អានតួអត្ថបទ

ចិន​ចាត់វិធានការ​លើមន្ត្រី​៨០នាក់​ ពាក់ព័ន្ធ​រឿងអាស្រូវ​ថ្នាំវ៉ាក់សាំង​គ្មានគុណភាព​

នៅថ្ងៃសៅរ៍ ទី២​ កុម្ភៈ ឆ្នាំ២០១៩​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេសចិន​ បានដាក់វិន័យ​ដល់​មន្រ្តីចិន​ចំនួនជាង​ ៨០ នាក់​ ដែល​មានជាប់ពាក់ព័ន្ធ​នឹងរឿងអាស្រូវ​ផលិត​វ៉ាក់សាំង​គ្មានគុណភាព​។ ជារឿងអាស្រូវ​ ដែលបានផ្ទុះឡើង​ កាលពីខែកក្តដា​ ឆ្នាំ២០១៨​​ និងជារឿង​ដែលបានធ្វើឱ្យ​សាធារណជនចិន​មានការភ័យខ្លាច​ និងបារម្ភជាខ្លាំង​ ចំពោះសុវត្ថិភាព​នៃថ្នាំ​ដែល​ផលិតក្នុងស្រុក​។

កសិករចិញ្ចឹមជ្រូកជនជាតិចិនម្នាក់ រៀបចំចាក់ថ្នាំអង់ទីប៊ីយូទ័រ ឲ្យជ្រូករបស់គាត់នៅកសិដ្ឋានក្នុងភូមិ Changtu ខេត្តឡៅនីងប្រទេសចិនកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ ។
កសិករចិញ្ចឹមជ្រូកជនជាតិចិនម្នាក់ រៀបចំចាក់ថ្នាំអង់ទីប៊ីយូទ័រ ឲ្យជ្រូករបស់គាត់នៅកសិដ្ឋានក្នុងភូមិ Changtu ខេត្តឡៅនីងប្រទេសចិនកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ ។ REUTERS/Ryan Woo
ផ្សាយពាណិជ្ជកម្ម

អង្គភាពប្រឆាំង​អំពើពុករលួយចិន​ បានប្រាប់ថា​នឹងចាត់ការជាបន្ទាន់​ ចំពោះមន្រ្តីខេត្ត​ ឬមន្រ្តីស្រុកទាំងជាង​ ៨០នាក់​ ដែល​មានជាប់ពាក់ព័ន្ធនឹង​ការផលិត​វ៉ាក់សាំងគ្មានគុណភាព​។ អង្គភាព​ប្រឆាំង​អំពើពុករលួយចិន មិនបានប្រាប់​ព័ត៌មានលម្អិត​ ថានឹងចាត់ការមន្ត្រី​ទាំងអស់នោះ​បែបណាដែរ​ ប៉ុន្តែគេដឹងថា​ មន្ត្រី​ដែលជាប់ឈ្មោះ​ក្នុងបញ្ជីខ្មៅទាំងនោះ​ ត្រូវបានបណ្តេញចេញពី​ការងារហើយ​។

ពាក់ព័ន្ធនឹងរឿង​អាស្រូវ​ថ្នាំ​វ៉ាក់សាំង​គ្មានគុណភាពនេះដែរ​ មានមន្ត្រីចិន​ចំនួនបួនរូប​ ធ្វើការនៅ​ រដ្ឋបាលចំណីអាហារ​ និង​ឱសថចិន​ (CFDA) ដែលក្នុងនោះរួមមាន​ អនុប្រធានរដ្ឋបាល​មួយរូបផងដែរ​ ត្រូវបាន​អាជ្ញាធរចិន​ បញ្ជូនខ្លួនទៅឲ្យ​រដ្ឋអាជ្ញាជាតិ​។ នេះបើយោងតាម​ គណៈកម្មាធិការ​ត្រួតពិនិត្យបទវិន័យ​របស់ចិន​ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសៅរ៍ ទី២ កុម្ភៈ ឆ្នាំ ២០១៩។

តែទោះជាបែបនេះក្តី​ សេចក្តីថ្លែងការណ៍​ខាងលើ​ មិនបានបញ្ជាក់ប្រាប់​ឡើយថា​ រដ្ឋអាជ្ញាចិន​បានទម្លាក់បទចោទប្រកាន់​ជាផ្លូវការ​ ទៅលើមន្ត្រី​របស់​រដ្ឋបាលចំណីអាហារ​ និងឱសថចិន​ ទាំង៤ រូបនោះ​។

សូមជម្រាបជូនថា​ កាលពី​ខែតុលា​ ឆ្នាំ២០១៨​ កន្លងទៅ ក្រុមហ៊ុន​ ឆាងជុន ឆាងសេង Changchun Changsheng Biotechnology ដែលជា​ក្រុមហ៊ុនផលិត​វ៉ាក់សាំងជំងឺឆ្កែឆ្កួត​ដ៏ធំ​របស់ប្រទេសចិន​ ត្រូវ​រង​ពិន័យ​ជាប្រាក់ចំនួន​ ១ ៣០០ លានដុល្លារ​សហរដ្ឋអាមេរិក ​ បន្ទាប់ពី​ត្រូវគេរកឃើញថា​បានផលិតថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​គ្មានគុណភាព​។

គួររំឭកផងដែរថា​ កាលពីខែកក្តដា​ ឆ្នាំ២០១៨​ កន្លងទៅ​ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្ទុះ​ប្រតិកម្មជាខ្លាំង​ ចំពោះករណី​ផលិតថ្នាំវ៉ាក់សាំងគ្មានគុណភាព​។ មិនតែប៉ុណ្ណោះ​ លោកស៊ី​ ថែមទាំង​បញ្ជាឲ្យ​អាជ្ញាធរចិន ចាត់វិធានការក្តៅ​ប្រយុទ្ធប្រឆាំងក្រុមអ្នក​ពាក់ព័ន្ធផលិតថ្នាំវ៉ាក់សាំងគ្មានគុណភាពទៀតផង​។

ក្រោយលោកស៊ីទម្លាក់បទបញ្ជានេះ​ អាជ្ញាធរចិន​ បានចាប់ខ្លួន​បុគ្គលិក​ក្រុមហ៊ុនឆាងជុន Changchun ​ចំនួន​៥​នាក់ ក្នុង​នោះមាន​អគ្គនាយកា​ ក្រុមហ៊ុនម្នាក់ផងដែរ។ ទន្ទឹមគ្នានេះ ក៏មានមន្ត្រីជាតិ, ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានចិនចំនួនជាង ១២ នាក់ផងដែរ ត្រូវបានបណ្តេញចេញពីកាងារនៅគ្រានោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ