួលរលំ ផ្ទះសំបែងប្រជាជនចិននៅក្បែរនោះរងការខូចខាត ហើយនៅកន្លែងកើតហេតុ គេឃើញមានផ្សែងខ្មៅខ្មួលខ្មាញ់ពាសពេញផ្ទៃមេឃផងដែរ។

ហេតុការណ៍ផ្ទុះរោងចក្រគីមី បានកើតឡើងនៅវេលាម៉ោង ២ និង ៥០ នាទីរសៀល ម៉ោងនៅក្នុងប្រទេសចិន នៅឯរោងចក្រមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនធៀនជាយី ស្ថិតក្នុងខេត្តជាំងស៊ូភាគខាងកើតប្រទេសចិន។ ខ្យល់យ៉ាងខ្លាំងនៅជុំវិញតំបន់នេះ បានជំរុញឲ្យភ្លើងឆេះយ៉ាងខ្លាំង និងរាលដាលយ៉ាងឆាប់រហ័សទៅដល់ផ្ទះប្រជាជនដែលរស់នៅក្បែរនោះ។

បើគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី ២១ មីនា តុល្យការនៃមនុស្សស្លាប់មានចំនួនយ៉ាងតិច ៦ នាក់ រងរបួសធ្ងន់ ៣០នាក់ និងមានអ្នករងរបួសស្រាលជាច្រើននាក់ទៀត។  យោងតាមអាជ្ញាធរចិន និងរូបភាពដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បង្អួចផ្ទះរបស់ប្រជាជន និងសាលារៀនមួយនៅក្បែរនោះ ត្រូវបានបំផ្លាញដោយកម្លាំងនៃការផ្ទុះ ហើយភ្លាមៗប្រជាជនត្រូវបានគេជម្លៀសចេញពីកន្លែងកើតហេតុ។

រហូតមកដល់ពេលនេះ​ គេនៅមិនទាន់បានដឹងនៅឡើយទេ អំពីមូលហេតុដែលធ្វើឲ្យរោងចក្រគីមីនេះផ្ទុះ ក៏ប៉ុន្តែបន្ទាប់ពីមានគ្រោះថ្នាក់នេះ អាជ្ញាធរចិនបានចាប់ផ្តើម បើកការស៊ើបអង្កេតភ្លាមៗផងដែរ។

ដោយឡែក បើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ការផ្ទុះបានកើតឡើង បន្ទាប់ពីមានអគ្គីភ័យនៅក្នុងរោងចក្រជីមួយ នៅក្នុងបរិមាណក្បែរនោះ។ បើយោងតាមស៊ីនហួរ ដដែលនេះ បន្ទាប់ពីមានការផ្ទុះឆេះ គេឃើញកម្មកររោងចក្រគ្របដែលមានដណ្តប់ដោយឈាមនៅលើរាងកាយរបស់ពួកគេ កំពុងនាំគ្នាខំរត់ចេញពីអាគាររោងចក្រ។

ទន្ទឹមគ្នានេះ ក្រុមអ្នកជួយសង្គ្រោះ ក៏បានរៀបរាប់ឲ្យដឹងទៀតថា ស្ថានភាពនៅកន្លែងកើតហេតុមានសភាពស្មុគស្មាញ ដោយសារភ្លើងឆេះខ្លាំង ហើយរាលដាលលឿន តែទោះជាយ៉ាងនេះក្តី ក្រុមជួយសង្គ្រោះនៅតែតស៊ូព្យាយាមជួយទាញអ្នករងគ្រោះ ចេញពីកន្លែងមានគ្រោះថ្នាក់ និងបញ្ជូនពួកគេទៅមន្ទីរពេទ្រ។

គួរកត់សម្គាល់ថា គ្រោះថ្នាក់ផ្ទុះរោងចក្រគីមី ឧស្សាហ៍កើតមានខ្លាំងណាស់ នៅក្នុងប្រទេសចិន ដែលបទបញ្ជាសុវត្ថិភាពជាញឹកញយមិនត្រូវបានអនុវត្តជាប់លាប់ត្រឹមត្រូវនោះទេ។ ជាក់ស្តែង កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ គ្រោះថ្នាក់ផ្ទុះធ្លាយឧស្ម័នមួយកន្លែងទៀត ដែលស្ថិតនៅខាងជើងប្រទេសចិន បានសម្លាប់មនុស្ស ២៤ នាក់ និងធ្វើឲ្យមនុស្ស២១ នាក់​ផ្សេងទៀតរងរបួស៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ