អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​តំបន់​ស៊ីនជាំង​របស់​ចិនញាំញី​​ជា​ថ្មីដោយ​អំពើ​ភេរវកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ស៊ីនជាំង តំបន់​ភាគ​ខាង​លិច​បំផុត​ប្រទេស​ចិន ដែល​មាន​បណ្តា​ជន​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម បាន​រងគ្រោះបន្ទុះ​គ្រាប់​បែក​មួយ​ខ្សែ នៅ​ថ្ងៃ​អាទិត្យទី ២១​កញ្ញា ២០១៤។ ​មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ពីរ​នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។ ការ​វាយប្រហារ​នេះ កើត​ឡើង​តែ​មួយថ្ងៃមុនការ​ប្រកាស​សាលក្រម​​ លើ​សំណុំ​រឿង​ក្តី​កាត់​ទោស​បញ្ញាវន្ត​ជាតិ​អ៊ុយហ្គួរ ពី​បទ​បះបោរ​ចង់​ផ្តាច់​ទឹកដី។

ទាហាន​ចិន​ត្រូវ​ពង្រាយ​នៅ​​ទីក្រុង​Urumqi ក្រោយ​ហេតុការណ៍​បំផ្ទុះគ្រាប់បែក និង​ការចាក់សម្លាប់​មនុស្ស​កាលពី​ថ្ងៃ​ទី ៣០​មេសា
ទាហាន​ចិន​ត្រូវ​ពង្រាយ​នៅ​​ទីក្រុង​Urumqi ក្រោយ​ហេតុការណ៍​បំផ្ទុះគ្រាប់បែក និង​ការចាក់សម្លាប់​មនុស្ស​កាលពី​ថ្ងៃ​ទី ៣០​មេសា ©REUTERS/CCTV/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ផ្ទុះ​ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ នៅ​បី​កន្លែង​ខុសៗ​គ្នា ក្នុង​នោះ​មួយ​កន្លែង​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ នៅ​ភាគ​ខាង​ត្បូង​តំបន់​ស៊ីនជាំង តែ​ជា​សំណាងល្អ មិន​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​ច្រើន។

 

ថ្វី​បើ​ក្នុង​ពេល​ភ្លាមៗ​ដូច្នេះ គេ​ពុំ​ទាន់​ឃើញ​មាន​ប្រតិកម្ម​អ្វីជា​ដុំ​កំភួន​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មែន ប៉ុន្តែ​បំផ្ទុះ​គ្រាប់​កណ្តាល​ក្រុង ពីរបី​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ មិន​មែន​ជា​ករណី​​ផ្ទុះ​ធម្មតា​ឡើយ។ ម្យ៉ាង​ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​​នៅ ក្នុង​បរិបទ​ដ៏​តាន​តឹង​ ព្រោះ​ជិត​ដល់​ថ្ងៃ​ដែល​តុលាការ​ក្រុង​អ៊ូរ៉ុមឈី ត្រូវ​ប្រកាស​សាលក្រម​ក្នុង​សំណុំ​រឿង​ក្តី​សាស្ត្រាចារ្យ​ជនជាតិ​អ៊ុយហ្គួរ​ Ilham Tohti ពី​បទ​ប៉ុន​ប៉ង​ផ្តាច់​ទឹក​ដី។

អ៊ីឡាំ តោះទី អ្នក​អ៊ីស្លាម​មិន​ជ្រុល​និយម​ ដែល​ចង់​ឃើញ​ប៉េកាំង​ និង​ស៊ីនជាំង​សម្រប​សម្រួល​គ្នា​តាម​ដំណោះស្រាយ​សន្តិវិធី មិន​ហិង្សា​មិន​ប្រើ​ការ​បង្ក្រាប​ ​ទើប​បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សវនការ​ កាលពី សប្តាហ៍​មុន ហើយ​ទំនង​ជា​នឹង​អាច​រង​ទោស​​ធ្ងន់ ជាប់​ពន្ធនាគារ​យូរផង។ កាលពី​ថ្ងៃ​ដែលប៉ូលិស​ចិន​ចាប់​ខ្លួន​លោក អ៊ីឡាំង តោះទី យក​ឃុំឃាំង ថ្ងៃ​នោះ​ក៏​មាន​ផ្ទុះ​អំពើ​ភេរវកម្ម​ចាក់​នឹង​កាំបិត សម្លាប់​មនុស្ស​ អស់​ប្រមាណ​១០០​នាក់ មាន​ទាំងភេរវជន​និង​ពលរដ្ឋ​ស៊ីវិល​ផង។ ហើយ​កាន់​តែ​ចៃដន្យ​នេះ បំផ្ទុះ​គ្រាប់​នេះ​ធ្លាក់​មក​ជួន​ចំពេល​ដែល​មាន​ការកាត់​​ទោស​អាជ្ញាធរ​​តំបន់ និង​ប៉ូលិស​ ​១៧​នាក់ ពីបទ​មានពាក់ព័ន្ធ​ភេរវកម្ម​នៅ​មុខ​ប៉ុស្តិ៍​ប៉ូលិស ថ្ងៃ​ទី ២៨​កក្កដា២០១៤។

យុទ្ធនាការប្រឆាំង​ភេរវកម្ម

ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​បានក្លាយ​ជាអាទិភាពមួយ​​​របស់​រដ្ឋអំណាច​ក្រុង​ប៉េកាំង។ ហើយ​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ ចិន​បាន​បង្ហាញ​ដោយ​ចំហ នៅ​អង្គការ​សហប្រជាជាតិកាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅនាឱកាស​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​អ៊ីរ៉ាក់​ប្រឆាំង​នឹង​ពួក​ជីហាត​អ៊ីស្លាម​ ថា​ត្រូវ​ប្រឆាំង​ដាច់​ខាត​សកម្មភាព​ភេរវនិយម​ មិន​ថា​នៅ​ទីណា​ ឬ​ទីណា ពេលណា ឬ​ជនដៃដល់​ជាតិ​ណា​ទេ។ ពាក្យ​សំដី​ទាំង​អស់​នេះ​មិន​ន័យ​គ្រប់​គ្រាន់​សម្រាប់​ការ​អនុវត្ត​យុទ្ធនាការ​ប្រឆាំងនឹង​ភេរវនិយម​ក្នុង​ប្រទេស​ដែរ។

ការ​​មិន​ចុះ​សម្រុង​នឹង​គ្នា​រវាង​ជនជាតិ​អ៊ុយហ្គួរ​ កាន់​សាសនា​អ៊ីស្លាម មាន​ភាសា​កំណើត​តួកគី ជា​ជន​ជាតិ​ដើម​នៃ​តំបន់​ស៊ីនជាំង និង​ជនជាតិ​ចិន​ហាន អ្នក​ថ្មី​ កាន់​តែ​រីក​ធំធាត់​ជា​លំដាប់​ព្រោះ​តែ​ពួក​អ៊ុយហ្គួ យល់​ថា​មិន​បាន​ទទួល​ប្រយោជន៍​ស្មើ​គ្នា​ពី​​ការ​អភិវឌ្ឍន៍​និង​កំណើន​សេដ្ឋកិច្ច​ដ៏​មាន​បាន​របស់​តំបន់។ វិសមភាព​ដែល​បាន​រុញ​ច្រាន​ឱ្យ​ពួក​អ៊ុយហ្គួ​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រែ​ខ្លួន​ជា​អ្នក​ជ្រុល​និយម​ខ្លាំងឡើងៗ និង​ច្រាន​ចោល​របៀប​គ្រប់​គ្រង​តឹង​រ៉ឹង​របស់​អំណាច​កណ្តាល​ក្រុង​ប៉េកាំង។ ឯ​ក្រុង​ប៉េកាំង ​ឱ្យ​តែ​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ តែង​​ទម្លាក់​កំហុស​និង​ចោទ​ជា​ស្វ័យប្រវត្តិ​ទៅ​លើ​ពួក​អ៊ុយហ្គួរ ថាមាន​​សកម្មភាព​ភេរវនិយម ឬ​សកម្មភាព​បះបោរ​ចង់​ផ្តាច់​ទឹក​ដី។​

ក្រោម​លេស​នេះ និង​ក្រោយ​ពី​បាន​រង ភេរវកម្ម​ធំ​មិនធ្លាប់​មាន កាល​ពី​ខែ​ឧសភា ​ ក្នុង​ទីផ្សារ​កណ្តាល​ក្រុង​អ៊ូរ៉ុមឈី ​ អាជ្ញាធរ​ប៉េកាំង​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម ដោយ​ឈរ​លើ​ទស្សនៈ​ គាស់​ស្មៅ​ឱ្យគាល់​ទាំង​ឬស។ អាជ្ញាធរ​ជាន់​ខ្ពស់​ផ្នែក​តុលាការ និង​ប៉ូលិស បាន​ផ្សព្វផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ ទិសដៅ​ថ្មី​នៃ​ផែនការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ដោយ​ដៅ​កម្ចាត់​រាល់​សកម្មភាព​ដែល​នាំ​ដល់​ភាព​ជ្រុលនិយម​ផ្នែក​សាសនា។

ប៉ុន្តែ​ផែនការដែល​ពេល​ខ្លះ​មាន​ទាំង​ការ​បង្ក្រាប ការ​ប្រហារជីវិត​ជា​ផ្លូវការ​ ការ​ចាប់​ខ្លួន ការ​កាត់ទោស​ជា​ក្រុមៗ ដោយ​ប្រើ​តុលាការ ក្រោម​ផ្លាក​ភេរវនិយម​ អាច​នឹង​មាន​គ្រោះ​នាំ​អំពើ​ហិង្សា​ និង​ភាព​តាន​តឹង​ឱ្យ​កាន់​តែ​មាន​ខ្លាំង។ ​បើ​តាម​អ្នក​ការពារសិទ្ធិមនុស្ស​អ៊ុយហ្គួ នៅ​អាល្លឺម៉ង់ ការ​បង្ក្រាប​​បាន​ក្លាយ​ជា​ម៉ូទ័រ​ជំរុញ​ឱ្យ​បណ្តាជន​អ៊ុយហ្គួកាន់​តែ​ចង់​សង​សឹក កាន់តែ​ចង់​ចូល​ក្នុង​គន្លង​ជ្រុល​និយម និង​បក​ទៅ​ប្រើ​វិធី​វាយប្រហារ​ភេរវកម្ម​ តាម​ដាន​របស់​ក្រុម​ភេរវនិយម​អន្តរជាតិ​ផ្សេងៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ